ប្រជា​សហគមន៍​​​ខេត្ត​កោះកុង​​ បន្ត​រក​កិច្ច​​អន្តរាគមន៍​និង​ដំណោះស្រាយ​ពី​លោក ហ៊ុន សែន ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

ដោយ សុ ជីវី
2019.04.25
បញ្ហាដីធ្លីកោះកុង ពលរដ្ឋ​ខេត្ត​កោះកុង​​ ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នាំ​គ្នា​មក​រក​​អន្តរាគមន៍ និង​ដំណោះ​ស្រាយ​ពី​លោក ហ៊ុន សែន និង​ក្រសួង​ដែនដី​នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក CCFC-Seaoan

ប្រជា​សហគមន៍ ២៧​នាក់​ តំណាង​ឲ្យ ​៧៧​គ្រួសារ​មក​ពី​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កោះកុង ​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា​ នៅ​ក្បែរ​ភូមិគ្រឹះ លោក ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ សុំ​អន្តរាគមន៍​ជួយ​​ដោះស្រាយ​វិវាទ​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ដែល​អូស​បន្លាយ​ជាង ​១០​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ការ​ទាមទារ​របស់​អ្នក​ស្រុក​គីរីសាគរ និង​បទុម​សាគរ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ជាច្រើន​នាក់ ហាម​ឃាត់ និង​ប្រាប់​ឲ្យ​ពួកគាត់​​ទៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​បរិស្ថាន​វិញ។ ក្នុង​ពេល​​ស្រែក​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​​​ពី​លោក ហ៊ុន សែន មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ រវាង​ពលរដ្ឋ​និង​ក្រុម​សន្តិសុខ​នោះ​ទេ។

តំណាង​សហគមន៍​កោះស្ដេច​ ស្រុក​គិរី​សាគរ​ ខេត្ត​កោះកុង លោកស្រី សាំង ពុយ ថ្លែង​ថា ការ​បន្ត​ដើរ​រក​ដំណោះស្រាយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មេសា ដោយ​សារ​តែ​ពួកគាត់​អស់​ជំនឿ​លើ​ក្រសួង​បរិស្ថាន​ និង​ក្រសួង​រៀប​ចំ​ដែនដី​ ដែល​រុញ​ដាក់​ទៅ​វិញ​ទៅ​មក ហើយ​មិន​ព្រម​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​និង​ផ្ដល់​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ដល់​ពួកគាត់​ទាំង​៧៧​គ្រួសារ។

ដំណោះ​ស្រាយ ដែល​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង ចង់​បាន​ពី​លោក​ ហ៊ុន សែន គឺ​ស្នើ​សុំ​កាត់​ឆ្វៀល​ដី ចេញ​ពី​តំបន់​របស់​ក្រុមហ៊ុន​ និង​ចេញ​ប្លង់​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី​ឲ្យ​ពួក​គាត់ ហើយ​ភាគី​ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ជា​សំណង​ទឹក​ប្រាក់​តាម​តម្លៃ​ទីផ្សារ ចំពោះ​ដី​ធ្លី​របស់​ពលរដ្ឋ​ណា​ដែល​ក្រុមហ៊ុន​ត្រូវ​ការ៖ «អត់​បាន​ដាក់​ញត្តិ​ យើង​ទៅ​សុំ​អន្តរាគមន៍​ដើម្បី​ឲ្យ​សម្ដេច​គាត់​ដោះស្រាយ ព្រោះ​ដាក់​ញត្តិ​យើង​ដាក់​ដឹង​ប៉ុន្មាន​សន្លឹក​មក​ហើយ​ កន្លែង​ខុទ្ទកាល័យ​ហ្នឹង​ណា៎។ អញ្ចឹង!​ យើង​អត់​បាន​ដាក់​ញត្តិ យើង​ចង់​ឲ្យ​សម្ដេច​គាត់​បាន​ដឹង​ព័ត៌មាន ព្រោះ​កន្លង​យើង​ជឿ​ថា មាន​មន្ត្រី​រាយការណ៍​មិន​ត្រូវ​ អ៊ីចឹង​ណា៎ រាយការណ៍​បិទ​បាំង​មិន​ឲ្យ​គាត់​ដឹង។ យើង​ថា​ស្នើ​ដោះស្រាយ​ឲ្យ​លឿន​ទៅ​ឲ្យ​ពួក​យើង គឺ​ពួក​យើង​អត់​មាន​ការ​ដោះស្រាយ»

