ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានចាត់ទុកថា ការស្លាប់របស់បងធំទី២ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់ក្នុងខណៈសាលាក្តីខ្មែរក្រហមកំពុងដំណើរការបញ្ចប់សំណុំរឿង ០០២ វគ្គទី២ ដែលនៅពេលនេះនៅសល់តែមេដឹកនាំតែម្នាក់ប៉ុណ្ណោះ គឺលោក ខៀវ សំផង។
ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានចាត់ទុកការស្លាប់បាត់បង់ជីវិតលោក នួន ជា ថា ជាការបាត់បង់សាក្សីម្នាក់ទៀតក្នុងការវែកមុខឃាតកនៅពីក្រោយខ្នងនៃការសម្លាប់រង្គាលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។
លោក អ៊ីន ខុម ប្រជាពលរដ្ឋខ្មែរនៅខេត្ត កេប៉ិច (Quebec) នៃប្រទេសកាណាដា ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៥ សីហាថា លោកមានការសោកស្តាយចំពោះសំណុំរឿងខ្មែរក្រហម ដែលលោកជឿជាក់ថា នៅមានអ្នកជាប់ពាក់ព័ន្ធជាច្រើនទៀតមិនទាន់បាននាំយកមកកាត់ទោស៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលស្លាប់មេឃាតកមួយនេះ យើងមិនទាន់រកឃើញច្បាស់លាស់អំពីសោកនាដកម្មជាង ៣ឆ្នាំរបស់ពលរដ្ឋខ្មែរហ្នឹង ពីព្រោះវាមានការទាក់ទងហាក់បីដូចជាការសម្លាប់រង្គាលជា ៣ឆ្នាំ ហើយក្រោយមកមានផែនការ "ក៥" ហាក់បីដូចជាមានផែនការនៅពីក្រោយ » ។
បងធំទី២ គឺលោក នួន ជា អតីតប្រធានរដ្ឋសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់កាលពីល្ងាចថ្ងៃទី៤ ខែសីហាកន្លងទៅ ក្នុងវ័យ ៩៣ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយឈឺរ៉ាំរ៉ៃជាច្រើនឆ្នាំ។
អ្នកស្រី ផាន់ ស៊ី ប្រជាពលរដ្ឋខ្មែរនៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ាបញ្ជាក់ថា អ្នកណាក៏ដឹងដែរថា ពួកខ្មែរក្រហមបានសម្លាប់មនុស្សនៅក្នុងរបប ដែលពួកគេបានគ្រប់គ្រង ក៏ប៉ុន្តែយើងពិបាកសន្និដ្ឋានថា លោក នួន ជា ជាប់ពាក់ព័ន្ធដល់កម្រិតណានោះ៖ «រឿងកាប់សម្លាប់យើងអត់ឃើញពិតពីព្រោះថាមានយួននៅពីក្រោយអ៊ីចឹង យើងអត់ដឹងថា គាត់បានទៅកាប់សម្លាប់ទេ យើងអត់ឃើញ។ ដល់ឥឡូវយើងវាដឹងច្បាស់ទៅហើយថា យួនឈ្លានពានខ្មែរ ម្ល៉ោះហើយ យួនវារកវិធីសាស្ត្រយុទ្ធសាស្ត្ររបស់វាដើម្បីប្រើខ្មែរយើងហ្នឹង ប្រើឈ្មោះខ្មែរអោយសម្លាប់ខ្មែរ ប្រើដៃខ្មែរឱ្យសម្លាប់ខ្មែរ»។
លោក នួន ជា បានស្លាប់បន្ទាប់ពី លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់នៅក្នុងអាយុ ៨៨ឆ្នាំ និងក្នុងពេលលោកមានឋានៈជាជនជាប់ចោទរបស់សាលាក្ដីខ្មែរក្រហម។ លោកបានបានស្លាប់កាលពីអំឡុង ឆ្នាំ២០១៤ កន្លងទៅ។ ចំណែកឯភរិយារបស់លោក គឺអ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់ក្នុងអាយុ ៨៣ឆ្នាំ កាលពីខែសីហា ឆ្នាំ២០១៥។ អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងពីរនាក់ប្តីប្រពន្ធ ដែលស្ថិតក្នុងសំណុំរឿង ០០២ នេះ បានស្លាប់ ខណៈសាលាក្តីមិនទាន់ជំនុំជម្រះនៅឡើយ។
លោក វ៉ាន់ថន ប៉េង ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតនៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា បញ្ជាក់ថា ការស្លាប់របស់លោក នួន ជា ការបាត់បង់មួយដែលយើងមិនទាន់រកការពិតក្នុងរបបខ្មែរក្រហមឲ្យបានដឹងច្បាស់ថាអ្នកណាជាមេឃាតកពិតប្រាកដ ដើម្បីឱ្យជនរងគ្រោះក្នុងរបបនោះបានស្ងប់ចិត្ត៖ «ខ្ញុំក៏ចេះតែឆ្ងល់ដែររឿងសាលាក្ដីខ្មែរក្រហមនេះចំណាយលុយក៏ច្រើន ដូច្នេះដំណើរការនេះវាយឺតមែនទែនដូចថាវាមិនដឹងមានស្អីនៅពីក្រោយនៅក្នុងតុលាការហ្នឹងបាទ » ។
សំណុំរឿង ០០២ នៅក្នុងសាលាជំនុំជម្រះរបស់សាលាក្ដីខ្មែរក្រហមកូនកាត់មួយនេះ ឥឡូវនេះ នៅសល់តែជនជាប់ចោទតែមួយរូបទៀតប៉ុណ្ណោះ គឺលោកខៀវ សំផន ដែលជាអតីតប្រធានរដ្ឋ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលកំពុងជំនុំជម្រះនៅក្នុងសំណុំរឿង ០០២ វគ្គទី២ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។