ភរិយា និង​សកម្មជន​សិទ្ធិ​មនុស្ស​ទាមទារ​អោយ​សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​ដល់ ​​លោក រ៉ាត់ រត្នមុនី

ដោយ ហេង រស្មី
2019-09-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី

ភរិយា​ និង​ សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​ដល់​លោក​ រ៉ាត់ រត្នមុនី​ នៅ​ក្នុង​សំណុំ​រឿង​ភាព​យន្ត​​ឯកសារ​ស្តីពី​ការ​ជួញ​​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ” ។​

សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​​​រឿង​ក្តី​សកម្មជន​​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី នៅ​រសៀល​​ថ្ងៃ​ទី៧ ខែ​តុលា ខាង​មុខ​នេះ។

ភរិយា​លោក​ រ៉ាត់ រត្នមុនី​ អ្នកស្រី​ ឡុង គឹម ហ៊ាង​ ថ្លែង​ថា​ស្វាមី​អ្នក​ស្រី​ជា​មនុស្ស​ស្អាតស្អំ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​ដូច​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ទេ។​លោកស្រី​ មាន​ជំនឿ​ថា​ សាលា​ឧទ្ធរណ៍​នឹង​ផ្ដល់​សេរីភាព​ឡើង​វិញ ដល់​លោក​ រ៉ាត់ រត្នមុន្នី​ ដើម្បី​ឲ្យ​មាន​ជួប​ជុំ​គ្រួសារ។

លោក​ស្រី​មានប្រសាសន៍ថា​ ខ្សែ​ភាពយន្ត​ឯកសារ​រឿង​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​នេះ​គឺ​ជា​រឿង​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​រដ្ឋាភិបាល​កម្ពុជា​កុំ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​ ចំពោះ​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ប៉ុណ្ណោះ៖ «ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដាក់​ផល​ប្រយោជន៍ជាតិ​ជាធំ​ ហើយ​ដោះ​លែង​ប្ដី​ខ្ញុំ​ឲ្យ​មាន​សេរីភាព​ហើយ​ការពារ​អ្នក​ហ៊ាន​និយាយ​ការពិត​គោរព​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត​ បញ្ចេញ​ការ​ពិត​ដល់​កម្ពុជា​។ដោះលែង​ប្ដី​ខ្ញុំ​ឲ្យ​មាន​សេរីភាព​ ។​សូម​អំពាវនាវ​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ដោះ​លែង​ប្តី​ខ្ញុំ​ឲ្យ​មាន​សេរីភាព»

មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់​ រត្នមុនី គឺ​លោក សំ ទិត្យ​សីហា ថ្លែង​ថា លោក​នឹង​ចូល​រួម​ក្នុង​​សវនាការ​នេះ​តាម​កាល​កំណត់ ដើម្បី​ជួយ​​ដោះបន្ទុក​កូន​ក្តី​របស់​លោក​។ លោក​បញ្ជាក់​ថា ខាង​មេធាវី​បាន​​ដាក់​ភស្តុតាង​បន្ថែម​ទៀត​ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​សាលា​ឧទ្ធរណ៍​​ក្នុង​​ការ​លើក​​លែង​បទចោទ​ប្រកាន់​លើ​កូន​ក្តី​របស់​លោក​។