កាល​ពី​ម្សិល​មិញ ​ថ្ងៃ​ទី​២៣​ មេសា អ្នក​កោះកុង​ជិត​៣០​នាក់ នាំ​គ្នា​ទៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី ក៏ប៉ុន្តែ​ត្រូវ​មន្ត្រី​តំណាង​ក្រសួង ប្រាប់​ពួកគាត់​ឲ្យ​ទៅ​សាក​សួរ​ដំណោះស្រាយ​ពី​ក្រសួង​បរិស្ថាន​វិញ។

តំណាង​ពលរដ្ឋ​ លោកស្រី សាំង ពុយ​ ឲ្យ​ដឹង​ថា អស់​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ ដែល​ពួក​គាត់​តវ៉ា​រក​ដំណោះស្រាយ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ ពី​ខាង​ក្រសួង​បរិស្ថាន​ដែល​ជា​ប្រធាន​អន្តរក្រសួង​ ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ យូញៀន៖ «យើង​ទៅ​ក្រសួង​បរិស្ថាន​ដូច​ដដែល​អ៊ីចឹង។ ពួក​យើង​គ្រាន់​តែ​និយាយ​ថា រង់ចាំ ក្រសួង​កំពុងតែ​ធ្វើ​ការ និយាយ​បាន​តែ​ប៉ុណ្ណឹង​ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​វិញ។ អត់​មាន​អ្នក​ណា ឬ​ក៏​អត់​មាន​ជួប​គណៈកម្មការ​ដោះ​ស្រាយ​រឿង​យើង​ គេ​ថា​ អត់​មាន​អ្នក​ណា​នៅ​ទេ អត់​មាន​អ្នក​ណា​នៅ​ទាំង​អស់។ ព្រឹក​មិញ! យើង​មក​ក្រសួង​បរិស្ថាន ហ្នឹង ហើយ​យើង​អង្គុយ​ចាំ​នៅ​ក្រសួង​បរិស្ថាន​ហ្នឹង សមត្ថកិច្ច​ឲ្យ​ទៅ​ធ្វើ​នៅ​កន្លែង​ដើម​ឈើ​ដែរ អត់​ឲ្យ​ឈរ​នៅ​មុខ​ក្រសួង​បរិស្ថាន​ទេ។ យើង​ថា អត់​ព្រម​ទេ ចង់​ជួប​គណៈកម្មការ​ដោះ​ស្រាយ​ឲ្យ​បាន​ តែ​នៅ​តែ​អត់​ជួប។ គេ​អត់​ចេញ​មក​ជួប»

ចំពោះ​ដំណោះស្រាយ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក​ នេត្រ ភ័ក្ត្រា លើក​ឡើង​ថា ក្រសួង​មិន​អាច​ធ្វើ​ទៅ​បាន និង​ទាន់​ពេល​វេលា ដូច​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ព្រោះ​ក្រសួង​ត្រូវ​ការ​ស៊ើប​អង្កេត​ និង​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមុន​សិន។ លោក នេត្រ ភ័ក្ត្រា បញ្ជាក់​ ក្រសួង​បរិស្ថាន កំពុង​គិត​គូរ​អំពី​ដំណោះស្រាយ​រឿង​នេះ​ហើយ​ ប៉ុន្តែ​ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច​ពី​ថ្នាក់​ដឹកនាំ​ជា​មុន​សិន ថា​តើ​គួរ​បន្ត​ឲ្យ​អន្តរ​ក្រសួង ដែល​មាន​ក្រសួង​ដែន​ដី​និង​ក្រសួង​បរិស្ថាន​ ជា​អ្នក​ដោះ​ស្រាយ​ ឬ​ក៏​ត្រូវ​ផ្ទេរ​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ជា​អ្នក​ដោះស្រាយ​វិញ។ គិតដល់​ពេល​នេះ អ្នកនាំពាក្យ​រូប​នេះ ថា ​ថ្នាក់​ដឹកនាំ​មិន​ទាន់​សម្រេច​យក​យន្តការ​ដោះស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ ចំពោះ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង៖ «យើង​មិន​ឱប​បញ្ហា​នៅ​ក្នុង​ទ្រូង ពី​ព្រោះ​ថា​តើ​មាន​សារ​ប្រយោជន៍​ដែល​យើង​ត្រូវ​ទុក​បញ្ហា​ជម្លោះ​នេះ វា​អត់​មាន​ប្រយោជន៍​អី​ទាំង​អស់។ អ៊ីចឹង​ហើយ! បាន​ជា​យើង​ខិត​ខំ​នៅ​ក្នុង​ការ​ដោះ​ស្រាយ ក៏​ប៉ុន្តែ​ការ​ដោះ​ស្រាយ​ត្រូវ​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំង​អស់។ បើ​សិន​ជា ការ​សម្រេច​ថា​យើង​ត្រូវ​បន្ត​តាម​រយៈ​យន្តការ​អន្តរក្រសួង​ គឺ​យន្តការ​អន្តរ​ក្រសួង​ដែល​មាន​ស្រាប់ គឺ​បន្ត​ដោះ​ស្រាយ​បញ្ហា​នេះ និង​ភាគី​ដែល​ពាក់ព័ន្ធ មាន​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន»

