ក្រុមយុវជន និងអង្គការសង្គមស៊ីវិលនៅថ្ងៃទី១៥ ខែសីហា រៀបចំសន្និសីទយុវជន ពាក់ព័ន្ធនឹងបញ្ហាលំហសិទ្ធិសេរីភាព ការរារាំងប្រជាសហគមន៍មិនឱ្យចូលល្បាតព្រៃ និងការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ ការរៀបចំសន្និសីទឡើងនេះ គឺបន្ទាប់ពីក្រុមយុវជនបានប្រារព្ធកម្មវិធីទិវាយុវជនអន្តរជាតិ និងកត់សម្គាល់ឃើញថា រដ្ឋាភិបាលនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព។
ក្រុមយុវជន និងអង្គការសង្គមស៊ីវិលប្រមាណ ៣០នាក់ បានរៀបចំសន្និសីទយុវជនស្ដីពី «លទ្ធផល ក្ដីកង្វល់ និងអនុសាសន៍របស់យុវជន» នៅរាជធានីភ្នំពេញក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាព និងទទួលមតិយោបល់របស់យុវជន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់។
អ្នកសម្របសម្រួលកម្មវិធី នៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ហឿម ប៊ុនហេង ថ្លែងនៅក្នុងសន្និសីទយុវជនថា ការរឹតត្បិតសិទ្ធិពលរដ្ឋមិនឱ្យឈឺឆ្អាលពីបញ្ហាសង្គមនៅតែជាបញ្ហាប្រឈមដែលរដ្ឋាភិបាលមិនទាន់មានឆន្ទៈក្នុងការដោះស្រាយនៅឡើយ។ លោកបន្តថា ការបិទប្រព័ន្ធសារព័ត៌មានឯករាជ្យបានធ្វើឱ្យពលរដ្ឋទទួលបានព័ត៌មានមិនពិត និងគ្មានតុល្យភាព។
លោក ហឿម ប៊ុនហេង៖«ការវាយតម្លៃបានការចូលរួមរបស់យុវជនដោយផ្ទាល់នៅក្នុងករណីដូចភ្នំតាម៉ៅ ប៉ុន្តែ បើយើងទៅមើលការតស៊ូមតិនៅក្នុងបណ្ដាញសង្គមហើយភាគច្រើនសុទ្ធតែជាយុវជន។ ហើយអ្នកដែលផ្ដួចផ្ដើមគំនិតបង្កើតនៅស៊ុមរូបថត ដើម្បីសង្គ្រោះភ្នំតាម៉ៅក៏ផ្ដើមចេញពីយុវជនដូច្នេះយើងមើលឃើញការឥទ្ធិពលវិជ្ជមានរបស់ពួកគាត់នៅក្នុងការចូលរួមក្នុងការកែទម្រង់ ឬមួយកែប្រែនៅចំណុចខុសឆ្គងណាមួយដែលត្រូវបានសម្រេចរួចដែលធ្វើឱ្យមានការកែប្រែចំណុចមួយនោះ»។
ការរៀបចំសន្និសីទយុវជននេះឡើង ក្រោយពេល ដែលក្រុមយុវជន និងអង្គការសង្គមស៊ីវិលចំនួន ១២ស្ថាប័ន កាលពីថ្ងៃទី១១ ខែសីហា បានរៀបចំកម្មវិធីទិវាយុវជនអន្តរជាតិ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ និងប្រមូលពីបញ្ហាប្រឈមរបស់ពួកគាត់។ ក្នុងវេទិកានោះ ក្រុមយុវជនបានជជែកដេញដោលលើប្រធានចំនួន៤ រួមមាន ទី១ ការលើកកម្ពស់សេរីភាពមូលដ្ឋាន និងយុត្តិធម៌សង្គម។ ទី២ ការលើកកម្ពស់ការការការពារបរិស្ថាន។ ទី៣ យុវជន និងអក្ខរកម្មឌីជីថល ក្នុងការទទួលបានព័ត៌មាន និងទី៤ គឺទស្សនយុវជន ចំពោះអំពើពុករលួយនៅកម្ពុជា។
ស្រដៀងគ្នានេះដែរ ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា សង្កេតឃើញថា ធនធានធម្មជាតិនៅតំបន់ការពារបច្ចុប្បន្នស្ទើរតែក្លាយទៅជាវាលរហោស្ថានដោយសារតែរដ្ឋាភិបាលបើកដៃឱ្យក្រុមឈ្មួញទុច្ចរិតចូលកាប់ទន្ទ្រាន។ លោកបន្តថា ការរឹតត្បិតមិនឱ្យសហគមន៍ចូលរួមការពារព្រៃឈើ និងចាប់សកម្មជនដាក់ពន្ធនាគារកើនឡើងជាបន្តបន្ទាប់ក្រោយពេលពួកគាត់ប្រើប្រាស់សិទ្ធិការពារធនធានធម្មជាតិ។
