ទិវាសេរីភាពសារព័ត៌មានពិភពលោកដែលប្រព្រឹត្តិទៅក្រោមប្រធានបទឆ្នាំនេះ «ឃ្លាំមើលបុគ្គលមានអំណាច សារព័ត៌មាន យុត្តិធម៌ និងនីតិរដ្ឋ» មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២ ឧសភាថា អ្នកសារព័ត៌មានជាច្រើននាក់ បានលះបង់ជីវិតរបស់ខ្លួន ដើម្បីការងារលើកស្ទួយសិទ្ធិសេរីភាពសារព័ត៌មាន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងចាប់ផ្ដើមធ្វើយុទ្ធនាការរយៈពេល ៣០ថ្ងៃ នៅលើបណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីលើកកម្ពស់ពីការយល់ដឹងពីសារៈសំខាន់នៃសារព័ត៌មានចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១មិថុនា ឆ្នាំ២០១៨។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅថា CCHR ចេញសេចក្ដីថ្លែងការណ៍ថា ឆ្នាំ២០១៧ និង ឆ្នាំ២០១៨ សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងតែរឹតត្បិតខ្លាំង ហើយអ្នកសារព័ត៌មានជាង៦០នាក់ កំពុងជាប់បណ្ដឹងនៅតុលាការ និងចាប់ខ្លួន ដែលផ្ទុយពីគោលការណ៍ច្បាប់ជាតិ ច្បាប់អន្តរជាតិ។
អ្នកសម្របសម្រួលគម្រោង ការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី សន រ៉ាមណា មានប្រសាសន៍ថា សេរីភាពសារព័ត៌មានគឺជាធាតុផ្សំសំខាន់ក្នុងរបបលទ្ធិប្រជាធិបតេយ្យ ដែលដំណើរការល្អ។ ការដោះដូរព័ត៌មាន និងគំនិតដោយបើកចំហ ទាំងបញ្ហានយោបាយ និងសង្គម គឺជាចំណុចសំខាន់ដើម្បីធានានូវតម្លាភាព យុត្តិធម៌និងនីតិរដ្ឋ។ លើសពីនេះ ការសាបព្រោះ និងការពារសេរីភាពសារព័ត៌មាន ក៏ជាផ្នែកមួយដ៏សំខាន់នៃកាតព្វកិច្ចរបស់ រដ្ឋាភិបាល ដើម្បីការពារសិទ្ធសេរីភាពបញ្ចេញមតិ ដូចដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៖ «រងការរឹតត្បិតគឺយើងបាត់ព័ត៌មានដ៏សំខាន់ ហើយទស្សនៈខ្លះសារព័ត៌មានហ្នឹងគឺជាអំណាចទី៤ទៀតផង បើសិនជាការបាត់សិទ្ធិសេរីភាពសារព័ត៌មានបែបនេះ ធ្វើឲ្យពលរដ្ឋបាត់បង់ព័ត៌មាន និងបាត់បង់ការពិចារណា»។
អ្នកស្រីបន្ថែមថា ព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗនេះ បង្ហាញថាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការពារសិទ្ធិបញ្ចេញមតិ មិនត្រូវបានអើពើ ដោយសារតែតួអង្គក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវរងគំនាបជាបន្តបន្ទាប់ ខណៈមានការបង្ក្រាបលើសំឡេងរិះគន់។ ការយាយីមកលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានគួរត្រូវបញ្ចប់។ ការទទួលបានព័ត៌មានដែលឯករាជ្យ និងសារព័ត៌មានសេរី គឺជាប្រយោជន៍របស់មនុស្សគ្រប់រូប និងសំខាន់ជាខ្លាំងសម្រាប់ការអភិវឌ្ឍដោយចិរភាពនៅកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សរកឃើញដែរថា របបលោក ហ៊ុន សែន បានបិទ ដាក់ទណ្ឌកម្ម និងផ្អាកស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជា ស្ថានីយវិទ្យុចំនួន៣២ នៅ២០ខែត្រក្រុងទូទាំងប្រទេស ត្រូវបានបិទ ជាពិសេសការផ្សាយព័ត៌មានបន្តជាភាសាខ្មែរ ពីវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី)។ បិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បន្ទាប់ពីការទាមទារឲ្យបង់ពន្ធចំនួន ៦.៣លានដុល្លារ និងបិទគេហទំព័រកាសែតនេះតាមអំពើចិត្ត។ វិទ្យុអាស៊ីសេរី សម្រេចបង្ខំចិត្តបិទការិយាល័យនៅទីក្រុងភ្នំពេញ និងបញ្ឈប់ដំណើរការរបស់ខ្លួននៅកម្ពុជា ដោយលើកយកមូលហេតុមកពីការបង្ក្រាបឥតឈប់ឈររបស់របបលោក ហ៊ុន សែន លើសំឡេងឯករាជ្យជាដើម។
