អ្នកឃ្លាំមើលសង្គមថា បើពលរដ្ឋនាំគ្នាចេញមុខកាន់តែច្រើន នឹងកាន់តែមានសេរីភាព
2024.07.31

ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា អាជ្ញាធររដ្ឋរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋឥតឈប់ឈរ។ លើសពីនេះទៀត ត្រកូលហ៊ុនក្រៅពីច្បាមយកអំណាចហើយនោះ រដ្ឋាភិបាលបានគ្រប់គ្រងបែបគាបសង្កត់ ហើយសឹងតែយកប្រទេសមកធ្វើជាកម្មសិទ្ធិផ្ដាច់មុខទៅហើយ។
ការលើកឡើងនេះ នៅស្របពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានរកឃើញថា ស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។ ប៉ុន្តែត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលបដិសេធ។
ក្រុមអ្នកវិភាគឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយលើកឡើងស្រដៀងៗគ្នាថា ពលរដ្ឋអសកម្ម និងការមិនសាមគ្គីគ្នាទើបធ្វើត្រកូលហ៊ុន ដឹកនាំប្រទេសសឹងតែជិះសេះលែងដៃ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម បណ្ឌិត សេង សារី មានប្រសាសន៍ថា ពលរដ្ឋនៅកម្ពុជាមានបួនប្រភេទ។ លោកបញ្ជាក់ថា ប្រភេទទី១ គឺជាក្រុមវីរបុរសហ៊ាននិយាយការពិត ហ៊ានលះបង់ជីវិត និងសេចក្ដីសុខផ្ទាល់ខ្លួន ដូចជាបណ្ឌិត កែម ឡី និងយុវជនបរិស្ថានទាំង ៥នាក់ជាដើម។ ក្រុមទី២ ជាក្រុមហ៊ាននិយាយរិះគន់ដែរ តែមិនហ៊ានលះបង់ជីវិតមិនហ៊ានដើរចូលគុកដូចក្រុមយុវជនបរិស្ថានជាដើម។
ក្រុមទី៣ក្រុមសុភាពបុរសក្លែងក្លាយ ក្រុមកន្ទេលធំបន្លំដេក ក្រុមនេះធ្វើការងារសង្គមដែរ តែមិនហ៊ានរិះគន់អ្នកធំទេ ហ៊ានរិះគន់តែអ្នកទន់ខ្សោយឬរិះគន់គ្នាឯង។ និងក្រុមទី៤ជាក្រុមកំសាក ពួកគាត់ស្លាប់អ្នកណាស្លាប់ទៅ កុំឱ្យតែប៉ះពាល់ផលប្រយោជន៍ខ្លួនឯង។
បណ្ឌិត សេង សារី៖ «សង្គមទំនើបអ្នកណាធ្វើកិច្ចការត្រឹមត្រូវ គេទះដៃឱ្យ អ្នកណាធ្វើអាក្រក់គេស្ដោះទឹកមាត់ដាក់។ អ៊ីចឹងហើយយើងត្រូវកសាងវប្បធម៌ហ្នឹង ទោះជាយើងមិនហ៊ានធ្វើដោយខ្លួនឯង តែបើអ្នកណាហ៊ានធ្វើយើងត្រូវលើកទឹកចិត្តនិងអបអរសាទរពីព្រោះថាអ្វីដែលពួកគាត់ធ្វើមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន»។
កម្ពុជាក្រោមការដឹកនាំដោយត្រកូលហ៊ុន បានរឹតត្បិតសេរីភាពប្រជាពលរដ្ឋកាន់តែខ្លាំងនារយៈពេលចុងក្រោយនេះ ជាពិសេសគិតចាប់ពីរបបឯកបក្ស ដែលដឹកនាំដោយលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧មក។ បន្តិចម្ដងៗ អាជ្ញាធរបានបិទសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំកាន់តែខ្លាំងឡើង។
