អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទាមទារឱ្យមានការនាំខ្លួនមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដទៃទៀត យកមកផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីអតីតមេដឹកនាំកំពូលមួយរូបនៃរបបខ្មែរក្រហម គឺលោក នួន ជា បានទទួលមរណភាពនៅពេលថ្មីៗ នេះ។ អង្គការអន្តរជាតិមួយនេះថា យុត្តិធម៌សម្រាប់អំពើឃោរឃៅរបស់ពួកខ្មែរក្រហម មិនអាចត្រូវបានបញ្ចប់ដោយការកាត់ទោសក្រុមមេដឹកនាំមួយក្ដាប់តូចនោះឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា មរណភាពរបស់អតីតបងធំទីពីរនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក នួន ជា បានគាស់កកាយឡើងវិញនូវចម្ងល់ជាច្រើនអំពីរឿងយុត្តិធម៌សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៦ សីហាថា ថ្វីត្បិតតែតុលាការបានរកឃើញពិរុទ្ធភាពរបស់លោក នួន ជា ហើយកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមរូបនេះឱ្យជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយ ជាក់ស្ដែង មានមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមជាច្រើននាក់ទៀត នៅមិនទាន់បានបង្ហាញខ្លួនក្នុងតុលាការនៅឡើយ។ លោកចោទថា មូលហេតុសំខាន់ ដែលជួយឱ្យមេខ្មែរក្រហមដទៃទៀត គេចវេះពីដំណើរការរកយុត្តិធម៌បាន គឺដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមខ្លួនឯងនោះ បានចេញមុខការពារពួកគេ។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះ បន្ថែមថា ជាមួយនឹងមរណភាពរបស់លោក នួន ជា នេះ រដ្ឋាភិបាលបរទេសទាំងឡាយត្រូវតែទាមទារឱ្យលោក ហ៊ុន សែន ធានាអំពីការនាំខ្លួនជនដទៃទៀត ដែលបានធ្វើបាបពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម យកមកកាត់ទោសតាមច្បាប់។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ សីហា ដោយលោកមិនលើកទូរស័ព្ទ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មិនធ្វើអត្ថាធិប្បាយតបនឹងសេចក្តីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ឡើយ។ លោកបញ្ជាក់ថា តុលាការមានសំណុំរឿង ៤ នៅក្នុងដៃ ដោយសំណុំរឿងខ្លះត្រូវបានបញ្ចប់រួចហើយ ខ្លះកំពុងស្ថិតក្នុងដំណាក់កាលប្ដឹងសារទុក្ខ និងខ្លះទៀតស្ថិតក្នុងភាពខ្វែងយោបល់គ្នារវាងសហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ៖ «សំណុំរឿង០០៣ មានជនសង្ស័យមួយរូប គឺលោក មាស មុត ហើយបច្ចុប្បន្នសំណុំរឿងនេះកំពុងតែស្ថិតក្នុងដំណាក់កាលនៃបណ្តឹងឧទ្ធរណ៍នៅចំពោះមុខអង្គបុរេជំនុំជម្រះ។ ចំណែកឯ សំណុំរឿង០០៤ គឺករណីលោកស្រី អ៊ឹម ចែម ត្រូវបានលើកលែងបទចោទប្រកាន់ប្រឆាំងទៅនឹងគាត់ហើយ។ សំណុំរឿងដែលនៅសល់ពីរទៀត គឺសំណុំរឿងលោក អោ អាន គឺនៅចំពោះមុខអង្គបុរេជំនុំជម្រះ។ ចំណែកសំណុំរឿងរបស់លោក យឹម ទិត វិញ គឺបានបញ្ចប់ការស៊ើបអង្កេត ហើយសហចៅក្រមស៊ើបអង្កេតបានចេញដីកាដំណោះស្រាយ ដោយមានការខ្វែងយោបល់គ្នារវាងចៅក្រមជាតិ និងអន្តរជាតិទៅលើយុត្ថាធិការបុគ្គលរបស់លោក យឹម ទិត នៅចំពោះមុខតុលាការ។ ដូច្នេះយើងមិនមានសំណុំរឿងផ្សេងទៀត ក្រៅពីសំណុំរឿង០០១ ០០២ ០០៣ និង០០៤ នោះទេ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា អង្គបុរេជំនុំជម្រះនឹងសម្រេចថា ត្រូវបញ្ជូនទៅជំនុំជម្រះ ឬទម្លាក់ចោលការចោទប្រកាន់ចំពោះសំណុំរឿង ០០៣ និង ០០៤ នៅចុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ខាងមុខ។
