បុគ្គលិកខាងភាគីជាតិដែលកាត់នោះមានស្ទើរគ្រប់អង្គភាពនៃភាគីជាតិ ឬភាគីរដ្ឋាភិបាលកម្ពុជា មានដូចជា ផ្នែកកិច្ចការសាធារណៈ ផ្នែកផ្ដល់សេវាទូទៅ អ្នកបើកឡាន អ្នកបកប្រែជាដើម។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ឲ្យដឹងនៅថ្ងៃទី៤ កក្កដា ថា ការកាត់បុគ្គលិកនេះ គឺស្ថិតក្នុងគម្រោងពិនិត្យឡើងវិញការកែសម្រួលរចនាសម្ព័ន្ធការងារប្រចាំឆ្នាំរបស់តុលាការជាធម្មតា។ តែលោកបានរំលេចថា ការកាត់បន្ថយចំនួនបុគ្គលិកនេះ ក៏ទាក់ទងចំណុចបីសំខាន់ដែរ។
លោក នេត្រ ភក្ត្រា៖ «ការកាត់បន្ថយនេះមានមូលហេតុបីសំខាន់ គឺទី១ យើងត្រូវពិនិត្យឡើងវិញគម្រោងថវិកាដែលត្រូវប្រើប្រាស់ប្រចាំឆ្នាំផង។ ទី២ គឺជាមួយបញ្ហាប្រឈមមុខទៅនឹងកង្វះថវិកាដែលតុលាការបាន និងកំពុងជួបប្រទះ។ ដូច្នេះហើយ ត្រូវការកាត់បន្ថយមន្ត្រីបុគ្គលិក និងកែសម្រួលរចនាសម្ព័ន្ធទំហំមានធំ បុគ្គលិកច្រើនដែលប្រើប្រាស់លុយច្រើនមកជារចនាសម្ព័ន្ធមួយដែលមានប្រសិទ្ធភាពចំណាយលុយតិច។ ទីបី គឺដោយសារចំនួនជនជាប់ចោទត្រូវបានកាត់បន្ថយបន្ទាប់ពីទី១ សំណុំរឿង០០១ ត្រូវបានបិទបញ្ចប់។ ទី២ ករណីលោក អៀង សារី បានស្លាប់។ ហើយទី៣ លោកស្រី អៀង ធីរិទ្ធ ត្រូវបានបំបែកចេញពីសំណុំរឿង ហើយដោះលែងគាត់។ អ៊ីចឹង ធ្វើឲ្យតម្រូវការកិច្ចការរបស់យើង នឹងចុះ។ អ៊ីចឹងយើងនឹងមិនអាចរក្សានូវរចនាសម្ព័ន្ធការងារដែលធំចំណាយច្រើនហ្នឹងតទៅទៀតទេ។ យើងត្រូវធ្វើការកែទម្រង់ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងដែលយើងកំពុងជួបប្រទះនឹងបញ្ហាថវិកានេះ»។
លោកបន្តថា បុគ្គលិកដែលកាត់នោះមានដូចជា បុគ្គលិករដ្ឋបាលសាធារណៈ អ្នកបើកបររថយន្ត អ្នកបកប្រែភាសា ហើយការកាត់បន្ថយបុគ្គលិកនេះនឹងអាចសន្សំប្រាក់បានខ្លះសម្រាប់ភាគីកម្ពុជា អាចបន្តដំណើរការក្ដីទៅមុខទៀតបានសម្រាប់ឆ្នាំ២០១៣ នេះ។
លោកថា បុគ្គលិកតុលាការខ្មែរក្រហមសរុបទាំងភាគីកម្ពុជា និងភាគីអន្តរជាតិ មានសរុប ២៦០នាក់។
លោក ឡុង បញ្ញាវុឌ្ឍ មន្ត្រីកម្មវិធីផ្នែកគម្រោងយុត្តិធម៌នៅកម្ពុជា និងជាអ្នកតាមដានដំណើរការសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលទេចំពោះដំណឹងកាត់បុគ្គលិកនេះ តែលោកព្រួយខ្លាចមេដឹកនាំខ្មែរក្រហមស្លាប់មុនសាលាក្ដីបញ្ចប់ និងភាគីរដ្ឋាភិបាលមិនមានឆន្ទៈបន្តករណី០០៣ និង០០៤។
បញ្ហាខ្វះថវិកានេះ បានលេចឮយូរណាស់មកហើយ ហើយកាលពីខែឧសភា ឆ្នាំនេះ បុគ្គលិកខ្មែរបាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការពីរបីដងមកហើយ ដោយសារសាលាក្ដីមិនមានលុយបើកប្រាក់ខែឲ្យពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
