ប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលរស់នៅក្រៅប្រទេស រួមមានសហរដ្ឋអាមេរិក (United States) និងប្រទេសកាណាដា (Canada) ជាដើម មិនចាប់អារម្មណ៍ ចំពោះការស្លាប់របស់អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នោះឡើយ។ ពួកគេថា ទោះបីជាបានមករស់នៅក្រៅប្រទេសក្ដី ក៏ពួកគាត់នៅតែចងចាំជានិច្ចពីសោកនាដកម្មក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ចំណែកសហគមន៍ព្រះសង្ឃខ្មែរសាជីវកម្មនៅអូស្ត្រាលី (Australia) និងនូវែលហ្សេឡង់ (Newzealand) ក៏បានចេញសេចក្ដីថ្លែងការណ៍រំលឹកពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងនោះក៏មានអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ផងដែរ។
ពលរដ្ឋនៅក្រៅប្រទេស បានប្រាប់អាស៊ីសេរីស្រដៀងគ្នាថា ការស្លាប់របស់អតីតមេគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅ ឌុច នេះ គឺគ្មានអ្វីគួរឲ្យសោកស្ដាយទេ ពីព្រោះអតីតមេគុករូបនេះ ធ្វើអំពើបាបកម្មច្រើនណាស់នៅពេលមានអំណាច។ ពលរដ្ឋទាំងនោះសោកស្ដាយ ដែលក្រោយពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមមកការបន្សល់ទុកក្នុងសង្គមបច្ចុប្បន្ន គឺភាពមិនទុកចិត្តគ្នា និងចរិតកាចសាហាវឃោរឃៅដែលរហូតមកដល់ពេលនេះ ក៏នៅមានមនុស្សខ្លះ ដែលមានអំណាចមានបុណ្យសក្ដិខ្ពស់បន្តប្រព្រឹត្តអំពើហិង្សាគាបសង្កត់ និងធ្វើបាបដល់អ្នកខ្សត់ខ្សោយ។
ប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅក្នុងរដ្ឋនូតការ៉ូឡាយណា (North Carolina) លោក សំ ផុល អាយុ ៨៦ឆ្នាំមានប្រសាសន៍ថា គ្រប់ៗ គ្នាដែលលោកស្គាល់គ្មាននរណាម្នាក់ស្ដាយស្រណោះការស្លាប់របស់ ឌុច ទេ។ លោកបន្តថា ទោះបីជាលោកមិនដែលស្គាល់ ឌុច ក៏ពិតមែនតែគេនៅតែចងចាំកេរ្តិ៍ឈ្មោះដ៏អាសោចរបស់បុគ្គលនេះ ទោះបីជាស្លាប់ទៅហើយក្ដី៖ « កាត់ទោសនេះដូចជាមិនអស់ចិត្តខ្ញុំ តាមការដែលគាត់ធ្វើអំពើរបស់គាត់ច្រើន ហើយកាត់ទោសដាក់គុកមួយជីវិតនេះដេកក៏ស្រួលស៊ីក៏ស្រួលទៀត ហើយកាលដែលគេធ្វើបាបយើង ខ្ញុំនៅជំនាន់ខ្មែរក្រហមវេទនាណាស់។ គេថាអហោសកម្ម ប៉ុន្តែខ្ញុំថាអ្នកធ្វើអាក្រក់អត់ទេ ធ្វើម៉េចសងមិនរួចទេ គឺគាត់ត្រូវទទួលផលកម្មនៅឋាននរកទៀត។ អាប៉តរួចហើយឥឡូវនៅអាក្រោយនេះទៀត មិនអស់មិនហើយទេ » ។
