ព្រះសង្ឃ និងក្រុមយុវជនជាង ៣០អង្គ/នាក់ នៅរសៀលថ្ងៃទី៧ ធ្នូ បានបន្តក្បួនធម្មយាត្រា ដោយចាប់ផ្ដើមចេញដំណើរ ពីទីរួមខេត្តកំពង់ធំឆ្ពោះទៅកាន់រាជធានីភ្នំពេញក្នុងបំណងស្នើឱ្យរដ្ឋាភិបាល ធានាសេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប។
ក្រោយពីអាជ្ញាធរខេត្តសៀមរាប បានផ្អាកមិនឱ្យហែក្បូនធម្មយាត្រា ផ្សព្វផ្សាយពីសិទ្ធិមនុស្ស កាលពីថ្ងៃទី៦ ធ្នូ ក្រុមយុវជន និងព្រះសង្ឃ នៅតែបន្តប្រារព្ធយុទ្ធនាការនេះនៅថ្ងៃបន្ទាប់ ដោយពួកគាត់ធ្វើដំណើរដោយថ្មើរជើង ចាប់ផ្ដើមពីចំណុចរង្វល់មូលអាចារ្យលាក់ ខេត្តកំពង់ធំ ទៅកាន់រាជធានីភ្នំពេញ។
យុវតីដែលចូលរួមធម្មយាត្រានេះ គឺកញ្ញា ជៀម សួន ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នសិទ្ធិសេរីភាពពលរដ្ឋនៅតែមានការរឹតត្បិត និងគាបសង្កត់ ដែលរដ្ឋាភិបាលមិនទាន់ដោះស្រាយនៅឡើយទេ។ រីឯបញ្ហាអសន្តិសុខសង្គម និងភាពអសកម្មរបស់អាជ្ញាធរ ដែលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ ក៏នៅតែជាដំបៅសង្គមរ៉ាំរ៉ៃ មិនទាន់ដោះស្រាយរួចដែរ។
កញ្ញា ជៀម សួន៖ «គឺយើងដើរដល់គោលដៅ និងទាមទារសិទ្ធិសេរីភាព ជូនពលរដ្ឋគ្រប់គ្នា យើងនឹងមានគោលជំហរមួយថា នឹងទាមទារសិទ្ធិនេះឱ្យបាន»។
ដំណើរធម្មយាត្រានេះ ក្រុមយុវជន និងព្រះសង្ឃបានសូត្រធម៌ លើកបដាសរសេរថា សិទ្ធិសេរីភាព សច្ចធម៌ និងយុត្តិធម៌ជាទិសដៅរួម នៃពុទ្ធសាសនា និងសិទ្ធិមនុស្សអន្តរជាតិ ដើម្បីសេចក្ដីខុស។ រដ្ឋត្រូវធានាសេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប លើកកម្ពស់សិទ្ធិមនុស្ស និងបរិយាបន្នសង្គម ដើម្បីអភិវឌ្ឍប្រកបដោយចិរភាព។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថា យុទ្ធនាការនេះ គឺជាសារមួយបង្ហាញ ពីការធ្លាក់ចុះសិទ្ធិសេរីភាពពលរដ្ឋ ប្រព័ន្ធយុត្តិធម៌ និងការថយចុះសីលធម៌សង្គម ដែលចាំបាច់ត្រូវដោះស្រាយដោយឈរលើស្តង់ដារច្បាប់ ពុំមែនដោះស្រាយតាមអារម្មណ៍របស់អាជ្ញាធរនោះទេ។
លោក កើត សារ៉ាយ៖ «ខ្ញុំនឹងលើកទឹកចិត្តសូមឱ្យមានការអនុវត្តតាមស្តង់ដារ តាមបទដ្ឋានស្តង់ដារមានចែង អនុវត្តតាមការងារបន្តទៀត ព្រោះវាធ្វើឱ្យបាត់សេចក្ដីថ្លៃថ្នូរជាមន្ត្រីរាជការ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា ដើម្បីអធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៧ ធ្នូ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ជុំវិញរឿងនេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា យុទ្ធនាការនេះផ្សាភ្ជាប់នឹងសកម្មភាពពលរដ្ឋសកម្ម ដែលចូលរួមផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងចែករំលែកឱ្យពលរដ្ឋយល់ដឹង ពីសិទ្ធិសេរីភាពរបស់ខ្លួន។
លោក ហេង គឹមហុង៖ «សកម្មភាពដើម្បីលើកកម្ពស់សិទ្ធិមនុស្សផ្សព្វផ្សាយមេត្តាធម៌ ខ្ញុំយល់ថា គួរតែត្រូវបានលើកទឹកចិត្ត ព្រោះសកម្មភាពនេះផ្សាភ្ជាប់នឹងភាពពលរដ្ឋ ព្រោះប្រទេសណាក៏ដោយ ពេលមានពលរដ្ឋសកម្ម និងគិតពីបញ្ហាសង្គមច្រើន គួរតែសប្បាយចិត្ត។
ក្រុមយុវជនបន្ថែមថា អាជ្ញាធរខេត្តកំពង់ធំបានសហការល្អ និងរួសរាយរាក់ទាក់ ជួយសម្រួលចរាចរណ៍ ដើម្បីឱ្យដំណើរធម្មយាត្រានេះ ប្រព្រឹត្តទៅយ៉ាងរលូន ដោយពួកគេមិនបានរារាំងដូចអាជ្ញាធរខេត្តសៀមរាបនោះទេ។
រីឯពលរដ្ឋតាមដងផ្លូវ បានយកភេសជ្ជៈ និងទឹកបរិសុទ្ធប្រគេនព្រះសង្ឃដែលធ្វើធម្មយាត្រានេះ ដើម្បីបង្ហាញ ចិត្តមនុស្សធម៌ និងគាំទ្រ សកម្មភាពលើកកម្ពស់សិទ្ធិមនុស្សសកល។
នៅយប់ថ្ងៃទី៧ នេះពួកគេនឹងសម្រាក នៅផ្ទះរបស់ពលរដ្ឋ ឋិតក្នុងឧដុង្គ ខេត្តកំពង់ស្ពឺ ហើយនឹងបន្តដំណើរធម្មយាត្រានៅថ្ងៃទី៨ ស្អែកទៀត ឋិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រុមយុវជន និងព្រះសង្ឃ នឹងបន្តដំណើរទៅជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិទ្រង់ទ្រាយធំ នៅថ្ងៃទី១០ ធ្នូ នៅទីលានប្រជាធិបតេយ្យ៕
