ប្រពន្ធសកម្មជនបរិស្ថានម្នាក់តស៊ូចិញ្ចឹមកូនតូច២នាក់ ខណៈប្ដីកំពុងជាប់ឃុំនៅពន្ធនាគារទាំងអយុត្តិធម៌។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែពិចារណាដោះលែងសកម្មជនបរិស្ថានទាំងអស់ឱ្យមានសេរីភាពឡើងវិញពីព្រោះការការពារធនធានធម្មជាតិមិនមែនជាបទឧក្រិដ្ឋនោះទេ។
ពីស្ត្រីដែលទទួលបានភាពកក់ក្ដៅពីប្ដី និងមានប្ដីជាបង្គោលគ្រួសារប្រពន្ធសកម្មជនចលនាមាតាធម្មជាតិលោក យីម លាងហ៊ី គឺលោកស្រី ហុង ស្រីម៉ៅ បែរជាត្រូវសម្រាលកូនតូច និងត្រូវរ៉ាប់បន្ទុកគ្រួសារម្នាក់ឯង ដោយសារប្ដីត្រូវបានរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់ដាក់ពន្ធនាគារទាំងគ្មានកំហុស។
ប្រពន្ធសកម្មជនចលនាមាតាធម្មជាតិ លោក យីម លាងហ៊ី គឺលោកស្រី ហុង ស្រីម៉ៅ ឱ្យវិទ្យុអាស៊ីសេរីដឹងថា បច្ចុប្បន្ននេះលោកស្រីធ្វើការងារនៅធនាគារមួយកន្លែងដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែដោយសារលោកស្រីទើបតែសម្រាលកូនដូច្នេះលោកស្រីនៅមិនទាន់អាចចូលធ្វើការនៅឡើយទេ។ លោកស្រីបន្តថា គឺជារឿងដែលលំបាកដែលលោកស្រីត្រូវសម្រាលកូនម្នាក់ឯងដោយគ្មានប្ដីនៅចាំជួយលើកចិត្ត និងថែទាំ។ «»
កាលឆ្នាំ២០២១ លោក យីម លាងហ៊ី ធ្លាប់ជាប់ពន្ធនាគាររយៈពេល៥ខែម្ដងរួចហើយពីបទ«រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ» ក្នុងអំឡុងពេលលោក និងសកម្មជនបរិស្ថាន២រូបទៀតគឺ លោក លី ចាន់ដារ៉ាវុត និងអ្នកនាង ស៊ុន រដ្ឋា បានចុះទៅថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងនៅតាមដងទន្លេក្បែរព្រះបរមរាជវាំង ។ លុះដល់ខែឧសភា ឆ្នាំ២០២៤ តុលាការបានលើកយកសំណុំរឿងនេះមកជំនុំជម្រះនៅដើមខែកក្កដា និងបានកាត់ទោសឱ្យសកម្មជនចលនាមាតាធម្មជាតិ៥នាក់ជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំដល់ ៨ឆ្នាំ ក្នុងសំណុំរឿងចំនួនពីរគឺ« «រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ»រួមទាំងលោក យីម លាងហ៊ី ផងដែរ។ ធ្ងន់ធ្ងរជាងនេះទៅទៀត អាជ្ញាធរបានយកពួកគាត់ទៅឃុំនៅក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នានៅតាមខេត្តឆ្ងាយពីក្រុមគ្រួសារ និងមេធាវីដែលអង្គការសិទ្ធិមនុស្សចាត់ទុកថា ជា «ទណ្ឌកម្មផ្លូវចិត្តដ៏ធ្ងន់ធ្ងរ»និង«រំលោភបំពានសិទ្ធិរបស់ជនជាប់ឃុំ»។
បើទោះបីជាអាជ្ញាធរយកលោក យីម លាងហ៊ី ទៅឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺឆ្ងាយពីគ្រួសារយ៉ាងណាក្ដីក៏លោកស្រី ហុង ស្រីម៉ៅ សុខចិត្តចិញ្ចឹមកូនម្នាក់ឯងក៏មិនឱ្យប្ដីសុំទោសរដ្ឋាភិបាលដើម្បីជាថ្នូរដូរយកសិទ្ធិសេរីភាពឡើយ។
ស្ត្រីវ័យ៣១រូបនេះបន្តថា លោកស្រីនៅមិនទាន់បានទៅជួបសួរទុក្ខប្ដីនៅឡើយទេ ដោយសារតែនៅពេលអាជ្ញាធរចាប់ប្ដីលោកស្រីដាក់ពន្ធនាគារគឺលោកស្រីជិតសម្រាលកូន ហើយបច្ចុប្បន្ននេះលោកស្រីទើបតែសម្រាលកូនតូច។ កាន់តែលំបាកជាងនេះទៀតគឺ លោកស្រី ហុង ស្រីម៉ៅ ត្រូវបោកខោអាវ និងរៀបចំបាយទឹកដោយខ្លួនឯង ពីព្រោះគ្មានប្ដីនៅជិត ហើយម្ដាយលោកស្រីក៏មានវ័យចាស់ដែរ។ «»
