នាយក​រដ្ឋមន្ត្រី​គូវ៉េត​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ដើម​ខែ​សីហា

នាយក​រដ្ឋមន្ត្រី​ប្រទេស​គូវ៉េត អ្នកអង្គម្ចាស់ ស្ហេក ណាស្សែរ អាល់ម៉ូហាម៉ាដ អាល់អាម៉ាដ អាល់ហ្សាប៊ែ រ អាល់សាបា (Sheikh Nasser Al-Mohammed Al-Ahmad Al-Jaber Al-Sabah) នឹង​យាង​មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០០៨​នេះ ។

ការយាង​មក​បំពេញ​ទស្សនកិច្ច​នេះ គឺ​តាម​ការអញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ខ្មែរ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ អ្នក​អង្គម្ចាស់ ស្ហេក ណាស្សែរ អាល់ម៉ូហាម៉ាដ អាល់អាម៉ាដ អាល់ហ្សាប៊ែ រ អាល់សាបា នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម និង​ជួប​ពិភាក្សា​ផ្លូវការ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ៕