ព្រឹត្តិការណ៍​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ស្ថានទូត​បារាំង និង​ខ្មែរ​ក្រហម កាល​ពី ៤៦ឆ្នាំ​មុន

0:00 / 0:00

កាល​ពី ៤៦ឆ្នាំ​មុន បន្ទាប់​ពី​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​ព្រៃ​ខ្មែរ​ក្រហម និង​របប​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ អស់​រយៈ​ពេល ៥ឆ្នាំ​មក ខ្មែរ​ក្រហម​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ មេសា ឆ្នាំ១៩៧៥។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ដល់​ក្រុង​ភ្នំពេញ ទាហាន​ខ្មែរ​ក្រហម​បាន​បណ្ដេញ​មនុស្ស​ទាំង​អស់ ​ប្រមាណ ២លាន​នាក់​ចេញ​ពី​ទីក្រុង ឱ្យ​ទៅ​រស់នៅ​ទី​ជនបទ។ ក្នុង​គ្រា​ដ៏​ច្របូកច្របល់​នោះ ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស សរុប ១.៣០០​នាក់ បាន​នាំ​គ្នា​សម្រុក​ចូល អ្នក​ខ្លះ​ផ្លោះ​របង ទៅ​ជ្រក​ក្នុង​ស្ថានទូត​បារាំង ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ ក្រោម​សម្ពាធ​របស់​ខ្មែរក្រហម ស្ថានទូត​បារាំង​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចាក​ចេញ​ពី​ស្ថានទូត​របស់​ខ្លួន។ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​នោះ ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប លន់ នល់ ជា​ច្រើន​រូប​ផង ត្រូវ​ខ្មែរក្រហម​យក​ទៅ​ប្រហារជីវិត។

តើ​ទង្វើ​របស់​ស្ថានទូត​បារាំង​ខុស​ច្បាប់​អន្តរជាតិ​ឬ​ទេ? តើ​ស្ថានទូត​បារាំង​បាន​ប្រើប្រាស់​អស់​មធ្យោបាយ​ហើយ​ឬ​នៅ ​ក្នុង​ការ​ជួយ​ការពារ​ជីវិត​ពលរដ្ឋ​ខ្មែរ​ពេល​នោះ?

ខ្មែរក្រហម​បញ្ជា​ស្ថានទូត​បារាំង​ឱ្យ​ប្រគល់​ពលរដ្ឋ​ខ្មែរ

នៅ​ពេល​ខ្មែរ​ក្រហម​មក​ដល់​ទីក្រុង​ភ្នំពេញ ស្ថានទូត​បារាំង​ទំនង​ជា​ស្ថានទូត​បរទេស​តែ​មួយ​គត់ ដែល​នៅ​បើក​ទ្វារ​ជា​ផ្លូវការ។ ស្ថានទូត​បារាំង ក្លាហាន​មិន​បិទ​ទ្វារ ហើយ​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ដូច​ស្ថានទូត​បស្ចិម​ប្រទេស​ផ្សេង​ទៀត​នោះ គឺ ​ដោយសារ​តែ​នៅ​បី​សប្ដាហ៍​មុន​បែក​ក្រុងភ្នំពេញ រដ្ឋាភិបាល​បារាំង​បាន​ទទួល​ស្គាល់​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម ដែល​មាន​សម្ពន្ធភាព​ជា​មួយ​ព្រះ​បរម​រតនកោដិ សម្ដេច ព្រះនរោត្ដម សីហនុ (The New York Times April 30, 1975)។ មិន​ចម្លែក​ប៉ុន្មាន​ទេ ដែល​រដ្ឋាភិបាល​បារាំង​ទទួល​ស្គាល់​ខ្មែរ​ក្រហម តាំង​ពី​មុន​ពេល​ពួក​កុម្មុយនិស្ត​ម៉ៅ​និយម​នេះ ឡើង​កាន់​អំណាច ពី​ព្រោះ​បារាំង​មើល​ឃើញ​ថា ខ្មែរ​ក្រហម​នឹង​ឈ្នះ​លើ​របប លន់ នល់ ដែល​ពុក​រលួយ​អស់​ស្បៀង និង​អស់​គ្រាប់​រំសេវ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​កាត់​ផ្ដាច់​ជំនួយ។

ប៉ុន្តែ​បារាំង​បាន​វាយ​តម្លៃ​ខ្មែរ​ក្រហម​ខុស ដែល​ប្រហែល​ជា​ដោយសារ​គិត​ថា សម្ដេចព្រះ នរោត្ដម សីហនុ ជា​អ្នក​មាន​ឥទ្ធិពល​លើ​ខ្មែរ​ក្រហម​នៅ​ពេល​នោះ។ បន្ទាប់​ពី​ចាប់​ផ្ដើម​បណ្ដេញ​មនុស្ស​ទាំង​អស់​ចេញ​ពី​ក្រុង​ភ្នំពេញ​មួយ​ថ្ងៃ ខ្មែរ​ក្រហម​ក៏​បាន​បញ្ជា​ឱ្យ​ស្ថានទូត​បារាំង បណ្ដេញ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចូល​ទៅ​ជ្រកកោន​នៅ​ទី​នោះ ប្រមាណ ១.០០០នាក់​ចេញ​ទាំង​អស់ លើក​លែង​តែ​ស្ត្រី​ខ្មែរ ដែល​មាន​ប្ដី​ជា​ជន​ជាតិ​បារាំង។

ក្នុង​ចំណោម​អ្នក​ចូល​ទៅ​លាក់​ខ្លួន​ក្នុង​ស្ថានទូត​បារាំង​ពេល​នោះ ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ខ្មែរ​ក្រហម​តាម​រក​មុខ​ដែរ។ ក្នុង​នោះ មាន​ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែល​ទ្រង់​ជា​មេ​ដឹក​នាំ​រដ្ឋប្រហារ​ម្នាក់​ទម្លាក់​សម្ដេច​ព្រះ នរោត្ដម សីហនុ ពី​អំណាច​កាល​ពី ៥ឆ្នាំ​មុន និង​ប្រធាន​រដ្ឋសភា លោក អ៊ុង ប៊ុនហោ រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ លោក ឃី តាំងលឹម រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក លឿង ណាល់ ជា​ដើម។

