ទស្សនៈ​ពលរដ្ឋ​ ជុំវិញ​ការ​ស្លាប់​អតីត​មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេចអ៊ាវ ហៅ ​ឌុច​

ដោយ អាស៊ីសេរី
2020-09-02
Share
កាំង ហ្កេកអ៊ាវ ហៅ ឌុច ២០១៦ ៨៥៥ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC
Photo courtesy of ECCC

ពលរដ្ឋ​ខ្លះ ឱ្យ​ដឹង​ថា​ ពួក​គាត់​គ្មាន​ការ​សោក​ស្ដាយ​ចំពោះ​មរណភាព​អតីត​មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេចអ៊ាវ ហៅ​ឌុច​ ឡើយ។ ពួកគេ​យល់​ថា ឌុច កាល​នៅ​មាន​​អំណាច​ ជា​មនុស្ស​កំណាច ឃោរ​ឃៅ ដូច្នេះ​​ការ​ស្លាប់​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​​នេះ គ្មាន​តម្លៃ​គួរ​ឲ្យ​ស្រណោះ​​ទេ គឺ​មាន​តែ​ ​បន្សល់​ទុក​​កេរ្តិ៍​ឈ្មោះ​អសោច។

ភរិយា​របស់​ជនរងគ្រោះ​ក្នុង​​​គុក​ទួល​ស្លែង​ លោក វ៉ាន់ ណាត គឺ​ លោកស្រី គិត អេង ប្រាប់​ថា លោក​ស្រី​ មាន​អារម្មណ៍​ធូរ​ស្បើយ​ក្នុង​ចិត្ត​មួយ​កម្រិត​ទៀត​ នៅ​ពេល​លឺ​ថា ឌុច ស្លាប់ ព្រោះ ឌុច ជា​អ្នក​បញ្ជា​ឲ្យ​ឆ្មាំ​គុក​នៅ​​ទួល​ស្លែង ធ្វើ​ទារុណ​កម្ម​​​បែប​ព្រៃផ្សៃ​ លើ​ប្ដី​​លោកស្រី កាល​នៅ​មាន​ជីវិត និង ​ជន​រង​គ្រោះ​ដទៃ​ទៀត​ក្នុង​មន្ទីរ​ស​២១៖ «មាន​អី អ៊ុំ មាន​ការ​ធូរ​ចិត្ត គ្រាន់​តែ​នឹក​ឃើញ​ថា មនុស្ស​អាក្រក់​វា​មិន​ដែល​នៅ​ឋិតថេរ​។ គាត់​សាង​អាក្រក់ គាត់​ទទួល​អាក្រក់។ អ៊ុំ មាន​ការ​ឈឺ​ចាប់ ចាប់​គាត់​យក​ទៅ​ធ្វើ​បាប​គាត់ ឆក់​ខ្សែ​ភ្លើង សួរ​ចម្លើយ​គាត់ ចង​មុខ​ចង​មាត់​គាត់ យក​មក​ភ្នំពេញ​ហ្នឹង ​ពី​បាត់​ដំបង។ គាត់​(ឌុច) ឃោរឃៅ​ដែរ ព្រោះ​​នៅ​លើ​គាត់​ជា​អ្នក​សម្រេច​។ ស្អីៗ​នៅ​លើ​គាត់ តែ​អា​ហ្នឹង​អ៊ុំ​ អត់​ដឹង​ទេ លឺ​តែ​គ្រួសារ​(ប្ដី)​អ៊ុំ គាត់​​និយាយ​ប្រាប់​ អ៊ុំ តែ​ប៉ិន​ហ្នឹង គឺ​ថា អ្វីៗ ស្រេច​លឺ​ឌុច​ហើយ បើ​ឌុច​ ត្រូវ​សម្លាប់​ គឺ​សម្លាប់​ហើយ បើ​ទុក គឺ​ទុក​ហើយ។ អ៊ុំ មាន​បងស្រី​មួយ​ ត្រូវ​គេ​ធ្វើបាប​ រំលោភ​លើ​គ្នា ប្រាំមួយ ប្រាំ​ពីរ​នាក់ ហើយ​សម្លាប់​ចោល​ទៀត»

