សាច់ញាតិកំពុងពឹងពាក់មេធាវីដាក់ពាក្យស្នើសុំទៅតុលាការដើម្បីអនុញ្ញាតឲ្យប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន ទទួលបានការសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ អាជ្ញាធរពន្ធនាគារបញ្ជាក់ថា រយៈពេលនៃការវះកាត់ និងការព្យាបាលនៅមន្ទីរពេទ្យគឺអាស្រ័យខាងគ្រូពេទ្យជាអ្នកវិនិច្ឆ័យ។
ភ្នែកម្ខាងស្ដាំ របស់ លោក រ៉ុង ឈុន អាចនឹងវិវត្តពីព្រិលទៅងងឹតក្នុងករណីការព្យាបាលមិនទាន់ពេល។ ជាងនេះទៅទៀតស្ថានភាពឈាមកកក្នុងភ្នែកនេះ ក៏នឹងអាចរាលដាលទៅភ្នែកម្ខាងឆ្វេងទៀតដែរ។
ក្មួយប្រុសលោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ឲ្យដឹងថា សាច់ញាតិ និងក្រុមការងាររបស់លោក រ៉ុង ឈុន កំពុងជជែកគ្នាដើម្បីរកវិធីឲ្យគាត់ទទួលបានការសម្រាកព្យាបាលដិតដល់ក្នុងមន្ទីរពេទ្យតាមរយៈការពឹងពាក់មេធាវីដើម្បីស្នើសុំផ្នែកច្បាប់ទៅខាងតុលាការ៖ «យើងកំពុងតែសិក្សាបន្ថែមទាក់ទងនឹងនីតិវិធីផ្លូវច្បាប់ថា ត្រូវស្នើសុំអន្តរាគមន៍សម្រួលឲ្យគាត់បានព្យាបាលនៅខាងក្រៅឲ្យសមាជិកគ្រួសារអ្វីឲ្យបានមើលថែគាត់ដិតដល់។យើងកំពុងតែជជែកគ្នាលើបញ្ហាហ្នឹង»។
កាលពីថ្ងៃទី០៧ កញ្ញា លោក រ៉ុង ឈុន បានបដិសេធទទួលយកការវះកាត់ដុំឈាមកកក្នុងភ្នែកម្ខាងស្ដាំ ភ្លាមៗនៅទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្សី។ លោកគ្រាន់តែសំណូមពរសុំថ្នាំបន្តក់ភ្នែកពីគ្រូពេទ្យប៉ុណ្ណោះ ដោយសារលោកចង់ពិភាក្សាជាមួយសាច់ញាតិ និងក្រុមការងាររបស់លោកសិន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ឲ្យដឹងថាការបដិសេធភ្លាមៗនេះគឺដោយសារលោក រ៉ុង ឈុន ព្រួយបារម្ភពីប្រសិទ្ធភាពនៃការវះកាត់ និងការព្យាបាលមិនបានត្រឹមត្រូវក្រោយការវះកាត់។ ប៉ុន្តែអ្នកស្រីអះអាងថា ពេលនេះលោក រ៉ុង ឈុន បានយល់ព្រមទទួលយកការវះកាត់ដុំឈាមកកក្នុងភ្នែកហើយ ក្រោយបានពិភាក្សា និងមានការជំរុញពីសាច់ញាតិ និងក្រុមការងារ។
អ្នកស្រី អ៊ុក ឆាយាវី បញ្ជាក់ថា មូលហេតុបណ្ដាលឲ្យលោក រ៉ុង ឈុន មានឈាមកកក្នុងភ្នែកច្រើនឆ្នាំមកនេះគឺបណ្ដាលមកពីក្រុមសន្តិសុខសាលារាជធានីភ្នំពេញបានគ្រវាសដៃត្រូវភ្នែកលោក ក្នុងពេលតវ៉ាកាលពីប៉ុន្មានឆ្នាំមុន។ លោក រ៉ុង ឈុន តែងតែទៅជួបគ្រូពេទ្យតាមការណាត់ដើម្បីព្យាបាលតាមដំណាក់កាលវិវត្តនៃដុំឈាមនោះ ប៉ុន្តែក្រោយពេលអាជ្ញាធរចាប់លោកឃុំខ្លួនជាងមួយឆ្នាំមកនេះលោកបានខកខានការព្យាបាលទើបបណ្ដាលឲ្យដុំឈាមកកក្នុងភ្នែកវិវត្តន៍ទៅជាធ្ងន់ធ្ងរ។
