សាច់​ញាតិ​ខកចិត្ត​ចំពោះ​តុលាការ​ដែល​សម្រេច​មិន​ព្រម​ឲ្យ​​សកម្មជន​សង្គម​ចំនួន​៧​នាក់បាន​នៅ​ក្រៅ​ឃុំ​

0:00 / 0:00

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញលោក ទិត សុទ្ធីបូរ៉ាឆាត ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន​ របស់​មេធាវី​​​ការពារ​ក្ដី​ឲ្យ​យុវជន​ទាំង ​៧​ នាក់។

មេធាវី​ការពារ​ក្ដី​​ឲ្យ​ក្រុម​យុវជន​ទាំង ​៧ ​នាក់ គឺ​ ​លោក​មេធាវី សំ ចំរើន ប្រាប់​អាស៊ី​សេរីថា ក្នុង​សវនាការ​​នីតិវិធី​នោះ ប្រើ​ពេល​ប្រហែល​ ១ ម៉ោង ហើយ​ចៅក្រម​ បាន​​អនុញ្ញាត​ឲ្យ​កូន​ក្ដី​​ទាំង​អស់ ធ្វើ​កំណត់​សម្គាល់​​សង្ខេប​រៀងៗ​ខ្លួន​ លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ និង​​អនុញ្ញាត​ឲ្យ​សំណូម​ពរ​ម្នាក់​ម្ដង​ តែ​​មិន​មាន​​សួរ​ដេញ​ដោល​ទេ។ លោក​មេធាវី សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម ព្រោះ​លោក​អះអាង​ថា កូន​ក្ដី​លោក​ទាំង​​អស់​នេះ មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ បន្ថែម​ពី​នេះ លោក​សង្កេត​ឃើញកូន​ក្ដី​របស់លោក មាន​បញ្ហា​សុខភាពក្រោយ​ការ​ជាប់​ឃុំ។

មេធាវីរូបនេះ​ ចង់​ឲ្យ​ចៅក្រម​ ដោះលែង​ឲ្យ​យុវជន​ទាំង​ ៧ ​នាក់ បាន​នៅ​ក្រៅ​ឃុំ ជាជាង​ការ​បន្ត​ឃុំ​ខ្លួន។ តែ​យ៉ាង​ណាលោកបញ្ជាក់​ថា លោក​នឹង​ស្នើសុំ​ចូល​ជួប​កូន​ក្ដី ​ក្នុង​ពន្ធនាគារ​ នៅ​ចុង​ខែ​ឧសភា ដើម្បី​ពិភាក្សា​បន្ត​ប្ដឹង​ទៅ​ឧទ្ធរណ៍ ឬ​យ៉ាង​ណា៖ «សោក​ស្ដាយ ដោយសារ​តែ​យើង​មាន​ហេតុផល​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ដែល​អាច​មាន​ទម្ងន់​ គួរ​តែ​តុលាការ សម្រេច​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ដោយសារ​តែ​យើង​គិត​មើល អប្បបរមា​នៃ​ទោស​ដែរ ៦​ខែ​ទេ នៃ​ទោស​ដែល​បាន​ចោទ​ប្រកាន់​។ កន្លង​មក​រហូត​ដល់​សវនាការ​ព្រឹក​មិញ​ហ្នឹង គាត់​ជាប់​គុក​រហូត​ដល់​៩​ខែ​ហើយ​ហ្នឹង។ អ៊ីចឹង យើង​យល់​ថា ការ​រក្សា​ទុក​ជន​ជាប់​ចោទ​ក្នុង​ឃុំ​យូរ​បែប​ហ្នឹង គួរ​តែ​​មាន​​សេចក្ដី​សម្រេច​ណា​មួយ ឲ្យ​ទាន់​សម័យ​ជាង​ហ្នឹង ដើម្បី​​ធានា​ថា ប្រយោជន៍​នីតិវិធី​នៃ​រឿង​ក្ដី​ ត្រូវ​បាន​គោរព​ដោយ​ខ្ជាប់​ខ្ជួន​ និង​ម៉ត់ចត់ អ៊ីចឹង​ណា»។

យុវជន​ទាំង​ ៧ នាក់ ​មាន​ ៥ នាក់ ជា​ក្រុម​យុវជន​ខ្មែរ​ថាវរៈ គឺលោក ហ៊ុន វណ្ណៈ លោក​ស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ​លោក ថា ឡាវី ព្រះភិក្ខុ កើត សារ៉ាយ និង​ ២នាក់​ទៀត គឺ​ជា​យុវជន​​ នៃ​សមាគម​សម្ព័ន្ធ​និស្សិត​​បញ្ញវន្ត​ខ្មែរ គឺលោក មាន ព្រហ្ម​មុនី និង​លោក មួង សុភ័គ្រ​។​​​​ តុលាការ​ក្រុង​ភ្នំពេញ ​បាន​ឃុំ​ខ្លួន​ អ្នក​ទាំង ​​៧ ​​ក្នុង​ពន្ធនាគារ​ព្រៃស​​ជាង ​៨​ខែ ​ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​​​សង្គម​​ ​​ហើយ​ខាង​តុលាការ​ មិន​បាន​​យក​សំណុំរឿង​​នេះ មក​ជំនុំ​ជម្រះ​ទេ​។

