មន្ត្រីអាដហុកស្នើអាជ្ញាធរខេត្តមណ្ឌលគិរីពន្លឿនចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចនៅឃុំប៊ូស្រា
2024.08.31
មន្ត្រីសមាគមអាដហុក (Adhoc) ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីពន្លឿនការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចព្នងបីភូមិ នៅឃុំប៊ូស្រា ទុកឲ្យសហគមន៍អាស្រ័យផល ស្របពេលអ្នកភូមិចូលទៅដាំដុះលើដីសមូហភាពរបស់ខ្លួនត្រូវការចោទប្រកាន់ថា កាប់ដីព្រៃរដ្ឋខុសច្បាប់។ សំណើនេះធ្វើឡើងនៅក្នុងជំនួបរវាងអាជ្ញាធរខេត្តមណ្ឌលគិរីជាមួយមន្ត្រីសមាគមអាដហុកនៅព្រឹកថ្ងៃទី៣០ ខែសីហា។
អាជ្ញាធរខេត្តមណ្ឌលគិរីបានជួបជាមួយមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកដើម្បីពិភាក្សាអំពីការវិវត្តស្ថានភាពដីធ្លី ជិត៥ពាន់ហិកតាររបស់សហគមន៍ជនជាតិដើមភាគតិច៣ភូមិ នៅភូមិឡាំមេះ ភូមិពូលុ និងភូមិពូចា នៃឃុំប៊ូស្រា ស្រុកពេជ្រាដា នៅព្រឹកថ្ងៃទី៣០ ខែសីហា។
ការពិភាក្សារយៈពេលមួយព្រឹកនេះ ភាគីសមាគមអាដហុកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដកពាក្យបណ្តឹងប្រឆាំងនឹងសមាជិកសហគមន៍នៅតុលាការដោយជំរុញឱ្យអាជ្ញាធរស្រាវជ្រាវទៅលើអ្នកដែលយកគ្រឿងចក្រឈូសឆាយដីព្រៃនៅតំបន់នោះយកទៅផ្ដន្ទាទោសតាមច្បាប់ ហើយអនុញ្ញាតឱ្យជនជាតិដើមភាគតិចចូលទៅអាស្រ័យផលលើដីនោះចិញ្ចឹមជីវិត ជាពិសេសស្នើឱ្យដល់អាជ្ញាធរខេត្តពន្លឿនការចុះបញ្ជីដីធ្លីសមូហភាព ជនជាតិដើមភាគតិចទាំងបីភូមិឱ្យបានឆាប់។ ឆ្លើយតបនឹងក្តីកង្វល់ និងសំណើនេះ អភិបាលរងខេត្តមណ្ឌលគិរីលោក សាន់ ដារិទ្ធិ ថ្លែងថា លោកទទួលយកសំណូមពររបស់ពលរដ្ឋដាក់ទៅថ្នាក់ដឹកនាំខេត្តពិនិត្យដោះស្រាយ ចំណែកការចុះបញ្ជីដីសមូហភាពរបស់សហគមន៍ត្រូវរង់ចាំការសម្រេចពីថ្នាក់ជាតិជាមុន។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុកលោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីក្រោយជួបអាជ្ញាធរខេត្តមណ្ឌលគិរីថា ជំនួបនេះមានសារៈសំខាន់ និងជាឱកាសឱ្យមន្ត្រីសមាគមអាដហុកយកសំណើ និងលើកឡើងបញ្ហាប្រឈមរបស់សហគមន៍ជនជាតិដើមភាគតិចយកទៅឱ្យអាជ្ញាធរខេត្តពិនិត្យដោះស្រាយឱ្យមានតម្លាភាព និងប្រសិទ្ធភាព ដោយជៀសវាងការអូសបន្លាយពេលតទៅទៀត ខណៈជីវភាពជនជាតិដើមភាគតិចពឹងផ្អែកការធ្វើកសិកម្មលើដីសមូហភាព និងធ្វើចម្ការវិលជុំនៅទីនោះ។
