ប្រជាពលរដ្ឋរស់តាមដងផ្លូវនោះ ព្រួយបារម្ភថា ការជួសជុលផ្លូវនោះ នឹងប៉ះពាល់ដីលំនៅឋាន និងដីចម្ការដំណាំរបស់គាត់។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតថ្លែងថា ផ្លូវជាតិ និងផ្លូវក្នុងខេត្តកំពតឆ្ពោះទៅកាន់ព្រំដែនកម្ពុជាវៀតណាម នឹងត្រូវនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធបើកការដ្ឋានជួសជុលនៅខែវិច្ឆិកាខាងមុខ។
លោក លឹម សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានឲ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកាខាងមុខ លោក ហ៊ុន សែន នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៣។ នៅពេលជាមួយគ្នានោះ លោក ហ៊ុន សែន នឹងប្រកាសឲ្យជួសជុលពង្រីកផ្លូវជាតិលេខ ៣១ លេខ ៣៣ ផ្លូវ ១១៧ និងផ្លូវក្នុងខេត្ត។ លោកថា ផ្លូវជាតិនឹងត្រូវពង្រីកពី ៣០ ម៉ែត្រទៅ ៤០ ម៉ែត្រ គឺពង្រីកឲ្យទទឹងថ្នល់បានទំហំ ១១ ម៉ែត្រ។
លោក លឹម សំបូរ៖ «ហើយការពង្រីកឲ្យវាទាក់ទងនឹងទីប្រជុំជន ហើយនឹងកន្លែងវាលជាទូទៅគឺ ១១ ម៉ែត្រនឹងទទឹងថ្នល់គិតពីអ័ក្សទៅ ២០ ម៉ែត្រ។ អ៊ីចឹងបូកទៅ វា ២០ ម៉ែត្រសងខាង វា ៤០ ម៉ែត្រ»។
ពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ ៣៣ ស្រុកកំពង់ត្រាច សុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា គាត់បារម្ភពីសំណងនៃការពង្រីកទទឹងផ្លូវនោះ។ លោកថា ផ្ទះគាត់បានសង់តាំងពីឆ្នាំ ២០០៦ មានច្បាប់ពីមន្ត្រីសុរិយោដី និងមានការយល់ព្រមពីអភិបាលខេត្ត ឲ្យគាត់សង់ផ្ទះគិតពីអ័ក្សថ្នល់ជាតិលេខ ៣៣ ចម្ងាយ ១៥ ម៉ែត្រ។ សំណង់សង់រួច ហើយបានរស់នៅ និងប្រកបអាជីវកម្ម។ កាលពីមុនភ្ជុំបិណ្ឌ មន្ត្រីក្រសួងនានា មកវាស់ពង្រីកថ្នល់ពី ៣០ ម៉ែត្រទៅ ៤០ ម៉ែត្រ ដែលធ្វើឲ្យផ្ទះគាត់ប៉ះចំណីផ្លូវ ៥ ម៉ែត្រ។
គាត់មិនទាន់ដឹងថា សំណងរដ្ឋសងក្នុងការប៉ះពាល់ផ្លូវ មានតម្លៃប៉ុន្មានទេ៖ «ព្រោះថា សងត្រូវសងទាំងសំណង់សងទាំងដី ពីព្រោះអី ពេលដែលចេញច្បាប់ឲ្យខ្ញុំធ្វើ ពីអ័ក្សថ្នល់ ១៥ ម៉ែត្រ»។