អ្នកស្រី អ៊ុក ឆាយាវី ស្នើសុំតុលាការ ឬគ្រូពេទ្យអនុញ្ញាតឲ្យលោក រ៉ុង ឈុន បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យត្រឹមត្រូវរហូតដល់ជាសះស្បើយទាំងស្រុងដូចជនជាប់ឃុំដែលជាឧកញ៉ារកស៊ីលក់គ្រឿងញៀន ឬឧកញ៉ាជាប់ចោទពីបទសម្លាប់មនុស្សជាដើម។ អ្នកស្រីក៏ទាមទារឲ្យសមត្ថកិច្ចអនុញ្ញាតឲ្យសាច់ញាតិរបស់លោក រ៉ុង ឈុន បានចូលទៅមើលថែអ្នកជំងឺនៅក្នុងមន្ទីរពេទ្យផងដែរ៖ «ពួកគាត់បានដឹងច្បាស់ហើយថាលោក រ៉ុង ឈុន មិនមែនឈឺពុតដូចអស់លោកមួយចំនួនទៀត។ បើសិនជាបានដូចឧកញ៉ាហ្នឹង ខ្ញុំគិតថានេះជាការអរគុណដល់ក្រសួងមហាផ្ទៃ ក៏ដូចជាពន្ធនាគារ ដែលបានបើកសិទ្ធិជូន លោក រ៉ុង ឈុន ដែលកំពុងតែជួបប្រទះជំងឺ»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បញ្ជាក់ថ ការសម្រេចបែបណាគឺជាការវិនិច្ឆ័យរបស់គ្រូពេទ្យ។ លោកបញ្ជាក់ថា លោកក៏មានបំណងចង់ទៅសួរនាំ លោក រ៉ុង ឈុន ផ្ទាល់ដែរ ដើម្បីកុំឲ្យមានការចោទប្រកាន់ថា ខាងពន្ធនាគារមិនយកចិត្តទុកដាក់ចំពោះជនជាប់ឃុំ៖ «តែវះ ( ភ្នែក ) គេឲ្យសម្រាកឲ្យស្រួលបួលហើយ ហើយការអនុញ្ញាតឲ្យស្នាក់នៅមន្ទីរពេទ្យយ៉ាងម្ដេចៗអាហ្នឹងវាអាស្រ័យទៅលើខាងបច្ចេកទេសលើខាងពេទ្យនោះ។ ខ្ញុំម្ដេចដឹង ? តែករណីគាត់បើសិនជាវះអាចចំណាយពេលប្រហែលជាកន្លះថ្ងៃអ្វីដែរ។ ទាល់តែពេទ្យគេអ្នកវះនោះ។ គេណែនាំអ្វីណែនាំសុខភាពអ្វីយ៉ាងម្ដេចៗហ្នឹងទៅលើជំនាញវេជ្ជសាស្ត្រទេ»។
ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជន ក៏បានទាមទារឲ្យសមត្ថកិច្ចអនុញ្ញាតឲ្យលោក រ៉ុង ឈុន ទទួលបានសិទ្ធិព្យាបាលក្នុងមន្ទីរពេទ្យឲ្យបានត្រឹមត្រូវដែរ។ ក្រុមអ្នកឃ្លាំមើលនិងពលរដ្ឋព្រួយបារម្ភថា ប្រសិនបើសមត្ថកិច្ចរឹតត្បិតលោក រ៉ុង ឈុន មិនឲ្យទទួលបានការសម្រាកព្យាបាលត្រឹមត្រូវទេ រដ្ឋាភិបាល និងសមត្ថកិច្ចនឹងរងការរិះគន់ពីការអនុវត្តច្បាប់មានស្តង់ដារ២ ព្រោះជនជាប់ឃុំដែលមានឥទ្ធិពល មានទ្រព្យសម្បត្តិ ឬមានអំណាច អាចសម្រាកព្យាបាលជំងឺនៅបន្ទប់ពិសេសក្នុងមន្ទីរពេទ្យរាប់ខែ ខ្លះទៀតរាប់ឆ្នាំក្រោមហេតុផលព្យាបាលជំងឺ។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់លោក រ៉ុង ឈុន ដាក់ពន្ធនាគារជាងមួយឆ្នាំមកហើយ ដោយសារតែលោកបានបញ្ចេញមតិអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលជារឿងដ៏រសើបសម្រាប់របបលោក ហ៊ុន សែន។ តុលាការក្រុងភ្នំពេញបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ២ឆ្នាំដែលជាកម្រិតខ្ពស់បំផុតនៃទោសក្នុងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ទន្ទឹមនឹងនេះ តុលាការបានបង្គាប់ឱ្យលោកបង់សំណងជាទឹកប្រាក់រួមគ្នាជាមួយសកម្មជនពីរនាក់ទៀតចំនួន ១សែនដុល្លារអាមេរិក ដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ សហគមន៍ជាតិ និងអន្តរជាតិថ្កោលទោសសាលក្រមនេះថា អយុត្តិធម៌ និងជាការដាក់ទោសលើសេរីភាពបញ្ចេញមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។