ពល​រដ្ឋ​ក្រចេះ​ចោទ​ប៉ូលិស​ថា​បង្ក​របួស​ស្នាម

លោក លី ខុន អាយុ​៣៤​ឆ្នាំ កសិករ​នៅ​ភូមិ​រកា​ធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បាន​ប្ដឹង​ចោទ​ប្រកាន់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សោប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​ថា​បាន​បង្ក​របួស​ស្នាម​លើ​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ នៅ​ភូមិ​ព្រែក​ជីក ក្នុង​ពិធី​មង្គល​ការ​មួយ។

លោក ងឹម អុន ជា​ឪពុក​ជន​រង​គ្រោះ​បាន​ផ្ដល់​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ថា​រឿង​ហេតុ​វិវាទ​បាន​កើត​ឡើង​រវាង​មិត្តភ័ក្ដិ​របស់​កូន​លោក​ជា​មួយ​ឪពុក​កូន​ក្រមុំ លុះ​កូន​លោក​ទៅ​សួរ​ក៏​ត្រូវ​ប៉ូលិស​វាយ​តែ​ម្ដង ៖ "កូន​ខ្ញុំ​ក៏​ទៅ​សួរ​ថា អា​ភាន​ឯង​កើត​អី​បាន​គេ​វ៉ៃ ឮ​កូន​ខ្ញុំ​សួរ​ប៉ុណ្ណឹង មេ​ប៉ូលិស​ស្ទុះ​កម្រោល​មក​យក​កាំភ្លើង​ខ្លី​ភ្ជង់​វាយ​ក្បាល​បែក​បណ្ដោយ"

លោក ចាន់ សុកុល នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សោប​បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នោះ ដោយ​អះអាង​ថា លោក​ជា​មន្ត្រី​ប៉ូលិស​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ៖ "អត់​មាន​ការ​វាយ​តប់​អី​ទេ មាន​តែ​ភាព​ច្របូក​ច្របល់ ខ្ញុំ​ទៅ​ដល់​ពួក​វា​រត់​មក​រញ៉េរញ៉ៃ​ផ្អើល​ពេញ​រោង​ការ ប្រជា​ជន​ចូល​រួម​គេ​ដឹង​ឮ​តែ​ម្ដង មាន​គេ​ឃើញ​ថា​វា​ហ្នឹង​មក​វាយ​ប៉ូលិស​ខ្ញុំ​ទៀត"

ក្នុង​លិខិត​បណ្ដឹង​របស់​ជន​រង​គ្រោះ មាន​ភ្ជាប់​ស្នាម​មេ​ដៃ​សាក្សី​ចំនួន ៤៣​នាក់ បញ្ជាក់​ថា​បាន​ឃើញ​សកម្ម​ភាព​ដូច​ការ​ចោទ​ប្រកាន់​នោះ ដែល​លោក ហ៊ុំ យ៉ិត សាក្សី​ម្នាក់​បាន​ឃើញ​ផ្ទាល់​អះអាង​ថា ពិត​ជា​មាន​រឿង​ដូច​ការ​ចោទ​ប្រកាន់​មែន ៖ "យក​កាំភ្លើង​ខ្លី​វ៉ៃ​ក្បាល​ចំហៀង​ខាង​ឆ្វេង វ៉ៃ​លើ​ជន​រង​គ្រោះ​ឈ្មោះ ខុន ហ្នឹង​អត់​មាន​មូលហេតុ​អី​ទេ"

អ្នក​ស្រី ធីម ណារីន មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ផ្ដល់​សម្ភាសន៍​ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ថា យោង​តាម​ការ​ស៊ើប​អង្កេត សាក្សី​ជា​ច្រើន​បាន​បង្ហាញ​ថា ប៉ូលិស​ប៉ុស្តិ៍​បាន​យក​កាំភ្លើង​វាយ​ក្បាល​ជន​រង​គ្រោះ អ្នក​ស្រី​បាន​ដាក់​ពាក្យ​អន្តរាគមន៍​ជូន​លោក​ស្នងការ​ឲ្យ​ផ្ដល់​ភាព​យុត្តិធម៌ ៖ "ចង់​ឲ្យ​លោក​ស្នង​ការ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​របាយ​ការណ៍​របស់​អធិការ​ស្រុក ដែល​រក​ឃើញ​ក៏​ដូច​ជា​របាយ​ការណ៍​របស់​អាដហុក ដែល​បាន​រក​ឃើញ វា​មាន​ការ​ផ្ទុយ​គ្នា មាន​វិធាន​ការ​យ៉ាង​ណា​ធ្វើ​ឲ្យ​បុគ្គល​រូប​ហ្នឹង​ក្លាយ​ជា​ទី​ស្រឡាញ់ និង​ជា​ទី​គោរព និង​មាន​ទំនុក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ហ្នឹង"

របាយ​ការណ៍​របស់​លោក​អធិការ​ស្រុក​បាន​បំភ្លឺ​ថា លី ខុន ជា​មួយ​ក្រុម​ទំនើង ៧-៨​នាក់ បាន​អុក​ឡុក​ពិធី​ការ​នា​យប់​នោះ ហើយ​បាន​វាយ​ទៅ​លើ​ប៉ូលិស​ទៀត​ផង តែ​ក្បាល លី ខុន អាច​ប៉ះ​នឹង​ខ្នោះ​ដែល​ប៉ូលិស​ចូល​ទៅ​អន្តរាគមន៍ ក្នុង​ពេល​ច្របូក​ច្របល់​នោះ គឺ​មិន​មែន​កាំភ្លើង​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​សុំ​ការ​ផ្ដល់​យុត្តិធម៌​ទាំង​សង​ខាង៕