លោក យិន ម៉េងលី៖ «ប្រមុខរដ្ឋាភិបាលធ្លាប់លើកថាមើលលើផែនទីសុទ្ធតែព្រៃទាំងអស់ ប៉ុន្តែពិនិត្យជាក់ស្តែងវាក្លាយជាលំនៅឋាន ក្លាយជាដីចំការរបស់ប្រជាពលរដ្ឋហើយ អ៊ីចឹងបើយើងមើលលើផែនទីមិនអាចទៅបាន បើយើងទៅបោះបង្គោលប៉ះពាល់ពួកគាត់ យើងបានលើកឡើងច្រើនជាមួយខេត្ត ក៏សំណូមពរ ហើយយើងទទូចរកឱ្យឃើញអ្នកណា ក្រុមណាពិតប្រាកដចុះទៅឈូសឆាយដែលធ្វើប៉ះពាល់ដល់ជនជាតិដើមភាគតិចនេះបាទ»។
កាលពីដើមខែសីហា តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា បានដាក់លិខិតស្នើសុំអភិបាលខេត្តមណ្ឌលគិរី ជួយពន្លឿនការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងផ្តល់ប័ណ្ណកម្មសិទ្ធិសមូហភាពជូនសហគមន៍។ ពួកគាត់ក៏ស្នើឱ្យអាជ្ញាធរបញ្ឈប់វិធានការចំពោះអ្នកភូមិកំពុងអាស្រ័យផលលើដីរបស់សហគមន៍សម្រាប់ដាំដំណាំចិញ្ចឹមជីវិត បន្ទាប់ពីអាជ្ញាធរថ្នាក់ជាតិចុះបង្ក្រាបនិងដកហូតដីនោះទុកជាសម្បត្តិរដ្ឋវិញ។
ជនជាតិដើមភាគតិចព្នងរស់នៅភូមិឡាំមេះ ឃុំប៊ូស្រា លោក ប្លង់ លេស ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ៣០ ខែសីហា ថា បច្ចុប្បន្នជនជាតិដើមភាគតិចរស់នៅក្នុងភូមិចំនួន៣ នៅឃុំប៊ូស្រា មិនអាចចូលទៅដាំដុះលើដីសមូហភាពរបស់ខ្លួនបានឡើយ ចាប់តាំងពីមន្ត្រីបរិស្ថានហាមឃាត់កាលពីខែកុម្ភៈមក។ ពួកលោកបានដាក់លិខិតស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជាច្រើនស្ថាប័នដោះស្រាយដែរ ក៏ប៉ុន្តែមកដល់ពេលនេះ អ្នកភូមិនៅតែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។
ទន្ទឹមនឹងនេះលោក ប្លង់ លេស ថាការណ៍ដែលអាជ្ញាធរហាមឃាត់មិនឱ្យសហគមន៍ដាំដុះលើចំការដែលខ្លួនធ្លាប់ដាំដុះបានធ្វើឱ្យអ្នកភូមិខ្វះជីវភាពកាន់តែខ្លាំងឡើង ស្របពេលបច្ចុប្បន្នអ្នកភូមិកំពុងជាប់បំណុលធនាគារវ័ណ្ឌក ហើយនឹងប្រឈមរឹបអូសលក់ផ្ទះសម្បែងនៅថ្ងៃខាងមុខទៀតផង។ រីឯជនជាតិដើមភាគតិចយ៉ាងហោចណាស់ ៤នាក់ផ្សេងទៀតកំពុងជាប់បណ្តឹងនៅតុលាការដោយសារតែប្រើប្រាស់ដីសមូហភាពរបស់សហគមន៍តែត្រូវបានអាជ្ញាធរប្តឹងផ្តល់។
លោក ប្លង់ លេស៖ «ជាសំណូមពរស្នើសុំចេញប័ណ្ណកម្មសិទ្ធិឱ្យសហគមន៍ងាយស្រួលក្នុងការដាំដុះ កុំឱ្យមានការចាប់ចង ឥឡូវអាជ្ញាធររឹតត្បិតខ្លាំង ពលរដ្ឋយើងចង់មានស្ថិរភាពក្នុងការធ្វើស្រែចំការលក្ខខណៈគ្រួសារ របស់ខ្លួនឯងផ្ទាល់ បើសិនយើងធ្វើការឱ្យក្រុមហ៊ុន ឬធ្វើការឱ្យគេ គឺយើងអត់មានសមត្ថភាពធ្វើទេ យើងចង់រស់នៅបែបប្រពៃណីជនជាតិដើមភាគតិចព្នងយើង»។
