ប្រពន្ធលោក យីម លាងហ៊ី «ត្រូវការប្ដីនៅមើលថែក្រោយទើបសម្រាលកូនហើយ»

0:00 / 0:00

ក្រុម​គ្រួសារ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លើកឡើង​ថា ពួកគាត់​កំពុង​រស់នៅ​ជាមួយ​ទុក្ខ​ក្រៀមក្រំ និង​បាត់បង់​ភាព​កក់ក្ដៅ​ពី​គ្រួសារ ក្រោយ​ពេល​សកម្មជន​ទាំង៥នាក់ ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ខែ​ហើយ​ដោយសារ​ការ​ការពារ​ធនធាន​ធម្មជាតិ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា តុលាការ​គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងអស់​ដើម្បី​អាច​ឱ្យ​ពួកគាត់​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ។

ក្រុម​គ្រួសារ​របស់​អ្នក​ការពារ​បរិស្ថាន​៥នាក់ ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ​គ្នា​លើក​ឡើង​ថា រយៈពេល​១ខែ​កន្លង​មក​នេះ ​ពួកគាត់​ខ្លះ​បាន​ទៅ​សួរ​សុខទុក្ខ​​គ្រួសារ​ដោយ​ផ្ទាល់ និង​អ្នក​ខ្លះ​ទៀត​មិន​ទាន់​បាន​ជួប​មុខ​គ្រួសារ​នៅ​ឡើយ​ដោយសារតែ​ជាប់​មើលថែ​កូន​តូច។

ប្រពន្ធ​លោក យីម លាងហ៊ី គឺ​លោកស្រី ហុង ស្រីម៉ៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី០៣ ខែសីហា ថា ​លោកស្រី​មិនដែល​បាន​ជួប​សួរសុខទុក្ខ​ប្ដី​នោះ​ទេ ដោយសារ​លោកស្រី​ទើបតែ​សម្រាល​កូន​បាន​មួយ​សប្ដាហ៍ ​ដោយ​សុខភាព​នៅ​មិន​ទាន់​មាំទាំ​នៅ​ឡើយ។ លោកស្រី​បន្ត​ថា ការ​ចាប់​ខ្លួន​ប្ដី​ដាក់​ពន្ធនាគារ​ជា​លើកទី២​នេះ ធ្វើ​ឱ្យ​កូន​ប្រុស​អាយុ៥ឆ្នាំ​ស្រែក​រក​ឪពុក​របស់​គាត់​រាល់ថ្ងៃ។ លោកស្រី​ពិបាកចិត្ត និង​គ្មាន​ភាព​កក់ក្ដៅ​ក្នុង​គ្រួសារ​នោះ​ទេ ពីព្រោះ​លោកស្រី​ត្រូវ​សម្រាលកូន​ម្នាក់ឯង​ដោយសារតែ​អាជ្ញាធរ​រដ្ឋាភិបាល បាន​ចាប់​ឃុំខ្លួន​ប្ដី​នៅ​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

លោកស្រី ហុង ស្រីម៉ៅ៖«ពេល​សម្រាល​ធម្មជាតិ​ក៏​ដោយ​សម្រាល​ដោយ​វះកាត់​ក៏​ដោយ​ពេល​សម្រាល​ហើយ​ គឺ​ទ្រុឌទ្រោម​តិច​ហើយ​ ពីព្រោះ​ពេល​ហ្នឹង​យើង​ត្រូវ​ការ​ប្ដី​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្ដី​ការ​មើលថែ​ពី​ប្ដី​អ៊ីចឹង​ដែរ។ បើ​សុខភាព​ផ្លូវ​ចិត្ត​វិញ​ខ្ញុំ​ក៏​ព្យាយាម​សម្រួល​ខ្លួនឯង​ថា ធ្វើ​ម៉េច​កុំ​ឱ្យ​គិត​ច្រើន​ពីព្រោះ​វា​អាច​ប៉ះពាល់​បើ​ខ្មែរ​ហៅថា ទាល់​កុំ​យើង​ទាល់»។

មិន​ខុស​គ្នា​នេះ​ដែរ ប្រពន្ធ​សកម្មជន​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ដែល​មាន​កូន​តូច២នាក់​នៅ​ក្នុង​បន្ទុក​ថ្លែង​ថា លោកស្រី​បាន​ទៅ​ជួប​សួរ​ទុក្ខ​ប្ដី​លោកស្រី​នៅ​ពន្ធនាគារ​កាល​ពី​សប្ដាហ៍​មុន ខណៈ​កូនៗ​របស់​លោកស្រី​ទន្ទឹម​ចាំ​ផ្លូវ​ឪពុក​របស់​ពួកគាត់​រាល់ថ្ងៃ។ លោកស្រី​ខ្លោច​ចិត្ត​អាណិត​កូន ប៉ុន្តែ​ទោះជា​យ៉ាងណា​លោកស្រី​នៅ​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ប្ដី​លោកស្រី​ពីព្រោះ​ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ។

លោកស្រី ប៉ាត់ រស្មី៖«ជា​ចុងក្រោយ​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក៏​ដូចជា​តុលាការ ហើយ​និង​មន្ត្រី​ពាក់ព័ន្ធ​គួរតែ​ពិចារណា​ឡើងវិញ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ គាត់​មាន​ប្រព្រឹត្ត​ខុស​ទេ​ ហើយ​ពួកគាត់​ពិត​ជា​ជន​ស្អាតស្អំ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​តុលាការ​បាន​ចោទប្រកាន់​ឡើយ»។

