ពេទ្យ​កូរ៉េ​​មក​ពិនិត្យ​​​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ជូន​ពលរដ្ឋ​ខ្មែរ​មិន​គិត​ថ្លៃ

ក្រុម​គ្រូពេទ្យ​ពី​ប្រទេស​កូរ៉េ បាន​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ជូន​ពលរដ្ឋ​ខ្មែរ​មិន​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោក​សង្ឃ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១១។
ដោយ ដែន អយុធ្យា
2011.03.19
Share on WhatsApp
Share on WhatsApp

ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​ព្រះកុសុមៈ លោក ឯក សុនសត្យា មាន​ប្រសាសន៍​ថា កម្មវិធី​ពិនិត្យ និង​ព្យាបាល​​​​ជំងឺ​ទឹក​​​​​នោម​ផ្អែម​ជូន​ពលរដ្ឋ​​ខ្មែរ​មិន​គិត​ថ្លៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា ដោយ​​​មាន​​គម្រោង​​ទទួល​​អ្នក​ជំងឺ​​ចន្លោះ​ក្រោម ១​.៥០០​នាក់​ប៉ុណ្ណោះ ព្រោះ​ពេទ្យ​កូរ៉េ​មិន​មាន​ពេល​គ្រប់គ្រាន់។

លោក​ថ្លែង​​ថា សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​​ចង់​មក​ឲ្យ​គ្រូពេទ្យ​កូរ៉េ ពិនិត្យ និង​ព្យាបាល ត្រូវ​ទាក់​ទង​​ជា​មុន​មក​កាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១១​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​អំពាវនាវ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ចង់​មក​​​ព្យាបាល​ជំងឺ ត្រូវ​ទាក់ទង​ជា​មុន​មក​​លេខ​ទូរស័ព្ទ ០១២ ២៣៤ ៦៦៦, ០១២ ៧៨៩ ១២៤, ០១១ ៩៤២ ៣៦២, ០១២ ៨៤៦ ៨៦៧ និង ០៩៨ ៨៤៩ ៧៧៧។

លោក​​វេជ្ជបណ្ឌិត សេក សុខឃឿន អនុ​ប្រធាន​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​មន្ទីរពេទ្យ​លោក​​សង្ឃ បាន​​​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ថា កម្មវិធី​ពិនិត្យ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ត​ទៅ ប្រសិន​គ្រូពេទ្យ​កូរ៉េ​ពិនិត្យ​ឃើញ​ពិត​ជា​កើត​មាន​ជំងឺ​​​ទឹក​នោម​ផ្អែម​មែន​នោះ គឺ​ពេទ្យ​​​កូរ៉េ​ នឹង​បើក​ថ្នាំ​ទុក​ឲ្យ​អ្នក​ជំងឺ​​លេប​រយៈ​ពេល ១​ខែ ដោយ​មិន​គិត​ថ្លៃ។

លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​ប្រភេទ​ជំងឺ​មាន​ការ​លំបាក​ក្នុង​ការ​ព្យាបាល និង​ប្រើ​ពេល​យូរ ហើយ​អ្នក​ជំងឺ​មិន​អាច​ទទួល​ទាន​អាហារ​តាម​ចំណង់​នោះ​ទេ។

លោក ឯក សុនសត្យា ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​ព្រះកុសុមៈ បន្ត​ថា សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​មក​ពី​កូរ៉េ ក្រៅ​ពី​​ឲ្យ​ក្រុម​គ្រូពេទ្យ​របស់​គេ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​​មិន​គិត​ថ្លៃ សមាគម​កូរ៉េ ក៏​នឹង​ជួយ​សាង​​​សង់​​អគារ ១​ខ្នង ទុក​សម្រាប់​​​​ពិនិត្យ​​ព្យាបាល​​ជំងឺ​ទឹក​នោម​ផ្អែម ស្ថិត​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណាយ​ទឹក​ប្រាក់​ជិត ៣​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

មន្ត្រី​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា កំពុង​មាន​សញ្ញា​គួរ​ឲ្យ​​ព្រួយ​បារម្ភ ព្រោះ​តាម​ការ​កត់​សម្គាល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចំនួន​កាន់​តែ​ច្រើន​​​ឡើងៗ បាន​មក​រក​សេវា​ព្យាបាល​ជំងឺ​នេះ។ យ៉ាង​នេះ​ក្ដី ប្រភព​មិន​បាន​បញ្ជាក់​ថា ក្នុង​១​ឆ្នាំៗ​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចំនួន​ប៉ុន្មាន​នាក់​បាន​​មក​រក​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​នោះ​ទេ។

​របាយការណ៍​មន្ទីរពេទ្យ​ព្រះកុសុមៈ កាល​ពី​ឆ្នាំ​២០០៤ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចំនួន​ជាង ២​សែន​៥​ម៉ឺន​នាក់​បាន​កើត​ជំងឺ​នេះ។ ប៉ុន្តែ​​​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​​​​​ថា កម្ពុជា​​អាច​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​កើន​លើស​ពី​នេះ គឺ​អាច​កើន​ដល់​ជាង ៦០​ម៉ឺន​នាក់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។