ទោះជាយ៉ាងណា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់លើកឡើងម្ដងហើយម្ដងទៀតថា នឹងអាចមានអស្ថិរភាពសង្គម និងសង្គ្រាមស៊ីវិលជាថ្មី ប្រសិនបើសាលាក្ដីខ្មែរក្រហមហ៊ានចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀតនោះ។ ក្រៅពីនេះ លោកធ្លាប់បានប្រកាសជាសាធារណៈឱ្យអតីតមន្ត្រីខ្មែរក្រហមរក្សាភាពស្ងប់ស្ងាត់ ពីព្រោះលោកធានាថា នឹងគ្មានអ្វីកើតឡើងឡើយ ដោយសារភាគីជាតិនៃសាលាក្ដីខ្មែរក្រហមមិនគាំទ្រការចោទប្រកាន់លើបុគ្គលដទៃទៀតឡើយ។
អតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យបានទទួលមរណភាពជាបន្តបន្ទាប់ ដោយសារវ័យចាស់ជរា។ អស់ពីលោក នួន ជា ទៅ គឺនៅសល់តែលោក ខៀវ សំផន ម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត ហើយកំពុងស្ថិតក្រោមការចោទប្រកាន់ផ្លូវការពីសាលាក្ដីខ្មែរក្រហម។
ជនរងគ្រោះ និងជាអ្នករស់រានមានជីវិតពីគុកទួលស្លែង លោក ប៊ូ ម៉េង ឱ្យអាស៊ីសេរីដឹងថា លោកសោកស្ដាយជាខ្លាំងដែល លោក នួន ជា បានទទួលមរណភាព ទាំងដែលរូបលោក និងពលរដ្ឋខ្មែរដទៃទៀត មិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដនៅឡើយ។ លោអំពាវនាវឱ្យតុលាការខ្មែរក្រហម ពន្លឿនសំណុំរឿងដែលនៅសេសសល់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងរបបវាលពិឃាដនេះ៖ «សូមឱ្យតុលាការ អ.វ.ត.ក ហ្នឹង ពន្លឿនឱ្យខ្លាំង ឱ្យឆាប់ ព្រោះខ្ញុំក៏កាន់តែចាស់ ជនរងគ្រោះដទៃទៀតក៏កាន់តែចាស់ អ៊ីចឹងខ្ញុំសុំឱ្យតុលាការខ្មែរក្រហមហ្នឹងជួយពន្លឿនការបន្លាយហ្នឹង ឱ្យលឿនបន្តិច ដើម្បីឱ្យជនរងគ្រោះហ្នឹងបានដឹងដំណឹងពីយុត្តិធម៌ បានទទួលយុត្តិធម៌ផង»។
ក្នុងដំណើរការជំនុំជម្រះក្តីរយៈពេលជាង ១០ឆ្នាំមកនេះ តុលាការខ្មែរក្រហមបានចំណាយថវិកាអស់ប្រមាណ ៣០០ លានដុល្លារអាមេរិក ដោយកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមបានចំនួន ៣រូប ក្នុងសំណុំរឿង ៣ ដាច់ដោយឡែកពីគ្នា។ អ្នកទាំងនោះមាន អតីតប្រធានមន្ទីរសន្តិសុខ "ស២១" ឬគុកទួលស្លែង លោក កាំង ហ្គិចអ៊ាវ ហៅ ឌុច ជាប់ក្នុងសំណុំរឿង ០០១ អនុលេខាបក្សកុម្មុយនិស្តកម្ពុជា លោក នួន ជា និងប្រមុខរដ្ឋនៃរបបខ្មែរក្រហម លោក ខៀវ សំផន ជាប់ក្នុងសំណុំរឿង ០០២ វគ្គ ១ (០០២/១) និង ០០២ វគ្គ ២ (០០២/២)។ អ្នកទាំង៣ សុទ្ធតែត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយតុលាការរកឃើញពីពិរុទ្ធភាពនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ទោះជាយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រិះគន់ថា នេះជាដំណើរការដ៏យឺតយ៉ាវ និងទទួលបានលទ្ធផលតិចតួចមែនទែន ដែលបង្ហាញពីភាពបរាជ័យនៃតុលាការកូនកាត់មួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។