គ្រួសារ​ជនជាប់ឃុំ​ដោយ​សារ​បញ្ហា​ដីធ្លី​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​រស់​នៅ​ជា​មួយ​ការ​ឈឺ​ចាប់

ដោយ ជី វិតា
2021.09.13
គ្រួសារ​ជនជាប់ឃុំ​ដោយ​សារ​បញ្ហា​ដីធ្លី​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​រស់​នៅ​ជា​មួយ​ការ​ឈឺ​ចាប់ លោក​​ស្រី សុខ សូផា ប្រពន្ធ​សព​​លោក ប៊ុន ចាន់សិដ្ឋ យំបោក​ខ្លួន​ស្តាយស្រណោះ​ចំពោះការ​បាត់បង់​ស្វាមី​ជាទី​ស្រលាញ់​របស់​ខ្លួន ក្នុងពេល​ពិធី​បូជាសពស្វាមី​កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

គ្រួសារ​​ជន​ជាប់​ឃុំ​ដោយ​​សារ​​បញ្ហា​ដីធ្លី​ជា​មួយ​​បុគ្គល​ឯក​ជន​ដែលអាជ្ញាធរ​មិន​បង្ហាញ​អត្តសញ្ញាណ​ហើយ​​បាន​​ស្លាប់​​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ​កំពុង​រស់នៅ​លាយ​ឡំ​ដោយ​ទុក្ខ​ក្រៀម​ក្រំ និង​ការឈឺ​ចាប់ ក្នុងគ្រា​ដែលជីវភាព​កំពុង​យ៉ាប់យឺន។ មន្រ្តី​​សង្គម​​ស៊ីវិល ចាត់​​ទុក​​ការ​​ចាប់​​ខ្លួន​​ពលរដ្ឋ​​ដែល​មាន​ទំនាស់​ដីធ្លី​កន្លង​មក គឺជា​​ការ​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ផ្ទុយពី​គោលកាណ៍​ប្រជាធិបតេយ្យ។

ប្រពន្ធជនជាប់ឃុំ​ដោយ​សារ​បញ្ហា​ដីធ្លី​ដែល​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាល​ពី​ដើមខែកញ្ញានេះ កំពុងរស់​នៅ​ជា​មួយ​កូនពីរនាក់​ដោយ​រង​ទុក្ខ​ក្រៀមក្រំ ​បន្ទាប់​ពី​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់។ ស្ត្រីមេម៉ាយ​រូបនេះ នៅតែ​ខកចិត្ត​ដោយ​សារ​អាជ្ញាធរ​មិន​ត្រឹម​តែ​មិនបាន​ជួយ​ដោះ​ស្រាយ​បញ្ហាដីធ្លីរបស់គាត់ប៉ុន្តែ​​ថែមទាំង​ចាប់​ប្តី​លោក​ស្រី​យក​ទៅ​​ឃុំ​រហូតដល់​ធ្លាក់ខ្លួន​ឈឺ​ស្លាប់ទៀតផង​

ប្រពន្ធ​សព​លោក ប៊ុន ចាន់សិដ្ឋ គឺ​​លោក​​ស្រី សុខ សូផា ​រៀប​​រាប់​​ប្រាប់​​អាស៊ី​​​សេរី​​​នៅ​ថ្ងៃទី១២ ខែកញ្ញា​ថា ប្តីលោកស្រី​ជាជំហរ​គ្រួសារ​ដោយ​ពេល​នៅ​រស់​ធ្វើជា​កម្មករ​លក់​​ទឹក​សុទ្ធ​ឱ្យក្រុមហ៊ុន​ឯកជន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន និង​សងបំណុល​ធនាគារ។ ប៉ុន្តែ​ជីវភាព​ គ្រួសារ​លោកស្រី​បាន​ធ្លាក់​ចុះ​មួយ​រំពេច​ក្រោយ​ប្តីជាប់ឃុំរឿង​ការពារ​ដីធ្លីស្រែ ស្រ្តីវ័យ ​៣៥ ឆ្នាំ​រូបនេះ​បន្តទាំង​ថា បច្ចុប្បន្ន​លោកស្រី​កំពុង​រស់នៅ​ដោយ​ទុក្ខក្រៀមក្រំ​ព្រោះ​មិន​អស់​ចិត្ត​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង ហើយ​អ្វី​ដែល​លោកស្រី​ស្រងោយ​ចិត្ត​បំផុត​នោះ​ គឺកូនយំ​នឹក​ឪពុក​រាល់​ថ្ងៃ ខណៈលោកស្រី​ត្រូវ​រ៉ាប់រង​បន្ទុក​គ្រួសារ​ម្នាក់​ឯង៖ «ពេល​វា​ឃើញ​រូប​ថត​យើង​សែន​បាយ ​គឺ​វា​យំ​វា​អត់​ប្រាប់​តែវា​អត់​ប្រាប់​យើង​ទេ​អា​ធំ តែ​កូន​ស្រី​តូច​គ្នា​អត់​ដឹង​អី​​ទេ​ តែ​សួរ​យើង​តើ​ថ្ងៃ​ណាប៉ា​វា​ចុះ​មក​វិញ ប៉ា​លែង​ចុះ​ហើយ ​ប៉ា​​ឡើង​ឋាន​លើ​បាត់​ហើយ​ខ្មោច​ប៉ា​គេ​ដុតបាត់​ហើយ វា​ថា​ឱ្យ​ប៉ា​ខ្ញុំ​មក​វិញ​មក ខ្ញុំ​អត់​ដឹង​ត្រូវ​ប្រាប់​កូន​មិច​ទៀត ខ្ញុំ​ជា​ម្តាយក៏​អួល​អាក់​ក្នុង​ទ្រូង​ដែរ រាល់​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ទាំង​ទឹក​ភ្នែក​​នឹក​ឃើញ​ស្រណោះ​ពីប្តី​ហើយ​ឃើញ​កូន​ដេក​យំ​ទន្ទឹម​គ្នា ប្រសិន​ម្តាយ​មាន​រឿង​អីទៀត​កូន​ខ្ញុំ​ពីរ​មិនដឹង​គ្មាន​អ្នក​មើល​ការ​ខុស​ត្រូវ​ទេ»។

