អន្តរជាតិ៖ វិបត្តិ​ថវិកា​សាលា​ក្ដី​ខ្មែរ​ក្រហម​ជា​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​កម្ពុជា

បញ្ហា​វិបត្តិ​អត់​ថវិកា​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​ខាង​ភាគី​កម្ពុជា កំពុង​ជួប​ប្រទះ​ធ្ងន់ធ្ងរ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចោទ​ថា ជា​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ជំនុំ​ជម្រះ​ក្ដី​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​របប​ខ្មែរ​ក្រហម។

0:00 / 0:00

ការ​ចោទ​ឡើង​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) តាម​រយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​ដាក់​ចំណង​ជើង​ថា រដ្ឋាភិបាល​កម្ពុជា បង្អាក់​ដំណើរ​ការ​សាលា​ក្ដី​ខ្មែរ​ក្រហម។

អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ សរសេរ​បន្ត​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ព្រម​ផ្ដល់​ប្រាក់​ខែ​ឱ្យ​បុគ្គលិក​ខាង​ភាគី​កម្ពុជា នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​ជា​ការ​ប៉ុនប៉ង​ចុង​ក្រោយ ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ប្រឹងប្រែង​នានា ក្នុង​ការ​នាំ​យក​អតីត​ខ្មែរ​ក្រហម​មក​កាត់​សេចក្ដី។

ការ​ដែល​មិន​ផ្ដល់​ប្រាក់​ខែ​ដល់​បុគ្គលិក​នេះ ក៏​ជា​ការ​គំរាម​កំហែង​ដល់​ដំណើរ​ការ​ជំនុំ​ជម្រះ​វគ្គ​ទី១ លើ​អតីត​ខ្មែរ​ក្រហម​ពីរ​រូប គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រឹងប្រែង​បញ្ចប់ និង​ចេញ​សាលក្រម​នៅ​ដើម​ឆ្នាំ​២០១៤។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ បាន​ដក​ស្រង់​សម្ដី​នាយក​ប្រតិបត្តិ​របស់​ខ្លួន​ប្រចាំ​អាស៊ី គឺ​លោក ប្រែត អាដាម (Brad Adams) ដែល​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ចំណាយ​ពេល​បង្អាក់​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ម្ចាស់​ជំនួយ​នៅ​តែ​បន្ត​ផ្ដល់​លុយ​សម្រប​សម្រួល​ដល់​សាលា​ក្ដី​នេះ​ទៀត៖ «ម្ចាស់​ជំនួយ ចុង​ក្រោយ​គួរ​តែ​ហៅ​ថា នេះ​ការ​បោក​បញ្ឆោត​របស់​គាត់ និង​ផ្អាក​ជំនួយ​នា​ពេល​អនាគត រហូត​ទាល់​តែ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ចំណែក​លុយ​ចំណាយ​សម្រាប់​សាលា​ក្ដី​ដែល​ខ្លួន​បាន​ព្រមព្រៀង»

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា តាម​កិច្ច​ព្រមព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​ភាគី​អង្គការ​សហប្រជាជាតិ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​បើក​ប្រាក់​ខែ​ឱ្យ​បុគ្គលិក​ដែល​ខ្លួន​ជ្រើស​រើស ហើយ​ភាគី​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ប្រាក់​ខែ​បុគ្គលិក​នៅ​ខាង​ភាគី​ខ្លួន។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​ថា នៅ​ពេល​នេះ បុគ្គលិក​ខាង​ភាគី​កម្ពុជា ចំនួន ១៤០​នាក់ ក្នុង​ចំណោម ២៥០​នាក់ នៅ​នាំ​គ្នា​បន្ត​ឈប់​ធ្វើ​ការងារ​ជា​បណ្ដោះ​អាសន្ន​នៅ​ឡើយ ដោយសារ​តែ​មិន​បាន​ទទួល​ប្រាក់​ខែ ៣​ខែ​មក​ហើយ ហើយ​ក៏​មិន​ទាន់​បាន​ទទួល​ដំណឹង​វិជ្ជមាន​ណា​មួយ​ពី​ផ្នែក​រដ្ឋបាល​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អ្នក​ជំនាញ​ការ​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ សម្រាប់​ជំនួយ​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​លោក ដេវីដ សេហ្វើរ (Dvid Scheffer) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​ថ្លែង​ថា បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​កម្ពុជា ខកខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​ច្បាប់​ក្នុង​ការ​ផ្ដល់​ប្រាក់​ខែ​ដល់​បុគ្គលិក​ខាង​ភាគី​ខ្លួន​របស់​ខ្លួន។ លោក ដេវីដ សេហ្វើរ បន្ត​ថា អង្គការ​សហប្រជាជាតិ​បាន​ដាស់តឿន​រដ្ឋាភិបាល​កម្ពុជា ម្ដង​ហើយ​ម្ដង​ទៀត ឱ្យ​បង្កើន​ការ​បំពេញ​កាតព្វកិច្ច​ច្បាប់​របស់​ខ្លួន ដើម្បី​ចៀសវាង​វិបត្តិ​ទាំង​នេះ។ ប៉ុន្មាន​ខែ​កន្លង​មក​នេះ ទាំង​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ និង​រូប​លោក​ផ្ទាល់ បាន​ជួប​ពិភាក្សា​ជា​ច្រើន​លើក​ជាមួយ​រដ្ឋាភិបាល​ម្ចាស់​ជំនួយ​ជា​ច្រើន ទាក់ទង​នឹង​បញ្ហា​នេះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បាន​ថ្លែង​ជា​សាធារណៈ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍ កាល​ថ្ងៃ​ទី២៨ សីហា ថា ជីវិត​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នេះ កំពុង​មាន​ចំណោទ​នៅ​ឡើយ។

