តុលាការកោះហៅដើមបណ្ដឹងសួររឿងក្រុមហ៊ុន ធី & ភី
2011.06.23
កម្មករឈ្មោះ ហេង ហាក់ មកពីខេត្តពោធិ៍សាត់ ដែលបានចូលឆ្លើយបំភ្លឺពាក្យបណ្ដឹងបានថ្លែងថា លោកស្រីសុំឲ្យតុលាការស្វែងរកយុត្តិធម៌ និងសងជំងឺចិត្ត ៖ «ខ្ញុំប្ដឹងអំពីក្រុមហ៊ុនពីបទបិទសិទ្ធិខ្ញុំមិនឲ្យខ្ញុំចេញទៅណាទៅណី។ ខ្ញុំឲ្យខាងតុលាការគាត់ផ្ដន្ទាទោស បិទក្រុមហ៊ុន ហើយសុំឲ្យគាត់បង់សងជំងឺចិត្តខ្ញុំ»។
កម្មកររូបនេះបានដាក់ពាក្យបណ្ដឹងប្ដឹងថៅកែក្រុមហ៊ុននាំពលករទៅក្រៅប្រទេសឈ្មោះ ធី & ភី នៅជាយក្រុងភ្នំពេញ កាលពីខែមីនា កន្លងទៅ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ កន្លងទៅ កម្មការិនីឈ្មោះ ហេង ហាក់ រូបនេះ បានលោតចេញ ពីអគាររបស់ក្រុមហ៊ុន ធី & ភី កម្ពស់ ២ជាន់ ដើម្បីរត់គេចខ្លួនបណ្ដាលឲ្យបាក់ជើងទាំង២។
ការលោតនោះ គឺដោយសារតែក្រុមហ៊ុន ធី & ភី បានរងការចោទថា បានបិទសិទ្ធិសេរីភាព និងបង្ខាំងកម្មករជាច្រើនខែមិនឲ្យទៅលេងផ្ទះសម្បែង និងជួបជុំជាមួយគ្រួសារទេ។ ក្រោយមកនៅ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១១ មានកម្មការិនីម្នាក់ទៀតឈ្មោះ ស៊ឹង ស៊ីណា បានស្លាប់នៅក្នុងក្រុមហ៊ុននោះ ដោយសារតែគាំងបេះដូង។
ក្រឡាបញ្ជីនៃតុលាការក្រុងភ្នំពេញ បានឲ្យដឹងថា នេះជាការសាកសួរ គឺខាងដើមបណ្ដឹង។ តុលាការបានកោះហៅភាគីក្រុមហ៊ុន ធី & ភី ជាចុងចោទរួចហើយ ដើម្បីមកសាកសួរជាក្រោយ៕