ពលករ សកម្មជនបក្សប្រឆាំង និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃរួមគ្នាប្រារព្ធពិធីបុណ្យរម្លឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅតំបន់នានាក្នុងប្រទេសថៃ នៅថ្ងៃទី១២ ខែកក្កដា។ ពួកគេ ទាមទារទាមទារឱ្យមានការស៊ើបអង្កេតរឿងនេះដោយឯករាជ្យ ពេញលេញ និងមានតម្លាភាព ដើម្បីនាំខ្លួនឃាតក អ្នកបញ្ជាពីក្រោយខ្នង មកកាត់ទោសតាមច្បាប់។
ពលករ សកម្មជនបក្សប្រឆាំង និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃរួមគ្នាប្រារព្ធពិធីបុណ្យរម្លឹកខួបបណ្ឌិត កែម ឡី តាមលទ្ធភាពដែលពួកគេ អាចធ្វើបានរៀងៗខ្លួន។ នៅតំបន់ខ្លះ ពួកគេជួបជុំសម្ដែង មតិដែលមានអ្នកចូលរួមចាប់ពី៦០នាក់ឡើងទៅ និងនៅតំបន់ខ្លះទៀតពួកគេនាំគ្នាជួបជុំធ្វើពិធីបុណ្យនៅវត្តនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី។ «»អ្នករៀបចំកម្មវិធីបុណ្យ ម្នាក់នៅខេត្តសាមុទ្រប្រាកាន លោកស្រី ដាំ ស្រីធាន ឱ្យអាស៊ីសេរីដឹងថា ក្នុងពិធីនេះមានពិធីសាសនាដោយមានការរាប់បាត្រ និងនិមន្តព្រះសង្ឍ១០អង្គដើម្បី បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងជូនវិញ្ញាណក្ខន្ធវីរជនខ្មែរផ្សេងទៀតដែលត្រូវឃាតកបាញ់សម្លាប់យ៉ាងអយុត្តិធម៌។ ពិធីនេះមានការចូលរួមពីពលករខ្មែរធ្វើការនៅខេត្តនេះ នៅទីក្រុងបាងកង និងខេត្តជិតនេះ រួមទាំងសកម្មជនបក្សប្រឆាំងនិងជនភៀសខ្លួនខ្មែរនៅប្រទេសថៃ ចំនួនជាង ២៥០នាក់ចូលរួម។ «»
អ្នកចូលរួមពិធីបុណ្យនេះម្នាក់ជាពលករធ្វើការនៅខេត្តសាមុទ្រប្រាកាន លោក ម៉ុច មុល ប្រាប់ថា លោកមិនដែលជួបមុខលោកបណ្ឌិត កែម ឡី ដោយផ្ទាល់ទេ។ ប៉ុន្តែលោកថា លោកស្គាល់បណ្ឌិត កែម ឡី តាមប្រព័ន្ធផ្សាយ ហើយយល់ថា លោក កែម ឡី ហ៊ានលះបង់ជីវិតដើម្បីឱ្យពលរដ្ឋខ្មែរដឹងការពិត។ លោកចង់ឃើញមានការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងអ្នកផ្សេងទៀតដែលត្រូវឃាតកបាញ់សម្លាប់។ «»
ក្រៅពីការធ្វើពិធីសាសនាក៏មានការចាក់បញ្ចាំងទស្សនៈនិងប្រវត្តិបណ្ឌិត កែម ឡី រួមទាំង មានការជជែកតាមវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត (Zoom) ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ ដោយមានការទាមទារឱ្យបញ្ចប់និទ្ទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនៈរស្មី ឱ្យដឹងថា ពលរដ្ឋខ្មែរនៅប្រទេសនេះបានធ្វើពិធីរម្លឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅថ្ងៃទី១២ ខែកក្កដា ក្នុងខេត្តចំនួន៨ ដោយក្នុងមួយកន្លែងមានអ្នកចូលរួមពី៦០នាក់ទៅដល់២០០នាក់ ហើយកន្លែងដែលប្រារព្ធពិធីធំនៅគឺខេត្តសាមុទ្រប្រាកាន។ លោកបញ្ជាក់ថា ក្រុមពលករបានចាប់ផ្ដើមធ្វើពិធីនេះតាំងពីទី១០ ខែកក្កដាមកម្ល៉េះ។ «»

បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញ ស្តារម៉ាត (Star Mart) នៃស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ រយៈពេលបួនឆ្នាំមកនេះ អាជ្ញាធរ ឬតុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់ គឺឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះ។ ទោះជាយ៉ាងណា មហាជនទូទៅសង្ស័យថា ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត ឬមិនអាចតែជាមនុស្សម្នាក់គត់ក្នុងការរៀបចំផែនការបាញ់សម្លាប់លោក កែម ឡី នោះទេ។ បើទោះជាសមត្ថកិច្ចកម្ពុជាបដិសេធមិនស៊ើបអង្កេតរឿងបន្ដក្តី ប៉ុន្តែសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ស៊ើបអង្កេតរឿងនេះដោយឯករាជ្យ ពេញលេញ និងមានតម្លាភាព ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងអ្នកជំនាញឯករាជ្យដើម្បីនាំខ្លួនអ្នកបញ្ជាពីក្រោយខ្នង និងអ្នកពាក់ព័ន្ធផ្សេងទៀតមកកាត់ទោសតាមច្បាប់៕