ការ​ប្រហារ​ជីវិត​អតីត​មន្ត្រី​របប​សាធារណរដ្ឋ​ខ្មែរ

សម្រាប់​ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែល​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​ព្រះ​បរម​រតនកោដិ សម្ដេច ព្រះនរោត្ដម សីហនុ រួម​ជាមួយ​អតីត​មន្ត្រី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដទៃ​ទៀត ក្រោយ​ចាក​ចេញ​ពី​ស្ថានទូត​បារាំង ក៏​ត្រូវ​បាន​ខ្មែរក្រហម​យក​ទៅ​ប្រហារ​ជីវិត​នៅ​ថ្ងៃ​ទី២១ មេសា នៅ​ក្នុង​កីឡា​មណ្ឌល (Cercle Sportif) ដែល​ទីតាំង​នោះ បច្ចុប្បន្ន​គឺ​ជា​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ក្បែរ​វត្ត​ភ្នំ។ ប្រភព​ព័ត៌មាន​ស្ដីពី​វិធី​ដែល​ខ្មែរ​ក្រហម​ធ្វើ​ឃាត​ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ឱ្យ​ដឹង​ផ្សេងៗ គ្នា។ ប្រភព​ព័ត៌មាន​ខ្លះ​ដក​ស្រង់​បន្ទូល​របស់​សម្ដេច ព្រះនរោត្ដម សីហនុ ដែល​ពេល​នោះ ព្រះអង្គ​គង់​នៅ​ទីក្រុង​ប៉េកាំង នៅឡើយ ឱ្យ​ដឹង​ថា ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និង​នាយក​រដ្ឋមន្ត្រី​ស្ដីទី ឡុង បូរ៉េត រួម​ជាមួយ​មន្ត្រី​របប លន់ នល់ មួយ​ចំនួន​ទៀត ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់​ដោយ​ក្រុម​បាញ់​កាំភ្លើង។ ប្រភព​ពី​សហរដ្ឋ​អាមេរិក​វិញ​ថា ព្រះអង្គ ត្រូវ​បាន​ខ្មែរ​ក្រហម​បាញ់​ទម្លុះ​ពោះ ហើយ​ទុក​ឱ្យ​ហូរ​ឈាម​រហូត​ដល់​សោយ​ទិវង្គត ប៉ុន្តែ​ប្រភព​ផ្សេង​ទៀត​ឱ្យ​ដឹង​ថា ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និង​លោក ឡុង បូរ៉េត ត្រូវ​បាន​ខ្មែរ​កាត់​ព្រះ​សិរសា ឬ​ក្បាល។ ទោះ​ជា​យ៉ាង​ណា អតីត​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ ប្រចាំ​កម្ពុជា លោក ចនហ្កាន់ធឺ ឌៀន (John Gunther Dean) ដែល​បាន​ជម្លៀស​ខ្លួន​ចេញ ៥ថ្ងៃ​មុន​ខ្មែរ​ក្រហម​មក​ដល់​ក្រុង​ភ្នំពេញ​នោះ ឱ្យ​ដឹង​ថា លោក​បាន​អញ្ជើញ​ទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ឱ្យ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ​នៅ​សហរដ្ឋ​អាមេរិក​ដែរ ប៉ុន្តែ​ទ្រង់ សិរីមតៈ បដិសេធ។ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ពេល​នោះ មាន​បន្ទូល​ប្រាប់​ទៅ​ឯកអគ្គរាជទូត​អាមេរិក​វិញ​ថា ទ្រង់​មិន​អាច​ចាក​ចេញ​ពី​កម្ពុជា​ក្នុង​សភាព​ដ៏​កំសាក​នេះ​ទេ។

សម្រាប់​ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែល​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​ព្រះ​បរម​រតនកោដិ សម្ដេច ព្រះនរោត្ដម សីហនុ រួម​ជាមួយ​អតីត​មន្ត្រី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដទៃ​ទៀត ក្រោយ​ចាក​ចេញ​ពី​ស្ថានទូត​បារាំង ក៏​ត្រូវ​បាន​ខ្មែរក្រហម​យក​ទៅ​ប្រហារ​ជីវិត​នៅ​ថ្ងៃ​ទី២១ មេសា នៅ​ក្នុង​កីឡា​មណ្ឌល (Cercle Sportif) ដែល​ទីតាំង​នោះ បច្ចុប្បន្ន​គឺ​ជា​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ក្បែរ​វត្ត​ភ្នំ។ ប្រភព​ព័ត៌មាន​ស្ដីពី​វិធី​ដែល​ខ្មែរ​ក្រហម​ធ្វើ​ឃាត​ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ឱ្យ​ដឹង​ផ្សេងៗ គ្នា។ ប្រភព​ព័ត៌មាន​ខ្លះ​ដក​ស្រង់​បន្ទូល​របស់​សម្ដេច ព្រះនរោត្ដម សីហនុ ដែល​ពេល​នោះ ព្រះអង្គ​គង់​នៅ​ទីក្រុង​ប៉េកាំង នៅឡើយ ឱ្យ​ដឹង​ថា ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និង​នាយក​រដ្ឋមន្ត្រី​ស្ដីទី ឡុង បូរ៉េត រួម​ជាមួយ​មន្ត្រី​របប លន់ នល់ មួយ​ចំនួន​ទៀត ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់​ដោយ​ក្រុម​បាញ់​កាំភ្លើង។ ប្រភព​ពី​សហរដ្ឋ​អាមេរិក​វិញ​ថា ព្រះអង្គ ត្រូវ​បាន​ខ្មែរ​ក្រហម​បាញ់​ទម្លុះ​ពោះ ហើយ​ទុក​ឱ្យ​ហូរ​ឈាម​រហូត​ដល់​សោយ​ទិវង្គត ប៉ុន្តែ​ប្រភព​ផ្សេង​ទៀត​ឱ្យ​ដឹង​ថា ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និង​លោក ឡុង បូរ៉េត ត្រូវ​បាន​ខ្មែរ​កាត់​ព្រះ​សិរសា ឬ​ក្បាល។ ទោះ​ជា​យ៉ាង​ណា អតីត​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ ប្រចាំ​កម្ពុជា លោក ចនហ្កាន់ធឺ ឌៀន (John Gunther Dean) ដែល​បាន​ជម្លៀស​ខ្លួន​ចេញ ៥ថ្ងៃ​មុន​ខ្មែរ​ក្រហម​មក​ដល់​ក្រុង​ភ្នំពេញ​នោះ ឱ្យ​ដឹង​ថា លោក​បាន​អញ្ជើញ​ទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ឱ្យ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ​នៅ​សហរដ្ឋ​អាមេរិក​ដែរ ប៉ុន្តែ​ទ្រង់ សិរីមតៈ បដិសេធ។ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ពេល​នោះ មាន​បន្ទូល​ប្រាប់​ទៅ​ឯកអគ្គរាជទូត​អាមេរិក​វិញ​ថា ទ្រង់​មិន​អាច​ចាក​ចេញ​ពី​កម្ពុជា​ក្នុង​សភាព​ដ៏​កំសាក​នេះ​ទេ។

