អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់ប៉ៃលិនបានសម្ដែងការសោកស្ដាយចំពោះការស្លាប់បាត់បង់ជីវិតរបស់លោក នួន ជា អតីតបងធំទី២ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខណៈដែលអ្នករស់រានមានជីវិតនៅមន្ទីរឃុំឃាំងគុកទួលស្លែង ជំរុញឱ្យសាលាក្តីខ្មែរក្រហមពន្លឿនដំណើរការក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមផ្សេងទៀត ដោយខ្លាចក្រែងស្លាប់បាត់បង់ជីវិតដោយសារវ័យចាស់ជរា។
លោក ប៊ូ មេង អតីតអ្នករស់រានមានជីវិតពីមន្ទីរស ២១ ឬហៅថា គុកទួលស្លែង បានជំរុញឱ្យសាលាក្តីខ្មែរក្រហមពន្លឿនដំណើរការក្តី តទៅមុខឱ្យបានលឿនបំផុត ដោយខ្លាចក្រែងមេដឹកនាំខ្មែរក្រហមផ្សេងទៀត ស្លាប់បាត់បង់ជីវិតបន្តបន្ទាប់ដូចលោក នួន ជា ដោយមិនបានលាតត្រដាងពីការពិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានកាប់សម្លាប់មនុស្សអស់ជាង ១លាន ៧សែននាក់ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
ការលើកឡើងរបស់លោក ប៊ូ មេង បានកើតមានឡើងក្រោយពីបងធំទី២ គឺលោក លោក នួន ជា អតីតប្រធានរដ្ឋសភាប្រជាជន នៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់កាលពីល្ងាចថ្ងៃទី៤ ខែសីហា កន្លងទៅនេះ ក្នុងអាយុ៩៣ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយឈឺរ៉ាំរ៉ៃច្រើនឆ្នាំ។
លោក ប៊ូ មេង បានបញ្ជាក់ថា មេដឹកខ្មែរក្រហមដែលនៅរស់រានមានជីវិត មានដូច ជាលោក ខៀវ សំផន នៅមិនទាន់ជំនុំជម្រះទោសជាស្ថាពរដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំង កំពុងមានវ័យកាន់តែចាស់ជរាណាស់ទៅហើយ។ លោកនិយាយថា បើសាលាក្ដីនេះនៅតែអូសបន្លាយពេលទៀតលោកបារម្ភថា នឹងមិនអាចរកយុត្តិធម៌ដល់អ្នករស់រានមានជីវិតក្នុងខ្មែរក្រហមបានទេ៖ «ការស្លាប់របស់លោក នួន ជា គឺជារឿងមួយដែលបាត់បង់ភស្តុតាងមួយដែរ។ គាត់ជាមេដឹកនាំថ្នាក់កំពូលបន្ទាប់ពីប៉ុល ពត ជាបងធំទី២។ អ៊ីចឹងខ្ញុំចង់សំដៅទៅលើសាលាក្តីខ្មែរក្រហម។ ជាសំណូមពររបស់ខ្ញុំគឺសូមពន្លឿន ឱ្យលឿនពីព្រោះខ្ញុំក៏ចាស់ នួន ជា ក៏ចាស់ ខៀវ សំផន ក៏ចាស់»។
អតីតប្រធានក្រុមទី៣ នៃអង្គភាពលេខ៣៩ នៅក្នុងខេត្តកំពង់ធំក្នុងរបបខ្មែរកម្ពុជាប្រជាធិបតេយ្យ លោក ឡោ ធន ឱ្យដឹងថា លោកក៏ដូចជាមេខ្មែរក្រហមដទៃទៀតបានសម្ដែងការសោកស្តាយចំពោះការស្លាប់របស់លោក នួន ជា។
