ស្ថានទូត​អាមេរិក បន្ត​ផ្ដល់​ថវិកា​សម្រាប់​ការ​អភិរក្ស​សំលៀក​បំពាក់​ជន​រង​គ្រោះ​ក្នុង​សារមន្ទីរ​ទួល​ស្លែង

ដោយ ថន ថារ៉ូ
2020-01-15
Share
US Logo US logo
Photo: RFA

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​សម្រាប់​គម្រោង​មូលនិធិ​ឯកអគ្គរដ្ឋទូត សម្រាប់​ការ​អភិរក្ស​វប្បធម៌ ដើម្បី​អភិរក្ស​សំលៀក​បំពាក់​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​សារ​មន្ទីរ​ទួល​ស្លែង។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អ្នកស្រី អ៊ីមីលី ហ្សីប៊ឺក (Emily Zeeberg) ប្រាប់​អាស៊ី​សេរី​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ទឹក​ប្រាក់​ដែល​ត្រូវ​ផ្តល់​ឱ្យ​សារមន្ទីរ​ទួល​ស្លែង​លើក​នេះ មាន​ចំនួន ៧ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក។

កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៧ ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ បាន​ផ្ដល់​ថវិកា​ប្រមាណ​ជាង ៥ម៉ឺន​ដុល្លារ​អាមេរិក ដល់​សារមន្ទីរ​ទួល​ស្លែង ក្នុង​ការ​អភិរក្ស​សំលៀក​បំពាក់​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​សារមន្ទីរ​ទួល​ស្លែង​នៅ​ក្នុង​របប​ខ្មែរក្រហម​ផង​ដែរ។ គម្រោង នេះ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ការពារ​ការ​ខូចខាត​សំលៀកបំពាក់​របស់​ជន​រង​គ្រោះ អោយ​បាន​ត្រឹមត្រូវ​ដោយ​អ្នក​ជំនាញ​ដែល​មាន​វិជ្ជាជីវៈ។ អ្នកស្រី ខូ ចិន្តា ប្រធាន​ផ្នែក អភិរក្ស នៃ​សារមន្ទីរ​ទួល​ស្លែង បាន​ប្រាប់​អាស៊ី​សេរី​ថា គម្រោង​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ការងារ​អភិរក្ស ហើយ​ក្រុម​ការងារ​អភិរក្ស​របស់​អ្នកស្រី បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អ្នក​ជំនាញ​ជន​ជាតិ​អាមេរិក ឱ្យ​ស្រប​ទៅ​តាម​ស្តង់ដារ​ក្នុង​ការ​ប្រមូល ការ​ចុះ​បញ្ជី​សារពើព័ន្ធ និង​ការ​ថែ​រក្សា​ទុក​នូវ​បំណែក​ខោ​អាវ​ចាស់ៗ របស់​ជន​រង​គ្រោះ ដែល​បាន​ជាប់​ឃុំ​ក្នុង​សារមន្ទីរ​ទួល​ស្លែង​ក្នុង​សម័យ​ខ្មែរក្រហម។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាម​រយៈ​កម្មវិធី​មូលនិធិ​ឯក​អគ្គ​រដ្ឋ​ទូត ដើម្បី​អភិរក្ស​វប្បធម៌ របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានផ្តល់ថវិកាប្រមាណជិត៤,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ ដែល​ក្នុង​នោះ រួម​មាន ការ​ជួសជុល និង​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់ខែង ក្នុង​ខេត្ត​សៀមរាប​ ប្រាសាទ​ភ្នំ​ហាន់ជ័យ​ក្នុង​ខេត្ត​កំពង់ចាម ប្រាសាទ​ភ្នំ​ដា​ក្នុង​ខេត្ត​តាកែវ ប្រាសាទ​បន្ទាយ​ឆ្មារ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ការ​ចុះ​បញ្ជី​វត្ថុ​បុរាណ​ខ្មែរ របាំ​ប្រពៃណី​ខែ្មរ និង​គម្រោង​ផ្សេងៗ ជា​ច្រើន​ទៀត។​ សហរដ្ឋអាមេរិក ក៏​បាន​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​អនុវត្ត​ច្បាប់ និង​មន្ត្រី​ជំនាញ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​បេតិកភណ្ឌ​ផង​ដែរ។

ពិធី​ចុះហត្ថលេខា​សម្រាប់​គម្រោង​មូលនិធិ​ឯក​អគ្គ​រដ្ឋ​ទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១៦ ខែ​មករា នៅ​សារមន្ទីរ​ទួល​ស្លែង ដោយ​មាន​ការ​ចូលរួម​ដោយ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក ប៉ាទ្រីក មើហ្វី (Patrick Murphy) និង​អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។