អង្គការ​អន្តរជាតិ​ប្រតិកម្ម​នឹង​ការ​បាញ់​សម្លាប់​យុវជន​ម្នាក់​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ព្រះវិហារ

ដោយ យាង សុជាមេត្តា
2014.07.31
Share on WhatsApp
Share on WhatsApp
global witness ៣០៥ និមិត្តសញ្ញា​របស់​​អង្គការ Global Witness
www.globalwitness.org

អង្គការ​ការពារ​ធនធាន​ធម្មជាតិ ក្លូបប៊ល វីតណែស្ស (Global Witness = GW) ចាត់​ទុក​ការ​បាញ់​សម្លាប់​យុវជន​ដោយ​ទាហាន ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា​ជា​សោកនាដកម្ម​ចុង​ក្រោយ​បង្អស់​មួយ បង្ក​ឡើង​ដោយ​វិបត្តិ​រឹប​អូស​យក​ដីធ្លី​នៅ​កម្ពុជា។

អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ការពារ​ជីវិត​ពលរដ្ឋ និង​សកម្មជន​ព្រៃ​ឈើ ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ចំពោះ​ការ​រំលោភ​យក​ដីធ្លី និង​ការពារ​បរិស្ថាន។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​វិញ ស្នើ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​ជន​ដែល​បាន​បញ្ជា​ពី​ក្រោយ​ឲ្យ​មាន​អំពើ​ហិង្សា​នេះ។

ប្រតិកម្ម​របស់​អង្គការ ក្លូបប៊ល វីតណែស្ស នេះ ធ្វើ​ឡើង​បន្ទាប់​ពី​យុវជន​អាយុ ១៨​ឆ្នាំ​ម្នាក់ ឈ្មោះ ទ្រី ចំរើន ត្រូវ​បាន​ទាហាន​កង​ពល​តូច​លេខ​៤១ នៅ​ខេត្ត​ព្រះវិហារ ឈ្មោះ ពឿន ប៉ះ ហៅ លិន បាញ់​សម្លាប់​ក្នុង​ពេល​ដែល​មាន​ជម្លោះ​ដណ្ដើម​ដីធ្លី​គ្នា ដែល​ទាហាន​ដៃ​ដល់​រូប​នោះ​អះអាង​ថា ជា​ដី​របស់​មេ​គេ។ អង្គការ ក្លូបប៊ល វីតណែស្ស ហៅ​ការ​បាញ់​សម្លាប់​នេះ​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ស្ថានភាព​តានតឹង និង​អំពើ​ហិង្សា​ដោយសារ​ការ​រឹប​អូស​យក​ដីធ្លី​នៅ​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​៣០ ខែ​កក្កដា អង្គការ ក្លូបប៊ល វីតណែស្ស លើក​ឡើង​ថា ទឹក​ដី​កម្ពុជា កំពុង​ត្រូវ​បាន​ពុះ​ចែក​លក់​ទៅ​ឲ្យ​អ្នក​ដេញ​ថ្លៃ ដោយ​ក្រុម​អ្នក​នយោបាយ អ្នក​ជំនួញ និង​ក្រុម​យោធា​មាន​អំណាច ស្រែក​ឃ្លាន​ទ្រព្យ​សម្បត្តិ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ។ អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​តែង​រិះគន់​រដ្ឋាភិបាល​កម្ពុជា មិន​សំចៃ​មាត់​មួយ​នេះ ក៏​លើក​ឡើង​ថា សកម្មភាព​របស់​ក្រុម​មនុស្ស​ពុក​រលួយ​មួយ​ក្តាប់​នេះ កំពុង​ធ្វើ​ឲ្យ​ពួក​គេ​មាន​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​ទង្វើ​របស់​ពួក​គេ​ទាំងអស់​នេះ ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដីធ្លី និង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។ អង្គការ ក្លូបប៊ល វីតណែស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ប្រគល់​ដី​ទាំង​ដំៗ​ទៅ​ឲ្យ​អ្នក​វិនិយោគ​ឯកជន ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​បើក​ចំហ​អំពី​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ដី​សម្បទាន ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ថា តើ​ដី​របស់​ពួក​គេ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​គោល​បំណង​អ្វី ហើយ​បាន​ផល​ប្រយោជន៍​ទៅ​ដល់​អ្នក​ណា​ខ្លះ?