អតីត​ប្រធាន​ក្រុម​ស៊ើបអង្កេត នៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​សាលា​ក្តី​ខ្មែរក្រហម បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​ទីក្រុង​ប៉ារីស​ជា​អ្នក​សម្រេច​ក្នុង​រឿង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ស្ថានទូត៖ « តាម​ដែល​ខ្ញុំ​ចាំ​បាន ស្ថានទូត​បារាំង​មិន​ចង់​ប្រគល់​ពលរដ្ឋ​កម្ពុជា​ទាំង​នោះ​ទៅ​ឱ្យ​ខ្មែរក្រហម​ទេ ពីព្រោះ​ពួក​បារាំង​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង ចំពោះ​ពួក​គេ​ក្រោយ​ពី​ប្រគល់​ឱ្យ​ទៅ​ខ្មែរក្រហម ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​នៅ​ទីក្រុង​ប៉ារីស បាន​ចេញ​បញ្ជា​ឱ្យ​ស្ថានទូត​របស់​ខ្លួន​នៅ​ក្រុង​ភ្នំពេញ​ធ្វើ​ដូច្នេះ។ ម៉្យាងទៀត ពេល​នោះ​ស្ថានទូត​បារាំង ក៏​គ្មាន​ជម្រើស​ដែរ ពីព្រោះ​ខ្មែរ​ក្រហម​មិន​គោរព​ច្បាប់​អន្តរជាតិ​ស្ដីពី​អភ័យ​ឯក​សិទ្ធិ​នៃ​អ្នក​ការទូត និង​ដែន​ដី​ពិសេស​របស់​ស្ថានទូត ដែល​តំណាង​ឱ្យ​ប្រទេស​បារាំង​នោះ​ទេ។ ដូច្នេះ ជាក់ស្ដែង ស្ថានទូត​បារាំង​ត្រូវ​ធ្វើ​តាម​បញ្ជា ឬ​ទុក​ឱ្យ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ស្ថានទូត​ពេល​នោះ​ត្រូវ​ស្លាប់ »

បុត្រី​របស់​ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ គឺ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី ស៊ីសុវត្ថិ អូឡារី​ (Olary) ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វរ័ញ៉ា (California) សហរដ្ឋអាមេរិក មាន​បន្ទូល​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡេចត្រូនិច​ថា បើ​ទោះ​ជា​ពេល​វេលា​បាន​កន្លង​ផុត​ទៅ​ជិត​កន្លះ​សតវត្ស​ទៅ​ហើយ​ក្ដី ព្រះអង្គ​នៅ​តែ​មាន​សុបិន​អាក្រក់ និង​ភាព​សោកសៅ​ជុំវិញ​ព្រឹត្តិការណ៍​សោយ​ទិវង្គត​របស់​ព្រះបិតា​ព្រះអង្គ និង​អនុជ​របស់​ព្រះអង្គ គឺ​ទ្រង់ ស៊ីសុវត្ថិ លីចាវី (Lichhavi) ក្រោម​ស្នាដៃ​របស់​ខ្មែរក្រហម។ ទោះ​ជា​យ៉ាង​ណា ព្រះអង្គ​ម្ចាស់​ក្សត្រី ស៊ីសុវត្ថិ អូឡារី អះអាង​ថា បារាំង​មិន​បាន​បង្ខំ​ព្រះបិតា​របស់​ព្រះអង្គ គឺ​ទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ឱ្យ​ចេញ​ពី​ស្ថានទូត​បារាំង​ទេ គឺ​ទ្រង់​យាង​ចេញ​ដោយ​អង្គ​ឯង ពីព្រោះ​ខ្មែរ​ក្រហម​គំរាម​ផ្ដាច់​ទឹក​ភ្លើង និង​អាហារ​ដល់​ស្ថានទូត បើ​ទ្រង់​មិន​ចាក​ចេញ​ពី​ទី​នោះ​ទេ។

Sisowath_Sirimatak_provided_by_Olary_Sisowath.jpg
ព្រអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែល​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​ព្រះ​បរម​រតនកោដិ សម្ដេច​ព្រះ នរោត្ដម សីហនុ ត្រូវ​បានប្រភព​ព័ត៌មាន​មួយ​ចំនួន​អះអាង​ថា ​ខ្មែរក្រហម​យក​ទៅ​ធ្វើ​ឃាត រួមជាមួយ​មន្ត្រី​រដ្ឋការ​របប​សាធារណរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត ​នៅ​ថ្ងៃ​ទី២១ មេសា ​ក្នុង​កីឡា​មណ្ឌល (Cercle Sportif) នៅ​ក្បែរ​វត្ត​ភ្នំ បច្ចុប្បន្ន​គឺ​ជា​ស្ថានទូត​សហរដ្ឋ​អាមេរិក។ រូប៖ ផ្ដល់​ដោយ​ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ អូឡារី (Olary) ជា​ព្រះរាជ​បុត្រី​របស់​ទ្រង់ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​​អាមេរិក ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ២០២១

ប្រពន្ធ​លោក អ៊ុង ប៊ុនហោ ប្ដឹង​រដ្ឋាភិបាល​បារាំង និង​សេចក្ដី​សម្រេច​របស់​តុលាការ​បារាំង

