អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត នៅតែចង់ឃើញរដ្ឋាភិបាលលើកកម្ពស់ឲ្យមានកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុញ្ញាតឲ្យមានសំឡេងនយោបាយចម្រុះ និងជៀសវាងការរឹតត្បិតនានាមកលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ អនុសាសន៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងនៅក្នុង របាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
(English version below) SPECIAL RAPPORTEUR’S INTERACTIVE DIALOGUE AT THE HUMAN RIGHTS...
Posted by Special Rapporteur Cambodia on Tuesday, September 29, 2020
អ្នកស្រី រ៉ូណា ស្ម៊ីត កត់សម្គាល់នៅក្នុងរបាយការណ៍របស់អ្នកស្រីថា សិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយ នៅតែបន្តរងការរឹតត្បិត តាមរយៈការបន្តចាប់ចង និងឃុំខ្លួនសកម្មជនគណបក្ស សង្គ្រោះជាតិជាដើម។ អ្នកស្រីសរសេរក្នុងរបាយការណ៍ប្រចាំឆ្នាំកម្រាស់ ២០ទំព័ររបស់អ្នកស្រីថា លំហសង្គមស៊ីវិលនៅតែបន្តរួមតូច ខណៈក្រុមអ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងអ្នកទាំងឡាយណាដែលអនុវត្តសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ ត្រូវទទួលរងការបំភិតបំភ័យ ការយាយី និងការចាប់ខ្លួនពីសំណាក់អាជ្ញាធររដ្ឋាភិបាល។
ប្រតិកម្មតបទៅនឹងរបាយការណ៍នេះ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់អាស៊ីសេរីថា ការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះថា គឺជារឿងដដែលៗ ដែលលោកថា មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជានោះទេ៖ « យើងនឹងបន្តបកស្រាយបំភ្លឺតទៅទៀតចំពោះរបាយការណ៍ដែលបានលើកនេះ ពីព្រោះថា នៅក្នុងមួយចំនួនធំនៃរបាយការណ៍គឺមិនឆ្លុះបញ្ចាំងនូវតថភាពជាក់ស្ដែងនៅកម្ពុជាទេ។ ដូច្នេះហើយនៅក្នុងរបាយការណ៍វាមានការភាន់ច្រឡំ ឬមួយក៏មានការមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយនាំឲ្យមានការសន្និដ្ឋានមួយដែលខុសពីការពិត » ។
ការបន្តបដិសេធរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនេះ ត្រូវនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា មិនមែនជារឿងចម្លែកនោះទេ ដែលភាគីរដ្ឋាភិបាលតែងតែឆ្លើយយ៉ាងដូច្នេះ។ លោកថា ជាជាងបដិសេធ រដ្ឋាភិបាលគួរតែព្យាយាមកែលម្អនូវរាល់ចំណុចខ្វះខាតរបស់ខ្លួន ៖ « ខ្ញុំគិតថា អ្វីដែលសំខាន់គឺគួរតែពិនិត្យថា ការលើកឡើងនៅក្នុងរបាយការណ៍ហ្នុង បើសិនជាមានចំណុចណាដែលខ្វះខាត ដែលយើងមិនទាន់បានបំពេញ គួរណាស់តែយើងធ្វើការបំពេញ ឬក៏កែប្រែឲ្យស្របទៅតាមរដ្ឋជាភាគី ក៏ដូចជាតាមបទដ្ឋាននៃសិទ្ធិមនុស្ស ដែលប្រទេសយើងប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយនឹងគោលការណ៍នៃការគោរពសិទ្ធិមនុស្សដែលមាននៅក្នុងរដ្ឋធម្មនុញ្ញហ្នុង វាជាការល្អជាងការណ៍ដែលបដិសេធ ឬក៏មានការខ្វែងគំនិតគ្នានោះ » ។
របាយការណ៍ប្រចាំឆ្នាំរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនេះ ពិនិត្យមើលឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០។ អ្នកស្រីបានដាក់ចេញនូវអនុសាសន៍ ១៤ចំណុច ក្នុងនោះអនុសាសន៍សំខាន់គឺការចង់ឃើញរដ្ឋាភិបាលលើកកម្ពស់ និងបង្កើតឲ្យមាននូវកិច្ចសន្ទនាក្នុងបរិយាកាសមួយប្រកបដោយសន្តិវិធីជាមួយគ្រប់ភាគីនយោបាយពាក់ព័ន្ធ និងចៀសវាងការបន្តរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានមកលើពលរដ្ឋតទៅទៀត។ អ្នកស្រីក៏ចង់ឃើញរដ្ឋាភិបាលបន្តកិច្ចពិគ្រោះយោបល់ជាមួយភាគីអង្គការសង្គមស៊ីវិល ហើយដែលកិច្ចពិគ្រោះយោបល់នោះ គួរតែធ្វើឡើងដោយពិតប្រាកដ មានភាពច្បាស់លាស់ ហើយជួយកសាងឲ្យបាននូវសង្គមមួយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយអត្ថន័យ និងកាន់តែប្រសើរជាងមុន។ ក្រៅពីអនុសាសន៍ទាំងនេះ អនុសាសន៍ពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ការពិនិត្យមើលឡើងវិញលើច្បាប់បោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់សហជីព ព្រមទាំងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាដើម ក៏ត្រូវដាក់ស្នើឡើងដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែរ។ អ្នកស្រីក៏បានស្នើដែរថា រដ្ឋាភិបាលក៏គួរពិនិត្យមើលឡើងវិញ និងបង្កើតឲ្យមាននូវកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចធ្វើយ៉ាងជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ដោយរដ្ឋាភិបាលគួរធ្វើការវាយតម្លៃឲ្យបានប្រយ័ត្នប្រយែងចំពោះផលប៉ះពាល់នៃវិបត្តិនេះចំពោះសិទ្ធិមនុស្ស ជាពិសេសជនដែលងាយរងគ្រោះបំផុត។
ការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងនៅមុនកិច្ចពិភាក្សាដេញដោលអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រវាងភាគីរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅយប់ថ្ងៃទី១ តុលា នេះ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