កាល​ពី​ខែ​សីហា លោក ដេវីដ សេហ្វើរ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ជួប​រដ្ឋាភិបាល​ប្រទេស​៤ នៅ​ក្នុង​អាស៊ាន ដូច​ជា ប្រទេស​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី ជា​ដើម ដើម្បី​ស្វែង​រក​ថវិកា​សម្រាប់​ភាគី​ជាតិ នៅ​ឆ្នាំ​២០១៤។ លោក​សង្ឃឹម​ថា សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​មាន​ស្ថិរភាព​នៅ​ពេល​អនាគត។ ប៉ុន្តែ នៅ​ក្នុង​បរិបថ​នេះ លោក ដេវីដ សេហ្វើរ បញ្ជាក់​ថា បញ្ហា​ទី​មួយ​ដែល​មិន​ប្រកែក​បាន គឺ​សាលា​ក្ដី​នេះ​ត្រូវ​បង្កើន​ល្បឿន និង​ប្រសិទ្ធភាព​ក្នុង​កិច្ច​ដំណើរ​ការ​ជំនុំ​ជម្រះ​របស់​ខ្លួន។

លោក​ថ្លែង​ថា អង្គការ​សហប្រជាជាតិ សង្ឃឹម​ថា បញ្ហា​អត់​ថវិកា​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ហើយ​នឹង​ផ្ដល់​បរិយាកាស​ឱ្យ​បុគ្គលិក​ទាំង​នោះ​បន្ត​ការងារ​ដ៏​សំខាន់​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម និង​ឱ្យ​សម្រេច​បាន​ការ​ទទួល​ខុស​ត្រូវ ស្រប​តាម​អាណត្តិ​ការងារ​របស់​សាលា​ក្ដី​នេះ។ អង្គការ​សហប្រជាជាតិ​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​សុខុមាលភាព​របស់​បុគ្គលិក​ខាង​ភាគី​ជាតិ និង​គ្រួសារ​របស់​គេ ហើយ​ក៏​ព្រួយ​បារម្ភ​ចំពោះ​ការ​បន្ទច់​បង្អាក់​ដំណើរ​ការ​ជំនុំ​ជម្រះ​របស់​សាលា​ក្ដី។ លោក​អំពាវនាវ​ដល់​បុគ្គលិក​ខាង​ភាគី​ជាតិ ឱ្យ​រក្សា​ភាព​អត់ធ្មត់​នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​បន្ត​ប្រឹងប្រែង​ក្នុង​បញ្ហា​បន្ទាន់​នេះ។