ប៉ុន្តែ​ការ​អះអាង​នេះ ផ្ទុយ​គ្នា​ពី​ការ​លើក​ឡើង​របស់​ភរិយា​អតីត​ប្រធាន​រដ្ឋសភា​របប​សាធារណរដ្ឋ​ខ្មែរ។ លោកស្រី អ៊ុង ប៊ីយ៉ុង បច្ចុប្បន្ន​រស់នៅ​ប្រទេស​បារាំង បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​បារាំង​​ទៅ​តុលាការ​បារាំង​នៅ​ឆ្នាំ​១៩៩៩ ដោយ​ចោទ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ​ថា បាន​ចាប់​បង្ខំ ប្រគល់​ប្ដី​របស់​លោក​ស្រី គឺ​លោក អ៊ុង ប៊ុនហោ ឱ្យ​ទៅ​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ១៩៧៥ បើ​ទោះ​ជា​ពួក​គេ​ដឹង​មុន​ថា ខ្មែរ​ក្រហម​នឹង​យក​ប្ដី​របស់​លោក​ស្រី​ទៅ​ប្រហារ​ជីវិត​ក៏​ដោយ​ចុះ។ ប្ដី​របស់​លោក​ស្រី អ៊ុង ប៊ីយ៉ុង គឺ​លោក អ៊ុង ប៊ុនហោ ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​នៃ​របប លន់ នល់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រហារ​ជីវិត​របស់​ពួក​ខ្មែរ​ក្រហម។ លោកស្រី អ៊ុង ប៊ីយ៉ុង ដែល​បាន​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​មុន​ខ្មែរ​ក្រហម​មក​ដល់ បាន​ប្រៀបធៀប​ការ​ប្រគល់​មន្ត្រី​របប លន់ នល់ ឱ្យ​ទៅ​ខ្មែរ​ក្រហម ដូច​គ្នា​ទៅ​នឹង​ពេល​ដែល​រដ្ឋាភិបាល​បារាំង ប្រគល់​ជន​ជាតិ​ជ្វីស (Jewish) ឱ្យ​ទៅ​ទាហាន​អាល្លឺម៉ង់ ដឹក​នាំ​ដោយ​ជន​ផ្ដាច់ការ អាដុលហ្វ អ៊ីត្លែរ (Adolf Hitler) យក​ទៅ​សម្លាប់​ចោល ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ដូច្នោះ​ដែរ។

កាសែតបារាំង ឡឺម៉ុនដ៍ (Le Monde) បាន​ស្រង់​សម្ដី​របស់​អតីត​មន្ត្រី​ប៉េអិម​បារាំង​មា្នក់ ដែល​រក្សា​សន្តិសុខ​នៅ​ស្ថានទូត​បារាំង​ឈ្មោះ ព្យែរ ហ្គូយ៉ន (Pierre Gouillon) យក​មក​ចុះ​ផ្សាយ កាល​ពី​ឆ្នាំ២០០៧ ថា៖ តាម​ការ​ពិត «លោក អ៊ុង ប៊ុនហោ មិន​ចង់​ចាក​ចេញ​ពី​ស្ថានទូត​ទេ ព្រោះ​គាត់​ប្រាកដ​ជា​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​គាត់​ហើយ បើ​គាត់​ចេញ​ពី​ស្ថានទូត។ ពេល​នោះ​គាត់​បាន​ប្រឹង​រើ​ខ្លួន​ចេញ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​រុញ​ឱ្យ​ចេញ​ទៅ»។ ទោះ​ជា​យ៉ាងណា អតីត​អនុប្រធាន​កុងស៊ុល​ស្ថានទូត​បារាំង លោក ហ្យង់ ឌីរ៉េក (Jean Dyrac) បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​បញ្ជាក់​ថា អតីត​ប្រធាន​រដ្ឋសភា​រូប​នេះ បាន​ចាក​ចេញ​ពី​ស្ថានទូត​ដោយ​ស្ម័គ្រ​ចិត្ត។

លោកស្រី អ៊ុង ប៊ីយ៉ុង មានប្រសាសន៍ថា ការ​ប្ដឹង​របស់​លោកស្រី​ប្រឆាំង​រដ្ឋាភិបាល​បារាំង មិន​សំខាន់​រឿង​ចង់​បាន​សំណង​លុយ​កាក់​អ្វី​ទេ ប៉ុន្តែ​លោកស្រី​ចង់​ឱ្យ​រដ្ឋាភិបាល​បារាំង ដែល​ជា​ប្រទេស​មហា​អំណាច​មួយ និង​ធ្លាប់​ធ្វើ​អាណានិគម​មក​លើ​ប្រទេស​កម្ពុជា​នេះ ទទួល​ស្គាល់​ថា ខ្លួន​គួរ​តែ​បាន​ប្រឹងប្រែង​ធ្វើ​អ្វី​ម៉្យាង ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​នោះ ជា​ជាង​ប្រគល់​ពួក​គេ​ឱ្យ​ទៅ​ពួក​ខ្មែរ​ក្រហម។

លោកស្រី អ៊ុង ប៊ីយ៉ុង ត្រូវ​បាន​កាសែត ឌឹ ហ្ការឌៀន (The Guardian) របស់​អង់គ្លេស ស្រង់​ប្រសាសន៍​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០០៦ ថា ជីវិត​របស់​លោក​ស្រី​ហាក់​ស្លាប់​បាត់​ទៅ​ហើយ៖ « ជីវិត​របស់​នាង​ខ្ញុំ​បាន​រលត់​បាត់​ទៅ​ហើយ គឺ​រលត់​តាំង​ពី​ពេល​បារាំង​ប្រគល់​ប្ដី​របស់​ខ្ញុំ ឱ្យ​ទៅ​ខ្មែរ​ក្រហម​មក​ម្ល៉េះ។ ខ្ញុំ​មិន​អាច​ទទួល​យក​នូវ​ទង្វើ​របស់​រដ្ឋាភិបាល​បារាំង ដែល​មាន​ឈ្មោះ​ថា ជា​ទឹក​ដី​ផ្ដល់​នូវ​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិមនុស្ស ប៉ុន្តែ​បែរ​មក​ជា​ធ្វើ​ទង្វើ​បែប​នេះ​ទៅ​វិញ​ទេ »

