គណៈកម្មការ​ទី​១០​រដ្ឋសភា​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពីរ​បំពេញ​ការងារ​ដោយ​តម្លាភាព

0:00 / 0:00

គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា ដែល​បាន​បញ្ចប់​ការ​ចុះ​ត្រួត​ពិនិត្យ​បឋម​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម រក​ឃើញ​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​នេះ បំពេញ​ការងារ​មួយ​ចំនួន​មិន​ទាន់​បាន​ត្រឹមត្រូវ ឬ​ខ្វះ​តម្លាភាព ស្រប​ពេល​ដែល​ពួក​គេ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ដែល​កើត​មាន​ឡើង រួម​ទាំង​ការ​អភិវឌ្ឍ​ផង។

គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ បន្ត​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព។

លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​បឋម​រយៈពេល​បី​ថ្ងៃ​របស់​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ហៅ​ថា​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា បង្ហាញ​ថា កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម មិន​ទាន់​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព ដូចជា​បញ្ហា​យក​តម្លៃ​ភាស៊ី​ផ្សារ ឬ​តម្លៃ​អាជីវកម្ម​មួយ​ចំនួន មិន​បាន​គោរព​តាម​សៀវភៅ​បន្ទុក បញ្ហា​ដោះដូរ​អគារ​រដ្ឋ និង​ការ​លុប​បឹងបួ ជាដើម។

ប្រធាន​គណៈកម្មការ​ទី​១០ រដ្ឋសភា លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​រឿង​យក​ភាស៊ី​ផ្សារ និង​ការ​ធ្វើ​អាជីវកម្ម​មិន​បាន​គោរព​តាម​សៀវភៅ​បន្ទុក គឺ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​មាន​ទឡ្ហីករណ៍​ត្រឹមត្រូវ​ដូច​គ្នា។ ប៉ុន្តែ លោក​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ​បន្ថែម​ទៀត។ លោក​បន្ត​ថា បញ្ហា​ធំ គឺ​នៅ​ខេត្ត​កំពង់ចាម ព្រោះ​មាន​បណ្ដឹង​មួយ​ចំនួន​ពាក់ព័ន្ធ​រឿង​លុប​ដី​បឹង​ស្នាយ ដែល​ជា​បឹង​យ៉ាង​ធំ ការ​ដោះដូរ​អគារ​រដ្ឋ និង​ការ​អភិវឌ្ឍ​នៅ​លើ​កន្លែង​ប្រវត្តិសាស្ត្រ​ទន្លេ​អុំ ជាដើម​នោះ ហាក់​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ៖ «គឺ​ថា​ធ្វើ​ឲ្យ​មាន​តម្លាភាព ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​កុំ​ឲ្យ​មាន​ចម្ងល់»

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​ឆ្លើយ​តប​លើ​បញ្ហា​ទាំង​នេះ​ដោយ​មាន​អំណះអំណាង​សម​ហេតុផល ប៉ុន្តែ​គណៈកម្មការ​លោក នឹង​នៅ​តែ​បន្ត​តាម​ដាន​រឿង​នេះ​ថែម​ទៀត ដើម្បី​ជៀសវាង​ផល​ប្រយោជន៍​ទាំង​នោះ​ធ្លាក់​ទៅ​លើ​ដៃ​ឯកជន។

ទាក់ទង​បញ្ហា​ទាំង​នេះ អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ថា តម្លៃ​សេវា​សម្រាប់​ម្ចាស់​អាជីវកម្ម​ទាំងអស់ គឺ​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គេ​អនុវត្ត​តាម​សៀវភៅ​បន្ទុក។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ក៏​នៅ​មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​មិន​បាន​គោរព​តាម​ទេ ហើយ​ពួក​គេ​ទាំង​នោះ អាជ្ញាធរ​ក៏​បាន​ពិន័យ​ទៅ​តាម​ច្បាប់​កំណត់ និង​បាន​ព្រមាន​ចាត់​វិធានការ​ធ្ងន់ធ្ងរ បើ​សិន​បញ្ហា​នេះ​នៅ​តែ​កើត​ឡើង។ លោក​បន្ថែម​ថា ចំណែក​រឿង​ដោះដូរ​អគារ​រដ្ឋ​មាន​មន្ទីរ​មួយ​ចំនួន គឺ​ដោយសារ​តែ​មន្ទីរ ឬ​អង្គភាព​រដ្ឋ​ទាំង​នោះ​មាន​សភាព​ទ្រុឌទ្រោម ហើយ​ជា​ផ្ទះ​ជួល​ពី​ប្រជាពលរដ្ឋ​ទៀត ទើប​អាជ្ញាធរ​ខេត្ត​សម្រេច​ផ្តល់​ដី​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ទន្លេ​អុំ ដែល​ជា​បារាយណ៍​របស់​ប្រាសាទ​វត្ត​នគរ​បាជ័យ កាល​ពី​ជំនាន់​ដើម ជូន​ទៅ​អង្គភាព ឬ​មន្ទីរ​ចំនួន​៧ និង​មួយ​ចំណែក​តូច គឺ​ផ្ដល់​ទៅ​ឲ្យ​មន្ត្រី​រាជការ​ដែល​ខ្វះខាត។ លោក​បញ្ជាក់​ថា ការ​ដោះដូរ​ទាំង​អម្បាលម៉ាន គឺ​ធ្វើ​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ៖ «មាន​តែ​ព្រៃ​មាន​ស្មៅ​ញ៉ុក សួរ​ថា​តើ​ក្រុង​ហ្នឹង​ល្អ​ទេ? ស្ថានភាព​ពី​ដើម​យើង​អត់​មាន​ឱកាស អត់​មាន​ឧបករណ៍ ឬ​ធនធាន​សម្រាប់​អភិវឌ្ឍ​បាន​ទេ​កន្លែង​នេះ»