លោកបញ្ជាក់ថា អ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមមិនមែនមានតែលោក នួន ជា ម្នាក់នោះទេ ដូច្នេះសាលាក្តីត្រូវបើកការស៊ើបអង្កេតនាំយកមេដឹកនាំផ្សេងទៀតមកកាត់ទោសដើម្បីយុត្តិធម៌ទាំងអស់គ្នា៖ «ការស្លាប់របស់គាត់ក្នុងនាមខ្ញុំជា អតីតអ្នកតស៊ូតាំងពីឆ្នាំ១៩៧១ មករហូតយើងថា សរុបចុះមកដល់ (ឆ្នាំ) ៩៨ ឃើញថា គាត់ស្លាប់ទៅមានការកាត់ក្ដី ក៏ប៉ុន្តែនៅក្នុងរបបគាត់កាន់កាប់មានការស្លាប់មនុស្សអ៊ីចឹងទៅ ក៏ប៉ុន្តែការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ វាគ្រាន់តែជាស្រមោល វាគ្រាន់តែជាពពកខ្មៅ វាអត់ដឹងថា វាអីផងអ៊ីចឹងគាត់ស្លាប់ទៅដោយមិនបានបកស្រាយឱ្យពិស្ដារ»។
អតីតគិលានុបដ្ឋាកនាយិកានៅក្នុងរបបខ្មែរក្រហមបច្ចុប្បន្ន ជាសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តប៉ៃលិន អ្នកស្រី វ៉ែន តារា មានប្រសាសន៍ថា ទោះបីជាលោក នួន ជា បានស្លាប់ក្ដីតែអ្នកស្រីចងចាំថា លោក នួន ជា ហ៊ាននិយាយពិត ជាងការនិយាយការពារនៅក្នុងសាលាក្ដីខ្មែរក្រហម។អ្នកស្រីបញ្ជាក់ថា នេះជាពេលវេលាមួយដែលខ្មែរគ្រប់និន្នាការនយោបាយត្រូវដឹងថា តើរបបខ្មែរក្រហមបានបន្សល់ទុកអ្វីខ្លះដល់ពេលបច្ចុប្បន្ននេះ ដូច្នេះសុំឱ្យមេដឹកនាំជំនាន់ក្រោយចៀសវាងការជាន់ដានប្រវត្តិសាស្ត្រ៖ «ជាមតិរបស់ខ្ញុំសំណូមពរគឺថា យើងដល់ពេលវេលាដែលយើងខ្ញុំទាំងអស់គ្នាថា ដំណាក់កាលប្រទេសជាតិយើងវាឈានដល់ដំណាក់កាលណាហើយ គឺយើងសុទ្ធតែដឹងទាំងអស់គ្នា»។
លោក នួន ជា បានស្លាប់បន្ទាប់ពី លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់ក្នុងអាយុ ៨៨ឆ្នាំ និងក្នុងពេលលោកមានឋានៈជាជនជាប់ចោទរបស់សាលាក្ដីខ្មែរក្រហម។ លោកបានបានស្លាប់កាលពីអំឡុង ឆ្នាំ២០១៤។ ចំណែកឯភរិយារបស់លោកគឺអ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់ក្នុងអាយុ ៨៣ឆ្នាំ កាលពីខែសីហា ឆ្នាំ២០១៥។ អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងពីរនាក់ប្ដីប្រពន្ធ ដែលស្ថិតក្នុងសំណុំរឿង ០០២ ដែរនោះ បានស្លាប់ខណៈសាលាក្តីមិនទាន់ជំនុះជម្រះនៅឡើយ។
លោក សុខ ភាព អតីតមេបញ្ជាការរងកងពល៤៥០ នៅតំបន់ម៉ាឡៃ ក្នុងរបបខ្មែរក្រហម បានសំដែងការសោកស្ដាយចំពោះការបាត់បង់ជីវិតមេដឹកនាំខ្មែរក្រហមមួយរូបទៀត គឺលោក នួន ជា ដោយសារតែលោក នៅចងចាំការតស៊ូជាមួយគ្នាក្នុងរបបខ្មែរក្រហម៖ «មិនដឹងមានយ៉ាងម៉េចទៀតធម្មតាមនុស្សយើងចាស់គ្រប់ៗ គ្នា បើចាស់ឈឺស្លាប់ដូចគ្នាអ៊ីចឹង ដូចខ្ញុំប្រាប់ខាងដើមអ៊ីចឹងគ្រាន់តែមានការអាណិតអាសូរគាត់ដែរ ជាអតីតមេចាស់អីចឹងទៅ។ ការស្លាប់ដូចលោក ប៉ុល ពត និង តាម៉ុក វាអាណិតអាសូរដូចតែគ្នាអ៊ីចឹង»។
សំណុំរឿង០០២ ឥឡូវនេះ នៅសល់តែជនជាប់ចោទតែមួយរូបទៀតប៉ុណ្ណោះ គឺ លោក ខៀវ សំផន ដែលជាអតីតប្រធានរដ្ឋ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលកំពុងជំនុំជម្រះនៅក្នុងវគ្គ២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
