ក្រុមគ្រួសារសកម្មជនចលនាមាតាធម្មជាតិលើកឡើងថា ពួកគាត់កំពុងរស់នៅជាមួយទុក្ខក្រៀមក្រំ និងបាត់បង់ភាពកក់ក្ដៅពីគ្រួសារ ក្រោយពេលសកម្មជនទាំង៥នាក់ ជាប់ពន្ធនាគាររយៈពេលមួយខែហើយដោយសារការការពារធនធានធម្មជាតិ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា តុលាការគួរតែទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនបរិស្ថានទាំងអស់ដើម្បីអាចឱ្យពួកគាត់រស់នៅជួបជុំក្រុមគ្រួសារឡើងវិញ។
ក្រុមគ្រួសាររបស់អ្នកការពារបរិស្ថាន៥នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារតាមខេត្តផ្សេងៗគ្នាលើកឡើងថា រយៈពេល១ខែកន្លងមកនេះ ពួកគាត់ខ្លះបានទៅសួរសុខទុក្ខគ្រួសារដោយផ្ទាល់ និងអ្នកខ្លះទៀតមិនទាន់បានជួបមុខគ្រួសារនៅឡើយដោយសារតែជាប់មើលថែកូនតូច។
ប្រពន្ធលោក យីម លាងហ៊ី គឺលោកស្រី ហុង ស្រីម៉ៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៣ ខែសីហា ថា លោកស្រីមិនដែលបានជួបសួរសុខទុក្ខប្ដីនោះទេ ដោយសារលោកស្រីទើបតែសម្រាលកូនបានមួយសប្ដាហ៍ ដោយសុខភាពនៅមិនទាន់មាំទាំនៅឡើយ។ លោកស្រីបន្តថា ការចាប់ខ្លួនប្ដីដាក់ពន្ធនាគារជាលើកទី២នេះ ធ្វើឱ្យកូនប្រុសអាយុ៥ឆ្នាំស្រែករកឪពុករបស់គាត់រាល់ថ្ងៃ។ លោកស្រីពិបាកចិត្ត និងគ្មានភាពកក់ក្ដៅក្នុងគ្រួសារនោះទេ ពីព្រោះលោកស្រីត្រូវសម្រាលកូនម្នាក់ឯងដោយសារតែអាជ្ញាធររដ្ឋាភិបាល បានចាប់ឃុំខ្លួនប្ដីនៅពន្ធនាគារទាំងអយុត្តិធម៌។
លោកស្រី ហុង ស្រីម៉ៅ៖«ពេលសម្រាលធម្មជាតិក៏ដោយសម្រាលដោយវះកាត់ក៏ដោយពេលសម្រាលហើយ គឺទ្រុឌទ្រោមតិចហើយ ពីព្រោះពេលហ្នឹងយើងត្រូវការប្ដីត្រូវការយកចិត្តទុកដាក់ពីប្ដីការមើលថែពីប្ដីអ៊ីចឹងដែរ។ បើសុខភាពផ្លូវចិត្តវិញខ្ញុំក៏ព្យាយាមសម្រួលខ្លួនឯងថា ធ្វើម៉េចកុំឱ្យគិតច្រើនពីព្រោះវាអាចប៉ះពាល់បើខ្មែរហៅថា ទាល់កុំយើងទាល់»។
មិនខុសគ្នានេះដែរ ប្រពន្ធសកម្មជនមាតាធម្មជាតិលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ដែលមានកូនតូច២នាក់នៅក្នុងបន្ទុកថ្លែងថា លោកស្រីបានទៅជួបសួរទុក្ខប្ដីលោកស្រីនៅពន្ធនាគារកាលពីសប្ដាហ៍មុន ខណៈកូនៗរបស់លោកស្រីទន្ទឹមចាំផ្លូវឪពុករបស់ពួកគាត់រាល់ថ្ងៃ។ លោកស្រីខ្លោចចិត្តអាណិតកូន ប៉ុន្តែទោះជាយ៉ាងណាលោកស្រីនៅតែជំរុញលើកទឹកចិត្តប្ដីលោកស្រីពីព្រោះប្ដីលោកស្រីមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការឡើយ។
លោកស្រី ប៉ាត់ រស្មី៖«ជាចុងក្រោយខ្ញុំស្នើឱ្យរដ្ឋាភិបាលក៏ដូចជាតុលាការ ហើយនិងមន្ត្រីពាក់ព័ន្ធគួរតែពិចារណាឡើងវិញដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ គាត់មានប្រព្រឹត្តខុសទេ ហើយពួកគាត់ពិតជាជនស្អាតស្អំមិនបានប្រព្រឹត្តកំហុសដូចតុលាការបានចោទប្រកាន់ឡើយ»។
