អាជ្ញាធរខេត្តព្រះវិហារបានបង្គាប់ឱ្យប្រជាសហគមន៍ការពារព្រៃព្រះរកា គឺលោក ហៀម គីមហុង ធ្វើកិច្ចសន្យាឈប់ផ្តល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី ដោយចោទថា ធ្វើឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ។
មន្ត្រីសង្គមស៊ីវិលចាត់ទុក ទង្វើរបស់អាជ្ញាធរថា បំពានក្រមសីលធម៌មន្ត្រីរាជការ និងរំលោភរដ្ឋធម្មនុញ្ញកម្ពុជា។
សមាជិកបណ្ដាញសហគមន៍ការពារព្រៃព្រះរកា លោក ហៀម គីមហុង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២៩ កុម្ភៈថា អាជ្ញាធរខេត្តព្រះវិហារ បានដាក់សម្ពាធលោកឱ្យឈប់ឈឺឆ្អាលរឿងដីធ្លី និងព្រៃឈើ ដែលកំពុងកើតមានច្រើននៅខេត្តព្រះវិហារ។
លោកបញ្ជាក់ថា លោកបានប្រើសិទ្ធិជាពលរដ្ឋនិយាយការពិតនូវបញ្ហាដីធ្លីរបស់ពលរដ្ឋដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជន ក៏ប៉ុន្តែអាជ្ញាធរបែររាវរកកំហុសរបស់លោក ដើម្បីគំរាមស្មារតីឱ្យលោកឈប់ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន។
លោក ហៀម គីមហុង៖ «ដូចជាការដាក់សម្ពាធមកលើកខ្ញុំ និយាយទៅខ្ញុំសម្ភាសសារព័ត៌មាន ពលរដ្ឋស្រែកថា ប៉ះពាល់ដំណាំពួកគាត់ តើមានអាជ្ញាធរណាហ៊ានចូលរួមដោះស្រាយ ស្ងាត់ឱ្យឈឹង។ ខ្ញុំតាមដានអាជ្ញាធរ បើអាជ្ញាធរមិនដោះស្រាយទៅមុខទៀត បើពលរដ្ឋស្រែកខ្ញុំក៏ស្រែក។ ខ្ញុំមិនខ្លាចទេ»។
កាលពីថ្ងៃទី២៧ កុម្ភៈ មន្ត្រីរដ្ឋបាលសាលាស្រុកឆែប លោក ឡាច ឡិះ មន្ត្រីការិយាល័យមន្ទីរកសិកម្មស្រុកឆែប លោក លិញ ស៊ីមឡូត នាយផ្នែករដ្ឋបាលព្រៃឈើ លោក សេង លាង និង មេឃុំសង្កែមួយលោក លេវ សុផល រួមទាំងសមត្ថកិច្ច បានបង្គាប់ឱ្យលោក ហៀម គឹមហុង ធ្វើកិច្ចសន្យា ក្នុងប៉ុស្តិ៍នគរបាលសង្កែមួយ។
កិច្ចសន្យាដែលវិទ្យុអាស៊ីសេរីទទួលបាន លោក ហៀម គីមហុង បានផ្តិតមេដៃសន្យាឈប់ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងបញ្ឈប់សកម្មភាពទាំងឡាយណា ធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ។ ប្រសិនបើពលរដ្ឋរូបនេះ មិនគោរពកិច្ចសន្យាទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដើម្បីសុំការអធិប្បាយបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៩ កុម្ភៈ។ រីឯអាជ្ញាធរខេត្តព្រះវិហារដែលទៅបង្គាប់ឱ្យពលរដ្ឋធ្វើកិច្ចសន្យា ក៏មិនទាន់អាចទាក់ទងបានដែរ។
ក៏ប៉ុន្តែ នាយផ្នែករដ្ឋបាលព្រៃឈើ លោក សេង លាង និងមន្ត្រីសាលាស្រុកឆែប លោក ឡាច ឡិះ បានប្រាប់ប្រជាសហគមន៍ថា លោក ហៀម គីមហុង បានផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានខុសពីការពិត ធ្វើឱ្យប៉ះពាល់មុខមាត់ថ្នាក់ដឹកនាំ និងបំផុសចលនាតស៊ូពលរដ្ឋ ស្របពេលដែលអាជ្ញាធរកំពុងដោះស្រាយបញ្ហាដីធ្លី។
ថ្មីៗនេះ ប្រជាសហគមន៍ការពារព្រៃព្រះរកា ហៀម គីមហុង បានផ្តល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី រៀបរាប់ពីសកម្មភាព ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់អ្នកភូមិជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ថា ទង្វើរបស់អាជ្ញាធរជាគំរូអាក្រក់មួយ គំរាមបំបាក់ស្មារតីពលរដ្ឋ បំពានគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។
លោក ប៉ឹក សោភ័ណ៖ «អាជ្ញាធរនិងមន្ត្រីជំនាញកំពុងប្រព្រឹត្តបទល្មើស រូបភាពរំលោភសិទ្ធិសេរីភាពពលរដ្ឋធ្ងន់ធ្ងរ ស្របពេលកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ។ ពលរដ្ឋបញ្ចេញយោបល់ នាំគ្នាមកសម្លុតគំរាមបែបហ្នឹង ជារូបភាពមួយអាក្រក់អត់ល្អមើលទេ»។
រដ្ឋធម្មនុញ្ញមាត្រា ៣៥ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
លោក ហៀម គីមហុង បន្ថែមថា ប្រសិនបើអាជ្ញាធរគោរពសិទ្ធិពលរដ្ឋ និងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋក្នុងស្រុកឆែប ដោយយុត្តិធម៌ លោកនឹងផ្អាកផ្តល់សម្ភាសដល់អ្នកសារព័ត៌មាន ក៏ប៉ុន្តែបើអាជ្ញាធរមិនធ្វើដូច្នេះទេ លោកនឹងមិននៅស្ងៀមឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។