សវនាការនេះនឹងប្រព្រឹត្តទៅរយៈពេលបួនថ្ងៃ គឺថ្ងៃច័ន្ទ ទី១៥ ថ្ងៃពុធ ទី១៧ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទី១៨ និង ទី១៩ ខែមេសា ឆ្នាំ២០១៣។
ថ្ងៃច័ន្ទនេះ ភាគីកម្ពុជា ឡើងបកស្រាយមុនគេ។ ប្រតិភូនៃប្រទេសកម្ពុជា ដឹកនាំដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (កិច្ចការព្រំដែន) និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហុឡង់ដ៍ និងបែលហ្ស៊ិក លោក ហែម សាឯម ព្រមទាំងមេធាវីបរទេស ៣រូបទៀតផង។
លោក ហោ ណាំហុង មានប្រសាសន៍នៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការអន្តរជាតិនេះថា លោកមកនេះមិនមែនសុំអោយមានការអនុវត្តសាលក្រម ឬនិយាយពីការកំណត់ព្រំដែនទេ ត្បិតអ្វីៗបានសម្រេចរួចទៅហើយតាំងពីឆ្នាំ១៩៦២។ លោកបញ្ជាក់អ្វីដែលកម្ពុជា ចង់បាន គឺសុំអោយតុលាការបកស្រាយសាលក្រមនោះអោយបានច្បាស់តែប៉ុណ្ណោះ។
សាលក្រមឆ្នាំ១៩៦២ ផ្អែកជាសំខាន់ទៅលើផែនទីដែលបារាំង គូរនៅឆ្នាំ១៩០៧។ ខាងភាគីខ្មែរបកស្រាយថា សាលក្រមនោះបានប្រគល់មកអោយខ្មែរនូវប្រាសាទ និងដីនៅក្បែរប្រាសាទដែលកំពុងមានទំនាស់នេះ។ ឯភាគីថៃវិញ បកស្រាយថា តុលាការក្រុងឡាអេ ប្រគល់តែតួប្រាសាទទេ មិនប្រគល់ដីឡើយ។ ការបកស្រាយខុសគ្នានេះហើយ ជាមូលហេតុចម្បងដែលជំរុញអោយកម្ពុជា ស្នើអោយតុលាការពិភពលោកនេះបកស្រាយសាលក្រមនោះម្ដងទៀត។
អ្នកច្បាប់បរទេសបីនាក់ គឺលោក ហ្សង់ មាក់ សូរ៉ែល (Jean-Marc Sorel) លោក ហ្រ្វង់គ្លីន បើរមែន (Sir Franklin Berman) និងលោក រត់មែន បុនឌី (Rodman Bundy) បានឡើងបកស្រាយម្នាក់ម្ដងជំនួសមុខអោយកម្ពុជា។ លោកអ្នកច្បាប់ទាំងបីនេះ បានបង្ហាញឯកសារមួយចំនួននៅចំពោះមុខតុលាការ។ ក្រៅអំពីផែនទីដែលបារាំង គូរនៅឆ្នាំ១៩០៧ នោះ ពួកគាត់មានលិខិតស្នាមផ្លូវការផ្ទៃក្នុងរបស់មន្ត្រីជាន់ខ្ពស់ថៃ នាសម័យឆ្នាំ១៩៦២ ដែលទើបទទួលបានយកទៅបង្ហាញអង្គតុលាការ។ លិខិតទាំងនេះអាចផ្ដល់តឹកតាងថ្មីអំពីការបកស្រាយសាលក្រមនៅពេលនោះរបស់មន្ត្រីជាន់ខ្ពស់ថៃ។
ទោះជាយ៉ាងក៏ដោយ ភាគីថៃ ថ្ងៃនេះអង្គុយតែស្ដាប់ទេ។ ពេញមួយថ្ងៃទី១៥ នេះ តំណាងភាគីកម្ពុជា នឹងឡើងបកស្រាយជំហររបស់ខ្លួន។ ថ្ងៃអង្គារ ទី១៦ មេសា តុលាការពិភពលោកនេះនឹងដោះស្រាយរឿងក្តីនៃប្រទេសដទៃ។ រហូតដល់ថ្ងៃពុធ ទី១៧ ខែមេសា ទើបភាគីថៃ ឡើងបកស្រាយម្តង។
ទោះជាយ៉ាងណាក៏ដោយ ជំហរថៃ ដែលគេបានអោយដឹងខ្លះៗ មុនសវនាការផ្ទាល់មាត់នេះ គឺថៃនឹងខិតខំយ៉ាងណាបង្ហាញថា តុលាការក្រុងឡាអេ នេះ គ្មានយុត្តាធិការ ឬគ្មានសិទ្ធិអំណាចក្នុងការកាត់ក្តីនេះទេ។ សេចក្ដីបកស្រាយលំអិតពីភាគីថៃ នឹងធ្វើឡើងនៅថ្ងៃពុធ ទី១៧ ខានស្អែកនេះ។ យើងនឹងដឹងច្បាស់ពីជំហររបស់ថៃ ថាតើថៃបកស្រាយសាលក្រមឆ្នាំ១៩៦២ នោះ យ៉ាងណា និងមានអ្វីជាសំអាងខ្លះនៅពេលនោះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។