ស្រដៀង​គ្នា​នេះ ជន​រងគ្រោះ​ជាប់​គុក​ ក្នុង​​សម័យ​ខ្មែរ​ក្រហម​ម្នាក់​ទៀត នៅ​គុក​​​ស្វាយឃ្លាំង​ ស្រុ​ក្រូចឆ្មារ ខេត្ត​កំពង់ចាម​ គឺ​​ លោក នោ មីន អះអាង​ថា លោក​បាន​តាមដាន​សវនាការ ឌុច នៅ​សាលាក្ដី​ខ្មែរក្រហម​រហូត និង​យល់​ថា ឌុច ជា​​បញ្ញវន្ត​មាន​ចិត្ត​ឃោរឃៅ​​ ​ដូច្នេះ​ លោក​ មិន​សោកស្ដាយ​ ចំពោះ​ការ​ស្លាប់​របស់ ឌុចឡើយ។ ប៉ុន្តែ ​លោក​សោក​ស្ដាយ​ចំពោះ ឌុច ដែល​​មិន​ព្រម​និយាយ​ការពិត​​ឲ្យ​អស់​កាល​នៅ​មាន​ជីវិត៖ «សោកស្ដាយ​ដែរ ព្រោះ​ថា សាក្សី​នៅ​រស់​ប្រញាប់​ទៅ​ពេក លាចាក​លោក។ បើ​សិន​ជា​នៅ​សិន យើង​ចាំ​​នេះ​ ប៉ុន្តែ​គាត់​កាត់​ក្ដី​រួច​ហើយ​ មិន​ដឹង​ធ្វើ​ម្ដេច​។ ប៉ុន្តែ​នៅ​រស់​ គាត់​ជា​មេ​ឃាតក មេ​គុក ហ្នឹង យើង​ចង់​និយាយ​ថា គាត់​នៅ​បញ្ជា​របស់ ​លោក ខៀវ សំផន លោក នួន ជា និង​លោក​ អៀង សារី ដែរ​ណា លោក ស៊ុន សេន​ ដែរ។ ដល់​អ៊ីចឹង​ទៅ​ធ្វើ​ម្ដេច នៅ​ជំនាន់​ហ្នឹង យើង​ទៅ​បន្ទោស​ថា យ៉ាង​ម្ដេច​? គាត់​សារភាព​ដែរ​ នៅ​កន្លែង​សាលាក្ដី​ខ្មែរ​ក្រហម​ ខ្ញុំ​បាន​ចូលរួម​ដែរ​ គាត់​បាន​សារភាព​ហើយ។ ប៉ុន្តែ​ល្បិច​គាត់​ខ្ពស់​ដែរ កល​ល្បិច​គាត់​ខ្ពស់​ដែរ គាត់​ធ្វើ​ជា​យំ គាត់​អង្គុយ​សោកស្ដាយ​គាត់​ណា។ ស្ដាយ​គាត់​អ៊ីចឹង ស្ដាយ​ថា គាត់​ជា​អ្នក​ចេះ​ដឹង​ម្នាក់​ដែរ គាត់​ជា​គ្រូ​បង្រៀន​ម្នាក់​ដែរ មិន​គួរ​ណា មក​ធ្វើ​អ៊ីចឹង​ទេ​ណា»

ចំណែក​យុវជន​ជំនាន់​ក្រោយ​ក៏​ហាក់​មិន​​ស្ដាយ​ស្រណោះ ឌុច​ ដែរ។ ពួកគេ ​​យល់​ថា មេ​គុក​ទួលស្លែង​ម្នាក់​​នេះ ជា​មនុស្ស​សាហាវ​ បាត​ដៃ​ប្រឡាក់​ឈាម ហ៊ាន​ប្រើ​ទារុណកម្ម​ព្រៃផ្សៃ​ គ្រប់​បែប​យ៉ាង លើ​ជន​ទន់​ខ្សោយ​ក្នុង​សម័យ​ខ្មែរ​ក្រហម​​។

