សហ​ព្រះរាជអាជ្ញា​រក្សា​ជំហរ​ឲ្យ​ដាក់​ទោស នួន ជា និង​ខៀវ សំផន អស់​មួយ​ជីវិត

ក្រុម​សហ​ព្រះរាជអាជ្ញា នៅ​ថ្ងៃ​ទី​៣០ តុលា រក្សា​ជំហរ​របស់​ខ្លួន​ស្នើសុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដោយ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ មុន​នឹង​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ គឺ​លោក តារីក អាប់ឌុលហាក់ (Tarik Abdulhak) ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា គ្មាន​ទោស​ណា​មួយ​ស្រាល​ជាង​ហ្នឹង​ទេ សម្រាប់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។
ដោយ ឡេង ម៉ាលី
2013-10-30
Share
ខៀវ សំផន ៣០៥ ២២-វិច្ឆិកា-២០១១៖ ជន​ជាប់​ចោទ ខៀវ សំផន នៅ​ក្នុង​សវនាការ​បឋម​សំណុំ​រឿង ០០២ ថ្ងៃ​ទី​២។
Photo courtesy of ECCC

លោក តារីក អាប់ឌុលហាក់៖ «ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ គឺ​វា​សមស្រប​សមាមាត្រ​ទៅ​នឹង​ទំហំ​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង។ ដូច្នេះ យើង​ខ្ញុំ​ស្នើសុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ធ្វើ​ការ​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​ឱ្យ​មាន​ភាព​យុត្តិធម៌។ ហើយ​យើង​ខ្ញុំ​សុំ​ឱ្យ​ដាក់​ទោស​ជន​ជាប់​ចោទ​ទាំង ២​រូប ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នេះ​ជា​សេចក្ដី​សន្និដ្ឋាន​របស់​យើង​ខ្ញុំ​ដាក់​ជូន​អង្គ​ជំនុំ​ជម្រះ លើក​លែង​តែ​លោក​លោកស្រី​ចៅក្រម​មាន​ចំណុច​ណា​មួយ មាន​ការ​ស្នើសុំ​ឱ្យ​យើង​ខ្ញុំ​ជួយ​បង្ហាញ​បន្ថែម»

កា​ស្នើសុំ​នេះ គឺ​បន្ទាប់​ពី​សហ​ព្រះរាជ​អាជ្ញា​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​រូប បាន​ដឹក​នាំ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ប្រទេស​ទាសករ​មួយ តាម​រយៈ​ការ​ក្ដាប់​រចនាសម្ព័ន្ធ​ពី​មជ្ឈិម និង​បាន​ទទួល និង​បញ្ជូន​របាយការណ៍​ពី​គណៈ​មជ្ឈិម​បក្ស។ ពួក​គាត់​បាន​ទទួល​ព័ត៌មាន​ពី​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ពេល​នោះ ហើយ​ជា​អ្នក​ធានា​ឱ្យ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​កើត​ឡើង។ សហ​ព្រះរាជ​អាជ្ញា​បញ្ជាក់​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មាន​ពិរុទ្ធភាព​ក្នុង​បទ​ចោទ ដោយសារ​តែ​ពួក​គាត់​ចូល​រួម​ក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម ហើយ​គ្រប់​ឧក្រិដ្ឋកម្ម​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត​ឡើង គឺ​ដើម្បី​សម្រេច​តាម​គោល​បំណង​ឧក្រិដ្ឋ​របស់​ពួក​គាត់។

តាម​ការ​ប្រកាស​របស់​មេធាវី ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នឹង​ឡើង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់ តប​សហ​ព្រះរាជ​អាជ្ញា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល