សាលា​រាជធានី​ភ្នំពេញ​ផ្អាក​គម្រោង​សាងសង់​ផ្លូវ​កាត់​វិហារ​ឥស្លាម​ជា​បណ្ដោះអាសន្ន

0:00 / 0:00

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការ​សាងសង់​ផ្លូវ​កាត់​វិហារ​ឥស្លាម ឬ​វិហារ​អាល់សាកាល់ ដែល​ស្ថិត​នៅ​តំបន់​បឹងកក់​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ទុក​ពេលវេលា​ឲ្យ​ក្រុម​សាសនិក​ឥស្លាម​ទាំង​ពីរ​ក្រុម ព្រមព្រៀងគ្នា​សិន មុន​ពេល​ជជែក​ជាមួយ​នឹង​សាលា​រាជធានី​ភ្នំពេញ​ជា​ថ្មី​ម្តង​ទៀត។

ការ​សម្រេច​ផ្អាក​ការ​សាងសង់​នេះ បន្ទាប់​ពី​សាសនិក​ឥស្លាម​ជាច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ បាន​ផ្ទុះ​ការ​តវ៉ា និង​បាន​បំផ្លាញ​របាំង​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ព័ទ្ធ គ្រោង​ធ្វើ​ការ​សាងសង់​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ អស់​ជាច្រើន​បន្ទះ។

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ថា គម្រោង​សាងសង់​ផ្លូវ​ឆ្លង​កាត់​វិហារ​អាល់សាកាល់ ក្នុង​តំបន់​បឹងកក់​នេះ គឺ​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណៈ។

លោក​បញ្ជាក់​ថា ប្រសិន​បើ​សាសនិក​ឥស្លាម​នៅ​មិន​ទាន់​ឯកភាព​គ្នា​ចំពោះ​ការ​ផ្តល់​ទីតាំង​សម្រាប់​សាងសង់​ផ្លូវ​នេះ​នៅ​ឡើយ​ទេ ខាង​សាលា​រាជធានី​ភ្នំពេញ​ក៏​មិន​ទាន់​ធ្វើ​សកម្មភាព​អ្វី​នៅ​ឡើយ​ដែរ។ លោក​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​រង់ចាំ​លទ្ធផល​ពី​ការ​ជជែក​ផ្ទៃក្នុង មុន​នឹង​សាលា​រាជធានី​ភ្នំពេញ និង​សាសនិក​ឥស្លាម​ជជែក​គ្នា​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​នៃ​ការ​សាងសង់៖ « ចង់​ថា​ពុះ ឬ​ធ្វើ​ផ្លូវ​វាង ឬ​ស្អី​ក៏ដោយ គឺ​យើង​នឹង​ពិភាក្សា​គ្នា​ក្រោយ វា​មិន​មែន​ជា​ជំហរ​មួយ​ដាច់ខាត​ត្រូវ​តែ​ចេះ ត្រូវ​តែ​ចុះ​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ចង់​ឲ្យ​សមាគម​ឥស្លាម​នោះ​មាន​ការ​ស្រុះស្រួល​គ្នា មិន​ចង់​ឲ្យ​មាន​ការ​បែកបាក់ ហើយ​យក​បញ្ហា​ធ្វើ​ផ្លូវ​នេះ​ជា​បញ្ហា​ផ្សេង​នោះ​ទេ

គម្រោង​សាងសង់​ផ្លូវ​ឆ្លង​កាត់​របង​វិហារ​ឥស្លាម ឬ​វិហារ​អាល់សាកាល់ ដែល​ស្ថិត​នៅ​ក្រោយ​សណ្ឋាគារ​ភ្នំពេញ​នេះ គឺ​ដើម្បី​ត​ភ្ជាប់​ទៅ​នឹង​ដី​របស់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku)។

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក ស៊ីត អ៊ីប្រាហ៊ីម ជា​សាសនិក​ឥស្លាម ថ្លែង​ថា លោក​តែងតែ​ស្វាគមន៍​រាល់​ការ​ជួប​ជជែក​គ្នា។ លោក​ថា ចំណុច​តែ​មួយ​ដែល​ក្រុម​លោក​នឹង​លើក​ទៅ​ជជែក គឺ​ស្នើ​ឲ្យ​សាងសង់​ផ្លូវ​វាង​តាម​របង​វិហារ ដាច់ខាត​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​សាងសង់​ផ្លូវ​ពុះ​កាត់​វិហារ​ឡើយ។

ការ​ប្រកាន់​ជំហរ​មិន​ឲ្យ​ធ្វើ​ផ្លូវ​ពុះ​កាត់​វិហារ​នេះ ដោយ​សំអាង​ថា វិហារ​ជា​ទី​កន្លែង​ស្ងប់ស្ងាត់ មិន​ខុស​ពី​ទី​វត្ត​អារាម​នោះ​ដែរ៖ « សាលា​ក្រុង​គាត់​ធ្វើ គាត់​ស្តាប់​តែ​ម្ខាង​ចឹង​ទៅ។ ដល់​ប្រជាពលរដ្ឋ ៨០ ទៅ ៩០​ភាគរយ គាត់​អត់​គាំទ្រ​ទេ​បញ្ហា​ពុះ​ហ្នឹង។ ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ប៉ុន្មាន ត្រឹម​ឲ្យ​តែ​លើក​ដៃ​មើល ថា​អ្នក​ណា​ព្រម​ឲ្យ​សាលា​ក្រុង​ពុះ​ផ្លូវ​ហ្នឹង ? ដល់​ចឹង​អត់​មាន​អ្នក​ណា​លើក​ដៃ​ម្នាក់ ដល់​អ្នក​ថា​អត់​គាំទ្រ​ថា​មិន​ឲ្យ​ពុះ គឺ​គាំទ្រ ១០០​ភាគរយ។ ហើយ​យើង​អត់​មាន​ប្រកាន់​អី អត់​មាន​បញ្ហា​អី​ទេ ឲ្យ​តែ​ជជែក​គ្នា ចរចា​គ្នា អត់​មាន​បញ្ហា​ដល់​ពេល​ហ្នឹង​ទេ