ទាក់ទងនឹងការស្លាប់របស់អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នេះ សហគមន៍ក្រុមប្រឹក្សាព្រះសង្ឃខ្មែរសាជីវកម្មនៅអូស្ត្រាលី (Australia) និងនូវែលហ្សេឡង់ (Newzealand) កាលពីថ្ងៃទី៣ ខែកញ្ញាក៏បានចេញសេចក្ដីថ្លែងការណ៍រួមមួយ រំលឹកពីភាពឃោរឃៅសាហាវអមនុស្សធម៌ទៅលើពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម ដែលបណ្ដាលឲ្យមនុស្សស្លាប់ជិត ២លាននាក់ក្នុងនោះក៏មានអ្នកទោសជាង ១ម៉ឺន ២ពាន់នាក់ ដែលមានជនបរទេសផងដែរត្រូវបានធ្វើទារុណកម្ម និងសម្លាប់នៅក្នុងគុកទួលស្លែង។ សេចក្ដីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា របបប្រល័យពូជសាសន៍នេះ ក៏បានលុបបំបាត់សាសនាផ្សឹកព្រះសង្ឃ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់រងទុក្ខវេទនា ដែលអំពើយង់ឃ្នងនេះមិនអាចបំភ្លេចបានឡើយ។
ស្រដៀងគ្នានេះដែរពលរដ្ឋខ្មែររស់នៅប្រទេសបារាំងអ្នកស្រី ងួន ម៉ារីគ្រិស្ទីន មានប្រសាសន៍ថា សោកនាដកម្មក្នុងរបបខ្មែរក្រហមនេះ តែងតែលងអ្នកស្រីជានិច្ច ពីព្រោះអ្នកស្រី ត្រូវបាត់បង់សមាជិកក្រុមគ្រួសារជាច្រើន រួមទាំងឪពុកម្ដាយផង។ អ្នកស្រីក៏បានរំលឹកពីមិត្តភ័ក្ត្រដែលត្រូវបានធ្វើទារុណកម្មយ៉ាងឃោរឃៅនៅគុកទួលស្លែងរហូតដល់ស្លាប់៖ « ខ្ញុំមានមិត្តភក្ត្រជាប់គុកក្នុងទួលស្លែង ដែលមានឌុច គាត់ជាមេគុក គាត់ធ្វើបាបប្រជាពលរដ្ឋខ្លាំងណាស់ រហូតដល់ស្លាប់។ អ្នកខ្លះគ្នាឃ្លានពេក ស៊ីកន្លាត ស៊ីកណ្ដុរដោយលួចលាក់ទៀត។ ឥឡូវនេះគាត់ស្លាប់ទៅហើយយើង ក៏បានធូរចិត្តបន្តិចដែរ ប៉ុន្តែទុក្ខព្រួយនៅតែមានជាប់ក្នុងខ្លួនជានិច្ច » ។
ចំណែកពលរដ្ឋខ្មែររស់នៅក្នុងក្រុងម៉ុងរេអាល់ (Montreal) ប្រទេសកាណាដាវិញ អ្នកស្រី មន្តដា មាស ឲ្យដឹងផងដែរថា ទោះបីជា ឌុច ស្លាប់ក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះអាក្រក់របស់ ឌុច គ្មាននរណាអាចបំភ្លេចបានឡើយ។ អ្នកស្រីបន្តថា វិនាសកម្ម និងភាពឈឺចាប់ទាំងនោះនៅតែបន្សល់ទុករហូតមកដល់សព្វថ្ងៃ៖ « កាំង ហ្គេកអ៊ាវ ផលកម្មគាត់ឲ្យទទួលទៅ។ គ្រាន់តែយើងមានការឈឺចាប់ដែលខ្មែរទាំងអស់គ្នា ត្រូវទទួលវិនាសកម្មដោយសារគាត់បានចូលរួមក្នុងគំនិតជាមួយពួកមិនល្អ។ សោកនាដកម្មខ្មែរយើងមិនអាចអនុគ្រោះឲ្យបានទេ ប៉ុន្តែជីវិតគាត់គឺគាត់ទទួលទៅអហោសិកម្មឲ្យគាត់ទៅ។ ប៉ុន្តែការឈឺចាប់ និងការចងចាំ គឺនៅតែមានអ៊ីចឹង គឺមិនអាចភ្លេចបានទេ » ។