បន្ទាប់​ពី​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជាង ១៥ឆ្នាំ​មក ចៅក្រម​បារាំង អ្នកស្រី អ៊ីមមេនូអេល ឌុយកូស (Emmanuelle Ducos) កាល​ពី​ខែ​មករា ឆ្នាំ២០១៥ បាន​ចេញ​សេចក្ដី​សម្រេច ច្រាន​ចោល​បណ្ដឹង​របស់​លោកស្រី អ៊ុង ប៊ីយ៉ុង ដោយ​ផ្ដល់​ហេតុផល​យ៉ាង​ដូច្នេះ៖ « បើ​ទោះ​ជា​មាន​ទស្សនៈ​មិន​ស៊ី​សង្វាក់​គ្នា​ជុំវិញ​ថា តើ​អតីត​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំង​នោះ ត្រូវ​បាន​ចាក​ចេញ​ពី​ស្ថានទូត​បារាំង នៅ​ថ្ងៃ​ទី២០ មេសា ឆ្នាំ១៩៧៥ ដោយ​របៀប​ណា​ក៏​ដោយ ក៏​មាន​សាក្សី​ជា​ច្រើន​បាន​ប្រាប់​យើង​ស្រប​គ្នា​ថា អតីត​មន្រ្តី​កម្ពុជា​ទាំង​នោះ បាន​ចាក​ចេញ​ពី​ស្ថានទូត​បារាំង ប្រគល់​ខ្លួន​ឱ្យ​ទៅ​ខ្មែរ​ក្រហម​ដោយ​ខ្លួន​ឯង។ ពួក​គេ​ចង់​ចៀសវាង​ការ​សម្រុក​ចូល​របស់​ទាហាន​ខ្មែរ​ក្រហម​ទៅ​ក្នុង​ស្ថានទូត ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ជន​ភៀស​ខ្លួន​ឯ​ទៀត​កំពុង​ស្នាក់​នៅ​ទី​នោះ ដូច្នេះ​ហើយ​ទើប​ពួក​គេ​ដើរ​ចេញ​ពី​ស្ថានទូត​ដោយ​ស្ម័គ្រ​ចិត្ត »

ក៏ប៉ុន្តែ លោកស្រី អ៊ុង ប៊ីយ៉ុង មិន​អស់​ចិត្ត​នឹង​ការ​បក​ស្រាយ​នេះ​ឡើយ។ លោក​ស្រី​ថា ប្រសិន​បើ​ខ្មែរ​ក្រហម​សម្រុក​ចូល​ទៅ​ក្នុង​ស្ថានទូត ហើយ​បាញ់​ប្ដី​របស់​លោក​ស្រី​ស្លាប់​នៅ​នឹង​កន្លែង នោះ​ជា​រឿង​មួយ​ផ្សេង ប៉ុន្តែ​នេះ​ស្ថានទូត​បារាំង​បាន​បណ្ដេញ​គាត់​ចេញ​ពី​ស្ថានទូត នៅ​ពេល​បារាំង​បាន​ដឹង​ជា​មុន​ច្បាស់​ថា នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង ចំពោះ​ប្ដី​របស់​លោក​ស្រី។

ទោះ​ជា​យ៉ាង​ណា​ក្ដី សេចក្ដី​សម្រេច​របស់​ចៅក្រម​បារាំង​លើ​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ ពន្យល់​បន្ត​ថា ករណី​នេះ រដ្ឋាភិបាល​បារាំង​មិន​អាច​ត្រូវ​ចាប់​ឱ្យ​ទទួល​ខុស​ត្រូវ​ថា បាន​ចូល​រួម​ឃុបឃិត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​មួយ​ខ្មែរ​ក្រហម​នោះ​ឡើយ៖ « បើ​ទោះ​ជា​រដ្ឋាភិបាល​បារាំង​បាន​សម្រេច​បដិសេធ​សិទ្ធិ​សុំ​ជ្រកកោន​របស់​ឥស្សរជន​កម្ពុជា​ទាំង​នោះ ហើយ​ថែម​ទាំង​បាន​ផ្ដល់​បញ្ជី​ឈ្មោះ​របស់​ពួក​គេ ឱ្យ​ទៅ​ខ្មែរ​ក្រហម​ក៏​ដោយ ក៏​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​បារាំង​បែប​នោះ នៅ​ក្នុង​កាលៈទេសៈ​ពេល​នោះ មិន​អាច​ចាត់​ទុក​ថា ជា​ការ​ចូលរួម​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដោយ​ចេតនា​បាន​ឡើយ »

Billon_Ung_Boun_Hor_AFP.jpg
លោកស្រី អ៊ុង ប៊ីយ៉ុង ជា​ភរិយា​គឺ​លោក អ៊ុង ប៊ុនហោ អតីត​ប្រធាន​រដ្ឋសភា​របប​សាធារណរដ្ឋ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ប្រទេស​បារាំង បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​បារាំង​​ទៅ​តុលាការ​បារាំង​នៅ​ឆ្នាំ​១៩៩៩ ដោយ​ចោទ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ​ ដែល​លោកស្រី​អះអាង​ថា បាន​ចាប់​បង្ខំ​ប្ដី​របស់​លោក​ស្រី ប្រគល់ឱ្យពួក​ខ្មែរក្រហម​យក​ទៅ​សម្លាប់ នៅ​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូប៖ AFP​​​