លុះមកមកដល់កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីមកដឹកនាំបន្តវេនវិញ ពលរដ្ឋមួយចំនួនសង្ឃឹមថា អ្វីៗអាចនឹងមានការផ្លាស់ប្ដូរ។ ហើយពលរដ្ឋរងគ្រោះរឿងអយុត្តិធម៌សង្គមក៏ទំនងជាមិនចងគំនុំ ចងអាឃាតអ្វីដែរ ពីព្រោះថាពួកគាត់សម្លឹងឃើញថា លោក ហ៊ុន ម៉ាណែតជាយុវជនជំនាន់ក្រោយ និងមានចំណេះដឹងពីប្រទេសលោកសេរីផង។ ប៉ុន្តែក្ដីរំពឹងរបស់ពលរដ្ឋនេះមិនក្លាយជាការពិតទៅវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏មិនខុសពីលោក ហ៊ុន សែន ដែរ។ ការដឹកនាំរបស់លោកមិនទាន់បាន ១ឆ្នាំស្រួលបួលផង របបរបស់លោកបានចាប់មនុស្សដាក់គុកជិត ៣០នាក់។ រីឯសិទ្ធិជួបជុំសម្ដែងមតិ សិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី អាជ្ញាធររបស់លោក ហ៊ុន ម៉ាណែត មិនអនុញ្ញាតឡើយ។ លើសពីនេះទៀត តុលាការក្រោមឥទ្ធិពលរបស់ត្រកូលហ៊ុននោះ នៅតែប្រើប្រាស់បទចោទប្រកាន់ដ៏ពេញនិយមដដែល គឺបទ ញុះញង់ និងរួមគំនិតក្បត់ជាដើម។
ជាក់ស្ដែងដូចជាករណីចាប់យុវជនចលនាមាតាធម្មជាតិចំនួន ៥នាក់ កាលពីដើមខែកកក្កដាជាដើម។ យុវជនទាំងនេះ ត្រូវបានមហាជនទទួលស្គាល់ស្នាដៃរបស់ពួកគាត់ដែលបានលះបង់សេចក្ដីសុខ ដើម្បីការពារបរិស្ថាន និងភោគទ្រព្យរបស់ជាតិ តែត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនចាត់ទុកពួកគាត់ជាឆ្អឹងទទឹងករបស់រដ្ឋាភិបាល ហើយចាប់បញ្ជូនពួកគាត់ទៅដាក់ពន្ធនាគារទៅវិញ។
លើសពីនេះទៀតមេដឹកនាំទាំងឱ លោក ហ៊ុន សែន និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនទទួលយកពាក្យរិះគន់ ដើម្បីស្ថាបនាឡើយ។ ពួកគេបានចាត់ទុកអ្នករិះគន់ ឬសកម្មជនបក្សប្រឆាំងដូចជាសត្រូវទៅវិញ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ របបដឹកនាំដោយឪពុកនិងកូននេះ បានចាប់មនុស្សចំនួន ៥នាក់ដាក់ពន្ធនាគារ ដោយសារតែពួកគាត់រិះគន់រឿងគម្រោងអភិវឌ្ឍ CLV។ លោក ហ៊ុន សែន ព្រមានថា នឹងចាប់ខ្លួនបន្តទៀត។
លោក ហ៊ុន សែន៖ «អាឡូវខ្ញុំសូមប្រកាសថាយើងបានចាប់ខ្លួនមនុស្សបីនាក់រួចហើយ។ ថ្ងៃមុនយើងបានចាប់មួយយកពីសៀមរាប ថ្ងៃនេះយកពីរពីសៀមរាបបន្តទៀត។ គ្រូទីក្រុងប៉ារីសអីយើងចាប់ទាំងអស់។ ទៅរកឯកសារមកយកមកតតាំងគ្នានៅក្នុងតុលាការ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) លើកឡើងថា ការបន្តចាប់ខ្លួននេះ បានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះ បើទោះជាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលក្ដី។
លោក វិទិត ម៉ុនតាបន បានលើកឡើងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៦ កក្កដា អំពីការឃុំខ្លួនអ្នកនយោបាយជំទាស់ អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ជាពិសេស ករណីឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាការអនុវត្តផ្ទុយនឹងគោលការណ៍ សិទ្ធិសេរីភាពបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងការស្វែងរកយុត្តិធម៌។