Khmer_Thavarak_yourth.jpeg
យុវជនខ្មែរថាវរៈ និងសមាមគសម្ព័ន្ធនិស្សិតបញ្ញវ័ន្តនិងយុវជនបរិស្ថានដែលត្រូវបានតុលាការបដិសេធឱ្យនៅក្រៅឃុំនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

សាច់​ញាតិ និង​សង្គម​ស៊ីវិល​​ ដែល​ចូល​ឃ្លាំមើល​ដំណើរ​ការ​សវនាការ​នីតិវិធី​ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​​ ក៏​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​​ការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ នេះ​ដែរ។

ម្ដាយ​របស់​​លោកស្រី ឈឿន ដារ៉ាវី គឺ លោកស្រី ថាច់ ធីតា មិន​អស់​ចិត្ត​ ចំពោះ​ការ​សម្រេច​ក្ដី​បែប​នេះ​ទេ។ លោកស្រីនៅ​តែទទូច​​​ឲ្យ​ចៅក្រមដោះលែង ​កូន​ស្រី ​និង​យុវជន​ផ្សេង​ទៀត​ ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​លោកស្រីអះអាង​ថា អ្នក​ទាំង ​​៧ ​នាក់ មិន​បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ឬ​ញុះញង់​ឲ្យ​វឹកវរ​ដល់​សង្គម​ទេ៖ « បទ​ញុះញង់​​ហ្នឹង វា​អាច​ ៤​ខែ ទៅ​ ៦​ខែ​អី ត្រូវ​គេ​សម្រេច​ថា កាត់​ក្ដី​អ៊ីចឹង។ ស្រេច​តែ​ឥឡូវ កូន​ខ្ញុំ ឡើង​១០​ខែ​ហើយ ហើយ​សុំ​​នៅ​ក្រៅ​ឃុំ​ហ្នឹង ក៏​អត់​បាន​អ៊ីចឹង ខ្ញុំ​វា​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំងតែ​ម្ដង»។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញលោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ជុំវិញ​ការ​សម្រេច​​បន្ត​ឃុំ​ខ្លួន សកម្មជន​សង្គម​ ទាំង​ ៧​ នាក់​នេះ។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង ដែល​ចូល​ឃ្លាំមើល​​ក្នុង​សវនាការ​​ ក៏​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​​យុវជន​ទាំង​ ៧​ នាក់​ដែរ។ សង្គម​ស៊ីវិល​រូប​នេះយល់​ថា ការ​ចោទ​ប្រកាន់​ និង​ការ​បន្ត​ឃុំ​ខ្លួន យុវជន​ទាំង​៧​នាក់ ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​​សេរីភាព​បញ្ចេញ​មតិ​របស់​យុវជន​៖ «ចំពោះ​ការ​សម្រេច​ព្រឹក​មិញ យើង​ខ្ញុំ​ក៏​មាន​ការ​សោកស្ដាយ​ដែរ ពី​ព្រោះ​អ្វី វា​មាន​រយៈ​ពេល ​៩​ខែ​ មក​ហើយ ដែល​តុលាការ​មិន​អាច​ដំណើរ​ការ​សវនាការ​បាន ក្រោម​ហេតុផល​ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ ហើយ​នឹង​អាច​បន្ត​ឃុំ​ខ្លួន​ពួកគាត់​បន្ថែម​ទៀត ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​»។

អាជ្ញាធររបបក្រុង​ភ្នំពេញបានចាប់​​ខ្លួន​យុវជន​​ទាំង ​៧ ​នាក់​ ​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ​កាល​ពី​​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០។ ដើម​ហេតុ​នៃ​ការ​ចាប់​ខ្លួននេះ គឺ ក្រុម​យុវជនបាន​​​​​ធ្វើ​សកម្មភាព​តវ៉ា​ ដោយ​សន្តិវិធី​ទាម​ទារ​ ឱ្យ​ដោះលែង​​​សកម្មជន​ព្រំដែន និង​ជា​មេដឹកនាំ​សហជីព​​​លោក រ៉ុង ឈុន។

ក្រុម​​សិទ្ធិ​មនុស្ស​​ជាតិ និង​អន្តរជាតិ ជា​ពិសេស​​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ ​បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំង​នោះ​វិញ ព្រោះ​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​។ ក្រៅ​ពី​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ ​ក៏​ទទូច​ឱ្យ​របប​​ក្រុងភ្នំពេញ បើក​លំហ​សេរីភាព និង​ គោរព​សិទ្ធិ​ពលរដ្ឋ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​​អន្តរជាតិ​​វិញ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។