ចៅក្រម​បារាំង​ដើម​កំណើត​ខ្មែរ​ថ្កោលទោស​អតីត​ប្រធានាធិបតី​បារាំង

ទោះ​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក៏​ដោយ​ចុះ សម្រាប់​ចៅក្រម​បារាំង​ផ្នែក​ព្រហ្មទណ្ឌ​ មាន​​ដើម​កំណើត​ខ្មែរ លោក ឆាយ ហុកផេង មាន​ប្រសាសន៍​នៅ​ក្នុង​ហ្វេសប៊ុក​ផេក​របស់​លោក កាល​ពី​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០២០ ថ្កោលទោស​អតីត​ប្រធានាធិបតី​បារាំង លោក វ៉ាលឡារី ជីស្កាដ ដេស្តាំង (Valery Giscard d'Estaing) ដែល​បាន​បញ្ជា​ឱ្យ​ស្ថានទូត​បារាំង​ប្រគល់​ឈ្មោះ​ជន​ភៀស​ខ្លួន​ខ្មែរ ឱ្យ​ទៅ​ខ្មែរក្រហម។ លោក​ថា បទ​បញ្ជា​របស់​លោក វ៉ាលឡារី ជីស្កាដ ដេស្តាំង (Valery Giscard d'Estaing) ដែល​លោក​ទើប​ស្លាប់​ក្នុង​វ័យ ៩៤ឆ្នាំ កាល​ពី​ចុង ឆ្នាំ២០២០ នោះ ប្រៀប​ដូច​ជា​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ឱ្យ​ទៅ​ស្លាប់​អ៊ីចឹង៖ « ថ្ងៃទី១៨ មេសា បាន​ន័យ​ថា មួយ​ថ្ងៃ​ក្រោយ​ខ្មែរក្រហម​ចូល​ដល់​ភ្នំពេញ មាន​តេឡេក្រាម​មួយ​ច្បាប់​ផ្ញើ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទៅ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ ដើម្បី​ដាក់​បញ្ជា​ឱ្យ​រៀបចំ​ដាក់​បញ្ជី​ឈ្មោះ​នរណា​ខ្លះ ដែល​ជា​ខ្មែរ​ដែល​មក​ជ្រកកោន មក​ពួន​នៅ​ក្នុង​ស្ថានទូត​បារាំង យក​បញ្ជី​ហ្នឹង​ទៅ​ប្រគល់​ឱ្យ​ខ្មែរ​ក្រហម។ នៅក្នុងចំណោម​ពួក​គេ​នោះ មាន​ទ្រង់ សិរិមតៈ ហើយ​មាន​ភរិយា​របស់​លោក​រដ្ឋមន្ត្រី ឡុង បូរ៉េត ដែល​មាន​កូន​ខ្ចី​មួយ​នៅ​ក្នុង​ដៃ ចូល​ទៅ​ក្នុង​ហ្នឹង ត្រូវ​គេ​បណ្ដេញ​ចេញ​ទាំង​អស់។ នេះ​ជា​ស្ថានទូត​បារាំង​សព្វ​ថ្ងៃ​នេះ ធ្វើ​របង​ខ្ពស់ ឡើង​អត់​រួច​ទេ។ បើ​ពី​មុន​ពី​ឆ្នាំ១៩៧៥ គឺ​អ៊ីចេះ។ ហើយ​ជា​ពិសេស ទ្រង់ មុនីរ៉េត បារាំង​បិទ​ទ្វារ​អត់​ឱ្យ​ចូល​ទេ។ ក្រៅ​ពី​ឥស្សរជន ដែល​ខ្ញុំ​និយាយ​ត្រួសៗ ហ្នឹង មាន​ឥស្សរជន​មួយ​ទៀត នេះ​គឺ​គាត់​ជា​ប្រធាន​រដ្ឋសភា​ជំនាន់​សាធារណរដ្ឋ គាត់​ឈ្មោះ អ៊ឹង ប៊ុនហោ រូប​ហ្នឹង​រូប​នៅ​ក្នុង​ស្ថានទូត។ ហើយ​មាន​បារាំង​ដែល​ស្លៀក​ពាក់​ស៊ីវិល តែ​ពួក​ហ្នឹង​សុទ្ធតែ​ជា​ទាហាន​ទេ យាម​ស្ថានទូត បាន​ចាប់​គាត់​ឱ្យ​ចេញ​ពី​ស្ថានទូត ដើម្បី​ឱ្យ​ចូល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខ្មែរ​ក្រហម វា​ដូច​ជា​គេ​បញ្ជូន​អ្នក​ទាំង​អស់​ហ្នឹង​ទៅ​រូង​ខ្លា យក​ទៅ​សម្លាប់​ចោល​តែ​ម្ដង »

ចៅក្រម​ចូលនិវត្តន៍ លោក ឆាយ ហុកផេង នៅ​តែ​យល់​ថា រដ្ឋាភិបាល​បារាំង ដែល​ជា​ប្រទេស​មហាអំណាច​មួយ និង​ប្រកាន់​ខ្ជាប់​គោលការណ៍​សិទ្ធិមនុស្ស​ជា​យូរ​លង់​មក​ហើយ​នោះ គួរ​តែ​បាន​ប្រឹងប្រែង​រិះ​រក​វិធី​ចរចា​ជា​មួយ​ខ្មែរ​ក្រហម ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌ ដើម្បី​ជួយ​ជីវិត​ជន​ភៀស​ខ្លូន​ទាំង​នោះ។ លោក​ជឿ​ថា បារាំង​កាលណោះ នៅ​មិន​ទាន់​ប្រឹងប្រែង​ឱ្យ​អស់​ពី​មធ្យោបាយ​ការ​ទូត​របស់​ខ្លួន​នៅ​ឡើយ​ទេ៖ « ថ្ងៃ​ណា​មួយ​ដែល​មាន​អាសន្ន​ដូច​កាល​ពី​ថ្ងៃ​ទី១៧ មេសា ឆ្នាំ១៩៧៥ នោះ តើ​យើង​អាច​ទុក​ចិត្ត កក់​ក្ដៅ​នឹង​ស្ថានទូត​ណាមួយ​ ថា​នឹង​យក​ច្បាប់​អន្តរជាតិ​មក​ជួយ​ការពារ​យើង​បាន​ដែរ​ឬ​ទេ ? នេះជាសំនួរទី១ ដើម្បី​ពិចារណា។ សំនួរ​ទី២ នៅ​ពេល​នោះ តើ​បារាំង​ទទួល​សម្ពាធ​នយោបាយ​អ្វី​ខ្លះ ពី​ខាង​ណា​ខ្លះ រហូត​ទៅ​ដល់​ភ្លេច​គិត​ថា ខ្លួន​ជា​ប្រទេស​បាន​ប្រកាស​សិទ្ធិមនុស្ស ច្បាប់សកលតាំងពីឆ្នាំ១៧៨៩។ ហើយ​កាល​នោះ​បារាំង​ហេតុ​អី​បាន​ជា​អន់​ខ្សោយ​អី​ក៏​ខ្លាំង​ម៉្លេះ គាត់​ជា​មហា​អំណាច​មួយ​ដែរ។ ជា​អវសាន យើង​គប្បី​ធ្វើ​ខ្លួន​យើង​ឱ្យ​ខ្លាំង កុំ​សំអាង​កម្លាំង​គេ​ខ្លាំង​ពេក បានសេចក្ដីថា បើ​យើង​សាមគ្គី​គ្នា យើង​មិន​មាន​បញ្ហា​ទៅ​ពឹង​ពាក់​គេ​ទេ »