បុគ្គលិកស៊ើបអង្កេតអង្គការ លីកាដូ ខេត្តកំពត លោក ឌឿ សុខុម ថ្លែងថា ផ្លូវជាតិនិងផ្លូវក្នុងខេត្តកំពត ដែលនឹងត្រូវជួសជុល មានផ្លូវចំនួន ៤ ខ្សែ ប្រវែង ១០៦.៩ គីឡូម៉ែត្រ កាត់តាមស្រុកចំនួន ៤ គឺស្រុកអង្គរជ័យ ស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច និងស្រុកទឹកឈូ។ ផ្លូវទាំង ៤ ខ្សែនោះ ជាផ្លូវឆ្ពោះទៅកាន់ព្រំដែនច្រកតន់ហន់ ជាប់ព្រំប្រទល់កម្ពុជា វៀតណាម។
នៅខេត្តកែប គឺប៉ះចំស្រុកដំណាក់ចង្អើរ ដែលជាផ្លូវឆ្ពោះទៅកាន់ព្រែកចាក ព្រំដែនកម្ពុជា វៀតណាមដែរ។ ផ្លូវជាតិលេខ៣១ ត្រូវជួសជុលពង្រីកប្រវែង ៥៥.១ គីឡូម៉ែត្រ ចាប់ពីថ្នល់បំបែកគូស ស្រុកអង្គរជ័យ ព្រំប្រទល់ខេត្តតាកែវ ទៅដល់ឃុំកន្ថោរខាងលិច ស្រុកកំពង់ត្រាច។ ផ្លូវជាតិលេខ ៣៣ ចាប់ពីស្រុកកំពង់ត្រាចទៅទីរួមខេត្តកំពត ប្រវែង ៣៦.២ គីឡូម៉ែត្រ។ ផ្លូវលេខ ១១៧ ចាប់ពីផ្លូវបំបែកឃុំកន្ថោរខាងលិចឆ្ពោះទៅច្រក តន់ហន់ ព្រំដែនកម្ពុជា ជាប់ហាទៀង ប្រទេសវៀតណាម នឹងត្រូវពង្រីក ១១.៣ គីឡូម៉ែត្រ និងផ្លូវបញ្ចៀសក្នុងខេត្តកំពត នៅស្រុកទឹកឈូ ប្រវែង៤.៣ គីឡូម៉ែត្រ។
លោកថា ការពង្រីកផ្លូវទាំង ៤ ខ្សែនោះ មានពលរដ្ឋ ១២៤ គ្រួសារដែលតវ៉ាខ្លាំង ព្រោះខ្លាចសំណងពីរដ្ឋមិនសមរម្យ ដោយសារសំណង់របស់គេរឹងមាំ។ ក្រៅពីនោះ គឺជាដីវាលស្រែ ដែលពលរដ្ឋម្ចាស់ដីមិនសូវបារម្ភ ទើបមិនមានការតវ៉ា៖ «គម្រោងពង្រីកផ្លូវហ្នឹង គឺប៉ះពាល់ទៅលើដីលំនៅឋានពួកគាត់។ មានប្រជាពលរដ្ឋខ្លះប៉ះពាល់ទាំងស្រុង។ ប្រជាពលរដ្ឋខ្លះ បាត់បង់ពាក់កណ្ដាល ឬក៏ស្ទើរតែទាំងអស់»។
លោក ភ តេង ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច ដែលរស់នៅលើផ្លូវជាតិលេខ ៣១ ជាតំណាងអ្នកតវ៉ាម្នាក់ ក្នុងចំណោមពលរដ្ឋ ១២៤ គ្រួសារ អះអាងថា មន្ត្រីសិក្សាពីផលប៉ះពាល់ពីការពង្រីកផ្លូវជាតិ បានសន្យានៅថ្ងៃពុធ ទី១២ ខែតុលាថា រដ្ឋនឹងផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត លោក លឹម សំបូរ ឲ្យដឹងថា មកដល់ពេលនេះ ការកំណត់តម្លៃសំណងផលប៉ះពាល់ពីការពង្រីកផ្លូវនោះ មិនទាន់បានកំណត់នៅឡើយទេ ពីព្រោះការសិក្សាអនុវត្តន៍នៅមិនទាន់ចប់។ នៅពេលណាការសិក្សាពីផលប៉ះពាល់នោះបញ្ចប់ នឹងមានការពិភាក្សាពីការវាយតម្លៃលើសំណង។
មន្ត្រីអង្គការ លីកាដូ ឲ្យដឹងថា គម្រោងពង្រីកផ្លូវនេះ រដ្ឋាភិបាលកម្ពុជាបានខ្ចីថវិកាជួសជុលផ្លូវពីប្រទេសកូរ៉េខាងត្បូងប្រមាណ ២៨ លានដុល្លារ៕