ក្រុមហ៊ុនដាំកៅស៊ូចោទពលរដ្ឋម្នាក់ថាដុតបំផ្លាញដំណាំ
2011.02.03
លោក កង ហ៊ន កសិកររស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី២ កុម្ភៈ ហើយបានបញ្ជូនមកទីរួមខេត្តនៅព្រឹកថ្ងៃទី៣ កុម្ភៈ ដោយចោទថាបានបង្កអគ្គីភ័យឲ្យឆេះបំផ្លាញដំណាំកៅស៊ូរបស់ក្រុមហ៊ុន។
អ្នកស្រី យ៉ិះ នឿន ដែលមានចម្ការជាប់និងដីលោក កង ហ៊ន បានឲ្យដឹងថា នៅរសៀលមុនមានការចាប់ខ្លួនលោក កង ហ៊ន នោះ អ្នកស្រីមិនបានទៅមើលផ្ទាល់ទេ ៖ "ខ្ញុំស្ដាប់ពីចម្ការខ្ញុំឮសូរបាញ់ដំបូងពីរគ្រាប់ ក្រោយមកពីរគ្រាប់ទៀត ទាំងអស់ ៤គ្រាប់ រឿងថាទៅកន្លែងគេចាប់ហ្នឹង ឮថាឃើញភ្លើងឆេះ នាំគ្នារត់ទៅ ហើយខាងក្រុមហ៊ុនក៏រត់មកដែរ ខ្ញុំអត់បានឃើញ ឮតែគេនិយាយ"។
នៅព្រឹកថ្ងៃទី៣ កុម្ភៈ ប្រជាពលរដ្ឋប្រមាណ ៤០នាក់ បានជួបជុំគ្នាពិភាក្សារកមធ្យោបាយដើម្បីជួយដោះស្រាយបញ្ហាដែលកើតឡើងទៅលើលោក កង ហ៊ន នេះ ដោយផ្ដល់យោបល់ក្រោយចុះពិនិត្យទីកើតហេតុផ្ទាល់ថាពិបាកនិងជួយ ដោយឃើញមានភ្លើងឆេះកៅស៊ូទាំងសងខាង។
លោក ស៊ិម ជួន ប្រធានក្រុមប្រឹក្សាស្រុកស្នួលបានឲ្យដឹងបន្ទាប់ពីចុះពិនិត្យផ្ទាល់ ក្រោយទទួលពាក្យបណ្ដឹងរបស់គ្រួសាររងគ្រោះមក បានមានប្រសាសន៍ថា ភ្លើងបានឆេះដំណាំទាំងសងខាង ដែលលោកសន្និដ្ឋានថា ប្រហែលជាទង្វើអ្នកផ្សេង ៖ "នៅជាប់ព្រំចម្ការកូន កង ហ៊ន ហ្នឹងគឺសុទ្ធតែគំនរឈើដែលក្រុមហ៊ុនឈូសទៅគរជាប់និងព្រំតែម្ដង ហើយគំនរឈើនេះស្ងួតហើយក្រៀម ចម្ការនេះជាចម្ការដែលមានដំណាំទៅហើយ តាមយើងសន្និដ្ឋានវាមិនមែនម្ចាស់ចម្ការហ្នឹងទៅដុតទេ បើទៅដុតចម្ការខ្លួនឯង និងចម្ការគេហាក់ដូចជាដុតដំណាំខ្លួនឯង"។
លោក ស៊ិម ជួន ប្រធានក្រុមប្រឹក្សាស្រុកបានបញ្ជាក់បន្ថែមថា លោកកំពុងធ្វើរបាយការណ៍នេះជូនអភិបាលខេត្តដើម្បីជ្រាបដោយអះអាងថា ការឆេះដំណាំកៅស៊ូក្រុមហ៊ុននោះមិនពាក់ព័ន្ធនិងលោក កង ហ៊ន ទេ។
តំណាងក្រុមហ៊ុនស៊ីអាយវី (CIV) មិនបំភ្លឺពីរឿងនេះទេ ដោយគ្រាន់តែប្រាប់ពីអត្តសញ្ញាណវិទ្យុអាស៊ីសេរី ក៏ផ្ដាច់ទូរស័ព្ទភ្លាម។ តំណាងប្រជាពលរដ្ឋ និងអ្នករួមប្រជុំរកច្រកដើម្បីជួយលោក កង ហ៊ន បានឲ្យដឹងថា កង ហ៊ន ធ្លាប់មានជម្លោះយ៉ាងស្រួចស្រាវកន្លងមក ក្នុងការតវ៉ាប្រឆាំងការឈូសឆាយរបស់ក្រុមហ៊ុនទៅលើដីប្រជាពលរដ្ឋ ហើយការចាប់ខ្លួននេះត្រូវបានប្រជាពលរដ្ឋអះអាងថា ជាគំនុំផ្សំ ហើយសន្យាថានៅព្រឹកថ្ងៃទី៤ កុម្ភៈ នឹងនាំគ្នាមកសួរសុខទុកលោក កង ហ៊ន ដែលពេលនេះមិនទាន់ដឹងថាគាត់នៅកន្លែងណានៅឡើយទេ។
មន្ត្រីនៃសមាគមសិទ្ធិមនុស្សអាដហុក បានអះអាងថានឹងធ្វើការស៊ើបអង្កេតលើករណីនេះ ដើម្បីផ្ដល់យុត្តិធម៌ទាំងសងខាង៕