លោក ស៊ីត អ៊ីប្រាហ៊ីម បន្ថែម​ថា លោក​កំពុង​ព្រាង​សំណើ​មួយ​ដាក់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អន្តរាគមន៍​ចំពោះ​រឿង​នេះ។ លោក​អះអាង​បន្ថែម​ទៀត​ថា ក្រុម​សាសនិក​ឥស្លាម​ទាំងអស់ នឹង​គោរព​ទៅ​តាម​ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើ​ទោះ​បី​ជា​តម្រូវ​ឲ្យ​ពុះ​វិហារ​ដើម្បី​ធ្វើ​ផ្លូវ​ឆ្លង​កាត់​យ៉ាង​ណា​ក្តី៖ « ខ្ញុំ​គោរព​សម្ដេច បើ​សម្ដេច​លោក​មាន​អនុសាសន៍​ថា អត់​ទេ វិហារ​ហ្នឹង​ត្រូវ​តែ​ពុះ ពួក​យើង​ខ្ញុំ​ក៏​ទទួល​ដែរ​ណា ! គោរព​សម្ដេច តែ​បើ​សម្ដេច​យល់​ថា​វា​អាក្រក់​ពេក ចឹង​មិន​អាច​ពុះ​បាន​ទេ អា​ហ្នឹង​លើ​សម្ដេច​ទេ​បញ្ហា​ហ្នឹង។ យើង​ក៏​អបអរ​សាទរ​ចំពោះ​សម្ដេច »

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាមដាន​ការ​តវ៉ា​នេះ​សង្កេត​ឃើញ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សាសនិក​ឥស្លាម​ផ្ទុះ​ការ​តវ៉ា។ លោក អំ សំអាត យល់​ថា ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​មិន​បាន​បើក​ការ​ជជែក​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​សាសនិក​ឥស្លាម។

បន្ថែម​ពី​លើ​នេះ​ទៀត លោក អំ សំអាត ក៏​បាន​សង្កេត​ឃើញ​ដែរ​ថា បញ្ហា​ដែល​កើត​ឡើង​នៅ​ពេល​នេះ គឺ​ជា​កំហុស​របស់​អាជ្ញាធរ ដែល​មិន​មាន​ផែនការ​អភិវឌ្ឍន៍​ច្បាស់លាស់។ លោក​បញ្ជាក់​ថា វិហារ​ឥស្លាម​នេះ គឺ​កើត​ក្រោយ​គម្រោង​សាងសង់​តំបន់​បឹងកក់ ដែល​មាន​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ តែ​បែរ​ជា​អាជ្ញាធរ​មិន​បាន​បង្ហាញ​ពី​ប្លង់​មេ និង​មិន​បាន​ជជែក​ជាមួយ​នឹង​សាសនិក​ឥស្លាម ថា​គួរ​សាងសង់​វិហារ​បែប​ណា ទើប​មិន​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ផែនការ​អភិវឌ្ឍន៍​នោះ៖ « ប៉ុន្តែ​នៅ​ពេល​ដែល​សាងសង់​វិហារ​ហើយ មក​ទល់​ពេល​នេះ ទើប​ប្រកាស​ថា​ធ្វើ​ផ្លូវ​ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍ ហើយ​កាត់​ចំ​វិហារ។ យើង​មើល​ទៅ គឺ​វា​មិន​សម​ហេតុ​សម​ផល​ពី​មុន​មក »

ទោះ​ជា​យ៉ាង​ណា លោក អំ សំអាត ទទូច​ស្នើ​ដល់​រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ជជែក​ជាមួយ​សាសនិក​ឥស្លាម​ដោយ​សន្តិវិធី។ លោក​បារម្ភ​ថា ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ អាច​នឹង​មាន​បញ្ហា​កើត​ឡើង​ដូច​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​តវ៉ា​ហើយ មាន​ការ​បង្ក្រាប និង​ឈាន​ដល់​ការ​ចាប់​ខ្លួន ជាដើម។

ដោយឡែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​កំពុង​តែ​ជាប់​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​បទ​បរិហារ​កេរ្តិ៍​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច​នោះ បាន​បញ្ចេញ​សារ​គាំទ្រ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ថា លោក​កោត​សរសើរ និង​គាំទ្រ​សកម្មភាព​ខ្មែរ​ឥស្លាម​ដែល​បាន​តតាំង​ជាមួយ​ឧកញ៉ា និង​ក្រុមហ៊ុន​ខិលខូច ដែល​ពូកែ​ខាង​លួច​ប្លន់​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​របស់​សហគមន៍ មាន​ទាំង​សហគមន៍​ព្រៃ​ឈើ និង​សហគមន៍​សាសនា​ផង​ដែរ។

ក្រៅ​ពី​នេះ លោក សម រង្ស៊ី ក៏​បាន​ហៅ​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន ថា​ជា​ការ​អភិវឌ្ឍ​ក្លែងក្លាយ និង​អយុត្តិធម៌​របស់​ពួក​ជន​ផ្ដាច់ការ​ទៀត​ផង។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ចាត់​ទុក​ថា នេះ​ជា​រឿង​ធម្មតា​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ ដែល​តែងតែ​ឆ្លៀត​មក​គាំទ្រ​ភាគី​ប្រឆាំង រាល់​ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។