សពអតីតបងធំទី២ នៃរបបខ្មែរក្រហម លោក នួន ជា ដែលមានឈ្មោះដើមថា ឡុង ប៊ុនរួត ត្រូវបានគ្រួសារបូជានៅវេលាម៉ោង៧យប់ថ្ងៃទី៩ សីហា ក្រោយពីតម្កល់ទុក ៥ថ្ងៃ នៅវត្តព្រំគិរីមរកត ក្បែរគេហដ្ឋានរបស់លោក ក្នុងខេត្តប៉ៃលិន។
អតីតអ្នកថតរូបបដិវត្តន៍ក្នុងសម័យខ្មែរក្រហម លោក ញ៉ែម អេន ប្រាប់អាស៊ីសេរីថា ពិធីបុណ្យសពលោក នួន ជា គិតចាប់ពីថ្ងៃទី៥ សីហា រហូតមកថ្ងៃបូជាសពនេះ មិនសូវមានមនុស្សច្រើនកុះករចូលរួម ដូចបុណ្យសពលោក អៀង សារី ទេ។ ក្នុងពិធីបូជាសពនៅថ្ងៃនេះ លោក ញ៉ែម អេន ឃើញមានវត្តមានភរិយាលោក ខៀវ សំផន អតីតមេទ័ពខ្មែរក្រហម លោក មាស មុត រួមទាំងអតីតកម្មាភិបាលមួយចំនួនទៀត ដែលធ្លាប់ធ្វើការក្រោមបញ្ជាលោក នួន ជា ក៏មកចូលរួមដែរ។
លោក នួន ជា បានទទួលមរណភាពនៅល្ងាចថ្ងៃទី៤ ខែសីហា ក្នុងវ័យ ៩៣ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយឈឺរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំ។
ក្នុងសម័យខ្មែរក្រហម លោក នួន ជា មានតួនាទីជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ។ លោកត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្ដីខ្មែរក្រហម បានផ្ដន្ទាទោសលោក នួន ជា ឲ្យជាប់គុកអស់មួយជីវិត ក្រោយពីរកឃើញពិរុទ្ធភាពរបស់អតីតមេដឹកនាំខ្មែរក្រហមរូបនេះ ក្នុងសំណុំរឿង ០០២ ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ (Geneva) ដែលបានប្រព្រឹត្តិនៅលើទឹកដីកម្ពុជា ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ មរណភាពលោកនួន ជា គឺនៅមុនពេលការជំនុំជម្រះក្ដីវគ្គទី២ មិនទាន់បិទបញ្ចប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។