អ្នកស្រី រ៉ូណា ស្មីត បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ជំនុំជម្រះ​ក្ដី​ទ្រង់ទ្រាយ​ធំ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​តំណាង​​សង្គម​ស៊ីវិល

ដោយ ទីន ហ្សាការីយ៉ា
2020.11.25
កឹម សុខា រ៉ូណា ស្មីត លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។
រូប៖ ហ្វេសប៊ុក Kem Sokha និង United Nations Human Rights in Cambodia

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ចាត់​ទុក​ការ​ជំនុំជម្រះក្ដី ទ្រង់ទ្រាយ​ធំ​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ទំនង​ជា​កើត​ចេញ​ពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ ដែល​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។ លោកស្រី​បាន​បន្ថែម​ទៀត​ថា ដំណើរ​ក្ដី​របស់​តុលាការ ទំនង​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ បំភិតបំភ័យ និង​បំបាក់​មុខ​គូប្រជែង​របស់​រដ្ឋាភិបាល។ អ្នកស្រី សំដែង​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ជំនុំជម្រះ​ក្ដី​ទ្រង់ទ្រាយ​ធំ​មួយ ដែល​នឹង​កើត​មាន​ទៅ​លើ​បុគ្គល​មួយ​ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP។

អ្នកស្រី​បន្ថែម​ថា “នេះ​មិនមែន​ជា​ភាគ​មួយ​ដាច់​ដោយ​ឡែក​ទេ។ លំហ​ប្រជាពលរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​ហើយ​មាន​ភស្តុតាង​តិចតួច ដែល​បង្ហាញ​ពី​ការ​បង្រួបបង្រួម និង​ការ​ផ្សះផ្សា​នយោបាយ។” អ្នកស្រី រ៉ូណា ស្មីត បាន​បន្ថែម​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​បាន​ចាត់​វិធានការ​បង្ក្រាប​អ្នក​ទាំង​ឡាយ​ណា ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ២០១៩ មក មាន​មនុស្ស​ជាង ១៥០នាក់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ញុះញង់។

អ្នកស្រី រ៉ូណាស្មីត បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បើក​ឲ្យ​មាន​លំហ​ពលរដ្ឋ ការពារ និង​លើក​ស្ទួយ​សេរីភាព​មូលដ្ឋាន រួម​ទាំង​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ និង​ការ​បញ្ចេញ​មតិ និង​ដើម្បី​ធានា​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌ សម្រាប់​មនុស្ស​គ្រប់​រូប ដូច​ដែល​បាន​ធានា​ការពារ​ដោយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​កម្ពុជា។

អ្នកស្រី​អះអាង​ថា “មនុស្ស​គ្រប់​រូប ត្រូវ​មាន​សិទ្ធិ​មាន​ពេល​វេលា និង​មធ្យោបាយ​គ្រប់គ្រាន់ ដើម្បី​រៀបចំ​រឿង​ក្ដី​របស់​ខ្លួន ហើយ​បុគ្គល​មួយ​ចំនួន ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ កំពុង​រស់​នៅ​ក្រៅ​ប្រទេស​កម្ពុជា មាន​មូលដ្ឋាន​សម​ហេតុផល ដែល​អាច​ជឿ​ថា ជន​ជាប់​ចោទ​មិន​មាន​លទ្ធភាព​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ រួម​ទាំង​សម្ភារៈ​ភស្តុតាង​ដោះ​បន្ទុក ដើម្បី​ត្រៀម​រៀបចំ​ការពារ​ខ្លួន​ឡើយ”។

តុលាការ​របប​លោក ហ៊ុន សែន បាន​កោះ​ហៅ​មន្ត្រី សកម្មជន និង​មន្ត្រី​សង្គម​ស៊ីវិល​ជាង ១២០នាក់ ឲ្យ​ចូល​ខ្លួន​ជំនុំជម្រះក្ដី​ក្នុង​ថ្ងៃ​តែ​មួយ​លើ​សំណុំរឿង ចោទ​ប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។