ទន្ទឹមគ្នា​នេះ​ដែរ ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​ផ្សេង​ទៀត​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី០២ ខែសីហា បង្ហាញ​ពី​ក្ដី​នឹក​រលឹក​ដល់​កូន និង​បងស្រី​ដែល​បាត់បង់​សេរីភាព​រយៈពេល​មួយ​ខែ​មក​នេះ។ ប្អូនស្រី​កញ្ញា ឡុង គន្ធា គឺ ​កញ្ញា ឡុង សុខលីន បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​ថា បងស្រី​កញ្ញា​ជា​មនុស្ស​ស្វាហាប់​រឹងមាំ និង​គិតគូរ​ពី​រឿង​សង្គម​ជាតិ ដូច្នេះ​បងស្រី​កញ្ញា​គួរតែ​ទទួល​បាន​សុភមង្គល។ កញ្ញា​ជឿជាក់​ថា បងស្រី​កញ្ញា​មិនមែន​ជា​មនុស្ស​ឆោតល្ងង់​នោះ​ទេ ប៉ុន្តែ​បងស្រី​ជា​មនុស្ស​គួរ​ឱ្យ​កោត​សរសើរ​ពីព្រោះ​បងស្រី​បាន​លះបង់​សិទ្ធិ​សេរីភាព​ដើម្បី​ការពារ​បរិស្ថាន។

ដោយ​ឡែក​ម្ដាយ​កញ្ញា ភួន កែវរស្មី គឺ ​លោកស្រី គង់ ម៉ានិត បាន​សរសេរ​សារ​ថា រយៈពេល​មួយ​ខែ​ហើយ​ដែល​កូនស្រី​លោកស្រី​បាត់បង់​សិទ្ធិ​សេរីភាព ប៉ុន្តែ​លោកស្រី​ជឿជាក់​ថា កូនស្រី​លោកស្រី​រឹងមាំ និង​អាច​ពុះពារ​គ្រប់​បញ្ហា​ទាំងអស់​ហើយ​លោកស្រី​នៅតែ​ទន្ទឹង​រង់ចាំ​កូន​ជានិច្ច។

ក្រៅពី​សាច់ញាតិ​ផ្ញើ​សារ​នឹក​រលឹក​ដល់​កូន និង​ប្ដី​ហើយ​នោះ ​នៅ​មាន​មិត្តភ័ក្ដិ​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​មួយ​ចំនួន​ទៀត​បាន​បង្ហោះ​សារ​សោកស្ដាយ​ដែល​អាជ្ញាធរ​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ជា​បន្ទាន់។

កាលពី​ថ្ងៃទី០២ ខែ​កក្កដា តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​សកម្មជន​បរិស្ថាន១០នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី​៦ឆ្នាំ ដល់ ៨ឆ្នាំ ក្រោម​បទ​ចោទ«រួម​គំនិត​ក្បត់»និង«ប្រមាថ​ព្រះមហាក្សត្រ» ប៉ុន្តែ​ក្នុង​នោះ​មាន​សកម្មជន​៥នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង​កម្រោល។ អ្នកទាំង៥នាក់​រួមមាន​លោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី០៣ ខែសីហា។

ទាក់ទង​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត យល់​ឃើញ​ថា ការណ៍​ដែល​តុលាការ​ផ្ដន្ទាទោស និង​បញ្ជូន​សកម្មជន​បរិស្ថាន​យក​ទៅ​ឃុំ​នៅ​ឆ្ងាយ​ពី​គ្រួសារ​នោះ​ គឺជា​ធ្វើ​ទុក្ខបុកម្នេញ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា តុលាការ​គួរតែ​ពិចារណា​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង៥នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ក្រុម​គ្រួសារ​របស់​ពួកគាត់​ក៏​ចង់​ជួបជុំ​គ្នា​ដូច​គ្រួសារ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​នោះ​ដែរ។

លោក យី សុខសាន្ត៖«យើង​ស្នើសុំ​ទទូច​ដល់​រដ្ឋាភិបាល​មេត្តា​ពិចារណា​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ ឬក៏​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​ដើម្បី​ឱ្យ​គាត់​ជួបជុំ​គ្រួសារ។ ហើយ​ពួកគាត់​នៅ​ក្មេងៗ​ជំនាន់​ក្រោយ​បើ​និយាយ​ទៅ ពួកគាត់​សកម្ម ​ប៉ុន្តែ​ពួកគាត់​សកម្ម​មិនមែន​ធ្វើ​រឿង​នយោបាយ ​ក្នុង​បរិស្ថាន​ដែល​ជួយ​រដ្ឋាភិបាល​បំពេញ​ចន្លោះ​ខ្វះខាត»។

កាលពីថ្ងៃទី២៦ ខែ​កក្កដា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) លើក​ឡើង​ថា សកម្មជន​ទាំងអស់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នេះ មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទាល់តែ​សោះ ដោយសារតែ​ប្រព័ន្ធ​តុលាការ​រង​សម្ពាធ​ពី​អ្នក​កាន់​អំណាច។ លោក វិទិត មុនតាប៊ន សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នឹង​បោះបង់​ចោល​ទម្លាប់​ដែល​ថា«អ្វីៗ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ជាតិ» ហើយ​ងាក​មក​អនុវត្ត​ស្រប តាម«ច្បាប់​អន្តរ​ជាតិ»ដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។