សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអះអាងថា រដ្ឋាភិបាលមិនទាន់ធ្វើឱ្យស្ថានភាពវិស័យអប់រំ និងសិទ្ធិសេរីភាពគ្រូបង្រៀនល្អប្រសើរតាមអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិនៅឡើយទេ។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំថា កំពុងអនុវត្តន៍តាមគោលការណ៍ច្បាប់ ដោយយុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ទិវាគ្រូបង្រៀន ថ្ងៃទី៥ ខែតុលាឆ្នាំនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានសរសេរញត្តិផ្ញើទៅស្ថាប័នរដ្ឋសភា រដ្ឋាភិបាល និងក្រសួងអប់រំ ដោយលើកឡើងនូវបញ្ហានិងសំណូមពររបស់គ្រូបង្រៀន។
សមាគមគ្រូបង្រៀនមើលឃើញថា រយៈពេល ២៨ឆ្នាំមកហើយ កម្រិតស្ថានភាពគ្រូបង្រៀននិងវិស័យអប់រំនៅកម្ពុជា នៅមិនទាន់ឆ្លើយតបទៅនឹងអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័នកន្លងមកនោះទេ ដោយសារប្រាក់ខែ ដែលរដ្ឋាភិបាលដំឡើងរាល់ឆ្នាំដល់គ្រូបង្រៀននៅទាបមិនសមទៅនឹងតម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃ ហើយសិទ្ធិគ្រូបង្រៀនវិញកាន់តែរួមតូច។
សមាគមគ្រូបង្រៀនបន្តថា វិស័យអប់រំវិញមិនមានការឯកភាព និងសមភាពទូទាំងប្រទេសនៅឡើយ រវាងសាលារៀននៅក្នុងទីក្រុង និងជនបទ ហើយរវាងសាលារៀនសាធារណៈ និងឯកជន ដោយសាលារៀននៅទីក្រុងមានគ្រូបង្រៀននិងសម្ភារៈប្រសើរជាងសាលារៀននៅជនបទ។ ក្រសួងមិនទាន់លុបបំបាត់អំពើពុករលួយគ្រប់រូបភាព ដែលធានាថា ពលរដ្ឋគ្រប់រូបទទួលបានការអប់រំស្មើៗគ្នា។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺជាអង្គការវិជ្ជាជីវៈគ្រូបង្រៀន ដែលរដ្ឋាភិបាលតែងតែមើលរំលងនិងរើសអើង ដោយមិនចាត់ទុកជាដៃគូអភិវឌ្ឍន៍លើការអប់រំនោះទេ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា គ្រូបង្រៀនទាមទារឲ្យមានវិធានការទប់ស្កាត់ និងស៊ើបអង្កេតអំពើពុករលួយក្នុងស្ថាប័នអប់រំគ្រប់កម្រិត និងការផ្សព្វផ្សាយរបាយការណ៍ហិញ្ញវត្ថុនិងគ្រប់គ្រងថវិការបស់រដ្ឋ(SOF) ដោយផ្តល់សម្ភារៈដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត និងផ្តល់អគារសិក្សា។ អ្នកស្រីថា សមាគមស្នើបញ្ឈប់ការរើសអើងការបង្កើតសហជីព ព្រមទាំងឲ្យក្រសួងអប់រំ ផ្ដល់ក្របខ័ណ្ឌអប់រំជូនគ្រូបង្រៀន១១នាក់ ដែលក្រសួងបានលុបឈ្មោះ កាលពីដើមឆ្នាំ២០១៨ ក្រោមហេតុផលនយោបាយ៖ «រ កវិធីសាស្រ្តយ៉ាងណាឱ្យពួកគាត់បញ្ចេញកម្លាំងហើយ ទទួលបាននូវអ្វីដែលជាការលើកទឹកចិត្តក៏ដូចជាប្រាក់បៀរវត្សដើម្បីទ្រទ្រង់ជីវភាពគ្រួសារគាត់ឱ្យប្រសើរថែមទៀត បើគ្រាន់តែសើរៗប៉ុន្តែពួកគាត់នៅខាងក្រោមនេះ លោកគ្រូអ្នកគ្រូយើងឆ្នាំងបាយផ្កាប់អស់ហើយ ចឹងវាអត់មានអីប្រសើរទេ »។
