សាក្សី​បញ្ជាក់​ថា​ពិត​ជា​មាន​ផែនការ​ក្បត់​ដោយ​ធ្វើ​រដ្ឋ​ប្រហារ​អង្គការ​របប​កម្ពុជា​ប្រជាធិបតេយ្យ

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បន្ត​ធ្វើ​សវនាការ​ស្ដាប់​សាក្សី សែម ហឿន ហៅ សែម គីម ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២២ មិថុនា។ សាក្សី​រូប​នេះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​លត់​ដំ​នៅ​ការដ្ឋាន​ធ្វើ​វាល​យន្តហោះ​ខេត្ត​ កំពង់ឆ្នាំង ដោយសារ​តែ​ជាប់​ពាក់ព័ន្ធ​ផែនការ​ក្បត់​នឹង​អង្គការ​របប​កម្ពុជា​ ប្រជាធិបតេយ្យ។

សាក្សី សែម ហឿន ដែល​ជា​អតីត​យោធិន​នៅ​កងពល​លេខ​៣១០ នៃ​កងទ័ព​ខ្មែរ​ក្រហម បាន​បញ្ជាក់​ជូន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នៅ​ថ្ងៃ​ទី​២២ មិថុនា ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពិត​ជា​មាន​ផែនការ​ក្បត់​ដោយ​ធ្វើ​រដ្ឋ​ប្រហារ។

សាក្សី សែម ហឿន បញ្ជាក់​ទៀត​ថា លោក​ត្រូវ​បាន​មេ​បញ្ជាការ​កងពល​លោក ឈ្មោះ អឿន បញ្ជា​ឲ្យ​ដឹក​នាំ​កម្លាំង​មួយ​កងអនុសេនាតូច និង​ដឹក​អាវុធ​យក​ទៅ​លាក់​នៅ​ខេត្ត​កំពង់ចាម ក្នុង​ភូមិភាគ​បូព៌ា ដើម្បី​ត្រៀម​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «គឺ​ខ្ញុំ​បាន​ដឹក​ទៅ​ដល់​កំពង់ចាម ខ្ញុំ​បាន​ប្រគល់​ទៅ​គណៈ​តំបន់​ឈ្មោះ តុល តែ​គេ​យក​ទៅ​ទុក​កន្លែង​ណាៗ គឺ​ខ្ញុំ​អត់​បាន​ដឹង​ដែរ។ ខ្ញុំ​ដឹក​ទៅ​ហ្នឹង គឺ​ខ្ញុំ​ចាំ​រយៈ​មួយ​ខែ បាន​វា​បែក​ការ​ទៅ​បាន គេ​ចាប់​ឈ្មោះ អឿន ហ្នឹង​ទៅ​ក៏​ដាច់​រយៈ​គ្នា​ទៅ។ ខ្ញុំ​បាន​ដឹក​នាំ​ចប់​សព្វគ្រប់​រហូត​ទាល់​តែ​គេ​ចាប់​ខ្លួន​គាត់ ដាច់​ខ្សែ​រយៈ​គ្នា ក៏​បំបែក​គ្នា​ទៅ»

លោក​ថ្លែង​ទៀត​ថា មេ​បញ្ជាការ​កងពល​លោក ឈ្មោះ អឿន បាន​លួច​បង្កើត​កម្លាំង​កងទ័ព​សម្ងាត់​ដោយ​មាន​ឈ្មោះ​ថា ខ្មែរ​ស នៅ​ក្នុង​កងពល​៣១០ នោះ។ ប៉ុន្តែ​ផែនការ​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវ​វាយ​កាន់​កាប់​វាល​យន្តហោះ​ពោធិ៍ចិនតុង នៅ​ពេល​នោះ ត្រូវ​បែក​ការ ហើយ​មេ​បញ្ជាការ​កងពល​របស់​លោក​ឈ្មោះ អឿន ត្រូវ​ចាប់​ខ្លួន។

លោក សែម ហឿន មិន​បាន​ដឹង​ថា ចលនា​ប្រឆាំង​នោះ​កើត​មាន​តាំង​ពី​ពេល​ណា​ទេ គ្រាន់​តែ​ដឹង​ថា ត្រូវ​ធ្វើ​សកម្មភាព​នៅ​ឆ្នាំ​១៩៧៧ ដើម្បី​គេច​ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «ផែនការ គឺ​ផែនការ​តែ​មួយ ខាង​បូព៌ា គឺ​ផ្ទុះ​នៅ​បូព៌ា ភូមិភាគ​ឧត្ដរ គឺ​ផ្ទុះ​តាម​ភូមិភាគ​ឧត្ដរ។ ខ្ញុំ​អត់​ក្ដាប់​បាន​ពី​គាត់​រៀបចំ​ផែនការ​ពី​ដំណាក់​កាល​ណា​មក គឺ​ខ្ញុំ​អត់​បាន​ដឹង​ទេ។ គាត់​ដឹក​នាំ​គ្រាន់​តែ​ប្រាប់​ថា យើង​រស់នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​នៅ​មិន​បាន​ទេ។ យើង​ត្រូវ​តែ​រើ​បម្រះ​ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ទើប​យើង​បាន​រស់។ អ៊ីចឹង មាន​តែ​យើង​បង្កើត​របប​មួយ យើង​សើរើ ហើយ​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ខ្ញុំ​បាន​ដឹង​តែ​ប៉ុណ្ណឹង»

លោក​ឲ្យ​ដឹង​ថា លោក​បាន​រួច​ពី​ការ​ចាប់​ខ្លួន ដោយសារ​តែ​លោក​ដូរ​ប្រវត្តិរូប និង​ដូរ​ទី​កំណើត។ លោក​ប្រាប់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា ថា មេ​កងពល​៣១០ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​រៀបចំ​ផែនការ​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​នៅ​អគារ​ខាង​ត្បូង​មន្ទីរពេទ្យ​ព្រះកេតុមាលា និង​ខាង​ជើង​វត្តភ្នំ។

សាក្សី​រូប​នេះ​បន្ត​ថា លោក​ក៏​ធ្លាប់​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កងពល​លេខ​៣១០ នោះ​ដែរ។ ប៉ុន្តែ​លោក​មិន​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ប្រជុំ​នៅ​ពេល​នោះ​ទេ។ លោក សែម ហឿន ថ្លែង​ថា ក្រោយ​ពេល​មេ​បញ្ជាការ​ឈ្មោះ អឿន ត្រូវ​ចាប់​ខ្លួន យុទ្ធជន​នៅ​ក្នុង​កងពល​នោះ ក៏​ចោទ​ប្រកាន់​ថា​ជាប់​និន្នាការ​ក្បត់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការងារ​លត់​ដំ​នៅ​ការដ្ឋាន​សង់​វាល​យន្តហោះ​ ខេត្ត​កំពង់ឆ្នាំង ដូច​សាក្សី​មុនៗ​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ដែរ។ ការ​ផ្ដល់​សក្ខីកម្ម​របស់​សាក្សី សែម ហឿន នៅ​មិន​ទាន់​ចប់​ទេ ហើយ​លោក​នឹង​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​បន្ត​នៅ​ថ្ងៃ​អង្គារ ទី​២៣ មិថុនា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។