លោក សម រង្ស៊ី ចាត់​ទុក​ថ្ងៃ​៧​មករា​ថា​ជា​ឆាក​ល្ខោន​ដែល​វៀតណាម​រៀបចំ

0:00 / 0:00

ទិវា​ជ័យជម្នះ​លើ​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៧ មករា កាល​ពី​ឆ្នាំ​១៩៧៩ ដែល​គណបក្ស​ប្រជាជន​កម្ពុជា យក​ធ្វើ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជា​ដរាប​មក នៅ​តែ​មិន​មាន​ឯកភាព​គ្នា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​កម្ពុជា។ គណបក្ស​ប្រជាជន​កម្ពុជា ថា​ថ្ងៃ​នេះ​ជា​របស់​កម្ពុជា ឯ​បក្ស​ប្រឆាំង​ថា ថ្ងៃ​នេះ​ជា​របស់​វៀតណាម។

លោក សម រង្ស៊ី ចេញ​សារ​ចាត់​ទុក​អត្ថន័យ​ថ្ងៃ​៧ មករា ដែល​គណបក្ស​ប្រជាជន​កម្ពុជា យក​ជ័យជម្នះ​លើ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩ ថា​ជា​ឆាក​ល្ខោន​ដែល​វៀតណាម រៀបចំ​ទាំងអស់។

សារ​របស់ លោក សម រង្ស៊ី គឺ​ធ្វើ​ឡើង​តាម​រយៈ​ហ្វេសប៊ុក (Facebook) របស់​លោក ស្រប​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រារព្ធ​ទិវា​ជ័យជម្នះ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​លើ​របប​ខ្មែរ​ក្រហម ប៉ុល ពត ខួប​លើក​ទី​៣៧ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។

ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣៧ នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ការពារ​ថ្ងៃ​៧ មករា ជា​បន្ត​ទៀត ហើយ​បន្ត​ចាត់​ទុក​អ្នក​ប្រឆាំង​ទិវា ៧ មករា ថា​ជា​អ្នក​ស្រឡាញ់​របប​ប្រល័យ​ពូជ​សាសន៍៖ «ខ្ញុំ​សូម​បញ្ជាក់​ថា ៧ មករា គឺ​ជា​របស់​ប្រជាជន​កម្ពុជា គ្រប់​រូប​ដែល​ចង់​រស់ ហើយ​មិន​ចង់​ស្លាប់​ក្រោម​ក្រញាំ​បិសាច​របស់ ប៉ុល ពត។ ដូច្នេះ មាន​តែ​ពួក ប៉ុល ពត និង​សម្ព័ន្ធ​មិត្ត​របស់​ពួក ប៉ុល ពត ប៉ុណ្ណោះ ដែល​ប្រឆាំង​នឹង ៧ មករា។ យើង​ត្រូវ​រួម​គ្នា​ការពារ ៧ មករា ជា​បន្ត​ទៀត»

សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី អម​ដោយ​គំនូរ​រូប​ជនជាតិ​វៀតណាម ពាក់​មួក​ដួន​កំពុង​ដុត​ផ្ទះ​ផង និង​ពន្លត់​ភ្លើង​ផង​នោះ បាន​សរសេរ​សេចក្ដី​បញ្ជាក់​ថា ថ្ងៃ​៧ មករា ១៩៧៩ គឺ​ជា​ឆាក​ល្ខោន​ដែល​យួន បាន​រៀបចំ​ទាំងអស់។ លោក សម រង្ស៊ី សរសេរ​ថា គេ​មក​រំដោះ​យើង​ពី​ខ្មែរ​ក្រហម តែ​បើ​អត់​មាន​យួន​កុម្មុយនិស្ត​ពី​ដើម​ទី ក៏​អត់​មាន​ខ្មែរ​ក្រហម​ដែរ។ ឥឡូវ​នេះ​គេ​ថា បើ​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ។ សារ​របស់​លោក​បន្ត​ថា បើ​គ្មាន​ថ្ងៃ​១៧ មេសា ១៩៧៥ ជា​ថ្ងៃ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ទេ ក៏​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ដែរ។ ហើយ​បើ​គ្មាន​ពួក​កុម្មុយនិស្ត​យួន ជួយ​ពួក​ខ្មែរ​ក្រហម​ក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ក៏​គ្មាន​ថ្ងៃ​១៧ មេសា ១៩៧៥ ដែរ។ ដូច្នេះ មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ក្នុង​រយៈពេល​ជិត ៥០​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​ការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​កុម្មុយនិស្ត ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ។