សេចក្ដីថ្លែងការណ៍ដដែលនេះ ក៏បង្ហាញចំនួនអ្នកសារព័ត៌មាន ដែលជាប់បណ្ដឹងនៅតុលាការនិងចាប់ខ្លួន មានចំនួន ៦៣នាក់ ក្នុងនោះ អ្នកកាសែត៥នាក់ ត្រូវបានកោះហៅដោយតុលាការ ៩នាក់ ត្រូវបានសាកសួរ ២០នាក់ត្រូវបានចាប់ខ្លួន ១៥នាក់ត្រូវបានឃុំខ្លួន ១២នាក់ ត្រូវបានចោទប្រកាន់ និងអ្នកសារព័ត៌មាន២នាក់ត្រូវបានកាត់ទោស។
អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីរនាក់ គឺ លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ហើយបន្តឃុំខ្លួនបណ្ដោះអាសន្នរហូតដល់បច្ចុប្បន្ន ពីបទ ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឲ្យប៉ះពាល់ដល់ការការពារជាតិ ដោយរងការចោទប្រកាន់ពីរបបលោក ហ៊ុន សែន ថា អ្នកទាំងពីរនៅតែបន្តធ្វើការជាអ្នករាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរីនៅកម្ពុជា ទោះបីជាវិទ្យុអាស៊ីសេរីពុំដែលត្រូវបានហាមឃាត់នោះទេ។ ពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ លើសពីនេះទៀតអ្នកទាំងពីរ ត្រូវបានចោទប្រកាន់បន្ថែមពីបទ ផលិតនិងកាត់តរូបភាពអាសអាភាស នៅក្នុងខែមីនា ឆ្នាំ២០១៨ ដែលជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។
រីឯរបាយការណ៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៨ ក៏រកឃើញដែរថា សេរីភាពសារព័ត៌មាន នៅកម្ពុជា ក្នុងរបបលោក ហ៊ុន សែន បានធ្លាក់ចំណាត់ថ្នាក់ខ្លាំង មិនធ្លាប់មាន ដោយសារការធ្វើទុក្ខបុកម្នេញ មកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរឹតត្បិតសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។
ប្រទេសកម្ពុជា ក្រោមការដឹកនាំបែបឯកបក្ស និងផ្ដាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្រាញអំណាចជាង ៣៣ ឆ្នាំមកនេះ បានធ្លាក់ចំណាត់ថ្នាក់យ៉ាងគំហុក រហូតដល់ ១០លេខ គឺធ្លាក់ពីលេខ ១៣២ ក្នុងឆ្នាំ២០១៧ មកលេខ ១៤២ ក្នុងឆ្នាំ២០១៨ នេះ គឺក្នុងចំណោមប្រទេស ១៨០។ តាមរយៈសន្ទស្សន៍នៃសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០១៨ ដែលចងក្រងដោយអង្គការអ្នកកាសែតគ្មានព្រំដែន (the Reporters Without Borders) ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែ មេសា បង្ហាញថា ប្រទេសកម្ពុជា បានចំណាត់ថ្នាក់អាក្រក់ផ្នែកសេរីភាពសារព័ត៌មាន ដោយឈរនៅលេខរៀងទាបជាងប្រទេសអាស៊ានដូចគ្នា ដូចជាទាបជាងប្រទេសថៃ និងភូមា ជាដើម។
ការណ៍ដែលកម្ពុជា ធ្លាក់ចុះចំណាត់ថ្នាក់ រហូតដប់លេខ ក្នុងរយៈពេលមួយឆ្នាំបែបនេះ អង្គការអ្នកកាសែតគ្មានព្រំដែន ថាមកពីរបបលោក ហ៊ុន សែន បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយយ៉ាងចាស់ដៃ ដូចជាការចាប់អ្នកកាសែត បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងស្ថានីយវិទ្យុក្នុងស្រុកនេះ។