លោកស្រី សុខ សុផា បញ្ជាក់ថា អាជ្ញាធរ​បាន​ធ្វើកោសល្យវិច័យ​សព​ប្តីនៅ​មន្ទីរពេទ្យជ័យជំនះ​ភ្លាមៗ ​ហើយ​ប្រាប់​ថា ប្តីលោកស្រី​ស្លាប់ដោយ​សារ​ជំងឺ​បេះដូង​ ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​អាជ្ញាធរ​មិន​បាន​បក​ស្រាយ​ហេតុការណ៍​នៅក្នុង​ពន្ធនាគារ​ ឬ​បង្ហាញ​ឯកសារ​ច្បាស់​លាស់​ជុំវិញ​ករណី​នេះ​បន្ថែម​នៅ​ឡើយ​ទេ លោកស្រី​យល់​ថា បញ្ហាផ្ទួនៗ​ទាំងនេះ គឺជា​រឿង​អយុត្តិធម៌​ ប៉ុន្តែ​លោកស្រី​មិន​ស្នើ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​ស្លាប់​និង​ដីធ្លី​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។

លោក ប៊ុន ចាន់សិដ្ឋ អាយុ​ ៣៤ ឆ្នាំ ជា​ពលរដ្ឋម្នាក់​ដែល​ជាប់​ពន្ធនាគារ​ដោយ​សារ​តវ៉ារឿងដីធ្លី​នៅ​ខេត្ត​កណ្តាល បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ ក្រុង​តាខ្មៅ កាលពីថ្ងៃ​ទី​៤ ខែកញ្ញា បន្ទាប់​ដឹក​ចេញ​ពី​ពន្ធនាគារ​ខេត្ត ហើយ​អាជ្ញា​ធរអះអាង​ថា លោក​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង។

វិទ្យុអាស៊ី​សេរី មិន​អាចទាក់ទង​អភិបាល​ខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាលលោក ហេង ចលនា និង​អ្នកនាំពាក្យ​តុលាការ​ខេត្តកណ្តាល ឯក ស៊ុនរស្មី ដើម្បី​បញ្ជាក់​ជុំវិញ​រឿងនេះ​បាន​ទេ នៅថ្ងៃទី១២ ខែកញ្ញា ដោយ​ទូរស័ព្ទចូល​តែ​ពុំមាន​អ្នក​ទទួល

ប៉ុន្តែអភិ​បាល​​ខេត្ត​​កណ្តាលលោក គង់ សោភ័ណ្ឌ  បានប្រាប់វិទ្យុ​អាស៊ី​សេរី​ថ្មីៗ​នេះ​ថា លោក ប៊ុន ចាន់សិដ្ឋ បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង ដោយ​មិន​ពាក់​ព័ន្ធ​​ជំងឺ​កូវីដ​-១៩ទេ។ លោក​អះអាង​ថា ករណីនេះ​គ្រូ​ពេទ្យ​ និង​មន្រ្តី​ពន្ធនាគារ​ខេត្ត​បាន​ព្យាយាម​យក​ចិត្ត​ទុក​ដាក់ ​និងជួយ​សង្គ្រោះ​គាត់​ដោយ​ត្រឹម​ត្រូវ ហើយ​អាជ្ញាធរ​បាន​ជួយឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​គ្រួសារ​សព​ផង​ដែរ។