ចំពោះលោក យីម លាងហ៊ី វិញ ការជាប់ពន្ធនាគារជាលើកទី២នេះលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលការកាត់ទោសពីតុលាការដែលស្ថិតក្រោមបង្គាប់របស់បក្សកាន់អំណាច ពោលគឺលោកមិនភ័យស្លុត និងរារែកក្នុងការធ្វើការងារជាអ្នកការពារបរិស្ថានឡើយ។ មុនជាប់ពន្ធនាគារ លោក យីម លាងហ៊ី បានថ្លែងថា សូមឱ្យយុវជនលះបង់ប្រយោជន៍ផ្ទាល់ខ្លួនឱ្យច្រើនបំផុតដើម្បីសង្គមជាតិ និងជំរុញលើកទឹកយុវជនឱ្យក្លាហានហ៊ាននិយាយការពិតពីបញ្ហាសង្គម។
មន្ត្រីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយនៃអង្គការដៃគូដើម្បីបរិស្ថាន (PED) និងការអភិវឌ្ឍ លោក ម៉ា ចិត្រា ថ្លែងថា ការចាប់សកម្មជនបរិស្ថានដាក់ពន្ធនាគារ ហើយក្រុមគ្រួសាររបស់ពួកគាត់ត្រូវរស់នៅឃ្លាតឆ្ងាយពីគ្នានេះគឺឆ្លុះបញ្ចាំងថា មេដឹកនាំកម្ពុជាមិនមានសីលធម៌នោះទេ។ លោកសង្កេតឃើញថា ក្រុមគ្រួសាររបស់មេដឹកនាំតែងបង្ហាញពីភាពស្និទ្ធស្នាលនៅតាមបណ្ដាញសង្គមដូច្នេះរដ្ឋាភិបាលគួរតែដោះលែងសកម្មជនបរិស្ថានទាំងអស់ឱ្យមានសេរីភាព ដើម្បីពួកគាត់អាចរស់នៅជួបជុំគ្នាឡើងវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧ ខែសីហា។
ទោះជាយ៉ាងណា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា យល់ឃើញថា គឺជារឿងដ៏គួរឱ្យសង្វេគ និងសោកស្ដាយដែលសកម្មជនបរិស្ថានធ្វើការងារដើម្បីផលប្រយោជន៍រួម ប៉ុន្តែបែរជាជាប់ពន្ធនាគារទាំងអយុត្តិធម៌ និងត្រូវរស់នៅព្រាត់ប្រាសពីគ្រួសារ។ លោកបន្តថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់ឱ្យមានតម្លាភាព និងបញ្ឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថាន ហើយងាកមកស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្រៅតែជាសកម្មជនចលនាមាតាធម្មជាតិ លោក យីម លាងហ៊ី ក៏ជាប្រធានស្ដីទីនៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរផងដែរ លោកត្រូវបានគេបោះឆ្នោតឱ្យជាប់ជាប្រធានស្ដីទីកាលពីថ្ងៃទី១២ ខែឧសភា បន្ទាប់ពីប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ជាប់ពន្ធនាគារដោយសារឈឺឆ្អាលពីបញ្ហាសង្គម។
ថ្វីត្បិតតែរដ្ឋាភិបាលចាប់សកម្មជនបរិស្ថានដាក់ពន្ធនាគារ និងចោទប្រកាន់ពីបទល្មើសធ្ងន់ៗក្ដី ក៏ប៉ុន្តែផ្ទុយពីការចោទប្រកាន់របស់រដ្ឋាភិបាលនេះ ពលរដ្ឋខ្មែរជាច្រើន និងសហគមន៍អន្តរជាតិបានផ្ដល់តម្លៃដល់សកម្មភាពការពារសិទ្ធិមនុស្ស និងបរិស្ថានទាំងនោះ។ ជាក់ស្ដែង ពួកគាត់ទទួលបានពានរង្វាន់កម្រិតអន្តរជាតិជាសកម្មជនជួរមុខ និងអ្នកការពារសិទ្ធិមនុស្សវ័យក្មេងឆ្នើមពីអង្គការអន្តរជាតិធំៗចំនួនពីរគឺអង្គការ ហ្វ្រាន់ឡាញ ឌីហ្វិនឌើរ (Front Line Defenders) នៅឆ្នាំ ២០២១ និងអង្គការ រ៉ៃត៍ ឡាយលីហ៊ូដ (Right Livelihood) នៅឆ្នាំ២០២៣។
ប្រពន្ធសកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងបញ្ឈប់ការចាប់ចងសកម្មជនបរិស្ថាន ហើយដោះលែងពួកគាត់ទាំងអស់ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ពីព្រោះពួកគាត់ក៏ចង់រស់នៅជួបជុំក្រុមគ្រួសារដូចជាគ្រួសាររបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។