អង្គការ ក្លូបប៊ល វីតណែស្ស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) និង​វ៉ាស៊ីនតោន​ឌីស៊ី (Washington D.C.) នេះ កត់​សម្គាល់​ដែរ​ថា ដោយសារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា កំពុង​តែ​ខ្សត់​ទៅៗ ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ប្រថុយប្រថាន​យក​ជីវិត​មក​ប្ដូរ ដើម្បី​ការពារ​ដីធ្លី ផ្ទះ​សម្បែង និង​ជីវភាព​រស់នៅ​របស់​ពួក​គេ។ ប្រការ​នេះ​ហើយ ទើប ក្លូបប៊ល វីតណែស្ស យល់​ឃើញ​ថា វា​ជា​ការ​ចាំបាច់​ជាង​ពេល​ណាៗ​ទាំងអស់ ដែល​អាជ្ញាធរ​រដ្ឋាភិបាល និង​តុលាការ ត្រូវ​តែ​ការពារ​ពលរដ្ឋ​ដែល​ក្លាហាន ហ៊ាន​ចេញ​មុខ​បរិហារ​អំពើ​រំលោភ​យក​ដីធ្លី។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​អះអាង​របស់ ក្លូបប៊ល វីតណែស្ស ដែល​ថា​ការ​បាញ់​សម្លាប់​យុវជន​នៅ​ព្រះវិហារ បង្ក​ឡើង​ដោយ​វិបត្តិ​ការ​រឹប​អូស​យក​ដីធ្លី​នៅ​កម្ពុជា នេះ មិន​មែន​ជា​ការ​ពិត​ទាំង​ស្រុង​នោះ​ទេ។ លោក ផៃ ស៊ីផាន ថា បញ្ហា​ជម្លោះ​ដីធ្លី និង​អំពើ​ហិង្សា ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា គេ​មិន​អាច​វិនិច្ឆ័យ​ថា វា​កើត​ឡើង​ដោយសារ​ការ​រឹប​អូស​យក​ដីធ្លី​នោះ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា បុគ្គល​ណា​ដែល​បង្ក​ហិង្សា​មាន​របួស​ស្នាម​ដល់​ប្រជាពលរដ្ឋ ជន​នោះ​ត្រូវ​ទទួល​កំហុស​តាម​ច្បាប់។

លោក ផៃ ស៊ីផាន៖ «រឿង​វិវាទ​ដីធ្លី​ជា​រឿង​ដាច់​ដោយ​ឡែក រហូត​មក​ដល់​ពេល​នេះ យើង​កំពុង​ស្រាវជ្រាវ ថា​តើ​ហេតុ​ដូចម្តេច​បាន​មាន​វិវាទ​ដីធ្លី ក៏ប៉ុន្តែ​ការ​វាយ​តម្លៃ​ថា​មក​ពី​ការ​រឹប​អូស មក​ពី​ការ​រឹប​អូស​អ៊ីចេះ​អ៊ីចុះ នេះ​គ្រាន់​តែ​ជា​ការ​និយាយ​គ្មាន​មូលដ្ឋាន គ្រាន់​តែ​ជា​ការ​និយាយ​បន្តុះបង្អាប់​វាយ​ប្រហារ​សុទ្ធសាធ សូម​ទុក​ការងារ​នេះ​ទុក​ឲ្យ​អាជ្ញាធរ​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​ស្វែងរក​ការ​ពិត គឺ​មន្ត្រី​យុត្តិធម៌ ឲ្យ​លោក​ចាត់​ចែង ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ការ​ប្រើ​អាវុធ​ប៉ះពាល់​ដល់​រាង​កាយ​របស់​មនុស្ស ជា​អំពើ​ខុស​ច្បាប់»