Children_take_refuge_in_French_Embassy_when_Phnom_Penh_fall_under_KR_on_April_17_1975_AFP.jpg
កូន​ក្មេងខ្មែរ​ទាំង​នេះ​​ចូល​ទៅជ្រកកោននៅ​ស្ថានទូត​បារាំង ពេល​ដែល​ពួក​ខ្មែរក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅ​ខែមេសា ឆ្នាំ១៩៧៥។ រូប៖ AFP


ខ្មែរ​ក្រហម​មិន​គោរព​សិទ្ធិមនុស្ស និង​ច្បាប់

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិមនុស្ស អន្តរជាតិ យូ មែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊េដ អាដាមស៍ (Brad Adams) ទទួល​ស្គាល់​ថា រដ្ឋាភិបាល​បារាំង​គួរ​តែ​ធ្វើ​អ្វី​ម៉្យាង ដើម្បី​ការពារ​ជីវិត​ជន​ភៀស​ខ្លួន​កម្ពុជា​ទាំង​នោះ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា ពួក​ខ្មែរ​ក្រហម ដែល​ទើប​បាន​ទទួល​ជ័យជម្នះ​ដោយ​ការ​បង្ហូរ​ឈាម ពី​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ពេល​នោះ គឺ​ជា​ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​មិន​គោរព​ច្បាប់​ទេ៖ «បរិវេណ​ដី​នៅ​ក្នុង​ស្ថានទូត គឺ​ជា​អធិបតេយ្យ​របស់​ប្រទេស ដែល​កាន់កាប់​នៅ​ទី​នោះ។ ដូច្នេះ ក្រោម​ច្បាប់​អន្តរជាតិ បារាំង​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​នោះ ហើយ​អាជ្ញាធរ​កម្ពុជា​គ្មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​ស្ថានទូត​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ នេះ​ជា​ការ​ពិត​ទាំង​ក្នុង​ពេល​អតីតកាល ទាំង​ក្នុង​បច្ចុប្បន្ន​សម្រាប់​ស្ថានទូត​ទាំង​អស់​នៅ​ជុំវិញ​ពិភព​លោក។ ប្រសិន​បើ​ពេល​នោះ ស្ថានទូត​បារាំង​ប្រឈម​មុខ​ជា​មួយ​រដ្ឋាភិបាល​ប្រក្រតី​ណា​មួយ ដែល​មិន​មែន​ជា​ខ្មែរ​ក្រហម ប្រហែល​ជា​ការ​ចរចា​ដោយ​សុទ្ធ​ចិត្ត​ណា​មួយ​អាច​កើត​ឡើង ដើម្បី​ឱ្យ​មាន​ច្រក​ចេញ​មួយ ដែល​ធានា​នូវ​សុវត្ថិភាព​របស់​អ្នក​ដែល​បាន​ចូល​ទៅ​ជ្រកកោន​ក្នុង​ស្ថានទូត​នោះ។ ប៉ុន្តែ ជាមួយ​ខ្មែរ​ក្រហម គឺ​ជា​ពួក​ជ្រុល​និយម។ បើ​ខ្ញុំ​ធ្វើ​ការ​នៅ​ស្ថានទូត​នៅ​ពេល​នោះ ក៏​ពិបាក​សម្រេច​ចិត្ត​ដែរ ហើយ​បញ្ហា​នេះ​ជា​បញ្ហា​សីលធម៌ មិន​មែន​ជា​បញ្ហា​ច្បាប់​ទេ ពី​ព្រោះ​ស្ថានទូត​បារាំង​អាច​បដិសេធ មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំង​នោះ​ចូល​ទៅ​ក្នុង​ស្ថានទូត​តាំង​ពី​ដំបូង​ម្ល៉េះ។ ខ្ញុំ​ដឹង​ថា ពេល​នោះ​ស្ថានទូត​បារាំង មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ការពារ​ស្ថានទូត​របស់​ខ្លួន​ទេ។ ទាហាន​ខ្មែរ​ក្រហម​អាច​សម្រុក​ចូល​ក្នុង​ស្ថានទូត​គ្រប់​ពេល ហើយ​ប្រើ​ហិង្សា​សម្លាប់​មនុស្ស​នៅ​ក្នុង​នោះ »


ទោះ​ជា​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​បារាំង​ម្នាក់ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នៅ​ពេល​នោះ បាន​ប្រាប់​កាសែត ដឹ ហ្ការឌៀន (The Guardian) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០០៦ ដោយ​សុំ​លាក់​ឈ្មោះ​យ៉ាង​ដូច្នេះ​ថា៖ « ពេល​នោះ ពួក​យើង​គួរ​តែ​អាច​ធ្វើ​អ្វី​ម៉្យាង​បាន ពី​ព្រោះ​ក្នុង​បរិវេណ​ស្ថានទូត​បារាំង មាន​ទីធ្លា​ធំ​ល្វឹងល្វើយ មាន​របង​ហ៊ុំ​ព័ទ្ធ មាន​ឧទ្ធម្ភាគចក្រ​ពីរ​បី​គ្រឿង និង​មាន​ទាហាន​បារាំង​ជា​អ្នក​ប្រយុទ្ធ​ខ្លះ​ដែរ ហើយ​ពួក​ទាហាន​ខ្មែរក្រហម​ដែល​ជា​កូន​ក្មេង​ទាំង​នោះ ពួក​គេ​នឹង​មិន​ទៅ​លូក​ដៃ​ជ្រៀតជ្រែក​អី​នោះ​ទេ [ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ] រដ្ឋាភិបាល​បារាំង ក្នុង​ពេល​ប្រឈម​នឹង​សភាព​តានតឹង​នៅ​គ្រា​នោះ បែរ​ជា​មិន​ចាត់ការ​អ្វី​សោះ។ ការ​សម្ងំ​ចឺន មិន​ធ្វើ​អ្វី​សោះ​របស់​ស្ថានទូត​បារាំង​នៅ​ពេល​នោះ ធ្វើ​ឱ្យ​ខ្ញុំ​ខ្មាសអៀន​ខ្លាំង​ណាស់​ក្នុង​នាម​ជា​ជន​ជាតិ​បារាំង​ម្នាក់ »

ក្រៅ​តែ​ពី​អតីត​មន្ត្រី និង​ពល​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ ដែល​ត្រូវ​ខ្មែរក្រហម​ប្រហារ​ជីវិត​ហើយ​នោះ គ្មាន​ប្រភព​ណា​ដឹង​ច្បាស់​អំពី​ជោគ​វាសនា​របស់​ពលរដ្ឋ​កម្ពុជា រាប់​រយ​នាក់​ផ្សេង​ទៀត ក្រោយ​ពី​ពួក​គេ​បាន​ចាក​ចេញ​ពី​ស្ថានទូត​បារាំង​ហើយ​នោះ​ទេ។

