ការជំរុញនេះ ធ្វើឡើងដោយអ្នកជំនាញសិទ្ធិមនុស្សពីររូបរបស់អង្គការសហប្រជាជាតិក្នុងនោះរួមមាន អ្នករាយការណ៍ពិសេសទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនមានពិការភាពលោក ហ្សេរ៉ាដ ឃ្វីន (Gerard Quinn)។
ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២២ ខែមេសា ផ្ញើទៅភាគីរដ្ឋាភិបាលកម្ពុជា អ្នកជំនាញសិទ្ធិមនុស្សពីររូបរបស់អង្គការសហប្រជាជាតិ បានស្នើសុំសេចក្ដីពន្យល់ និងផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងការធ្វើសេចក្តីព្រាងច្បាប់នេះ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បង្ហាញកង្វល់ថា សេចក្តីព្រាងច្បាប់នេះ អាចនឹងបង្កឲ្យមានផលអវិជ្ជមានប៉ះពាល់ដល់សិទ្ធិរបស់ជនមានពិការភាព ប្រសិនបើគ្មានការពិនិត្យមើលឡើងវិញនោះទេ។ ពួកគេលើកឡើងថា ពួកគេមានកង្វល់ថា បទប្បញ្ញត្តិមួយចំនួនចែងក្នុងសេចក្តីព្រាងច្បាប់នេះ នៅមិនទាន់ស្របតាមបទដ្ឋាន និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនមានពិការភាព ទាំងស្រុងនៅឡើយទេ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដដែល កត់សម្គាល់ពីចំណុចសំខាន់៣ ដែលជាក្តីកង្វល់របស់ពួកគេពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ។ ចំណុចទី១ ពួកគេថា សេចក្តីព្រាងច្បាប់នេះ ពុំបានដាក់បញ្ចូលនូវសិទ្ធិសំខាន់ៗមួយចំនួនដូចដែលត្រូវបានទទួលស្គាល់ដោយអនុសញ្ញាអន្តរជាតិ។ ចំណុចទី២ ពួកគេលើកឡើងថា សេចក្តីព្រាងច្បាប់នេះ ពុំបានពន្យល់ច្បាស់លាស់អំពីការទទួលខុសត្រូវរបស់រដ្ឋក្នុងការធានាឲ្យបាននូវការអនុវត្តសិទ្ធិរបស់ជនមានពិការភាព។ ចុងក្រោយ ពួកគេកត់សម្គាល់ថា សេចក្តីព្រាងច្បាប់នេះ មានបញ្ញត្តិដាក់ទោសទណ្ឌមួយចំនួនមិនស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។
ជាក់ស្តែង មាត្រា១ នៃសេចក្តីព្រាងច្បាប់នេះ មិនបានដាក់បញ្ចូលនូវគោលការណ៍នៃការចូលរួមដោយសកម្ម ការផ្តល់សេវាជូនជនមានពិការភាពដោយគ្មានការរើសអើង ឬដោយសមស្របដូចតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនមានពិការភាពនោះទេ។ រីឯ មាត្រា៣ នៃសេចក្តីព្រាងច្បាប់នេះ ក៏ពុំបានកំណត់និយមន័យនៃពាក្យថា «ពិការភាព» ឲ្យដូចនឹងនិយមន័យកំណត់ក្នុងអនុសញ្ញាអន្តរជាតិនោះទេ។ បន្ថែមពីនេះទៀត មាត្រាដដែលក៏ពុំបានដាក់បញ្ចូលនូវគោលការណ៍គោរពសេចក្តីថ្លៃថ្នូរពីកំណើត គោលការណ៍ស្វ័យភាពបុគ្គល និងឯករាជ្យរបស់បុគ្គលមានពិការភាព គោលការណ៍សមភាព និងការមិនរើសអើង ព្រមទាំងគោលការណ៍ចូលរួមពេញលេញ និងប្រកបដោយប្រសិទ្ធភាពដោយរាប់បញ្ចូលទាំងអស់គ្នានៅក្នុងសង្គមជាដើម។
សំខាន់ជាងនេះទៀត ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កត់សម្គាល់ថា សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានជាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីជនមានពិការភាព ដែលមានមុខងារតាមដានទទួល និងកាត់សេចក្តីរាល់ពាក្យបណ្តឹងនានាពាក់ព័ន្ធនឹងជនមានពិការភាព។ ពួកគេលើកឡើងថា ស្ថាប័នដែលបង្កើតថ្មីនេះ មិនឯករាជ្យពីរដ្ឋាភិបាល ហើយមិនអាចជំនួសឲ្យស្ថាប័នតាមដានដោយឯករាជ្យណាមួយ ដូចដែលមានកំណត់នៅក្នុងអនុសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិជនមានពិការភាពបានឡើយ។
ឆ្លើយតបនឹងបញ្ហានេះ តំណាងរដ្ឋាភិបាលប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) លោក អាន សុខឿន គូសបញ្ជាក់ក្នុងលិខិតឆ្លើយតបកាលពីថ្ងៃទី២៣ ខែមេសាថា កម្ពុជានៅតែប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាពតាមរយៈការលុបចោលឥរិយាបថអវិជ្ជមាន និងការផាត់ចោលក្នុងសង្គមប្រឆាំងនឹងពិការភាព។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏ផ្តល់នូវសិទ្ធិអំណាចដល់ជនមានពិការភាព ដើម្បីឲ្យពួកគេអាចចូលរួមបានទាំងអស់គ្នានៅក្នុងការអភិវឌ្ឍប្រកបដោយសមភាព និងចេរភាព។ លោក អាន សុខឿន ថាសេចក្តីព្រាងច្បាប់នេះលើកទឹកចិត្តឲ្យមានការចូលរួមប្រកបដោយការទទួលខុសត្រូវ និងពីគ្រប់ភាគីដើម្បីធានាឲ្យបាននូវសិទ្ធិរបស់ជនមានពិការភាព និងកែលម្អគុណភាពនៃជីវិតរបស់ពួកគេ។ លោកលើកឧទាហរណ៍ថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលបានអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺនេះ ដល់គ្រួសារក្រីក្រជាង៧សែនខ្នងផ្ទះ ក្នុងនោះមានជនមានពិការភាពប្រមាណ ៦ម៉ឺននាក់ ដែលអនុញ្ញាតឲ្យពួកគេទទួលបាននូវតម្រូវការចាំបាច់នានា ដូចជាស្បៀងអាហារ ទឹក និងសេវាថែទាំសុខភាពជាដើម។ តំណាងកម្ពុជាដដែលពន្យល់ថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងត្រូវលើកយកទៅពិគ្រោះយោបល់ជាមួយក្រសួងយុត្តិធម៌ និងពិនិត្យមើលឡើងវិញដោយគណៈរដ្ឋមន្ត្រីបន្ថែមទៀត មុននឹងសម្រេចបញ្ជូនឲ្យរដ្ឋសភា និងព្រឹទ្ធសភាជជែកដេញដោល និងអនុម័ត។ ក៏ប៉ុន្តែ លោកពុំបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការឈានទៅអនុម័តសេចក្តីព្រាងច្បាប់នេះឡើយ។
កម្ពុជាបានអនុម័តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០០៩ មុននឹងឈានទៅផ្តល់សច្ចាប័នដល់អនុសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិជនមានពិការភាព កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។ នៅឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចតាក់តែងច្បាប់ ស្តីពី ជនមានពិការភាពនេះឡើងវិញ ដើម្បីធានាថា ច្បាប់របស់កម្ពុជាស្របតាមបទដ្ឋានច្បាប់អន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។