ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងមួយ បង្ហាញថា គិតត្រឹមថ្ងៃទី១៣ ខែមករា ក្រសួងបានប្រកាសតំបន់វិនិច្ឆ័យចំនួន ៣៥៧ឃុំ និងបានបំពេញសលាកបត្របានជាង ៧១ម៉ឺនក្បាលដី ហើយបានចែកប័ណ្ណទាំងនោះដល់ដៃប្រជាពលរដ្ឋរួចហើយជាង ៤០ម៉ឺនប័ណ្ណ។
ស្របគ្នានោះ រដ្ឋាភិបាលក៏បានធ្វើអនុបយោគកាត់ផ្ទៃដីសរុបជាង ៩៣ម៉ឺនហិកតារ ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនព្រៃសម្បទាន និងចេញពីដីរដ្ឋ និងដីព្រៃមានដីកាដកហូត ដើម្បីផ្តល់កម្មសិទ្ធិជូនពលរដ្ឋវិញ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ រដ្ឋាភិបាលបានចេញបទបញ្ជា០១ សម្រេចផ្អាកបណ្ដោះអាសន្ននូវការផ្តល់សម្បទានដីសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុន និងវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដើម្បីកាត់បន្ថយទំនាស់ដីធ្លីនៅកម្ពុជា។
តាមរបាយការណ៍របស់អង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា គិតត្រឹមឆ្នាំ២០១៣ គម្របព្រៃឈើទាំងមូលនៅសល់ប្រមាណ ២៨% នៃផ្ទៃព្រៃឈើសរុបដែលមានចំនួន ១០លានហិកតារ។ របាយការណ៍ដដែលសិក្សារកឃើញថា រដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីគម្របព្រៃឈើ និងតំបន់ការពារ នៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ជិត ១លានហិកតារ (៩០៤.៨៩១ហិកតារ) ចែកជូនប្រជាពលរដ្ឋ ក្នុងបេសកកម្មរបស់យុវជនស្ម័គ្រចិត្ត គឺដើម្បីប្រមូលសំឡេងឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា។ តែការបែងចែកដីឲ្យពលរដ្ឋមិនមានតម្លាភាព ហើយភាគច្រើន ដីព្រៃកាត់ទាំងនោះត្រូវធ្លាក់ទៅក្នុងដៃអ្នកមានលុយ និងអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