អ្នកស្រី អ៊ុក ឆាយ៉ាវី ឱ្យដឹងទៀតថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏ទាមទារដំឡើងប្រាក់ខែអប្បបរមា ២លានរៀល(២.០០០.០០០៛) ក្នុងមួយខែ និងដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជា ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់កូន ៤ម៉ឺនរៀល(៤០.០០០៛) ប្រពន្ធ៥ម៉ឺនរៀល(៥០.០០០៛) ប្រាក់ទ្រទ្រង់សុខភាព៦ម៉ឺនរៀល(៦០.០០០៛) ប្រាក់គរុកោសល្យ៣ម៉ឺនរៀល(៣០.០០០៛) ប្រាក់ថ្ងៃព្រហស្បតិ៍ ២ម៉ឺនរៀល(២០.០០០៛) ប្រាក់ថែមម៉ោង ១៥ម៉ឺនរៀល(១៥០.០០០៛) សម្រាប់គ្រូអនុវិទ្យាល័យ និង២០ម៉ឺនរៀល(២០០.០០០៛) សម្រាប់គ្រូវិទ្យាល័យ រួមទាំងប្រាក់ឧបត្ថម្ភពេលបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ២០ម៉ឺនរៀល (២០០.០០០៛) ផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាលោក រស់ សុវាចា ប្រាប់អាស៊ីសេរីថា ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយលើកកម្ពស់ជីវភាពនិងគុណតម្លៃសម្រាប់ការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ រួមទាំងការផ្តល់តម្លៃនៅក្នុងការចូលរួមរបស់គ្រូបង្រៀន។ លោកបញ្ជាក់ថាក្រសួងអប់រំបានបន្តលើកកម្ពស់ជីវភាពគ្រូបង្រៀនតាមរយៈការដំឡើងប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥ ចន្លោះពី៥សែនរៀល(៥០០.០០០៛) ដល់១លាន២សែនរៀល(១.២០០.០០០) រហូតប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០២១ នៅចន្លោះមួយ១លាន២សែន(១.២០០.០០០៛) ដល់២លាន១សែនរៀល (២.២០០.០០០៛) ហើយការដំឡើងប្រាក់បៀវត្សយ៉ាណាទៀត គឺក្រសួងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល៖ «ការរៀននិងបង្រៀននេះបានមកពីការដើរតួនាទីយ៉ាងសំខាន់ ក៏ដូចជាការលះបង់យ៉ាងខ្ពង់ខ្ពស់របស់លោកគ្រូអ្នកគ្រូទាំងអស់ ដូចនេះឆ្លើយតបការដឹងគុណ សម្តែងកត្តញ្ញូលោកគ្រូអ្នកគ្រូទាំងអស់នៅទូទាំងប្រទេស គឺក្រសួងអប់រំគឺផ្តោតលើពីរចំណុចសំខាន់ គឺការបន្តលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនក៏ដូចជាការបន្តលើកកម្ពស់ជីវភាពលោកគ្រូអ្នកគ្រូ »។
ចំណែករដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន បានថ្លែងនៅក្នុងទិវាគ្រូបង្រៀនក្រោមប្រធានបទ «គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអប់រំគ្រប់កាលៈទេសៈ » លោកអះអាងថា គ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់ដោយត្រូវរកវិធីសាស្រ្តបង្រៀន ទំនាក់ទំនងជាមួយមាតាបិតាសិស្ស កត្តាទាំងអស់នេះមិនទាន់រាប់បញ្ជូលការលំបាកផ្សេងទៀតដែលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងជំងឺផ្សេងៗនោះទេ។ លោកថា សាលារៀន និងបន្ទប់រៀនបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីបំពេញសេចក្តីត្រូវការរៀនសូត្រតាមបែបឆ្លាតវៃ ដូចជា បន្ទប់រៀនឆ្លាតវៃ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បណ្តាល័យទំនើប និងការប្រើប្រាស់អ៊ីធឺណិតជាដើម។