សហគមន៍ជាតិដើមភាគតិចបីភូមិនៃឃុំប៊ូស្រា ស្រុកពេជ្រាដា មានផ្ទៃដីសរុបជាង ៤.០០០ ហិកតារ ដែលសហគមន៍បានប្រើប្រាស់និងអាស្រ័យផល តាំងពីឆ្នាំ១៩៩៧ ដោយពួកគាត់ធ្វើចំការវិលជុំតាមប្រពៃណី ប៉ុន្តែដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ទាំងបីសហគមន៍អស់រយៈពេល១៤ឆ្នាំមកហើយ ដោយសហគមន៍មិនទាន់ទទួលប័ណ្ណកម្មសិទ្ធិសមូហភាពនៅឡើយទេ។
បញ្ហានេះធ្វើឱ្យសហគមន៍ប្រឈមនឹងការបាត់បង់ដីធ្លីជាបន្តបន្ទាប់ ដោយមានការកាប់ទន្ទ្រានចូលកាន់កាប់ពីអ្នកខាងក្រៅដែលមិនមែនជាសមាជិកសហគមន៍ ហើយកាលពីថ្មីៗនេះ មន្ត្រីបរិស្ថាន និងតុលាការបានឃាត់ខ្លួន និងឃុំខ្លួន សមាជិកសហគមន៍ជាបន្តបន្ទាប់ និងបានហាមឃាត់សហគមន៍ប្រើប្រាស់ អាស្រ័យផលលើដីចំការដំណាំក្នុងផែនដីបឋមរបស់សហគមន៍ ដោយចោទថាសហគមន៍កាប់រុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
លិខិតផ្ញើសារទៅអភិបាលខេត្តមណ្ឌលគិរីកន្លងមក អ្នកភូមិបានបញ្ជាក់ថា នេះមិនមែនជាកំហុសរបស់អ្នកភូមិនោះទេ តែវាជាការខ្វះចន្លោះនៃការបំពេញកាតព្វកិច្ចរបស់រដ្ឋ ហើយមកទម្លាក់កំហុសនិងចោទប្រកាន់សហគមន៍ថា កាប់រុករានដីរដ្ឋដោយខុសច្បាប់ទៅវិញ។ ពួកគាត់ថា ការប្រើប្រាស់ដីធ្លីរបស់សហគមន៍ស្របតាមច្បាប់ និងគោលនយោបាយរដ្ឋាភិបាលស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចដោយមិនមែនជាការប្រព្រឹត្តបទល្មើសរុករានដីព្រៃដូចការចោទប្រកាន់នោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ដើម្បីសុំការឆ្លើយតបបន្ថែមបានទេ នៅថ្ងៃទី៣០ ខែសីហា។
កាលពីឆ្នាំ២០២៣ រដ្ឋាភិបាល បានប្រកាសពង្រីកផ្ទៃដីតំបន់ការពារ ចំនួន៨ទីតាំងផ្សេងគ្នា។ ក្នុងនោះដែនជម្រកសត្វព្រៃភ្នំណាមលៀ រដ្ឋាភិបាលពង្រីកទំហំដីពីជិត៥ម៉ឺន(៤៧,៥០០) ហិកតារទៅជាង ៦ម៉ឺន(៦៤.៨៣៥)ហិកតារ។
សហគមន៍ជនជាតិដើមភាគតិចបន្ថែមថា ភាពយឺតយ៉ាវចុះបញ្ជីដីសមូហភាព ធ្វើឱ្យជនជាតិដើមភាគតិចខ្វះខាតដីបង្កបង្កើនផលចិញ្ចឹមជីវិត និងកើនឡើងនូវការរំលោភដីធ្លី បាត់បង់ធនធានធម្មជាតិកាន់តែរីកធំឡើង ធ្វើឱ្យការប្រតិបត្តិប្រពៃណីវប្បធម៌ថយចុះកាន់តែខ្លាំង។ រីឯព្រៃសហគមន៍ដែលពួកគាត់ប្រើប្រាស់ជាសមូហភាព កាន់តែតូចចង្អៀត និងតំបន់ខ្លះទៀតបាត់បង់ទាំងស្រុង។
នៅក្នុងដំណើរបេសកកម្មស្វែងរកការពិតរយៈពេល៦ថ្ងៃ នៅកម្ពុជាកាលពីពេលថ្មីៗនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានជំរុញឱ្យរដ្ឋាភិបាលបង្កើតសេវាច្រកចេញចូលតែមួយដើម្បីជួយសហគមន៍ក្នុងការទទួលសិទ្ធិជនជាតិដើមភាគតិចរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។