យុវជន​​រស់​នៅ​ខេត្ត​ព្រះសីហនុ លោក រ៉ាត់ ណាវី ឲ្យ​ដឹង​ថា លោក មិន​ចាប់​អារម្មណ៍​ ការ​ស្លាប់​របស់ ឌុច ទេ ដោយ​​យល់​ថា ឌុច មិន​មែន​​ជា​អ្នក​ស្នេហា​ជាតិ​​ទេ។ យុវជន​រូប​នេះ អះអាង​ថា ការ​​ស្លាប់​របស់ ឌុច ទទួល​បាន​តែ​ការ​ជេរ​ប្រទេច ដាក់​បណ្ដាសារ និង​ការផ្ដន្ទាទោស ដូច​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេង​ទៀត៖ «បើ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​មាន​ការ​សោកស្ដាយ​ទេ សម្រាប់​ការ​មរណ​របស់​គាត់​ហ្នឹង ព្រោះ​គាត់​ជា​ជន​​កំណាច​ម្នាក់​ ដែល​បាន​ប្រហារ​ជីវិត​ប្រជាជន​ខ្មែរ នៅ​គុក​ទួល​ស្លែង។ យើង​ក៏​សោកស្ដាយ​ចំណុច​ហ្នឹង​ដែរ ព្រោះ​ថា គាត់​ជា​សាក្សី​ដែល​សេសសល់ ពី​សម័យ​ខ្មែរ​ក្រហម ព្រោះ​ថា បាត់បង់​ជីវិត​អ៊ីចឹង​ទៅ យើង​ក៏​បាត់បង់​ជីវិត​មួយ​ដែរ»

រីឯ ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្នាក់ ឈ្មោះ ស្រី​ពៅ និយាយ​ថា អ្នក​ដឹកនាំ​ ដែល​មាន​ចរិត​សាហាវ​យង់​ឃ្នង​បែប​នេះ ស្លាប់​ទៅ ពលរដ្ឋ​ មាន​តែ​ការ​អរ​សប្បាយ​​។ ដូច្នេះ លោកស្រី ផ្ដាំ​ឲ្យ​មេដឹកនាំ​បច្ចុប្បន្ន​ ធ្វើ​អំពើ​ល្អ ឲ្យ​បាន​ច្រើន កុំ​ឲ្យ​បន្សល់​កេរ្តិ៍​អសោច​ ដូច​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម៖ «ខ្ញុំ​ត្រូវ​តែ​ថ្កោលទោស​ហើយ​បង ព្រោះ​អ្វី​ នៅ​ជំនាន់ ប៉ុល ពត ទោះ​ខ្ញុំ​កើត​មិន​ទាន់ តែ​ខ្ញុំ​បាន​ស្ដាប់​លឺ​ពី​ឪពុក​ម្ដាយ​ខ្ញុំ គាត់​បាន​ប្រាប់​ថា សម្លាប់​ធ្វើ​បាប​មនុស្ស​ដាក់​ឆក់​ខ្សែភ្លើង​ អ្វី​អ៊ីចឹង យើង​វា​អាណោចអាធ័ម ព្រោះ​អ្វី យើង​បាន​ទៅ​មើល​ក្នុង​គុក (ទួល​ស្លែង)។ ខ្ញុំ​ឃើញ​អ៊ីចឹង ពេល​ចូល​ទៅ​ យើង​អាណិត​អ្នក​ជំនាន់​មុន ដែល​ស្លាប់​សល់​តែ​ឆ្អឹង​ ហើយ​ឃើញ​រូបភាព​ ទោះ​​បី​យើង​មិន​បាន​ជួប​ផ្ទាល់ ​ពេល​ឃើញ​ទៅ យើង​ហូរ​ទឹក​ភ្នែក​ អារម្មណ៍​ក្ដុក​ក្ដួល ដោយ​សារ​ យើង​មិន​បាន​ជួប​ ប៉ុន្តែ​ជា​ឈាម​ជ័រ​របស់​ខ្មែរ ដែល​ឃើញ​ការ​ឈឺ​ចាប់​ រូប​ភាព​ទាំង​អស់​ហ្នឹង ដែល​ធ្វើ​ឲ្យ​យើង​ទ្រាំ​មិន​បាន។ គាត់​ស្លាប់​ទៅ យើង​អត់​សោកស្ដាយ​ទេ»

ចំណែក ពលរដ្ឋ​ខ្លះ​ទៀត បង្ហោះ​សារ​​តាម​​ហ្វេសប៊ុក​ (facebook)​​ ថា ការ​ស្លាប់​របស់ ឌុច ​គឺជា​គំរូ​ចំពោះ​ជន​មាន​អំណាច ដែល​​​ធ្វើ​អំពើ​អាក្រក់ ឃោរឃៅ​​​លើ​ប្រជាពលរដ្ឋ ដូច្នេះ​ពេល​ជន​នោះ​ ស្លាប់​ទៅ ពលរដ្ឋ​គ្មាន​ការ​អាណិត​ស្រណោះ​ទេ គឺ​មាន​តែ​ការ​​អរ​សប្បាយ ​លាយ​ឡំ នឹង​កំហឹង​ចំពោះ​ជន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល