គណៈកម្មាធិការ​អ.ស.ប​នឹង​បើក​សម័យប្រជុំ​លើក​ទី​២៦ ស្ដីពី​ការ​បាត់​ខ្លួន​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2024.02.17
គណៈកម្មាធិការ​អ.ស.ប​នឹង​បើក​សម័យប្រជុំ​លើក​ទី​២៦ ស្ដីពី​ការ​បាត់​ខ្លួន​នៅ​កម្ពុជា ពលរដ្ឋថៃដាក់ផ្កាកូលាប​មុខរូបថត រំលឺកលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែលបាត់ខ្លួន​នៅ​ទីក្រុងភ្នំពេញ ដែលជាសកម្មភាពតវ់ានៅទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០២៤។
BenarNews

គណៈកម្មាធិការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហប្រជាជាតិ (UN Committee on Enforced Disappearances) គ្រោង​បើក​សម័យប្រជុំ​លើក​ទី២៦ ចាប់​ពី​ថ្ងៃទី​១៩ កុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មីនា ខាងមុខ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ដើម្បី​ពិនិត្យ​ករណី​បាត់​ខ្លួន​នៅ​ប្រទេស​កម្ពុជា បូគីណា ហ្វាសូ (Burkina Faso) និង​ប្រទេស​ហុងឌុយរ៉ាស់ (Honduras)

សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស កាល​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ មិន​បាន​បញ្ជាក់​ច្បាស់​ក្នុង​របាយការណ៍ អំពី​ជន​ដែល​ត្រូវ​បាត់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​បើ​តាម​របាយការណ៍​សំរាប់​សម័យប្រជុំ​លើក​ទី​២៦​នេះ គឺ​ពិនិត្យ​លើ​ករណី​បាត់​ខ្លួន និង​បញ្ជូន​ខ្លួន​ជនជាតិ​ទួរគី លោក អូស្មាន់ ការ៉ាសា (Osman Karaca) ត្រឡប់​ទៅ​ទួរគី​វិញ​ដោយ​ខុសច្បាប់ ពី​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​សកម្មភាព​ភេរវកម្ម។

កាលពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០២០ សកម្មជន​សិទ្ធិមនុស្ស​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit ) បាន​បាត់​ខ្លួន​នៅ​កម្ពុជា បន្ទាប់​ពី​ជន​មួយ​ក្រុម​បាន​ចាប់​បង្ខំ​លោក​ឲ្យ ចូល​ក្នុង​រថយន្ត​មួយ​ដឹក​យក​ទៅ​បាត់ នៅ​មុខ​អគារ​ខុនដូ មេគង្គ ហ្គាដីន (Mekong Gardens)​។ អាជ្ញាធរ​កម្ពុជា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​រក​ឃើញ​សកម្មជន​ថៃ​នេះ​នៅ​ឡើយ​ទេ។

អ្នកជំនាញការ​អន្តរជាតិ​ឯករាជ្យ​ចំនួន ១០​នាក់ នៃ​គណៈកម្មាធិការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហប្រជាជាតិ នឹង​ពិនិត្យ​ករណី​ទាំង​នោះ ដោយ​អនុវត្ត​ទៅ​តាម​អនុសញ្ញា និង​អនុសាសន៍​ដែល​បាន​ផ្តល់​ដោយ​គណៈកម្មាធិការ ក្នុង​សម័យ​ប្រជុំ​កាល​ពី​ឆ្នាំមុន។ គណៈកម្មាធិការ​នេះ​បាន​ទទួល​របាយការណ៍ ដែល​បាន​ដាក់​ជូន​ពី​គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​បី ដើម្បី​ជជែក​ពី​បញ្ហា​មួយ​ចំនួន ក្នុង​នោះ​ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​ដំបូង នៅ​ថ្ងៃទី​១៩ និង​២០ ខែ​កុម្ភៈ នៅ​ប្រទេស​ស្វីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។