លោក វិទិត ម៉ុនតាបន៖ «ក្នុងរបៀបវារៈស្ដីពីសិទ្ធិមនុស្ស ដែលខ្ញុំដាក់ចេញពីរឆ្នាំមុន ពេលដែលខ្ញុំដាក់ចេញនូវប្រមាណ ១០ ឬ ១១ចំណុចនោះ តម្រូវឲ្យអាជ្ញាធរធ្វើនោះ ចំណុចទាំងនោះ មិនត្រូវបានអាជ្ញាធរគោរពតាមឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ សំណើនៃការទម្លាក់ចោលការចោទប្រកាន់ទាំងឡាយ បើកឲ្យលំហសេរីភាពរបស់ពលរដ្ឋ និងនយោបាយជាដើម នៅតែមិនទាន់បានដោះស្រាយ»។
លោក វិទិត ម៉ុនតាបន លើកឡើងថា លោកបានរកឃើញបញ្ហាសិទ្ធិមនុស្ស ដែលត្រូវកែលំអ រួមមាន រដ្ឋាភិបាលត្រូវបើកលំហសិទ្ធិពលរដ្ឋ និងនយោបាយ ដើម្បីធានាឱ្យបាន ការបោះឆ្នោត ដែលមានគណបក្សច្រើនចូលរួម។ លោកថា ប្រព័ន្ធតុលាការគួរតែត្រូវកែទម្រង់ និងបញ្ឈប់ការចោទប្រកាន់អ្នកនយោបាយ និងអ្នករិះគន់។
ឆ្លើយតបនឹងបញ្ហានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីបំភ្លឺ នៅថ្ងៃទី២៦ ខែកក្កដា បដិសេធការលើកឡើងរបស់លោក វិទិត មុនតាប៊ន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សោកស្ដាយ ចំពោះក្ដីបារម្ភមួយចំនួន ដោយចោទថា របាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានោះថា ខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរ។ សេចក្ដីបំភ្លឺដដែលថា ការលើកឡើងនេះ មានលក្ខណៈបុរេនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជន។
ទោះបីជាបែបនេះក្ដី សកម្មជនបរិស្ថានដ៏សកម្ម លោក អាឡិច មានប្រសាសន៍ថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឬរដ្ឋាភិបាលតែងតែមិនទទួលស្គាល់ទាំងបំពានអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនេះ។ លោក បន្តថា រដ្ឋាភិបាលរំលោភសិទ្ធិមនុស្សនិងនៅតែចាប់ចងអ្នករិះគន់ដាក់ពន្ធនាគារតាមអំពើចិត្តនេះ ក៏ដោយសារតែពលរដ្ឋមិនសកម្មនិងមិនរួបរួមគ្នា។ លោកបន្ថែមថា បើសិនជាប្រជាពលរដ្ឋនាំគ្នាចេញមុខសកម្មនៅក្នុងសង្គមកាន់តែច្រើន កាន់តែធ្វើឱ្យពលរដ្ឋមានសេរីភាព។
លោក អាឡិច៖ «ប្រជាជនកាន់តែសកម្មទាំងយុវជនយុវចាស់ហ្នឹងកាន់តែសកម្មកាន់តែច្រើន រដ្ឋាភិបាលហ៊ានជាមួយយើងកាន់តែតិច មិនហ៊ានជាមួយយើងទេ»។
ក្រុមអ្នកតាមដានសង្គមឡើងថា ត្រកូលហ៊ុនអាចធ្វើអ្វីៗបានតាមអំពើចិត្តនេះ ពុំមានន័យថា ត្រកូលហ៊ុនខ្លាំងនោះឡើយ គឺមកពីប្រជាពលរដ្ឋមិនរួបរួមគ្នា។ បញ្ហានេះ បានធ្វើឱ្យត្រកូលហ៊ុនក្ដោបក្ដាប់អំណាចផ្ដាច់មុខ និងសឹងតែយកប្រទេសកម្ពុជាទាំងមូលធ្វើជាកម្មសិទ្ធិក្រុមគ្រួសារផ្ដាច់មុខរបស់ត្រកូលហ៊ុនទៅហើយ។ ពួកគេបានលើកឡើងថា មានតែប្រជាពលរដ្ឋរួបរួមគ្នាទេ ទើបអាចសង្គ្រោះប្រទេសជាតិ និងទាមទារសិទ្ធិសេរីភាពរបស់ខ្លួនដែលធានានៅក្នុងរដ្ឋធម្មនុញ្ញវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។