ពលរដ្ឋនៅត្រពាំងផ្លុងដាក់ញត្តិស្នើដោះស្រាយទំនាស់ដី ៦០ហិកតារក្បែរព្រំដែនវៀតណាម
2020.07.25
ពលរដ្ឋមានជម្លោះដីធ្លីច្រើនគ្រួសារ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាំគ្នាឡើងមករាជធានីភ្នំពេញ ២ថ្ងៃ ដើម្បីដាក់ញត្តិទាមទារដោះស្រាយវិបត្តិដីស្រែក្បែរព្រំដែនវៀតណាម។
តំណាងពលរដ្ឋលោក យី វុធ ប្រាប់អាស៊ីសេរី មន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីខុទ្ទកាល័យ លោក ហ៊ុន សែន បានទៅទទួលយកញត្តិរបស់ពលរដ្ឋ ដល់ក្នុងវត្តសាមគ្គីរង្សី នៅព្រឹកថ្ងៃទី២៤ កក្កដា និងប្រាប់ឱ្យអ្នកភូមិ កុំហែក្បួន ដាក់ញត្តិ ដោយសន្យាថា នឹងដោះស្រាយជូន ហើយប្រាប់ឱ្យអ្នកភូមិនាំគ្នាត្រឡប់ទៅភូមិកំណើតវិញ។
ដីវិវាទទំហំ៦០ហិកតារ របស់អ្នកភូមិត្រពាំងផ្លុង ១០៦គ្រួសារ មានទំនាស់ច្រើនឆ្នាំហើយ គឺក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា និងវៀតណាមបានបោះបង្គោលព្រំដែនលេខ១១៤ ដល់លេខ១១៩រួចរាល់។ អ្នកភូមិអះអាងថា ទាហានវៀតណាម តែងតែកាន់កាំភ្លើង ដំបងឆក់ និងខ្នោះដៃឆ្លងដែនចូលមកបណ្ដេញ និងរើខ្ទមចាំចម្ការរបស់អ្នកភូមិចោលដោយអះអាងថា ជាដីតំបន់ព្រំដែន។
ក្រុមពលរដ្ឋអះអាងថា ពួកគាត់បានកាន់កាប់ដីមានជម្លោះក្បែរព្រំដែននេះច្រើនឆ្នាំមកហើយ ដោយធ្វើស្រែចម្ការ តាំងពីជំនាន់ដូនតារបស់ពួកគេមក ហើយតាំងពីកើតមានវិវាទជាមួយទាហានវៀតណាម នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកភូមិ បានសុំការដោះស្រាយពីអភិបាលខេត្តត្បូងឃ្មុំ ជាច្រើនដងហើយ តែគ្មានដំណោះស្រាយទើបអ្នកភូមិនាំគ្នាមកសុំអន្តរាគមន៍ពីក្រសួងដែនដី ក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី។
អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី ជំរុញឱ្យមន្ត្រីថ្នាក់ជាតិ ចុះទៅស្វែងយល់ដល់ទីតាំងដីទំហំ ៦០ហិកតារ នៅក្បែរព្រំដែននោះ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យអ្នកភូមិ៕