ជុំវិញ​ករណី​ជម្លោះដីធ្លី​នេះ រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​ខេត្តកណ្តាល​មិន​ទាន់​បង្ហាញ​សញ្ញា​ណា​មួយ​ក្នុង​ការ​ឈាន​ដល់​ការ​ពិនិត្យ​មើល​ករណី​ជន​ជាប់​ឃុំ​ ពីរនាក់​ផ្សេង​ទៀត តបតាម​ការអះអាង​របស់​អាជ្ញាធរ​កន្លង​ទៅ​នៅ​ឡើយ​ទេគ្រួសារ​ពលរដ្ឋ​ជាប់ឃុំ ដោយ​សារ​បញ្ហាធ្លី​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​កំពុង​បារម្ភអំពី​សុខទុក្ខប្តី និង​ឪពុក​ជា​ខ្លាំង​ ហើយ​ពួកគេ​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​អ្នកទាំង​នោះ​ឱ្យ​មាន​សេរីភាព។

លោក​​ស្រី ទ្រី ស្រីមុំ មានប្រសាសន៍​ថា ប្តីរបស់​លោកស្រី គឺលោក គឹម បូរិន កំពុងជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ជាង ​២ ខែ​ហើយ​ពាក់​ព័ន្ធ​រឿង​ទាមទារ​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី  ហើយ​លោកស្រី​មិន​បាន​ជួប​មុខ​ប្តី​ ឬ ​ទទួល​ដំណឹង​ពី​ពន្ធនាគារ​សោះ​ឡើយលោកស្រី​ព្រួយបារម្ភ​ពី​សុខទុក្ខប្តី​ជា​ពិសេស​សុខភាព​ដោយ​ខ្លាច​មន្រ្តីពន្ធនាគារ​មិន​បាន​យក​ចិត្តទុកដាក់​ត្រឹមត្រូវ​ ព្រោះគាត់​ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយស្រ្តីវ័យ​៣១​ឆ្នាំ​រូបនេះ​ត្អូញត្អែរ​ថា គ្រួសារ​លោកស្រី​កំពុង​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​ខ្លាំង​ដោយ​សារ​បាត់បង់​ចំណូល​ហើយ​ត្រូវ​ចិញ្ចឹម​កូនៗ​បីនាក់​នៅក្នុង​បន្ទុក​បន្ទាប់​ពី​ប្តីជាប់​ពន្ធនាគារលោកស្រី​ស្នើ​ដល់​តុលាការ​​ដោះ​លែងប្តី និង​ពលរដ្ឋម្នាក់​ទៀត​ឱ្យមក​ជួបជុំ​គ្រួសារ​វិញ​៖ «ចេះ​ភ័យ​ខ្លាច​ដែរ​ហ្នឹង​ព្រោះ​អីឮ​ដំណឹង​ស្លាប់​មួយ​ហើយ​ភ័យខ្លាច​ដែរ ខ្លាច​គាត់​ឈឺ​អី​ព្រោះ​គាត់​ឧស្សាហ៍​ឈឺ​នៅ​ក្រៅ ខ្ញុំ​ចង់​ឱ្យ​​ពន្លឿន​ទៅដោះ​លែង​គាត់​មក​ខាង​ក្រៅ​កុំ​ឱ្យ​នៅ​ក្នុង​ពន្ធ​នាគារ​ចឹង»។