នាយក​រង​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ​ លោក​ អំ សំអាត មាន​ប្រសាសន៍​ថា​ លោក​ រ៉ាត់ រត្នមុនី គ្រាន់​តែ​ជា​អ្នក​បកប្រែ​អោយ​សារព័ត៌មាន​RTមួយ​របស់​រុស្ស៊ី​ ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​។លោក​ សង្ឃឹមថា​​តុលាការ​សាលា​ឧទ្ធរណ៍​នឹង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​មក​លើ​លោក​ រ៉ាត់ រត្នមុនី៖ «យើង​ពិនិត្យ​មើល​ឃើញ​ថា​បើ​ពិនិត្យ​មើល​ទៅ​លើ​សាច់​រឿង ​RT ​បាន​ថត​ហ្នឹង​មក​ក៏​វា​ឆ្លុះ​បញ្ចាំង​ផង​ដែរ​ ពីព្រោះ​យើង​ឃើញ​ថា ថ្មីៗ នេះ​ខាង​រាជ្យ​រដ្ឋាភិបាល​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ជាពិសេស​ទៅ​លើ​កុមារ​នេះ​ជា​ដើម។ យើង​គិត​មើល​ទៅ​អា​ហ្នឹង ​វា​ជា​តម្រុយ​មួយ​សម្រាប់​យើង​ធ្វើការ​ស៊ើបអង្កេត និង​ធ្វើ​ការ​ទប់​ស្កាត់​នៃ​បទល្មើស​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ​ទៅ​លើ​ស្ត្រី​និង​កុមារ​នោះ»​​​​

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី ត្រូវ​​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ “ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង” និង​បង់​​សំណង​​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ ៧០លាន​រៀល ឬ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក។ ដើម​ហេតុ​​នៃ​ក្ដីក្ដាំ​នេះ គឺ​ដោយសារ​លោក រ៉ាត់ រត្នមុនី ​​បាន​​ជួយ​​ផលិត​ភាព​​យន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា “ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាត់​ទុក​​​ភាព​​យន្ត​ឯកសារ​នេះ ថា​ជា​វីដេអូ​ប្រឌិត ​​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​​បំផ្លាញ​​កេរ្តិ៍​​ឈ្មោះ​កម្ពុជា រួច​ក៏​បាន​តាម​​ចាប់​លោក រ៉ាត់ រត្នមុនី ដល់​ប្រទេស​ថៃ ដោយ​​ចោទ​ថា លោក​​បាន​ឱ្យ​លុយ​តួអង្គ​ទាំងនោះ ​ដើម្បី​និយាយ​ប្រឌិត​សាច់​​រឿង។ ក៏​​ប៉ុន្តែ​តួអង្គ​ម្នាក់​នៅ​ក្នុង​​ភាពយន្ត​ឯកសារ​ ”ម្តាយ​ខ្ញុំ លក់​ខ្ញុំ” ធ្លាប់​ប្រាប់​​អាស៊ី​សេរី​ថា នាង​មិន​បាន​ទទួល​លុយ​កាក់​​ពី​លោក រ៉ាត់ រត្នមុនី ឡើយ ហើយ​អ្វី​ដែល​​នាង​បាន​រៀប​រាប់​នៅ​ក្នុង​ភាព​យន្ត​ឯកសារ​នោះ គឺ​ជា​រឿង​ពិត​ផ្ទាល់​ខ្លួន​របស់​នាង។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​កាត់ទោស លោក រ៉ាត់ រត្នមុនី ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ កាន់តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពី​ព្រោះ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ។

ចំណែក​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​វិញ បាន​ថ្កោលទោស​តុលាការ​កម្ពុជា​ថា កាត់​ក្តី​រឿង​នេះ​តាម​បែប​បាយឡុក​បាយឡ​​គួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់ខ្ពើម​បំផុត​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​បន្ថែ​ម​ថា សាលក្រម​ផ្ដន្ទាទោស​លោក រ៉ាត់ រត្ន​មុនី បាន​ធ្វើ​ឱ្យ​បាត់បង់​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ ហើយ​ពួកគេ​បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​រូប​នេះ​វិញ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

គិត​ត្រឹម​មក​ដល់​ថ្ងៃ​ទី២៤ ខែ​កញ្ញា​នេះ លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​​រយៈពេល​ជិត១០ ខែ​មក​ហើយ ហើយ​តាម​អំណាច​នៃ​សាលក្រម​​តុលាការ​ក្រុង​ភ្នំពេញ លោក​​ត្រូវ​ជាប់​ឃុំ​​បន្ត​ទៅទៀត​រហូត​គ្រប់​រយៈពេល២ ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល