មន្ត្រីក្រសួងការបរទេសសន្យាថា នឹងចរចាជាមួយអាជ្ញាធរវៀតណាមឱ្យប្រគល់លិខិតឆ្លងដែនឱ្យព្រះតេជព្រះគុណ សឺន ទី ព្រះសង្ឃខ្មែរកម្ពុជាក្រោមវិញ ក្រោយពីអាជ្ញាធរវៀតណាមបានដកហូតកាលពីដើមខែកុម្ភៈមក។ អាជ្ញាធរវៀតណាមបានចោទប្រកាន់ព្រះសង្ឃខ្មែរកម្ពុជាក្រោមថា បានធ្វើសកម្មភាពខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុក។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា កម្ពុជាមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយ ពីភាគីវៀតណាមនៅឡើយទេ ទាក់ទិននឹងការប្រគល់លិខិតឆ្លងដែនឱ្យព្រះសង្ឃខ្មែរកម្ពុជាក្រោមមកវិញ។ ប៉ុន្តែ ក្រសួងបានបញ្ជាឱ្យស្ថានទូតកម្ពុជាប្រចាំនៅក្នុងទីក្រុងហាណូយចរចាជាមួយនឹងអាជ្ញាធរវៀតណាមដើម្បីធ្វើយ៉ាងណាបានប្រគល់លិខិតឆ្លងដែន និង សម្រួលដល់ការបង់ប្រាក់ពិន័យដល់ព្រះតេជព្រះគុណ សឺន ទី៖ «យើងបានដោះស្រាយដោយគោរពទៅតាមនីតិវិធីច្បាប់នៅក្នុងប្រទេសគេ។ ប៉ុន្តែយ៉ាងណាក៏ដោយសូមធ្វើម៉េចកុំឱ្យមានការផាកពិន័យអី បើផាកអីសូមឱ្យមានការសម្រាលបន្តិចបន្តួចទៅបានហើយ ឬ ក៏អាចលើកលែងតែម្ដងក៏ជាការល្អដែរ»។

អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង កាលពីថ្ងៃទី២ ខែកុម្ភៈ បានដកហូតលិខិតឆ្លងដែន របស់ព្រះតេជព្រះគុណ សឺន ទី ក្រោយពេលព្រះអង្គ បានទៅលេងស្រុកកំណើតបានមួយសប្ដាហ៍។ អាជ្ញាធរវៀតណាម បានចោទព្រះតេជព្រះគុណ ថា បានចែករំលែកសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (facebook) ស្ដីពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ អាជ្ញាធរវៀតណាមបានចាត់ទុកសាយនេះ ជាទង្វើខុសច្បាប់ និង ព្រមានឱ្យបង់ប្រាក់ពិន័យ ចំនួន៣០លានដុង ស្មើប្រមាណជាង១ពាន់ ប្រាំរយ (១ ៥០០) ដុល្លារអាមេរិកថែមទៀតផង។
ទីប្រឹក្សាស្ថានទូតកម្ពុជា នៅក្រុងហាណូយ លោក អុប សូភី មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរវៀតណាមមិនទាន់ប្រគល់លិខិតឆ្លងដែនមកឱ្យព្រះតេជគុណ សឺន ទី វិញគឺដោយសារតែព្រះអង្គបានបដិសេធមិនទៅបង្ហាញខ្លួនតាមការកោះហៅពីអាជ្ញាធរវៀតណាមឱ្យផ្តិតមេដៃលើកំណត់ហេតុមួយច្បាប់ក្រោយពីអាជ្ញាធរវៀតណាមបានរឹបអូសយកលិខិតឆ្លងដែនរបស់ព្រះអង្គ។ លោកមិនច្បាស់ថា កំណត់ហេតុនោះមានខ្លឹមសារយ៉ាងណាទេ ដែលធ្វើឱ្យព្រះតេជព្រះគុណ សឺន ទី មិននិមន្តទៅតាមការកោះអញ្ជើញពីអាជ្ញាធរវៀតណាម។
ព្រះតេជព្រះគុណ សឺន ទី មានថេរដីកាប្រាប់អាស៊ីសេរីថា ព្រះអង្គមិនហ៊ាននិមន្តទៅជួបអាជ្ញាធរវៀតណាមទេដោយ ខ្លាចអាជ្ញាធរវៀតណាមចាប់ផ្សឹក និងបង្ខំឱ្យកិច្ចសន្យាមិនស្របច្បាប់។
ព្រះតេជព្រះគុណបញ្ជាក់ថា ព្រះអង្គមិនបានធ្វើអ្វីខុសច្បាប់រហូតដល់វៀតណាមដកហូតលិខិតឆ្លងដែនពីព្រះអង្គទេ ហើយការនិមន្តទៅស្រុកកំណើតគឺទៅចូលរួមពិធីមង្គលការសមាជិកក្រុមគ្រួសារប៉ុណ្ណោះ៖ «ពរ ! ចូលរួមមង្គលការធម្មតាហ្នឹង សុខៗទៅបានពីរថ្ងៃស្រាប់តែអាជ្ញាធរហៅទៅឱ្យចុះហត្ថលេខាលើកំណត់ហេតុដែលកំណត់ហេតុនេះខុសពីធម្មតាដែលគេឱ្យយើងទទួលកំហុសទាំងអស់។ គេយកឯកសារដែលគេព្រីនចេញពីហ្វេសប៊ុកដែលអាត្មាចែករំលែកនៅអាស៊ីសេរីជាភាសាវៀតណាម»។
ព្រះតេជព្រះគុណបន្តថា ប្រទេសវៀតណាមគ្មានសិទ្ធិដកហូតលិខិតឆ្លងដែនពីព្រះអង្គដោយមិនមានភស្តុតាងណាមួយថា ព្រះអង្គបានប្រព្រឹត្តខុសច្បាប់នៅលើទឹកដីខ្មែរកម្ពុជាក្រោម ដែលជាស្រុកកំណើតរបស់ប្រទេសខ្មែរនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។