លោក សាន់ ម៉ាឡា៖«បទល្មើសព្រៃឈើបើទោះបីជាសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋធ្វើការចងក្រងភស្តុតាងរឹងមាំយ៉ាងណាក៏ដោយយើងមានជារូបភាពយើងមានជាវីដេអូ យើងមានលេខGPS។ ប៉ុន្តែរាល់របាយការណ៍ដែលត្រូវបានចេញផ្សាយក្រសួងបរិស្ថានតែងតែបដិសេធមិនទទួលយកនៅអ្វីដែលជាក្ដីកង្វល់ជាអនុសាសន៍របស់យើងដាក់ជូនទៅរដ្ឋាភិបាលនោះទេ»។
ក្រៅពីបញ្ហាសិទ្ធិមនុស្ស ក្រុមយុវជន ក៏បានលើកឡើងអំពីការយាយីតាមប្រព័ន្ធតុលាការទៅលើអ្នកធ្វើការងារការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងសកម្មជនបក្សប្រឆាំងជាដើម។ ពួកគាត់អះអាងថា បញ្ហានេះបណ្ដាលឱ្យយុវជន និងពលរដ្ឋមួយចំនួនមិនហ៊ានជជែកអំពីបញ្ហាសង្គម និងចាត់ទុកការជជែកអំពីរឿងនយោបាយថា ជារឿងដ៏គ្រោះថ្នាក់។
ក្រោយបញ្ចប់ការធ្វើសន្និសីទ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១២ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រព័ន្ធតុលាការ ដើម្បីចាប់សកម្មជនបរិស្ថាន និងសកម្មជនសង្គមដាក់ពន្ធនាគារ ហើយគួរតែផ្ដល់ឱកាសដល់យុវជនចូលរួមក្នុងកិច្ចការងារសង្គមដោយសេរី។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបន្ថែមថា ក្រសួងបរិស្ថានគួរតែបង្កើនកញ្ចប់ថវិកាគាំទ្រដល់សហគមន៍មូលដ្ឋានយុវជន និងពលរដ្ឋដែលចាប់អារម្មណ៍ចង់ចូលរួមការពារធនធានធម្មជាតិ។ អង្គការសង្គមស៊ីវិល ក៏ស្នើឱ្យរដ្ឋាភិបាលគួរតែពង្រឹងការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិជាពិសេស ការបន្ថែមប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បីការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៥ ខែសីហា។
ទាក់ទិនបញ្ហានេះ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាដែលយុវជន និងពលរដ្ឋបានលើកឡើង ដើម្បីបង្ហាញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល។ លោកបន្តថា ការបំបិទសិទ្ធិសេរីភាពយុវជនមិនឱ្យចូលរួមការងារសង្គម មិនបានផ្ដល់ចំណេញដល់រដ្ឋាភិបាលឡើយ។ ដូច្នេះ រដ្ឋាភិបាលគួរតែពិចារណា ចំពោះបើកលំហសិទ្ធិសេរីភាពឡើងវិញ។
លោក ហេង គឹមហុង៖ «ខ្ញុំជឿជាក់ថា ការទទួលយកដំណោះស្រាយ និងជំរុញឱ្យសាធារណមតិ ក៏ដូចជា ប្រជាពលរដ្ឋលើកឡើងពីក្ដីកង្វល់របស់ខ្លួនកាន់តែច្រើន កាន់តែល្អ សម្រាប់រដ្ឋាភិបាលទៅវិញ។ ប្រសិនបើរដ្ឋាភិបាលគិតបែបនេះ គឺជារឿងល្អ ពីព្រោះជាការគោរពរបស់ខ្ញុំ ពីព្រោះរដ្ឋាភិបាលមានឱកាសស្វែងរកលទ្ធភាព និងបង្ហាញពីភាពខ្លាំងរបស់ខ្លួនទៅដោះស្រាយបញ្ហាសង្គម កន្លែងមួយចំនួនដែលរដ្ឋាភិបាលមិនអាចមានឱកាសហើយអាចដោះស្រាយបញ្ហាបានចំគោលដៅតែម្ដង»។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះជំរុញរដ្ឋាភិបាលឱ្យបើកលំហសិទ្ធិសេរីភាពឱ្យបានពេញលេញ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌សង្គម ហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។