អភិបាលរងខែត្រកំពង់ធំ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ថា បញ្ហាជម្លោះដីព្រៃរបស់ជនជាតិភាគតិចកួយនៅភូមិវាលវែង ជាមួយប្រជាពលរដ្ឋនៅភូមិតាអោក ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខែត្រកំពង់ធំ ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះត្រូវបានដោះស្រាយរួចរាល់ហើយ។
លោក គង់ វិមាន អភិបាលរងខែត្រកំពង់ធំ បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា លោកបានកោះហៅប្រជាពលរដ្ឋជនជាតិភាគតិចកួយដែលជាដើមបណ្ដឹង ឲ្យចូលខ្លួនមកសាលាខែត្រដើម្បីដោះស្រាយដីជម្លោះប្រមាណ ៥៥ហិកតាតាំងពីឆ្នាំ២០០៦មក ដោយចែកដីនោះឲ្យប្រជាពលរដ្ឋនៅភូមិតាអោក ចំនួនផ្ទៃដី ២៦ហិកតា និងឲ្យទៅជនជាតិភាគតិចកួយចំនួន ២៩ហិកតា។
លោក គង់ វិមាន បានលើកឡើងទៀតថា ការបែងចែកដីនេះ គឺឲ្យពួកគាត់ជាបណ្ដោះអាសន្នទេ មិនអនុញ្ញាតឲ្យភាគីទាំងពីរកាប់រានដីព្រៃទាំងនោះទេ។ ពួកគាត់មានសិទ្ធិធ្វើចម្ការតែលើដីគ្មានព្រៃដែលពួកគាត់ធ្លាប់ធ្វើចម្ការពីពេលមុនមក ព្រោះដីទាំងអស់នោះជាដីបម្រុងរបស់រដ្ឋ។
លោក គង់ វិមាន មានប្រសាសន៍ថា ៖ «ធម្មតាដីនោះជាសហគមន៍ មានន័យថា គាត់អាចថែរក្សាព្រៃនោះដើម្បីទុកប្រើប្រាស់ ប្រមូលផលអនុផលព្រៃឈើដែលជាលក្ខណៈមួយស្របច្បាប់ ហាមមិនអាចកាប់រានទន្ទ្រានព្រៃឈើ ឬបរបាញ់សត្វណាមួយខុសនឹងច្បាប់ទេ»។
ការចូលរួមដោះស្រាយជម្លោះដីនេះ មានអភិបាលរងខែត្រ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងខែត្រ មន្ត្រីបរិស្ថាន មន្ត្រីដែនដីនគរនគរូបនីយកម្មខែត្រ និងអាជ្ញាធរឃុំស្រុក»។
លោក គង់ វិមាន បានឲ្យដឹងថា គណៈកម្មការជំនាញខែត្រនឹងចុះទៅវាស់វែងព្រំប្រទល់ដីឲ្យពួកគាត់នៅពេលឆាប់ៗនេះ ពីព្រោះភាគីទាំងពីរបានឯកភាពគ្នាតាមគោលការណ៍ដោះស្រាយរបស់ខែត្រអស់ហើយ។
ក្រុមជនជាតិភាគតិចកួយ បានមានប្រសាសន៍ថា ពួកគាត់បានទទួលយកការដោះស្រាយនេះ ពីព្រោះបើសិនជាពួកគាត់មិនទទួលយកទេ វាកាន់តែអូសបន្លាយពេលវេលាកាន់តែយួរ ដែលធ្វើឲ្យពួកគាត់គ្មានដីបង្កបង្កើនផលអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
បុរសម្នាក់ឈ្មោះ នួន សំឡី បាននិយាយថា ដីជម្លោះនៅឃុំឈូក ពួកគាត់ប្រមាណ ៣០០គ្រួសារបានធ្វើចម្ការវិលជុំតាំងពីជីដូនជីតាមកហើយ ប៉ុន្តែក្នុងឆ្នាំ២០០៦ ប្រជាពលរដ្ឋនៅភូមិតាអោក ប្រមាណ ១០គ្រួសារបានទៅកាប់រានព្រៃនៅលើដីនោះ ហើយមានជម្លោះប្ដឹងផ្ដល់គ្នាចាប់ពីពេលនោះរហួតមក។
ក្រុមជនជាតិភាគតិចកួយ បានឲ្យដឹងដូច្នេះ ៖ «នៅក្នុងតំបន់ដីរបស់យើង បើនិយាយឲ្យចំទៅ យើងប្រើប្រាស់យួរហើយ តាំងពីក្រោយរបបប្រល័យពូជសាសន៍។ យើងដើរកាប់ចម្ការពនេចរនៅក្នុងបរិវេណភូមិរបស់យើង យើងកាប់ជាប់រហូតតៗគ្នា យើងឈប់កាប់ទៅព្រៃវាដុះមកតៗគ្នា ហើយខាងហ្នឹងគេចូលទៅកាប់ម្ដងទៅ។ ឥឡូវដោះស្រាយដែរ ពីមុនយើងធ្លាប់ធ្វើដែរតែយើងត្រូវរ៉ូវគ្នាហើយ»។
អភិបាលរងខែត្រកំពង់ធំ លោក គង់ វិមាន បានអះអាងទៀតថា នាពេលកន្លងមកសាលាខែត្របានទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋនៅក្នុងខែត្រកំពង់ធំអំពីជម្លោះដីធ្លីមានជាង ៤០ករណី ក្នុងនោះមានពាក្យបណ្តឹងមួយចំនួនត្រូវបានដោះស្រាយ និងមួយចំនួនទៀតកំពុងធ្វើការដោះស្រាយជាបន្តបន្ទាប់ទៀត៕