ចំណែកលោក យប គឹមតឹង ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀត រស់នៅក្នុងរដ្ឋវឺហ្យីណា វិញ ក៏បានប្រាប់អាស៊ីសេរីផងដែរថា លោកនៅចងចាំជានិច្ចកាលពីសម័យខ្មែរក្រហមដែលក្រុមគ្រួសាររបស់លោកត្រូវរងទុក្ខវេទនា រស់នៅព្រាត់ប្រាសគ្នា គ្មានអ្វីបរិភោគ និងបង្ខំឲ្យធ្វើការធ្ងន់រហូតដល់សមាជិកក្រុមគ្រួសារជាច្រើនត្រូវបាត់បង់ជីវិត៖ « នេះ គឺរំលឹកយើងពីសម័យខ្មែរក្រហមម្ដងទៀត។ ខ្ញុំវេទនាមែនទែន។ ខ្ញុំក្រឡេកទៅក្រោយមិននឹកស្មានថា ជាប្រទេសមួយឃោរឃៅជម្លៀសពលរដ្ឋខ្លួនឯងអត់បានអត់ទឹកឈឺថ្កាត់ និងស្លាប់ច្រើន។ យើងបានកាត់ទោសគាត់ហើយ ឲ្យជាប់ទោសមួយជីវិត គឺយើងអស់ចិត្តម្ល៉ោះហើយ ពេលគាត់ស្លាប់នេះខ្ញុំអត់ស្ដាយទេ » ។
បន្ថែមពីនេះ សកម្មជននយោបាយម្នាក់នៃគណបក្សសង្គ្រោះជាតិ លោក ម៉ោញ សារ៉ាត ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកាណាដា ក៏បានលើកឡើងថា មិនថាតែអ្នកដឹកនាំប្រទេសជាតិ ឬប្រជាពលរដ្ឋសាមញ្ញនោះទេ គឺម្នាក់ៗគួរតែធ្វើអំពើល្អ ចំពោះអ្នកដទៃ ព្រោះគ្មាននរណាមានជីវិតអមតទេ។ ដូចនេះ នៅពេលស្លាប់ទៅគួរតែរក្សាកេរ្តិ៍ឈ្មោះឲ្យបានល្អជៀសវៀងស្លាប់ទៅហើយនៅតែគេដាក់បណ្ដាសាទៀត៖ « ខ្ញុំក៏ចង់រំលឹកដល់អ្នកនយោបាយផ្សេងទៀតហ្នឹង គិតគូរអំពីថាតើខ្លួនបានកសាងអ្វីខ្លះ ? ថ្ងៃនេះគេអាចត្រេកអរចំពោះការស្លាប់របស់មនុស្ស ដែលធ្លាប់មានកេរ្តិ៍ឈ្មោះអាសោចក្នុងការបំផ្លិចបំផ្លាញជាតិរបស់ខ្លួនឯង ក៏ប៉ុន្តែយើងមិនចង់ឲ្យការស្លាប់របស់បុគ្គលណាមួយ ទៅជាការចំអកទេ គឺយើងគ្រប់គ្នាកសាងអំពើល្អ ពីព្រោះក្រោយការស្លាប់របស់យើងហ្នឹងគឺកេរ្តិ៍ឈ្មោះតែម្តង » ។
ទាំងពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេសគ្មាននរណាម្នាក់សំដែងការសោកស្ដាយចំពោះការស្លាប់របស់ ឌុច នោះ ប៉ុន្តែពួកគេបែរជានាំគ្នារំលឹកពីអនុស្សាវរីយ៍ឈឺចុកចាប់ និងភាពវេទនាក្នុងរបបខ្មែរក្រហមទៅវិញ។ ពលរដ្ឋជាច្រើនក៏បាននាំគ្នាបង្ហោះសារតាមហ្វេសប៊ុក ដោយខ្លះសរសេររំលឹកពីភាពវេទនាក្នុងសម័យខ្មែរក្រហម ហើយខ្លះទៀតថា ចង់រំលឹកថា ការស្លាប់របស់ ឌុច នេះ គឺជាគំរូដល់ជនមានអំណាច ដែលប្រព្រឹត្តអំពើអាក្រក់ឃោរឃៅលើប្រជាពលរដ្ឋខ្លួនឯង។ ដូចនេះ គ្មានពលរដ្ឋណាអាណិតអាសូរ និងស្ដាយស្រណោះបុគ្គលនោះឡើយនៅពេលស្លាប់ទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។