ក៏ប៉ុន្តែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បដិសេធរបាយការណ៍នេះ។ លោកអះអាងថា របបក្រុងភ្នំពេញ មានសេរីភាពសារព័ត៌មានល្អជាងប្រទេសក្នុងតំបន់អាស៊ាន៖ «បើយើងនិយាយពីសិទ្ធិសេរីភាពសារព័ត៌មាន នៅកម្ពុជា ចេះតែគិត ពីចំណុចចាប់ផ្ដើម នៃកម្ពុជា នូវចំណុចចាប់ផ្ដើមក្រោយសង្គ្រាម បាទ ហើយ យើងរំលឹកទៅពីមកដល់ពេលបច្ចុប្បន្ននេះ យើងឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា យើងមានការល្អប្រសើរណាស់បាទ មានការរីកចម្រើន យើងកុំមើលតែមួយចំហៀង យើងត្រូវមើលទាំងមូល បើប្រៀបទៅនឹងប្រទេសជិតខាងយើង ឃើញថា សេរីភាពសារព័ត៌មានកម្ពុជាយើងមានការរីកចម្រើន និងមានការល្អជាង»។
ទោះបីជាយ៉ាងនេះក្ដី ប្រធានស្ដីទីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM) លោក លោក ណុប វី បញ្ជាក់ថា ថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានកម្រិតធ្ងន់ធ្ងរ ដែលអ្នកសារព័ត៌មានកំពុងតែប្រឈមខ្លាំង ទន្ទឹមនឹងស្ថានភាពនយោបាយវិវឌ្ឍន៍ទៅកាន់តែអាក្រក់ដែរនោះ។ លោកបញ្ជាក់ថា អង្គការអ្នកកាសែតគ្មានព្រំដែន បានរកឃើញថា សេរីភាពសារព័ត៌មានបានរកឃើញនេះ ជាការឆ្លុះបញ្ចាំងការពិតនៅកម្ពុជាសព្វថ្ងៃ៖ «ចាំបាច់សារព័ត៌មានមានសេរីភាពគ្រប់គ្រាន់ មិនទទួលបានការធ្វើទុក្ខបុកម្នេញ ការសម្លាប់ ការយាយីទេ ដូចជាអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់អីចឹងជាដើម ពួកគាត់មិនត្រូវ យាយី និងចាប់ចង់ពួកគាត់ទេ ពួកគាត់គួរត្រូវបានយកចិត្តទុកដាក់និងគាំទ្រ ផ្ទុយទៅវិញពួកគាត់ត្រូវចាប់ខ្លួន នេះជាការឆ្លុះបញ្ចាំងពីការរឹតត្បិតសេរីភាពសារព័ត៌មាន»។
ចំពោះអង្គការហ្វ្រីឌឹម ហៅស៍ (Freedom House) វិញ ចាត់ទុកសារព័ត៌មាននៅកម្ពុជាថា មិនសេរី អ្នកសារព័ត៌មាន កំពុងប្រឈម នឹងការគំរាមកំហែង និងការបំភិតបំភ័យ ដោយសារតែការបំពេញវិជ្ជាជីវៈឯករាជ្យរបស់ខ្លួន និងផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ មាត្រា ៤១នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំជាដើម។ រីឯ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ តម្រូវឲ្យភាគីរដ្ឋធានាសិទ្ធិខាងសេរីភាពបញ្ចេញមតិ រួមបញ្ចូលទាំងសិទ្ធិស្វែងរក ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន និងផ្សេងៗទៀត។
ទិវាសិទ្ធិសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ឧសភា គឺជាឱកាសសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោកចូលរួមអបអរគោលការណ៍ នៃសេរីភាពសារព័ត៌មាន ដើម្បីបញ្ជាក់បន្ថែមពីសារៈសំខាន់នៃសារព័ត៌មាន និងដើម្បីបង្ហាញពីការងារដ៏សំខាន់របស់អ្នកសារព័ត៌មាននៅជុំវិញពិភពលោក។ ផ្ទុយទៅវិញអ្នកសារព័ត៌មានជាច្រើននៅកម្ពុជាប្រឈមនិងការបាត់បង់ជីវិត និងការចាប់ខ្លួនពីតុលាការរបបលោក ហ៊ុន សែន ទៅវិញ។ គិតពីឆ្នាំ១៩៩១មក អ្នកសារព័ត៌មានត្រូវបានឃាតកបាញ់សម្លាប់ចំនួន ១២នាក់ រហូតមកទល់ពេលនេះ របបលោក ហ៊ុន សែន មិនទាន់ចាប់បានឃាតកយកមកផ្ដន្ទាទោសបាននៅឡើយ៕