ជនភៀសខ្លួន​ខ្មែរ​មួយចំនួន​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ដាក់​ពន្ធនាគារ​បាន​ទៅ​ដល់​ប្រទេស​ទី​៣​ជា​បន្ត​បន្ទាប់

ជនភៀសខ្លួន​ដែល​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​អំឡុង​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​កាល​ពី​ដើម​ឆ្នាំ​២០២៤ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​មួយចំនួន​ហើយ​។ ក្នុង​នោះ​យុវជន​ធ្វើ​ការងារ​សង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និង​ប្អូនស្រី​២​នាក់​បាន​ចាកចេញ​ផុត​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៧ ខែមករា ដើម្បី​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​(USA) តាមរយៈ​កិច្ច​អន្តរាគមន៍​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR)។

កញ្ញា សូ មេត្តា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មិថុនា ថា កញ្ញា​និង​ប្អូនស្រី​បាន​ទៅដល់​ប្រទេស​ទី​៣​ដោយ​សុវត្ថិភាព ក្រោយ​សមត្ថកិច្ច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មិថុនា ខណៈ​ជន​ភៀស​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ដោះលែង​ដែរ​។ កញ្ញា​រៀបរាប់​ថា​រសជាតិ​ជីវិត​ជាប់​ពន្ធនាគារ​នៅ​ក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស​អន្តោ​ប្រវេ​សន្ត​នៅ​ទីក្រុង​បាងកក​ជាង​៥​ខែ​មកនេះ​ជនភៀសខ្លួន​រង​ទុក្ខ​វេទនា​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត និង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។ កញ្ញា​ជំរុញ​ទៅ UNHCR ជួយ​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​ឱ្យ​បាន​ទៅដល់​ប្រទេស​ទី​៣ ទាំងអស់គ្នា ព្រោះ​ការ​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​ពួកគេ​ទៅ​កម្ពុជា​វិញ​គ្រប់ពេល។

កញ្ញា សូ មេត្តា៖ «នៅពេល​មាន​សេរីភាព ខ្ញុំ​បាន​ធូរចិត្ត​ត្រង់​ថា​ខ្ញុំ​នឹង​អាច​បាន​បញ្ចេញមតិ​ទាក់ទង​រឿង​ប្រទេសជាតិ​យើង រឿង​បរិស្ថាន សិទ្ធិមនុស្ស​ឡើងវិញ ខ្ញុំ​នៅតែ​រក្សា​ជំហរ​កណ្តាល​នៅ​ខាង​ប្រជាពលរដ្ឋ ខ្ញុំ​នៅតែ​គិត​ពី​រឿង​ប្រទេស​ជាតិ សម្បត្តិ​ជាតិ​ដដែល ខ្ញុំ​មិន​ងាក មិន​ប្រែប្រួល​ទៅណា​ចោល​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​យើង​ទេ»។

សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ជិត ២០​នាក់ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ និង​ដើមឆ្នាំ​២០២៤។ ពួកគេ​ភាគច្រើន​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​សម្រុក​ចុះ​ចាប់ខ្លួន​ដល់​បន្ទប់​ជួល តាម​សំណើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុងអំឡុង​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​កាលពី​ខែ​កុម្ភៈ កន្លង​ទៅ។

កញ្ញា សូ មេត្តា ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មាន​ជនភៀសខ្លួន​ខ្មែរក្រោម និង​ពលករ​ខ្មែរ​ពីរ​នាក់​បន្ត​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​អន្តោប្រវេសន៍ សួនភ្លូ (Suan Phlu) ក្នុង​ទីក្រុង​បាងកក ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​ដោះលែង​ជនភៀសខ្លួន​ដែល​ជា​សកម្មជន​នយោបាយ និង​សង្គម​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ។

សព្វថ្ងៃ​មាន​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាង​១០០​នាក់​។ ពួកគាត់​ជា​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​ធ្វើ​ការងារ​សង្គម និង​សកម្មជន​ដីធ្លី ជាដើម។

មន្ត្រី​សិទ្ធិមនុស្ស និង​គណបក្សប្រឆាំង​មើល​ឃើញ​ថា ប្រទេស​ថៃ​នៅ​ពេល​នេះ មិនមែន​ទីកន្លែង​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ទៀត​ទេ ចាប់តាំងពី​ទំនាក់​ទង​រវាង​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ថាក់ស៊ីន ពង្រីក​ឥទ្ធិពល​នយោបាយ​នា​រយៈពេល​ចុងក្រោយ​នេះ​។ ពួកគេ​ជំរុញ​ទៅ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR) គួរ​ជជែក​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​គោរព​សិទ្ធិ​ជនភៀសខ្លួន ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ថៃ នៅតែ​បន្ត​ចាប់​ជនភៀសខ្លួន​តទៅ​ទៀត គឺ UNHCR គួរ​ពិចារណា​បញ្ជូន​ជនភៀសខ្លួន​ទាំងនោះ​ទៅ​កន្លែង​មាន​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។