លោក ប្រែដ អាដាម ថ្លែង​បន្ត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ដែល​តាំង​ចិត្ត​ចំពោះ​ការ​ជំនុំ​ជម្រះ​ក្ដី​មេ​ដឹកនាំ​ខ្មែរ​ក្រហម​លើស​ពី​ប៉ុន្មាន​នាក់​នោះ​ទេ៖ «ជាក់​ស្ដែង គឺ​ការពារ​សមាជិក​បក្ស និង​សមាជិក​រដ្ឋាភិបាល​របស់​គាត់ ដែល​ធ្លាប់​នៅ​ក្នុង​ជួរ​ខ្មែរ​ក្រហម​ដែរ។ រដ្ឋាភិបាល​បង្ហាញ​ថា ខ្លួន​មាន​លុយ​គ្រប់គ្រាន់ ដើម្បី​បំប៉ោង​ខាង​យោធា និង​ទិញ​សន្លឹក​ឆ្នោត។ ដូច្នេះ ការ​ដែល​មិន​ព្រម​ផ្ដល់​លុយ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​ជា​សញ្ញា​នៃ​ការ​មើល​ងាយ​ចំពោះ​យុត្តិធម៌​នៅ​កម្ពុជា។ ម្ចាស់​ជំនួយ និង​អង្គការ​សហប្រជាជាតិ គួរ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ឈប់​ធ្វើ​ពុត​ជា​ក្រ​ត​ទៅ​ទៀត ដើម្បី​ផ្ដល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​រាប់​លាន​នាក់»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ​ទេ ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់ លោក ប្រែដ អាដាម។

ដោយ​ឡែក ប្រធាន​រដ្ឋបាល​ការិយាល័យ​រដ្ឋបាល​ស្ដីទី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​លោក ក្រាញ់ តូនី ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែរ ដោយ​ថ្លែង​ថា បញ្ហា​វិបត្តិ​ថវិកា​នេះ គឺ​មិន​អាច​ចៀស​ផុត​ពី​ការ​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​រអាក់រអួល​ការងារ​របស់​សាលា​ក្ដី​ឡើយ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​ថា លោក ក្រាញ់ តូនី ថ្លែង​អំណរគុណ​ចំពោះ​ម្ចាស់​ជំនួយ និង​អង្គការ​សហប្រជាជាតិ ដែល​បាន​ជួយ​ដោះស្រាយ​វិបត្តិ​ថវិកា​ភាគី​កម្ពុជា កន្លង​មក និង​ពេល​កំពុង​តានតឹង​នេះ។

ទាក់ទង​នឹង​ការ​លើក​ឡើង​អំពី​បញ្ហា​ដែល​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​បំពេញ​កាតព្វកិច្ច​ផ្ដល់​លុយ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​ថា គឺ​ជា​ការ​លើក​ឡើង​ខុស ហើយ​ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ថវិកា​វិភាគ​ទាន​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី ៦​សែន​ដុល្លារ រហូត​ដល់ ១​លាន ៨​សែន​ដុល្លារ​នៅ​ឆ្នាំ​២០១៣។

លោក នេត្រ ភក្ដ្រា៖ «សរុប​ទៅ គឺ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​វិភាគ​ទាន​ជា​សាច់​ប្រាក់ និង​ជា​សម្ភារៈ​បរិក្ខារ​ហ្នឹង រហូត​មក​ដល់​ពេល​នេះ គឺ​មាន​ចំនួន ១៨​លាន​ដុល្លារ​អាមេរិក​ហើយ ហើយ​ស្មើ​នឹង ១០% ទៅ​នឹង​ចំណាយ​សរុប​របស់​តុលាការ។ ហើយ​យើង​ឃើញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ច​ព្រមព្រៀង​ហើយ។ ជាក់​ស្ដែង បញ្ហា​ថវិកា​លើ​ប្រាក់​បៀវត្សរ៍​នេះ ទាំង​ភាគី​ជាតិ និង​ភាគី​អន្តរជាតិ នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង គឺ​បាន​ពឹង​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្ដល់​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត​ពី​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ហើយ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ក៏​មិន​បាន​ហាម​ឃាត់​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​ស្នើសុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ជួយ​ដល់​ភាគី​ខ្លួន​ដែរ»

លោក​សង្ឃឹម​ថា តាម​ការ​អំពាវនាវ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ដល់​ប្រទេស​ប្រទេស​ម្ចាស់​ជំនួយ​ក្នុង​ពេល​ថ្មីៗ នឹង​ជួយ​ដល់​សាលា​ក្ដី​នេះ​ត​ទៅ​ទៀត ហើយ​បុគ្គលិក​ខាង​ភាគី​កម្ពុជា នឹង​បន្ត​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់​បន្ត​ទៀត​ក្នុង​ស្ថានភាព​វិបត្តិ​ថវិកា​ធ្ងន់ធ្ងរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។