ទោះជាយ៉ាងណា គ្រូបង្រៀនមួយរូបនៅរាជធានីភ្នំពេញលោក ឡុង រឹម លោកសោកស្តាយដែលរដ្ឋាភិបាលបន្តធ្វើទុក្ខបុកម្នេញលើគ្រូបង្រៀនគ្រាន់តែអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ លោកឱ្យដឹងថា ការរីករាលដាលជំងឺកូវីដ-១៩ គ្រូបង្រៀនបានប្រឹងប្រែងបំពេញកិច្ចការដោយមនសិការ និងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីបង្រៀនតាមប្រព័ន្ធអនឡាញ លើកកម្ពស់សេវាអប់រំជាតិដោយមិនខ្លាចនឿយហត់ ប៉ុន្តែប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតមិនសមទៅនឹងការលះបង់ និងស្ថានភាពជីវភាពពួកគាត់ឡើយ។ គ្រូបង្រៀនរូបនេះស្នើឱ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់ដោះស្រាយសំណូមពរគ្រូបង្រៀន ដោយលើកលម្ពស់ជីវភាពគ្រូបង្រៀនឱ្យរស់នៅសមរម្យនិងថ្លៃថ្នូរ ដើម្បីឱ្យវិស័យអប់រំចូលរួមអភិឌ្ឍន៍សង្គម៖ «ផ្តល់នូវសិទ្ធិសេរីភាពដើម្បីគ្រូបង្រៀនចូលរួមនៅក្នុងសមាគម សូមអំពាវនាវដល់រដ្ឋាភិបាល និងតុលាការទម្លាក់ចោលនូវការចោទប្រកាន់ដោះលែងពួកគាត់ឱ្យមានសេរីភាពវិញក្នុងការបញ្ចេញមតិទាំងអស់ហ្នឹង»។

កាលពីដើមឆ្នាំ២០១៨ ក្រសួងអប់រំបានលុបឈ្មោះគ្រូបង្រៀនចំនួន ១៣នាក់ ដែលមាននិន្នាការគាំទ្របក្សសង្គ្រោះជាតិ ចេញពីក្របខ័ណ្ឌ ក្រោមហេតុផល ពួកគាត់បោះបង់ការងារ និងអវត្តមានដោយគ្មានច្បាប់អនុញ្ញាត។ ទោះជាយ៉ាងណា ក្រុមគ្រូបង្រៀនអះអាងថា ពួកគាត់បានបំពេញនីតិវិធីត្រឹមត្រូវមុននឹងទៅធ្វើសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។ ពួកគាត់ជឿថា ការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីអប់រំនេះ គឺដោយសារពួកគាត់មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
ក្នុងចំណោមគ្រូបង្រៀនដែលត្រូវបានលុបឈ្មោះពីក្របខ័ណ្ឌនោះ មាន៣ នាក់ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ រួមមាន លោក រ៉ុង ឈុន លោក ពៀត ម៉ាប់ និងលោក ជុំ ចាន់។ ចំណែក គ្រូបង្រៀនពីរនាក់ផ្សេងទៀតនៅមានក្របខ័ណ្ឌនៅឡើយ តែក៏ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារដែរ នោះគឺលោក កែវ ថៃ និងលោក ស៊ុន ធន់។ គ្រូបង្រៀនទាំងនោះ សុទ្ធតែរងការចោទប្រកាន់ដូចៗគ្នា ពីបទញុះញង់ និងរួមគំនិតក្បត់ លើកលែងតែលោក រ៉ុង ឈុន ម្នាក់ ដែលជាប់ត្រឹមបទញុះញង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។