រីឯ​រឿង​បឹង​ស្នាយ ដែល​ជា​បឹង​យ៉ាង​ធំ ត្រូវ​បាន​គេ​លុប​តាំង​ពី​អាណត្តិ​របស់​អតីត​អភិបាល​ខេត្ត​កំពង់ចាម គឺ​លោក ហ៊ុន ណេង ម្ល៉េះ។ លោក លន់ លឹមថៃ ឲ្យ​ដឹង​ដែរ​ថា ការ​លុប​បឹង​ស្នាយ នោះ គឺ​មិន​មែន​ជា​ការ​លុប​ដើម្បី​លក់​ទេ ប៉ុន្តែ​គឺ​លុប​ដើម្បី​អភិវឌ្ឍ​ឲ្យ​ស្រប​តាម​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ការ​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​ពង្រីក​ក្រុង​កំពង់ចាម បន្ថែម​ទៀត។

ផ្ទៃ​បឹង​ស្នាយ ទាំង​មូល​មាន​ទំហំ ១២០​ហិកតារ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​ទទួល​បាន​ផល​អភិវឌ្ឍន៍ ៤០​ភាគរយ ស្មើ​នឹង​ផ្ទៃដី ៤២​ហិកតារ។ លោក​បញ្ជាក់​ថា ទំហំ​ផ្ទៃដី ៤២​ហិកតារ ត្រូវ​បែង​ចែក​មួយ​ផ្នែក​សម្រាប់​អគារ​របស់​រដ្ឋ និង​ធ្វើ​ភូមិ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អនាធិបតេយ្យ​នា​ពេល​កន្លង​មក។ លោក​ថា អ្វី​គ្រប់​យ៉ាង គឺ​គេ​ធ្វើ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព និង​អនុលោម​តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ។

ដោយ​ឡែក​តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា កន្លង​មក​បញ្ហា​ដេញ​ថ្លៃ​អាជីវកម្ម​ផ្សេងៗ បញ្ហា​ដោះដូរ​អគារ​រដ្ឋ ការ​ដេញ​ថ្លៃ​អភិវឌ្ឍ​តំបន់​ណា​មួយ គឺ​នៅ​មាន​ភាព​អាថ៌កំបាំង ពីព្រោះ​កង្វះ​ព័ត៌មាន ហើយ​ការ​ចូលរួម និង​ការ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត៖ «ការ​ដេញ​ថ្លៃ​ហ្នឹង​ត្រូវ​បាន​រឹតត្បិត ឬ​មួយ​ក៏​ព័ត៌មាន​នេះ​ប្រកួត​ប្រជែង វា​មិន​កើត​ឡើង​ទេ។ ពេល​នោះ​ធ្វើ​ឲ្យ​ខាត​រដ្ឋ»

លោក​បន្ថែម​ថា ជា​ការ​ល្អ​ប្រសើរ រាជ​រដ្ឋាភិបាល​គប្បី​កំណត់​យក​គោលការណ៍​រួម​មួយ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ត្រូវ​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​កន្លែង​អាជីវកម្ម ឬ​ការ​អភិវឌ្ឍ​តំបន់​ណា​មួយ​ជា​សាធារណៈ និង​ប្រកប​ដោយ​តម្លាភាព។ លើស​ពី​នេះ ត្រូវ​កំណត់​លក្ខខណ្ឌ​នៃ​ការ​ដោះដូរ​អគារ​របស់​រដ្ឋ​ឲ្យ​ត្រឹមត្រូវ​សម្រាប់​អនុវត្ត​ទូទៅ ទើប​ធានា​បាន​ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ប្រកប​ដោយ​និរន្តរភាព និង​ជៀសវាង​ខាត​បង់​ផល​ប្រយោជន៍​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។