ថ្វី​បើ​រហូត​មក​ដល់​ពេល​នេះ តែង​តែ​មាន​អ្នក​នយោបាយ​ខ្លះ​ប្រឆាំង​នឹង​ការ​ប្រារព្ធ​ទិវា ៧ មករា ក្ដី ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា អ្នក​ទាំង​នោះ​មិន​អាច​ផ្លាស់ប្ដូរ​កម្ពុជា បាន​ដែរ៖ «ទោះ​បី​នៅ​មាន​ក្រុម​អ្នក​នយោបាយ និង​មជ្ឈដ្ឋាន​អគតិ​មួយ​ចំនួន ព្យាយាម​មួលបង្កាច់​ឥត​ឈប់​ឈរ​នូវ​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ថ្ងៃ​៧ មករា យ៉ាង​ណា​ក្ដី ក៏​ពួក​គេ​ពុំ​អាច​ធ្វើ​ឲ្យ​សភាពការណ៍​កម្ពុជា ផ្លាស់ប្ដូរ​បាន​ឡើយ ព្រោះ​ថា ៧ មករា គឺ​ជា​របស់​ប្រជាជន ហើយ​អ្វីៗ​ដែល​ពួក​គេ​បាន​ធ្វើ គឺ​ផ្ទុយ​ពី​ឆន្ទៈ និង​ផល​ប្រយោជន៍​របស់​ប្រជាជន»

ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា រំឭក​ខួប​ជ័យជម្នះ​លើ​របប​ខ្មែរ​ក្រហម​លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦ នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មួយ​ដែរ។ សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា ជ័យជម្នះ​របស់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​កត់​សម្គាល់​អំពី​ការ​រំដោះ​ទីក្រុង​ភ្នំពេញ​ពី​របប​ខ្មែរ​ក្រហម ជា​របប​មួយ​ដែល​គេ​មើល​ឃើញ​ច្បាស់​ថា ស្ថិត​ក្នុង​ចំណោម​របប​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ជ័យជម្នះ​លើ​ពួក​ខ្មែរ​ក្រហម គឺ​ជា​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា ទាំងអស់។ ស្ថានទូត​សហរដ្ឋ​អាមេរិក បន្ត​ថា ថ្ងៃ​នេះ​យើង​សូម​សម្ដែង​ទុក្ខ​សោក​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស​ជិត ២​លាន​នាក់ និង​ការ​ខ្ចាត់​ព្រាត់​នៅ​ក្នុង​ជីវិត​មនុស្ស​ជាច្រើន​ទៀត។ ក្នុង​នាម​ជា​មិត្ត​របស់​ប្រជាជន​កម្ពុជា បំណង​ដ៏​មុតមាំ​របស់​យើង គឺ​ចង់​ឃើញ​ប្រជាជន​កម្ពុជា ក្នុង​គ្រប់​ជំនឿ​ទាំងអស់ បន្ត​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​កសាង​អនាគត​មួយ​ដែល​មាន​វិបុលភាព និង​ប្រជាធិបតេយ្យ​កាន់​តែ​ច្រើន​ឡើង។

ការ​កត់​សម្គាល់​លើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្ងៃ​៧ មករា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ព្រឹត្តិការណ៍​មាន​ទិស​ផ្ទុយ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ប្រឆាំង ជាពិសេស គឺ​ក្រុម​អ្នក​ប្រឆាំង​នឹង​ឥទ្ធិពល​វៀតណាម។ ទោះ​បី​ជា​សច្ចភាព​មាន​នៅ​ចំ​ថ្ងៃ​ទី​៧ ខែ​មករា ដូច​គ្នា​ក្ដី ក៏​អ្នក​គាំទ្រ​ចាត់​ទុក​ថា ជា​ថ្ងៃ​កំណើត​ប្រជាជន​កម្ពុជា លើក​ទី​ពីរ។ រីឯ​អ្នក​ប្រឆាំង ចាត់​ទុក​ថ្ងៃ​នេះ​ថា ជា​ថ្ងៃ​ដែល​វៀតណាម ឈ្លាន​ពាន និង​ត្រួតត្រា​ប្រទេស​កម្ពុជា អស់​រយៈពេល ១០​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។