ចំណែក ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា ភាគី​ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វេ​ឡុប​មិន គ្រុប ​( Union Development Group Co.,Ltd) កំពុង​ពន្លឿន​ការ​សាងសង់​ប្រលាន​យន្តហោះ​នៅ​លើ​ដី​ដែល​រដ្ឋ​​សម្បទាន​ក្នុង​ខេត្ត​កោះកុង ឲ្យបាន​រួចរាល់​នៅ​ឆ្នាំ​ក្រោយ។ ហេតុ​នេះ លោក អំ សំអាត យល់​ថា​ អន្តរ​ក្រសួង ជា​ពិសេស ក្រសួង​បរិស្ថាន ​ក៏​គួរ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ឲ្យ​ឆាប់​ដែរ ដោយ​មិន​គួរ​អូស​បន្លាយ​តទៅទៀត​នោះ​ទេ៖ «ខ្ញុំ​គិត​ថា​ ឲ្យ​វា​ស្រប​គ្នា ឲ្យ​ការ​អភិវឌ្ឍន៍​ហ្នឹង​ទៅ​វា​គ្មាន​បញ្ហា ក្រសួង​ដែល​ពាក់ព័ន្ធ គួរ​តែ​រូតរះ ដើម្បី​បញ្ចប់​បញ្ហា​សេស​សល់​ រឿង​ដីធ្លី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ យូញៀន គ្រុប​ ហ្នឹង​ទៅ។ បើ​មិន​អ៊ីចឹង​ទេ វា​នឹង​ជះ​ឥទ្ធិពល​នៅតែ​គេ​រិះគន់​ថា បញ្ហា​ដីធ្លី​នៅ​តែ​មាន​ហើយ​វា​ជា​ករណី​រំលោភ​លើ​ដីធ្លី​ និង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ដែល​កាន់​កាប់​ដីធ្លី​នៅ​ហ្នឹង វា​អត់​ចេះ​ចប់​ទេ នាំ​ឲ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ គេ​នៅ​តែ​មានការ​រិះគន់​ អ៊ីចឹង​បាទ!»

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​​រវាង​ពលរដ្ឋ​​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន យូ​ញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) នៅ​ខេត្ត​កោះកុង បាន​អូស​បន្លាយ​ជាង ១០ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ថា ក្រុមហ៊ុន​ចិន យូញៀន​ នៅ​ពេល​កន្លង​មក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ក្នុង​ភូមិ​ក្បែរ​មាត់​សមុទ្រ ដោយ​ឲ្យ​សំណង​មិន​សមរម្យ​ទៅ​ពលរដ្ឋ។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គាត់​អស់​ជា​ច្រើន​ហិកតារ នៅ​តំបន់​ថ្ម​ពាន ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​(Union Development Group Co.,Ltd) ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង​៤ម៉ឺន​៥ពាន់​ហិកតារ (៤៥.១០០) ​ពី​របប​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ (​,៨​ពាន់​លាន​ដុល្លារ)។ ​គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​ កំពុង​សាងសង់​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង ដែល​អាច​ប្រើ​ពេល​២៥​ឆ្នាំ​ដើម្បី​បញ្ចប់​ការ​សាងសង់។

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ ចាក​ចេញ​ពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​​នៅ​ឡើយ​មក​ដល់​ពេល​នេះ។

ប្រជា​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន បញ្ជាក់​ជំហរ​ថា ពួក​គេ​នៅ​តែ​បន្ត​ឡើង​មក​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែន​ដី និង​ក្រសួង​បរិស្ថាន ជា​ថ្មី​ទៀត លុះ​ត្រាតែ​ទទួល​បាន​ដំណោះស្រាយ​ពិតប្រាកដ​ពី​អាជ្ញាធរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។