ជុំវិញ​រឿងនេះ ប្រធាន​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី សុខា ស្តោកស្តាយ​ដែល​អាជ្ញាធរ​បណ្តោយ​ឱ្យ​ករណី​ជម្លោះដីធ្លីឈាន​ដល់​ការ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ ដោយ​មិន​ព្យាយាម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ស្របតាម​គោលការណ៍​ច្បាប់លោក​ចាត់​ទុក​ករណី​ស្លាប់​នេះ​ថា ជា​សោកនាកម្ម​ជម្លោះដីធ្លី​ដោយ​បន្សល់​ទុក​នូវ​ស្រ្តីមេម៉ាយ កូនកំព្រាឪពុក បាត់បង់​ជំហរ​គ្រួសារជាដើម។ លោកបញ្ជាក់​ថា ជនជាប់ឃុំ​មាន​សិទ្ធិទំនាក់ទំនង​ជាមួយ​គ្រួសារ​ តែ​ប្រសិន​មន្រ្តី​ពន្ធនាគារ​​មិន​​បាន​​ផ្តល់ដំណឹង​ដល់​សាច់ញាតិ​ជនជាប់ឃុំទេ​នោះ​ វាគឺ​ជាការ​រំលោភ​សិទ្ធិមនុស្ស។ លើសពីនេះលោកយល់ថា អាជ្ញាធរ​គួរបង្ហាញ​លទ្ធផល​កោសល្យវិច័យ ​និង​បញ្ជាក់​មូលហេតុ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ឱ្យ​គ្រួសារ​អ្នកជាប់ឃុំ​អស់​មន្ទិល​សង្ស័យ​ជុំវិញ​រឿង​នេះ៖ «ប្រសិន​បើ​ឃុំ​ខ្លួន​ដើម្បី​ឱ្យ​គេ​ឈប់​តវ៉ា អា​នេះ​ជា​រឿង​បំបិទសិទ្ធិ​សេរី​ភាព​គេ​ធ្ងន់​ធ្ងរ​ណាស់ នៅ​ពេល​ណា​ដែល​មាន​ជម្លោះ​កើត​ឡើង​ នៅពេល​មាន​បញ្ហា​រំលោភ​ទៅ​លើ​ដី​ធ្លី គេ​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ទាម​ទារ បើ​សិន​ជាយើង​​មិន​ឱ្យ​គេ​តវ៉ា​ទាមទារ ហើយ​អ្នក​ដែល​ទាម​ទារ​អ្នក​ដែល​តវ៉ា​ត្រូវ​ចាប់​ដាក់គុក​ដាក់​ទោស​ដាក់​ទណ្ឌ ខ្ញុំ​គិត​ថា​យើង​កំពុង​អនុវត្ត​គឺ​ថា​មិន​មែន​គោល​ការណ៍ប្រជា​ធិប​តេយ្យ​ទេ»។

សមត្ថកិច្ច​ខេត្ត​កណ្តាល បាន​ចាប់​ខ្លួន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ គឺ​លោក ផៃ​ ថី លោក គឹម បូរិន ​ និង​លោក ប៊ុន ចាន់​​សិដ្ឋ កាល​​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ពាក់​​ព័ន្ធ​​​នឹង​​​បញ្ហា​​​ដី​​ធ្លី​​មួយ​​កន្លែង​នៅ​​ស្រុក​​ស្អាង ​បន្ទាប់​​ពី​​ពួក​​គាត់​​ចេញ​​មុខ​​ការ​​ពារ​​ដី​​ស្រែ​​ពល​រដ្ឋ​​សរុប​​ទំហំ​ ១៧៥​​ហិតារ កាល​ពី​​ចុង​​ខែ​​មិថុនា​​កន្លងទៅ​​ ដែលពួកគាត់ថា មាន​ឈ្មួញ​មិន​ស្គាល់​អត្ត​សញ្ញាណម្នាក់ បាន​រំលោភយក​។ ចៅ​ក្រម​​ស៊ើប​​សួរ​​នៃ​​សាលា​​ដំបូង​​ខេត្ត​​កណ្ដាល​លោក ជា​ សុខ​ហៀង សម្រេច​​ឃុំ​​ខ្លួន​​ដាក់​​ពន្ធនា​គារ ​ពលរដ្ឋទាំង ​៣​នាក់ ក្រោម​​បទ​​ចោទ​​តាម​ក្រម​​​ព្រហ្ម​ទណ្ឌ​​តែ​​មួយ គឺ​​ញុះញង់​​បង្ក​​ឲ្យ​​មាន​​ភាព​​វឹក​វរ​​ធ្ងន់​ធ្ងរ​​ដល់​​សន្តិ​សុខ​សង្គម ដែល​​ប្រព្រឹត្ត​​នៅ​​ចំណុច​​អូរ​​សន្ធៃ ភូមិ​​លេខ​៤ ឃុំ​​ប្រាសាទ ស្រុក​​ស្អាង ខេត្ត​​កណ្ដាល ​កាល​​ពី​​ដើម​​ខែ​​កក្កដា។

ប្រពន្ធ​​សព​លោក ប៊ុន ចាន់សិដ្ឋ នៅតែ​មិនអស់​ចិត្ត​ចំពោះ​អ្វីដែល​លោក​ស្រី​ហៅថា​ ការ​ធ្វេស​ប្រហែល​ មិន​យក​ចិត្តទុកដាក់​របស់​អាជ្ញាធរ ព្រមទាំង​មិនបាន​ជូនដំណឹង​ឱ្យគ្រួសារ​ពី​ស្ថានភាព​ប្តី​របស់​លោកស្រី​រហូត​ដល់​ស្លាប់​ទើប​អាជ្ញាធរ​ប្រាប់​គ្រួសារ​ឱ្យទៅ​យក​សព​នៅឯ​មន្ទីរ​ពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។