ទន្ទឹមគ្នានេះដែរ ក្រុមគ្រួសារសកម្មជនបរិស្ថានផ្សេងទៀតបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០២ ខែសីហា បង្ហាញពីក្ដីនឹករលឹកដល់កូន និងបងស្រីដែលបាត់បង់សេរីភាពរយៈពេលមួយខែមកនេះ។ ប្អូនស្រីកញ្ញា ឡុង គន្ធា គឺ កញ្ញា ឡុង សុខលីន បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា បងស្រីកញ្ញាជាមនុស្សស្វាហាប់រឹងមាំ និងគិតគូរពីរឿងសង្គមជាតិ ដូច្នេះបងស្រីកញ្ញាគួរតែទទួលបានសុភមង្គល។ កញ្ញាជឿជាក់ថា បងស្រីកញ្ញាមិនមែនជាមនុស្សឆោតល្ងង់នោះទេ ប៉ុន្តែបងស្រីជាមនុស្សគួរឱ្យកោតសរសើរពីព្រោះបងស្រីបានលះបង់សិទ្ធិសេរីភាពដើម្បីការពារបរិស្ថាន។
ដោយឡែកម្ដាយកញ្ញា ភួន កែវរស្មី គឺ លោកស្រី គង់ ម៉ានិត បានសរសេរសារថា រយៈពេលមួយខែហើយដែលកូនស្រីលោកស្រីបាត់បង់សិទ្ធិសេរីភាព ប៉ុន្តែលោកស្រីជឿជាក់ថា កូនស្រីលោកស្រីរឹងមាំ និងអាចពុះពារគ្រប់បញ្ហាទាំងអស់ហើយលោកស្រីនៅតែទន្ទឹងរង់ចាំកូនជានិច្ច។
ក្រៅពីសាច់ញាតិផ្ញើសារនឹករលឹកដល់កូន និងប្ដីហើយនោះ នៅមានមិត្តភ័ក្ដិសកម្មជនចលនាមាតាធម្មជាតិ និងពលរដ្ឋខ្មែរទាំងក្នុង និងក្រៅស្រុកមួយចំនួនទៀតបានបង្ហោះសារសោកស្ដាយដែលអាជ្ញាធរចាប់ពួកគាត់ដាក់ពន្ធនាគារទាំងគ្មានកំហុស និងទាមទារឱ្យតុលាការដោះលែងពួកគាត់ឱ្យមានសិទ្ធិសេរីភាពជាបន្ទាន់។
កាលពីថ្ងៃទី០២ ខែកក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនបរិស្ថាន១០នាក់ឱ្យជាប់ពន្ធនាគារពី៦ឆ្នាំ ដល់ ៨ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់»និង«ប្រមាថព្រះមហាក្សត្រ» ប៉ុន្តែក្នុងនោះមានសកម្មជន៥នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងកម្រោល។ អ្នកទាំង៥នាក់រួមមានលោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០៣ ខែសីហា។
ទាក់ទងរឿងនេះ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត យល់ឃើញថា ការណ៍ដែលតុលាការផ្ដន្ទាទោស និងបញ្ជូនសកម្មជនបរិស្ថានយកទៅឃុំនៅឆ្ងាយពីគ្រួសារនោះ គឺជាធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកបន្តថា តុលាការគួរតែពិចារណាដោះលែងសកម្មជនបរិស្ថានទាំង៥នាក់ឱ្យមានសេរីភាពឡើងវិញ ពីព្រោះក្រុមគ្រួសាររបស់ពួកគាត់ក៏ចង់ជួបជុំគ្នាដូចគ្រួសារមន្ត្រីរដ្ឋាភិបាលមួយចំនួននោះដែរ។
លោក យី សុខសាន្ត៖«យើងស្នើសុំទទូចដល់រដ្ឋាភិបាលមេត្តាពិចារណាឱ្យគាត់នៅក្រៅឃុំ ឬក៏ដោះលែងគាត់ឱ្យមានសេរីភាពដើម្បីឱ្យគាត់ជួបជុំគ្រួសារ។ ហើយពួកគាត់នៅក្មេងៗជំនាន់ក្រោយបើនិយាយទៅ ពួកគាត់សកម្ម ប៉ុន្តែពួកគាត់សកម្មមិនមែនធ្វើរឿងនយោបាយ ក្នុងបរិស្ថានដែលជួយរដ្ឋាភិបាលបំពេញចន្លោះខ្វះខាត»។
កាលពីថ្ងៃទី២៦ ខែកក្កដា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) លើកឡើងថា សកម្មជនទាំងអស់ដែលកំពុងជាប់ពន្ធនាគារនេះ មិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះ ដោយសារតែប្រព័ន្ធតុលាការរងសម្ពាធពីអ្នកកាន់អំណាច។ លោក វិទិត មុនតាប៊ន សង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងបោះបង់ចោលទម្លាប់ដែលថា«អ្វីៗធ្វើឡើងស្របតាមច្បាប់ជាតិ» ហើយងាកមកអនុវត្តស្រប តាម«ច្បាប់អន្តរជាតិ»ដើម្បីធានាដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