ទាក់ទង​ការ​ចោទ​ប្រកាន់​របស់ ក្លូបប៊ល វីតណែស្ស ដែល​ថា កម្ពុជា កំពុង​ត្រូវ​បាន​ពុះ​ចែក​លក់​ដោយ​មន្ត្រី និង​អ្នក​មាន​អំណាច​នោះ លោក ផៃ ស៊ីផាន ពោល​ថា ក្លូបប៊ល វីតណែស្ស មិន​មែន​ជា​ប្រជាជាតិ​ខ្មែរ មិន​ស្គាល់​វប្បធម៌​ខ្មែរ និង​មិន​ស្គាល់​រឿង​ពិត​របស់​ខ្មែរ​ឡើយ ហើយ​ថា​អ្វី​ដែល ក្លូបប៊ល វីតណែស្ស លើក​ឡើង គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​ការ​យល់​ឃើញ​មួយ​ចំហៀង​របស់​អង្គការ​នេះ​ប៉ុណ្ណោះ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ជម្លោះ​ដីធ្លី។ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ អាជ្ញាធរ​រដ្ឋាភិបាល បាន​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ ឈ្មោះ ហេង ចាន់ថា ក្នុង​ខេត្ត​ក្រចេះ ក្នុង​ពេល​ដែល​អាជ្ញាធរ​ធ្វើ​ប្រតិបត្តិការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ ដើម្បី​រឹប​អូស​យក​ដី​ពួក​គេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ ចំណែក​សកម្មជន​ការពារ​ព្រៃ​ឈើ និង​បរិស្ថាន​វិញ ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់ មាន​ដូច​ជា លោក ឈុត វុទ្ធី ជាដើម។ ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់​ផ្សេង​ទៀត ក៏​បាន​រង​នូវ​របួស​ធ្ងន់ធ្ងរ ដោយសារ​ការ​បង្ក្រាប​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ ដោយសារ​ជម្លោះ​ដីធ្លី​នេះ។

ចំណែក​អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (adhoc) លោក ចាន់ សុវ៉េត វិញ​មាន​ប្រសាសន៍​ថា ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ ដោយសារ​បញ្ហា​វិវាទ​ដីធ្លី គឺ​រឿង​មួយ​គួរ​ឲ្យ​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ខ្លាំង​ណាស់។ លោក​ថា ប្រសិន​ជា​ពុំ​មាន​ការ​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា​ពី​ក្រោយ​នោះ​ទេ បញ្ហា​បាញ់​សម្លាប់​អាច​នឹង​កើត​ឡើង​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ព្រោះ​ថា សព្វថ្ងៃ​មិន​ត្រឹម​តែ​ទាហាន​ទេ សូម្បី​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ក៏​មាន​ឱកាស​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​គំរាម​កំហែង ឬ​បាញ់​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដែរ។

លោក ចាន់ សុវ៉េត៖ «ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​ពលរដ្ឋ​នេះ ខ្ញុំ​មើល​ឃើញ​រដ្ឋាភិបាល​ហាក់​ដូច​ជា​បរាជ័យ នៅ​ក្នុង​ការ​ដែល​គាត់​ការពារ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ជាទូទៅ គឺ​យើង​ឃើញ​ថា អ្នក​នៅ​ពី​ក្រោយ​ខ្នង កម្រ​ត្រូវ​បាន​គេ​ចាប់​យក​មក​ផ្ដន្ទាទោស​ណាស់ ហើយ​ការ​ចាំបាច់​ត្រូវ​តែ​រក​ឃើញ​នេះ គឺ​ត្រូវ​តែ​មាន​សុឆន្ទៈ​មាំមួន ហើយ​មាន​ការ​យក​ច្បាប់​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ អា​ហ្នឹង​បាន​អាច​ទៅ​រួច ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​យើង គឺ​ពួក​គាត់​ស្រឡាញ់​ឋានៈ ស្រឡាញ់​អំណាច ហើយ​ជាពិសេស ក្រុម​ការងារ​ដែល​ធ្វើ​ការ​ជិតស្និទ្ធ​ហ្នឹង គឺ​ភាគ​ច្រើន គឺ​មន្ត្រី​រដ្ឋាភិបាល​នេះ​ឯង ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទំនាស់»

ជុំវិញ​រឿង​បាញ់​សម្លាប់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ នេះ ទាហាន​ដៃ​ដល់​ឈ្មោះ ពឿន ប៉ះ ហៅ លិន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រួច​ហើយ ដើម្បី​រង់ចាំ​ការ​កាត់​ទោស​ក្នុង​ពេល​ខាង​មុខ ចំណែក​គូកន​របស់​គេ​ម្នាក់​ទៀត​ឈ្មោះ យេន ដែល​បាន​កាប់​រំលំ​ដើម​ឈើ បំផ្លាញ​ដំណាំ​ពលរដ្ឋ​មុន​ពេល​បាញ់​ប្រហារ​នោះ បាន​រត់​គេច​ខ្លួន​នៅ​ពេល​កើត​ហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។