តុលាការ​ក្រុង​ឡាអេ​ស្ដាប់​ការ​បកស្រាយ​រឿង​ព្រះវិហារ

តុលាការ​​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ បាន​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ មេសា នេះ ដើម្បី​ស្ដាប់​ការ​បកស្រាយ​ផ្ទាល់​មាត់​អំពី​ទំនាស់​ទាក់ទង​ទៅ​នឹង​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ។
ដោយ ជុន ច័ន្ទបុត្រ
2013-04-15
Share
វ៉ា គឹមហុង ហោ ណាំហុង ៣០៥ ១៥-មេសា-២០១៣៖ លោក​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស (កិច្ចការ​ព្រំដែន) វ៉ា គឹមហុង (ឆ្វេង) និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
RFA/Chun Chanboth

សវនាការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បួន​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ ទី​១៥ ថ្ងៃ​ពុធ ទី​១៧ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី​១៨ និង ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣។

ថ្ងៃ​ច័ន្ទ​នេះ ភាគី​កម្ពុជា ឡើង​បក​ស្រាយ​មុន​គេ។ ប្រតិភូ​នៃ​ប្រទេស​កម្ពុជា ដឹក​នាំ​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស (កិច្ចការ​ព្រំដែន) និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហុឡង់ដ៍ និង​បែលហ្ស៊ិក លោក ហែម សាឯម ព្រម​ទាំង​មេធាវី​បរទេស ៣​រូប​ទៀត​ផង។

លោក ហោ ណាំហុង មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​អន្តរជាតិ​នេះ​ថា លោក​មក​នេះ​មិន​មែន​សុំ​អោយ​មាន​ការ​អនុវត្ត​សាលក្រម ឬ​និយាយ​ពី​ការ​កំណត់​ព្រំដែន​ទេ ត្បិត​អ្វីៗ​បាន​សម្រេច​រួច​ទៅ​ហើយ​តាំង​ពី​ឆ្នាំ​១៩៦២។ លោក​បញ្ជាក់​អ្វី​ដែល​កម្ពុជា ចង់​បាន គឺ​សុំ​អោយ​តុលាការ​បកស្រាយ​សាលក្រម​នោះ​អោយ​បាន​ច្បាស់​តែប៉ុណ្ណោះ។

សាលក្រម​ឆ្នាំ​១៩៦២ ផ្អែក​ជា​សំខាន់​ទៅ​លើ​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧។ ខាង​ភាគី​ខ្មែរ​បក​ស្រាយ​ថា សាលក្រម​នោះ​បាន​ប្រគល់​មក​អោយ​ខ្មែរ​នូវ​ប្រាសាទ និង​ដី​នៅ​ក្បែរ​ប្រាសាទ​ដែល​កំពុង​មាន​ទំនាស់​នេះ។ ឯ​ភាគី​ថៃ​វិញ បកស្រាយ​ថា តុលាការ​ក្រុង​ឡាអេ ប្រគល់​តែ​តួ​ប្រាសាទ​ទេ មិន​ប្រគល់​ដី​ឡើយ។ ការ​បកស្រាយ​ខុស​គ្នា​នេះ​ហើយ ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​អោយ​កម្ពុជា ស្នើ​អោយ​តុលាការ​ពិភពលោក​នេះ​បកស្រាយ​សាលក្រម​នោះ​ម្ដង​ទៀត។

អ្នក​ច្បាប់​បរទេស​បី​នាក់ គឺ​លោក ហ្សង់ មាក់ សូរ៉ែល (Jean-Marc Sorel) លោក ហ្រ្វង់គ្លីន បើរមែន (Sir Franklin Berman) និង​លោក រត់មែន បុនឌី (Rodman Bundy) បាន​ឡើង​បកស្រាយ​ម្នាក់​ម្ដង​ជំនួស​មុខ​អោយ​កម្ពុជា។ លោក​អ្នក​ច្បាប់​ទាំង​បី​នេះ បាន​បង្ហាញ​ឯកសារ​មួយ​ចំនួន​នៅ​ចំពោះ​មុខ​តុលាការ។ ក្រៅ​អំពី​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧ នោះ ពួកគាត់​មាន​លិខិត​ស្នាម​ផ្លូវ​ការ​ផ្ទៃ​ក្នុង​របស់​មន្ត្រី​ជាន់​ខ្ពស់​ថៃ នា​សម័យ​ឆ្នាំ​១៩៦២ ដែល​ទើប​ទទួល​បាន​យក​ទៅ​បង្ហាញ​អង្គ​តុលាការ។ លិខិត​ទាំង​នេះ​អាច​ផ្ដល់​តឹកតាង​ថ្មី​អំពី​ការ​បកស្រាយ​សាលក្រម​នៅ​ពេល​នោះ​របស់​មន្ត្រី​ជាន់​ខ្ពស់​ថៃ។

ទោះ​ជា​យ៉ាង​ក៏ដោយ ភាគី​ថៃ ថ្ងៃ​នេះ​អង្គុយ​តែ​ស្ដាប់​ទេ។ ពេញ​មួយ​ថ្ងៃ​ទី​១៥ នេះ តំណាង​ភាគី​កម្ពុជា នឹង​ឡើង​បកស្រាយ​ជំហរ​របស់​ខ្លួន។ ថ្ងៃ​អង្គារ ទី​១៦ មេសា តុលាការ​ពិភពលោក​នេះ​នឹង​ដោះស្រាយ​រឿង​ក្តី​នៃ​ប្រទេស​ដទៃ។ រហូត​ដល់​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ទើប​ភាគី​ថៃ ឡើង​បក​ស្រាយ​ម្តង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជំហរ​ថៃ ដែល​គេ​បាន​អោយ​ដឹង​ខ្លះៗ មុន​សវនាការ​ផ្ទាល់​មាត់​នេះ គឺ​ថៃ​នឹង​ខិតខំ​យ៉ាង​ណា​បង្ហាញ​ថា តុលាការ​ក្រុង​ឡាអេ នេះ គ្មាន​យុត្តាធិការ ឬ​គ្មាន​សិទ្ធិ​អំណាច​ក្នុង​ការ​កាត់​ក្តី​នេះ​ទេ។ សេចក្ដី​បកស្រាយ​លំអិត​ពី​ភាគី​ថៃ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​១៧ ខាន​ស្អែក​នេះ។ យើង​នឹង​ដឹង​ច្បាស់​ពី​ជំហរ​របស់​ថៃ ថា​តើ​ថៃ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២ នោះ យ៉ាង​ណា និង​មាន​អ្វី​ជា​សំអាង​ខ្លះ​នៅ​ពេល​នោះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល