អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបីរូប ទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា បើកឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដំណើការឡើងវិញ នៅមុនពេលបោះឆ្នោតជាតិមកដល់ ជាបន្ទាន់។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះ ព្រួយបារម្ភថា ការដែលរដ្ឋាភិបាល ដកអាជ្ញាប័ណ្ណវិទ្យុវីអូឌី ដែលធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់ និងយ៉ាងតក់ក្រហល់បែបនេះ នឹង ប៉ះពាល់ដល់ដំណើការបោះឆ្នោតជាតិដ៏សំខាន់ ដែលនឹងមកដល់នាពេលខាងមុខ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សដែលចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាកាលពីថ្ងៃទី២០ ខែកុម្ភៈ ម្សិលមិញរួមមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សអ្នកស្រី ម៉ារី ឡូឡ័រ (Mary Lawlor) និងអ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់និងការពារសិទ្ធិបញ្ចេញមតិ អ្នកស្រី អាយរិន ខាន (Irene Khan)។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ទាំងបីរូបបន្ថែមថាការបិទវិទ្យុសំឡេងប្រជាធិបេយ្យវីអូឌីនេះធ្វើឱ្យកម្ពុជាលែងមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ពួកគេ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យមើលរឿងដកអាជ្ញាប័ណ្ណនេះនិងពិចារណាផ្លាស់ប្ដូរសេចក្ដីសម្រេចចិត្តឡើងវិញជាបន្ទាន់។
មន្រ្តីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបញ្ជាក់ទៀតថា៖«ក្នុងដំណាក់កាលដ៏សំខាន់នេះកម្ពុជាត្រូវការសង្គមស៊ីវិលមួយដ៏រស់រវើសនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរូមទាំងសារព័ត៌មានដែលរាយការណ៍ពីគោលនយោបាយរបស់រដ្ឋាភិបាល»។មន្រ្តីសិទ្ធិមនុស្សទាំងបីរូបព្រមានទៀតថា៖ «ពិភពលោកកំពុងសម្លឹងមើលកម្ពុជានៅមុនពេលការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣»។
ការទាមទាររបស់មន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះនៅស្របពេលលោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈថាលោកមិនផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុវីអូឌីនេះដំណើរការវិញឡើយ។លោកថែមទាំងប្រកាសថាមិនបាច់ទៅពឹងពាក់បរទេសឲ្យមកអន្តរាគមន៍រឿងនេះទេដោយលោកចោទថាការផ្សព្វផ្សាយរបស់វិទ្យុវីអូឌីនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឱពុកកូនលោកនិងជាការបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្រ្តីរបស់លោក។
ទោះបីជាយ៉ាងនេះក្ដីអ្នកវិភាគនយោបាយ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន មានផែនការជាក់លាក់ក្នុងការបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌីនេះ។លោកបញ្ជាក់ថាបើកាលណាទុកវិទ្យុឯករាជ្យមួយនេះឲ្យដំណើរការនោះវិទ្យុនេះនឹងរាយការណ៍អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅខែកក្កដាខាងមុខ។ លោកបន្ថែមថា វិទ្យុនេះ ក៏នឹងរាយការណ៍អំពីពលរដ្ឋរងគ្រោះពីបញ្ហាផ្សេងៗនៅពាសពេញប្រទេសដែរដែលបញ្ហានេះលោកហ៊ុន សែន ចង់បិទបាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។