ប៉ុល ពត មេដឹកនាំ​ខ្មែរក្រហម​លាក់​មុខ បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៣ ខែ​មេសា។ ហើយ​មួយ​សប្ដាហ៍​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី៣០ មេសា ឆ្នាំ១៩៧៥ ស្ថានការណ៍​តានតឹង​រវាង​ស្ថាន​ទូត​បារាំង និង​រដ្ឋាភិបាល​ខ្មែរក្រហម​ត្រូវ​បាន​បញ្ចប់ នៅ​ពេល​ខ្មែរ​ក្រហម​សម្រេច​ចិត្ត​បញ្ជូន​ជន​បរទេស​ទាំង​អស់ សរុប​ប្រមាណ ៣០០នាក់ ចេញ​ពី​ស្ថានទូត​បារាំង​ទៅ​កាន់​ប្រទេស​ថៃ​តាម​រថយន្ត។ ជន​បរទេស​ទាំង​នោះ មួយ​ចំនួន​ធំ​ជា​បុគ្គលិក​អង្គការ​មនុស្សធម៌ មកពីប្រទេសប្រមាណ២០ រួម​មាន​ពី​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេងៗ ទៀត។

ការ​ទទួល​ខុស​ត្រូវ​ក្នុង​ផ្លូវ​សីលធម៌​របស់​បារាំង ចំពោះ​ជន​រង​គ្រោះ​កម្ពុជា

ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​ជួយ​សង្គ្រោះ​អ្នក​ណា​មុន​នោះ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ មាន​ប្រសាសន៍​ថា ជា​ធម្មតា​ទេ មន្ត្រី​ទូត​បរទេស ពួក​គេ​មាន​កាតព្វកិច្ច​ជួយ​សង្គ្រោះ​ជន​ជាតិ​ខ្លួន​ឯង​មុន​ហើយ។ ជាក់​ស្ដែង រវាង​ខ្មែរ និង​បារាំង នៅ​ពេល​នោះ ស្ថានទូត​បាន​សម្រេច​ចិត្ត​ការពារ​ផល​ប្រយោជន៍ និង​ជីវិត​របស់​ពលរដ្ឋ​ខ្លួន មុន​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ៖ « សភាពការណ៍​ពេល​ហ្នុង​សង្ខុញ​ខ្លាំង វឹកវរ ដូច្នេះ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ជ្រុង​ណា​មួយ​ក៏​ដោយ អាច​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ទទួល​រង​ការ​ប៉ះពាល់ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​បណ្ដេញ​ចេញ ស្លាប់​បាត់បង់​ជីវិត​ទៀត។ នេះ​យើង​អាច​វាយ​តម្លៃ​បាន​ថា ការ​សម្រេច​ចិត្ត​របស់​បារាំង​ក៏ Personal ដែរ គឺ​ផ្អែក​ទៅ​លើ​សញ្ជាតិ​របស់​ខ្លួន​ឯង​មុន បាន​គិតគូរ​អ្នក​ដទៃ »

លោក ឆាំង យុ បន្ត​ថា ទោះ​ជា​យ៉ាង​ណា ក្នុង​ការ​ជំនុំជម្រះ​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ជាង ១០ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បារាំង​បាន​ចូលរួម​គាំទ្រ​ទាំង​ស្មារតី ទាំង​សម្ភារៈ​ដល់​សាលាក្ដី​ខ្មែរក្រហម ដែល​អាច​ចាត់​ទុក​ថា ជា​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សីលធម៌​របស់​ខ្លួន ចំពោះ​ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ៖ « បើ​យើង​និយាយ​ពី​បញ្ហា​សីលធម៌ ស្ថានទូត​បារាំង​ក៏​បាន​ជួយ​ដល់​តុលាការ អ៊ីចឹង​ខ្ញុំ​គិត​ថា ការ​ប្រឹងប្រែង​ទាំង​អស់​ហ្នឹង​ជា​កាយវិការ​មួយ​បង្ហាញ​អំពី​ការ​គិត​ដល់​អ្នក ដែល​មាន​ភ័ព្វ​វាសនា​មិន​ល្អ។ ប៉ុន្តែ​ជីវិត​មនុស្ស​ពិបាក​នឹង​កាត់​ថ្លៃ ហើយ​ការ​ប្រឹងប្រែង​ទាំង​ឡាយ​ណា​ក៏​វា​ពិបាក​នឹង​ប៉ះប៉ូវ​អ្វី​ដែល​បាន​បាត់បង់​ណាស់ តែ​យ៉ាង​ហោច​ណាស់​ឱ្យ​តែ​បាន​ធ្វើ​ក៏​យើង​ចាត់​ទុក​ថា ជា​ការ​គោរព​អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​ដែល​រង​ទុក​វេទនា​ដែរ »

សាលាក្ដី​ខ្មែរក្រហម​បាន​ចាប់​ផ្ដើម​បង្កើត​ឡើង​នៅ​ឆ្នាំ២០០៦ ដោយ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ដើម្បី​ជំនុំជម្រះ​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជិត ២លាន​នាក់ ក្នុង​អំឡុង​ពេល​ពួក​គេ​គ្រប់គ្រង​កម្ពុជា ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩។ ក្នុង​ចំណោម​ប្រទេស​ចំនួន៣៥ ដែល​ជា​ម្ចាស់​ជំនួយ​ថវិកា​ដល់​សាលាក្ដី​កូន​កាត់​មួយ​នេះ រដ្ឋាភិបាល​បារាំង​បាន​បរិច្ចាគ​ទឹក​ប្រាក់​សរុប​ជិត ១០លាន​ដុល្លារ​ហើយ​មក​ដល់​ពេល​នេះ។ ប្រទេស​បារាំង​ស្ថិត​ក្នុង​លំដាប់​ទី៩ ខណៈ​ប្រទេស​ជប៉ុន​ស្ថិត​ក្នុង​លំដាប់​ទី១ ដែល​ផ្ដល់​ថវិកា​ច្រើន​ជាង​គេ​ដល់​សាលាក្ដី​ខ្មែរក្រហម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។